ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៤ស្ថាប័ន ស្នើទៅដល់រដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៃការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និងការអនុវត្តការប្រមូលប្រាក់សងបំណុលដោយបំពាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស ស្របពេលដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវត្រួតពិនិត្យនៅក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
គេហទំព័រ Newsroom Cambodia ទើបទទួលបានរបាយការណ៍មួយច្បាប់ នៅថ្ងៃអង្គារនេះ ក្រោយមួយថ្ងៃនៃការចេញរបាយការណ៍ដោយក្រុមអង្គការមិនមែនរដ្ឋាភិបាល។តាមរយៈរបាយការណ៍ដដែលនេះ បង្ហាញថាកម្ពុជាមានទំហំកម្ចីខ្នាតតូចជាមធ្យមខ្ពស់ជាងគេបំផុតនៅក្នុងសកលលោកដោយកម្ចីខ្នាតតូចជាមធ្យមនេះ គឺលើសពី ៥០០០ ដុល្លារអាមេរិក ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋជាច្រើនដង។
របាយការណ៍ដែលចេញរួមគ្នាដោយអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ អង្គការ Fian របស់អាល្លឺម៉ង់ អង្គការសមធម៌កម្ពុជា និងអង្គការសមាគមធាងត្នោត បង្ហាញទៀតថាការស្តង់មតិនៅក្នុងឆ្នាំ ២០២២ កុមារច្រើនជាង ៣% នៅក្នុងគ្រួសារដែលផ្តល់បទសម្ភាសន៍ បានឈប់រៀន ជាពិសេសដោយសារតែបញ្ហាមីក្រូហិរញ្ញវត្ថុ ហើយបន្ថែមពីនេះទៅទៀត កុមារច្រើនជាង៤% (រួមទាំងកុមារដែលមានអាយុក្មេងត្រឹម១០ឆ្នាំ) បានចេញទៅធ្វើការដើម្បីសងបំណុលទៅកាន់មីក្រូហិរញ្ញវត្ថុ ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ « រហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការណាមួយដែលច្បាស់លាស់ ពីរាជរដ្ឋាភិបាលកម្ពុជា លើកំណែទម្រង់នោះទេ ។ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ ដើម្បីធានាឱ្យមានការបញ្ឈប់នូវការរំលោភបំពានទាំងនេះ » ។
បន្ថែមលើរបាយការណ៍នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ឱ្យដឹងថា កម្ចីមីក្រូហិរញ្ញវត្ថុខ្នាតតូច គឺទំហំកម្ចីដែលមានកិច្ចសន្យាទំហំទឹកប្រាក់កម្ចីខ្នាតតូចរបស់គ្រឹស្ថានមីគ្រូហិរញ្ញវត្ថុ និងធនាគារ ជាមួយអ្នកខ្ចី ហើយការំលោភសិទ្ធិមនុស្សក្នុងវិស័យហិរញ្ញវត្ថុគឺការរំលោភសិទ្ធិទៅលើកូនបំណុល (អ្នកខ្ចីលុយ) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុខ្នាតតូច ដូចជាការដាក់សម្ពាធ ការគំរាមកំហែង ការបង្ខំឱ្យលក់ដីសងបំណុល ការធ្វើឱ្យមានពលកម្មកុមារ ការបាត់បង់ការសិក្សារបស់កុមារ និងការធ្វើឱ្យប៉ះពាល់ដល់សុខភាព( ការកាត់បន្ថយរបបអាហារ) និងការប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចដោយសារកម្ចីមីក្រូហិរញ្ញវត្ថុ។
