កូនស្រីរបស់ស្រ្តីដែលស្លាប់ក្រោយទទួលបានការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានចោទប្រកាន់ថា ដោយសារការធ្វេសប្រហែសរបស់បុគ្គលិកពេទ្យ បណ្តាលឱ្យម្តាយរបស់ខ្លួនត្រូវស្លាប់ ប៉ុន្តែទោះជាបែបណាក្រុមគ្រួសារសពនឹងបន្តទាមទារស្វែងរកដំណោះស្រាយ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិត។
ស្រ្តីឈ្មោះ ថុង គីមហេង ជាកូនស្រី៣ របស់ជនរងគ្រោះដែលបានស្លាប់ បានអះអាងថាម្តាយរបស់ខ្លួនបានស្លាប់ ដោយសារការខ្ជីខ្ជារបស់បុគ្គលិកមន្ទីរពេទ្យខេត្តបាត់ដំបងដែលហៅថាពេទ្យធំ ស្របពេលដែលជនរងគ្រោះមានជំងឺប្រចាំកាយ និងមិនទាន់ទទួលបានការវិនិច្ឆ័យជំងឺច្បាស់លាស់នៅឡើយ។
មិនតែប៉ុណ្ណោះ កំឡុងពេលសម្រាកព្យាបាល បុគ្គលិកពេទ្យមិនយកចិត្តទុកដាក់នឹងម្តាយរបស់ខ្លួនទេ ហើយបានចេញថ្នាំឱ្យជនរងគ្រោះលេបទាំងដែលមិនដឹងថាអ្នកជំងឺកំពុងឈឺពោះរកសម្រាលកូនទៀតផង។
ប្រភពបន្តថា៖ «នៅម៉ោង១១ថ្ងៃត្រង់ខ្ញុំបានទៅប្រាប់ពេទ្យថាលោកគ្រូអ្នកជំងឺបន្ទប់ VIP C4គាត់ឈឺពោះតិចៗគាត់ចេញចូលបន្ទប់ទឹកញាប់ពេទ្យក៍បានអោយថ្នាំមូលៗពណ៌ផ្កាឈូកប៉ុនមេដៃមកខ្ញុំ2គ្រាប់ដល់ម៉ោង12កន្លះខ្ញុំបានដើររទៅប្រាប់ពេទ្យម្តងទៀតថាលោកគ្រូម៉ាក់ខ្ញុំឈឺពោះអត់បាត់ទេគេក៏ស្រែកស្តីឱ្យខ្ញុំ[…] បានប្រហែលតែ5នាទីទេខ្ញុំក៍រត់ទៅប្រាប់គេម្តងទៀតថា លោកគ្រូម៉ាក់ខ្ញុំឈឺពោះកូនគាត់សម្រុកចុះក្រោម ស្រាប់តែលោកគ្រូពេទ្យគាត់ភ្ញាក់ថា ហា៎កអ្នកជំងឺទំងន់ បន្ទប់ណាមិញយកឯងសារមក[…] អ្វីដែលខ្ញុំឆ្ងល់ ហេតុអីអោយថ្នាំអ្នកជំងឺលេបមិនបើកឯកសារពិនិត្យ ពេលអ្នកជំងឺប្រាប់ពីអការៈហេតុអីមិនយកចិត្តទុកដាក់ស្តាប់ »។
អ្នកស្រី ចាន់ ស្រីណុច ដែលមានអាយុ ៤៤ឆ្នាំ បានចូលទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបងកាលពីថ្ងៃទី២២ ខែមេសា ដោយមានអាការៈឈឺពោះសម្រាលកូនមុនកំណត់ ដែលមានកូនក្នុងផ្ទៃ៨ខែ។តាមរយៈសំណេររបស់ស្រ្តីឈ្មោះ ថុង គីមហេង ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៨ ឧសភា ចោទប្រកាន់ថា ដោយសារការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត បានបណ្តាលឱ្យម្តាយរបស់ខ្លួនស្លាប់ភ្លាមៗ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៤។
