ក្រុមសមាគមដែលគាំពារវិស័យកសិកម្ម អះអាងថាពួកគេចង់ឃើញការតាំងចិត្តរបស់មន្រ្តីកសិកម្មដែលរួមគ្នាលើកកម្ពស់វិស័យមួយនេះ មានដំណើរការទៅដោយល្អ និងមានភាពរីកចំរើនខណៈពលរដ្ឋធ្លាប់បានរិះគន់ថាបញ្ហាកសិកម្មក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់អាចឆ្លើយតបបានពីតម្រូវការចាំបាច់ ហើយកសិផលដែលផលិតបានគ្មានទីផ្សាសម្រាប់នាំចេញជាដើម។
ការលើកឡើងដូចនេះ នៅក្រោយពេលដែលក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមទាំងក្រសួងពាណិជ្ជកម្ម បានសម្រេចរួមគ្នាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយប្តេជ្ញាលើកកម្ពស់វិស័យកសិកម្មឱ្យមានវឌ្ឍនភាព ស្របពេលដែលវិស័យមួយនេះ រង់ការរិះគន់ថា មិនអាចជួយឱ្យកសិករទទួលបានផលអ្វីច្រើនពីកសិកម្មនេះ។ផែនការយុទ្ធសាស្រ្តនេះ ត្រូវគេមើលឃើញថា វាជាលើកទីមួយហើយដែលក្រសួងទាំងបី អាចអង្គុយលើតុរួមគ្នា ហើយរុញក្តីស្រម័យរួមគ្នា ឱ្យដើរទៅមុខបាន។
បើទោះបែបណា សម្រាប់នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លោក ហ៊ុន សៀងហុន យល់ឃើញថាមែនទែនទៅរឿងកសិកម្មនេះ រដ្ឋាភិបាលគួរចាប់អនុវត្តជាយូរមកហើយ ព្រោះពលរដ្ឋត្រូវការជាចាំបាច់ទាំងមុនការផលិត និងក្រោយផលិតផលសម្រេច តែវិស័យមួយនេះនៅមិនតែមិនអាចជួយឱ្យជីវភាពរបស់កសិករមានភាពធូរធា និងរស់បានដោយស្រួល។
លោកបន្តថា៖«ខ្ញុំឃើញថាឥឡូវរាជរដ្ឋាភិបាលគាត់ដាក់ចេញនៅមន្រ្តីកសិកម្មឃុំហើយប៉ុន្តែខ្ញុំចង់អោយការប្រជុំនឹងបានលឿនដើម្បីឲ្យវាឆ្លើយតបទៅហ្នឹងបញ្ហាប្រឈមទាំងអស់ដូចបានលើកឡើង។ខ្ញុំយល់ឃើញកិច្ចការនេះគួរតែមានការចូលរួមអនុវត្តនេះយូរមកហើយ ព្រោះដោយសារតែអនុវត្តជាក់ស្តែងគឺយើងតែងតែជួបប្រទះផលលំបាកពាក់ព័ន្ធ ផែនការយុទ្ធសាស្រ្តជាផែនការថវិកាផ្សេងៗរបស់ក្រសួងគឺអត់បានធើ្វស្របគ្នាពេលដែលមានសំណូមពរភាពចាំបាច់យើងត្រូវដោះស្រាយ មិនដឹងដោះស្រាយផ្នែកណាទេព្រោះពួកគាត់ដូចលើកមកមិញចឹងថាផែនការសកម្មភាព រោងចក្រនិងថវិការបស់គាត់អត់មាន អត់អាចសហការបានទេ បើសិនជាគាត់ចាប់ផ្តើមអនុវត្តការងាររួមគ្នា» ។
មិនខុសគ្នាប៉ុន្មានទេ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏ឯកភាពដែរថាការធើ្វការរួមគ្នាទៅលើបញ្ហាកើតឡើងដើម្បីដោះស្រាយបញ្ហាប្រយោជន៍ប្រជាជន ប្រយោជន៍កសិករនេះគឺជាទិសដៅមួយដែលអាចឆ្លើយតបបញ្ហាដែលកើតមានជាក់ស្តែងបញ្ហា ទឹក ផ្លូវ ទីផ្សារ និងការដោះស្រាយវិស័យកសិកម្ម។បន្ថែមពីលើនេះទៀត ប្រសិនបើមិនមានការងាររួមគ្នាពីក្រសួងទាំងបីទេ បញ្ហានៅតែកើតមានជួនកាលពេលខ្វះទឹក ជួនកាលកង្វះទីផ្សារ ជូនកាលកង្វះផ្លូវសំរាប់ដឹក បើក្រសួងទាំងបីរៀបចំយុទ្ធសាស្រ្តរួមគ្នាក្នុងការដោះស្រាយគនឹ្លះកសិកម្មគឺជាចំណុចមួយប្រសើរ និងអាចមានប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «សំរាប់ខ្ញុំការចេញសេចក្តីប្រកាសព័ត៌មានរបស់រួមប្រសួងទាំងបី គឹជាចំណុចគន្លឺះមួយដែលក្រសួងទាំងបីត្រូវតែធើ្វការសហការគ្នាដើម្បីដោះស្រាយ នៅបញ្ហាប្រឈមចុងក្រោយគឺបញ្ហាកង្វះខាតទឹកសំរាប់ធើ្វកសិកម្មការរៀបចំអភិវឌ្ឍន៍ជនបទហើយនឹងការរៀបចំលើសកម្ពស់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា» ។
គេហទំព័រ Newsroom Cambodia មិនទាន់អាចស្នើសុំការបំភ្លឺបន្ថែមពីមន្រ្តីនាំពាក្យក្រសួងទាំងបីបានភ្លាមៗទេ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
បើទោះបែបណា តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថានឹងកំណត់ទិសដៅជាយុទ្ធសាស្រ្តរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងរួមគ្នា ដើម្បីសម្រេចផែនការរួម និងទទួលបានជោគជ័យនៅក្នុងវិស័យកសិកម្មនេះ។លើសពីនេះទៀត នឹងបន្តប្រឹក្សាយោបល់ទៅតាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានញឹកញាប់ និងទៀងទាត់។មិនតែប៉ុណ្ណោះ ត្រូវដាក់ចេញនូវផែនការប្រជុំ៣ខែម្តង ដើម្បីតាមដាន និងត្រួតពិនិត្យផែនការដែលបានអនុវត្ត ហើយលើកទិសដៅការងារបន្ត៕