លោកបន្តថា ៖ « បច្ចុប្បន្ននេះគិតជាទំហំទឹកប្រាក់កម្ចីខ្នាតតូច ជាមធ្យមក្នុងមួយកម្ចីទំហំទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារ ដែលទំហំកម្ចីគិតជាមធ្យមនេះមានភាពខ្ពស់ខ្លាំង។តាមការស្រាវជ្រាវរបស់អង្គការ លីកាដូ គិតដល់ឆ្នាំ២០២៣ គឺកម្ចីខ្នាតតូចនៅកម្ពុជាមានចំនួន ២.៨ លានកម្ចី គិតជាទឹកប្រាក់ជាង១៥ពាន់លានដុលារ[…] តាមការស្រាវជ្រាវរបស់អង្គការ លីកាដូ និងអង្គការដៃគូ យើងមានការព្រួយបារម្ភពីហានីភ័យនៃបំណុល កម្ចីខ្នាតតូច ព្រោះយើងរកឃើញពីការបង្ខំឱ្យលក់ដីសងបំណុល ពលកម្មកុមារ កុមារបោះបង់ការសិក្សាដើម្បីជួយរកចំណូលសង់ត្រលប់ទៅមីក្រូហិរញ្ញវត្ថុ ការកាត់បន្ថយរបបអាហារ ដើម្បីសន្សំប្រាក់សងបំណុល និងការប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច ដោយសារជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ » ។
លើសពីនេះទៅទៀត ការហាមឃាត់ការប្រើប័ណ្ណកម្មសិទ្ធដីធ្លីជាទ្រព្យធានាសម្រាប់កម្ចីខ្នាតតូច ដោយផ្តល់អាទិភាពលើកម្ចីដែលផ្តល់អទិភាពដល់ជនជាតិដើមភាគតិច និងអ្នកដែលមានប័ណ្ណក្រីក្រ។ក្រៅពីនេះ ការបង្កើតយន្តការអនុគ្រោះលើបំណុលសម្រាប់គ្រួសារដែលជំពាក់បំណុលច្រើនលើសលុប និងផ្តល់អាទិភាព នៃការអនុគ្រោះបំណុលនោះដល់ជនជាតិដើមភាគតិច និងគ្រួសារដែលមានប័ណ្ណក្រីក្រ ។
លោកបន្តថា៖ « ទោះបីជាមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ប៉ុន្តែនៅពេលមានផលប៉ះពាល់ និងការំលោភសិទ្ធិមនុស្សមួយចំនួនដែលកើតចេញពីបំណុលមីក្រូហិរញ្ញវត្ថុ រដ្ឋត្រូវពិនិត្យមើលនិងជួយអន្តរាគមន៍លើករណីនេះ […] ចាត់វិធានការជាក់ស្តែងក្នុងការផ្តល់សេវាថែទាំសុខភាព និងការអប់រំកម្រិតបឋម និងមធ្យមសិក្សា ដោយឥតគិតថ្លៃពេញលេញ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដើម្បីកាត់បន្ថយការជាប់បំណុលដែលកើតចេញពីការចំណាយទាំងនេះ »។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ ប៉ុន្តែមិនមានការឆ្លើយតប គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
ចំណែកឯ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងថា កិច្ចប្រជុំស្ដីពីវិធានការពិនិត្យឡើងវិញជាសកល ជាយន្តការមួយសម្រាប់សមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ មិនថាកម្ពុជា ឡាវ អាមេរិក កាណាដា អង់គ្លេស គឺមានកាតព្វកិច្ចក្នុងការរៀបចំ និងការបញ្ជូនរបាយការណ៍UPR លើការអនុវត្តសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិរៀងរាល់បួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។លោកបន្តថាសម្រាប់ការពារទៅលើរបាយការណ៍របស់ខ្លួនដែលធ្វើក្នុងជុំទីបួននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ឧសភាឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកបន្តថា៖ «ការទៅប្រជុំUPR នេះ គឺមិនមែនជាវេទិកាក្នុងការរិះគន់បន្តុះបង្អាប់ការវាយប្រហារអំពីបញ្ហានោះទេ ប៉ុន្តែជាវេទិកាសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ ក្នុងគោលដៅចែករំលែកបទពិសោធ ចំណុចខ្វះខាតបញ្ហាផ្សេងៗ ដើម្បីធានានូវការលើកកម្ពស់អង្គការការពាសិទ្ធិមនុស្សជាសកល។ ហើយទោះបីជាមានជំងឺ ឬការរីករាលដាលនៃជំងឺកូវីដ នឹងវិបត្តិផ្សេងៗរបស់សកល ក៏ដោយក៏ក្រសួងស្ថាប័ន មានសមត្ថកិច្ចបានខិតខំប្រឹងប្រែងអនុវត្ត នូវអនុសាសន៍ដែលកម្ពុជាទទួលយកកាលពីជុំទីបីនោះ គឺ១៧៣ បាននៅបានយ៉ាងខ្ជាប់ខ្ជួនដែលជាការឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់កម្ពុជានៅក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស »។