ឆ្លើយតបរឿងនេះ លោក កាក់ សីហា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទទួលស្គាល់ថា បញ្ហានេះពិតបានកើតឡើងពិតមែន នៅក្នុងមន្ទីរពេទ្យរដ្ឋមួយនេះ។ប៉ុន្តែលោកបដិសេធថាករណីបែបនេះកម្រនឹងកើតឡើងណាស់។ជាងនេះទៀត បញ្ហាដូចនេះក៏ធ្លាប់មានករណីរិះគន់ពីប្រជាពលរដ្ឋចំពោះការបំពេញការងាររបស់មន្ទីរពេទ្យដែរ តែមិនជាញឹកញាប់ពេកទេ។
លោកបន្តថា៖ «អត់ជាញឹកញាប់ទេ(ការរិះគន់)មួយឆ្នាំអីមានម្តង និយាយទៅ សរុបទៅដប់ឆ្នាំអីដូចជាមានករណីធំៗ ហ្នឹងហាស មានតែពីរដងទេ ដែលមានបញ្ហាធំដូចគេផ្សព្វផ្សាយព័ត៌មានអីចឹងហាស តូចតាចអីយើងនិយាយគ្នាយល់ពីការទទួលខុសត្រូវអ្នកផ្តល់សេវា ដូចថាការខ្វះខាតការយកចិត្តទុកដាក់ យឺតយ៉ាវក្នុងការទទួលផ្តល់អីចឹងអាហ្នឹងយើងមាន ប៉ុន្តែយើងមានប្រអប់សំបុត្ររិះគន់មានអីចឹងទៅ »។
បន្ថែមពីលើនេះទៀត ប្រធានមន្ទីរពេទ្យរូបនេះ អះអាងថាលោកបានទៅសួរសុខទុក្ខគ្រួសាររងគ្រោះ និងបានទទួលស្គាល់នូវកំហុសដែរ ជាពិសេសខាងមន្ទីរពេទ្យកំពុងស្វែងរងមូលហេតុដែលបង្កឱ្យមានករណីនេះកើតឡើង។
លោកបន្តថា៖ «យើងបានទៅជួបគាត់ ហើយយើងក៏បាននិយាយលេងអំពីការទទួលស្គាល់ខ្លះៗនូវកំហុសឆ្គង បើវាមិនមានកំហុសឆ្គងការខ្វះខាតទេក៏វាមិនអាចប្រឈមអីទៅដល់ហ្នឹងដែរ[…] យើងតែងតែស្វែងរកចំណុចឬសគល់នៃបញ្ហាតើវាកើតមកពីអីចឹងទៅ បើការខុសឆ្គងកើតពីការធ្វេសប្រហែសយើងធ្វើការណែនាំគាត់ »។
បើទោះបែបណា កូនស្រីរបស់សពឈ្មោះ ថុង គីមហេង ឱ្យដឹងថានៅចំពោះមុខនេះ ភាគីខាងមន្ទីរពេទ្យបានទៅសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះដែរហើយបានស្នើសុំឱ្យក្រុមគ្រួសារសពលុបសារដែលបានបង្ហោះនៅលើហ្វេសប៊ុកដើម្បីទុកពេលឱ្យខាងមន្ទីរពេទ្យផ្តល់ដំណោះស្រាយ។
ប្រភពបន្តថា៖«ខាងមន្ទីរពេទ្យបានចុះមករកដំណោះស្រាយឱ្យខ្ញុំ ហើយមានជាការសំណូមពរគ្នាទៅវិញទៅមក មានជាការសំណូមពរឱ្យខាងប្អូនលុបផុសហ្នឹងសិនហើយក៏ស្វែងរកដំណោះស្រាយឱ្យខ្ញុំ ខ្ញុំក៏សំណូមពរទៅគាត់ឱ្យគាត់សុំទោសជាសាធារណៈទទួលស្គាល់កំហុសមន្ទីរពេទ្យបង្កឡើង»។
ដោយឡែក លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ជំហរថាចំពោះករណីនេះលោកមិនអាចអារកាត់បានទេថាគេមានវិធានការបែបណាទៅលើរឿងនេះដោយសារតែករណីនេះខាងខេត្តជាអ្នកដោះស្រាយ និងកំពុងដំណើរការរកដំណោះស្រាយ ហើយលោកក៏កំពុងរង់ចាំលទ្ធផលនៃការដោះស្រាយនេះដែរ។
