សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អនុប្រធាន និងជាអ្នកនាំពាក្យនៃគណបក្សកម្លាំងជាតិ លោក ជា មុនី បានឱ្យដឹងថា លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចនាំខ្លួនចូលទៅក្នុងរថយន្តភ្លាមៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ លោកបន្តថា ការចាប់ឃាត់ខ្លួនប្រធានគណបក្សរូបនេះ ពីសំណាក់សមត្ថកិច្ច គឺធ្វើឡើងភ្លាមៗដោយមិនបានប្រាប់ពីមូលហេតុ និងបង្ហាញដីកាឡើយ។
លោកបន្តថា៖ «ខ្ញុំយល់ឃើញថា នេះគឺជាការគំរាមកំហែងផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ។ ប្រទេសយើងមានច្បាប់ ប៉ុន្តែការធ្វើអ្វីមួយគិតតាមច្បាប់។ អ៊ីចឹងយើងចង់ឱ្យមានការអនុវត្តតាមច្បាប់ថាគាត់ហ្នឹង ខុសអី ទោសអី ព្រោះនេះមិនមែនជាបទល្មើសជាក់ស្តែង […] គ្មានការបង្ហាញដីកា អ៊ីចឹងវាផ្ទុយអំពីច្បាប់នៃប្រទេសកម្ពុជា»។
តែយ៉ាងណា អ្នកនាំពាក្យស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានគូសបញ្ជាក់ថា ការចាប់ឃាត់ខ្លួន លោក ស៊ុន ចន្ធី ទៅសួរនាំនេះ គឺធ្វើឡើងទៅតាមដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងដំណើររឿងញុះញង់។
លោកថា៖ «យើងអនុវត្ត[ការចាប់ខ្លួន]មានដីកាត្រឹមត្រូវរបស់ខាងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចឹងអ្វីដែលយើងអនុវត្ត គឺអនុវត្តទៅលើវិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ស៊ុន ចន្ធី នេះ ប្រព្រឹត្តបទល្មើសដោយរងការចោទប្រកាន់ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ចឹងគ្មានហេតុផលអ្វីដែលយើងក្រៅពីការអនុវត្តទៅលើវិធានការច្បាប់ ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តអំពើព្រហ្មទណ្ឌខុសច្បាប់ ហើយឥឡូវយើងកំពុងសួរនាំគាត់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីឃាត់ខ្លួន លោក ស៊ុន ចន្ធី ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តតាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យមានភាពវឹកវរក្នុងសង្គម។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ នាព្រឹកមិញនេះ សមត្ថកិច្ចមិនមានបង្ហាញដីកា និងមូលហេតុដល់សាម៉ីខ្លួនជាមុនទេ នោះជារឿងមិនត្រឹមត្រូវតាមនីតិវិធីឡើយ។
លោកថា៖ «ទី១ ប្រសិនបើជាបទល្មើសជាក់ស្តែង សមត្ថកិច្ចអាចចាប់ខ្លួនជននោះ ដោយមិនចាំបាច់មានការត្រូវប្រាប់ពីមូលហេតុ និងទី២ ប្រសិនបើមិនមែនជាបទល្មើសជាក់ស្តែងទេ គឺត្រូវមានដីកាបង្គាប់ ឬនាំខ្លួនពីតុលាការ ហើយអាន និងត្រូវប្រាប់ពីបទចោទ និងមូលហេតុនៃការចាប់ខ្លួន។ បើសមត្ថកិច្ចមិនបានអនុវត្តដូច្នេះទេ គឺខុស នឹងនីតិវិធី។ ករណីចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ព្រឹកមិញ បើមិនបានអនុវត្តនីតិវិធីខាងលើគឺខុស»។
លោកយល់ថា ករណីចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិនេះ អាចនឹងធ្វើឱ្យមានការរិះគន់ពីស្ថានភាពនយោបាយ ក៏ដូចជាបរិយាកាសនៃការបោះឆ្នោតដែលនឹងឈានមកដល់នាពេលខាងមុខនេះថា មិនសូវល្អផងដែរ។
លោកបន្តថា៖ «ការចាប់ខ្លួនលោក ស៊ុន ចន្ធី នាពេលមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ខាងមុខនេះ អាចនាំឱ្យមានការរិះគន់ពីស្ថានភាពនយោបាយថាការបោះឆ្នោតនោះ មានបរិយាកាសមិនសូវល្អ ហើយបើមិនបានបង្ហាញនូវភស្តុតាង និងហេតុផលគ្រប់គ្រាន់ក្នុងការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិនេះអាចនាំឱ្យមានការិះគន់ភ្ជាប់ទៅនឹងបញ្ហានយោបាយ និងការរិតត្បិតលំហសេរីភាពនយោបាយ។ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ចង់ឃើញអ្នកនយោបាយទាំងអស់ តម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ ដោយស្រាយគ្នាដោយសន្តិវិធី តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាប្រកាន់យក»។
គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះ មានថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សប្រឆាំងសរុបប្រមាណជាង ២០នាក់ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទផ្សេងៗ ក្នុងនោះមានដូចជាបទចោទ ញុះញង់ ការក្លែងបន្លំឯកសារសាធារណៈ និងការក្លែងបន្លំស្នាមមេដៃជាដើម៕