លោកបញ្ជាក់ថា យន្ដការនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់នេះ គឺជាយន្តការជាវេទិកាសម្រាប់ជាកិច្ចសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា បើផ្អែកលើរបាយការណ៍នេះ គឺមិនមែនជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែទោះជាយ៉ាងណា ប្រាក់កម្ចីមិនមានកំហុសទេ គ្រាន់តែត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពី វិធីសាស្ត្រ នីតិវិធី ការផ្តល់ប្រាក់កម្ចី និងនីតិវិធីក្នុងការទទួលប្រាក់កម្ចី អាចជាវិធីក្នុងការស្វែងរកដំណោះស្រាយដ៏ល្អបានសម្រាប់វិបត្តិមួយនេះ។
លោកបន្តថា៖«យើងមើលត្រឡប់ទៅវិញជាង២០ឆ្នាំមុន យើងឃើញថាការផ្តល់ប្រាក់កម្ចី ជាពិសេសមីក្រូហិរញ្ញវត្ថុតូចៗនោះ គឺមានលក្ខណៈល្អណាស់ ដោយសារតែនីតិវិធីនៃការផ្ដល់ប្រាក់កម្ចីនោះ គឺត្រូវមានការពិនិត្យបានពិចារណាបានច្បាស់លាស់ ពិនិត្យទៅលើលទ្ធភាពរបស់អ្នកខ្ចី អំពីគោលបំណងរបស់អ្នកខ្ចី អំពីផែនការក្នុងការប្រើប្រាស់ប្រាក់កម្ចី គឺមានភាពល្អិតល្អន់ និងការផ្តល់យោបល់បន្ថែមធានាថា អ្នកដែលខ្ចីប្រាក់នោះយកទៅប្រើប្រាស់ អាចមានយកទៅធ្វើអាជីវកម្ម ឬ វិនិយោគអ្វីមួយមានប្រាក់ចំណេញដើម្បីត្រលប់សងត្រឡប់មកវិញ »។
លោកបន្ថែមថា៖«ប៉ុន្តែសម្រាប់បច្ចុប្បន្នយើងឃើញថា ការផ្តល់ប្រាក់កម្ចីជាពិសេសខាងមីក្រូហិរញ្ញវត្ថុនោះ គឺហាក់បីដូចជា ជាលក្ខណៈដាក់បន្ទុកឬក៏ធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រទៅទៅវិញ […] ដោយសារតែទីផ្សារប្រកួតប្រជែង ខាងមីក្រូហិរញ្ញវត្ថុនីមួយៗ មានតែជំរុញ និងបង្ករភាពងាយស្រួលខ្លាំងដោយមិនខ្វល់ថា គាត់ខ្ចីយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វី អាចសងត្រឡប់មកវិញបើមិនបាន គឺពួកគាត់គឺធ្វើយ៉ាងម៉េចដើម្បីឱ្យសម្រេចទៅ គោលដៅប្រចាំឆ្នាំប្រចាំខែរបស់ពួកគាត់ »។
លោកបន្ថែមពីលើនេះទៀត ខាងមីក្រូហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាល ត្រូវពិភាក្សាគ្នាអំពីនីតិវិធី អំពីអត្រាការប្រាក់ និងបែបបទនៃការផ្តល់ប្រាក់កម្ចីឡើងវិញ ។
ស្របពេលជាមួយគ្នានេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហាញថា អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានព្រមានអំពីការបាត់បង់ដី ដោយផ្អែកលើទំហំនៃការសងត្រឡប់លើកម្ចីខ្នាតតូច ជាមធ្យម ដែលមានកម្រិតខ្ពស់នៅកម្ពុជា និងការប្រើប្រាស់ដីធ្លីជាទ្រព្យធានាក្នុងខែកញ្ញា ឆ្នាំ ២០២១ ម្តងហើយដែរ។ ចំណែកគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ក៏បានសម្តែងការព្រួយបារម្ភកាលពីខែមីនា ឆ្នាំ២០២៣ ដែរថា ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុកំពុងជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិទទួលបានការរស់នៅសមរម្យ នៅកម្ពុជា៕