លោកបន្តថា ៖«អារឿងជំងឺដែលធ្ងន់ហើយដែលគាត់គ្រោះថ្នាក់ហើយស្លាប់មានច្រើនតើប្អូន[…] តែគ្រាន់តែថាការលើកឡើង ការលើសខ្វះអី អ្នកណាអីអ្នកណា អានេះខ្វះអានេះ អីខ្វះនោះ ក្នុងការចាត់ចែងរបស់បុគ្គលរឺក៏ក្រុមការងារនោះអាហ្នឹងជារឿងកត្តាជាក់ស្តែងមួយចំនួន ប៉ុន្តែជំងឺធ្ងន់ដែលស្លាប់ហ្នឹងយើងមានច្រើនតា មិនមែនមានតែលើកទីមួយឯណា » ។
យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីជាន់ខ្ពស់អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំនៅខេត្តបាត់ដំបង បានលើកឡើងថា ជុំវិញករណីនេះមិនមែនកើតឡើងជាលើកទីមួយទេ ដែលបុគ្គលិកនៅមន្ទីរពេទ្យរដ្ឋ ធ្វើការធ្វេសប្រហែសទៅលើអ្នកជំងឺដោយមិនមានទំនួលខុសត្រូវបែបនេះដែលបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិត ហើយភាគច្រើននោះជាស្រ្តីភេទដែលត្រូវរងគ្រោះក្នុងករណីដូចនេះជាបន្តបន្ទាប់មកហើយ។
លោកបន្តថា៖«មន្ត្រីសុខាភិបាលថ្នាក់ជាតិ គួរបើកការស៊ើបអង្កេត ស្រាវជ្រាវទៅលើការបំពេញវិជ្ជាជីវៈគ្រូពេទ្យហ្នឹងឲ្យបានទៅដល់រកឲ្យឃើញអំពីមូលហេតុពិតនៃការដែលមានអ្នកជំងឺគាត់ស្លាប់នៅក្នុងមន្ទីពេទ្យ […] ចំពោះសាច់ញាតិអី គាត់តាមដានមើលទៅហាក់ដូចជាមានសង្ឃឹមល្អប្រសើរឡើងវិញ ស្រាប់តែទីបំផុតវាទៅចឹងវិញដែលធ្វើឲ្យសាច់ញាតិរឺក៏បងប្អូនអ្នកដែលជំងឺ (សាច់ញាតិជនរងគ្រោះ)ហ្នឹងគាត់មានការថ្នាំងថ្នាក់ ហើយនៅតែពុំមានជំនឿទៅលើប្រព័ន្ធសុខាភិបាលយើង ហើយនឹងធ្វើឲ្យគាត់ងាកទៅរកប្រើប្រាស់ប្រព័ន្ធសុខាភិបាលនៅក្រៅប្រទេស »។
សម្រាប់ លោក អ៊ិន គង់ជិត សង្កេតឃើញថាក្នុងពេលបច្ចុប្បន្ននេះមន្ទីរពេទ្យបានផ្លាស់ប្តូរច្រើន ដោយមានបំពាក់នូវឧបករណ៍ផ្សេងៗដែលមានលក្ខណៈទំនើបជាងមុន ដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលទៅពិនិត្យរោគផ្សេងៗដោយទំនុកចិត្ត តែស្របពេលជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតមួយចំនួនបានបំពេញការងាររបស់ខ្លួនស្របទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌បានល្អ។ផ្ទុយទៅវិញ បាតុភាពចេះតែបន្តកើតមានដែរចំពោះ ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតខ្លះទៀត នៅបន្តខ្ជីខ្ជាការងារ និងខ្វះក្រមលសីលធម៌ជាអ្នកសង្រ្គោះ ជាពិសេសនៅតាមមន្ទីរពេទ្យរដ្ឋ៕