ក្រុមអ្នកវិភាគវ័យក្មេងដែលទទួលបានការបណ្តុះបណ្តាលពីលោកបណ្ឌិត កែម ឡី អ្នកវិភាគដែលត្រូវបានគេបាញ់សម្លាប់កាលពីបួនឆ្នាំមុន ប្តេជ្ញាបន្តវិភាគរឿងនយោបាយ បើទោះជាមានការគំរាមគំហែង។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ គឺជាខួបគម្រប់បួនឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងផ្សារលក់ទំនិញមួយកន្លែង ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ លើកឡើងថា ក្រុមអ្នកវិភាគវ័យក្មេងក្នុងពេលបច្ចុប្បន្នមានសមាជិក០៥នាក់ ដែលសុទ្ធតែជាអ្នកទទួលបានការបណ្តុះបណ្តាលពីលោកបណ្ឌិត កែម ឡី។ កញ្ញាបន្តថា ក្រុមអ្នកវិភាគវ័យក្មេងនៅបន្តការងារជាធម្មតា ដោយអនុវត្ត នូវគោលការណ៍របស់ខ្លួន និងប្តេជ្ញាបន្តការងារជាអ្នកវិភាគបញ្ហានានានៅក្នុងសង្គម បើទោះបីមានការគំរាមគំហែង។
កញ្ញាបញ្ជាក់ថា៖ «យើងអាចធ្វើបាន ឬមិនអាចធ្វើបាន ដោយសារវាមានសុវត្ថិភាព និងអត់សុវត្ថិភាព ប៉ុន្តែដរាបណារឿងនោះវាសំខាន់ ទោះបីវាគ្រោះថ្នាក់ ឬយ៉ាងមិច ហ្នឹងជាការលះបង់របស់យើង»។
ចំណែកលោក ហង្ស វិទូ អតីតប្រធានក្រុមអ្នកវិភាគវ័យក្មេង លើកឡើងដែរថា តាំងពីដើមមកដល់ពេលនេះ ក្រុមរបស់លោកនៅតែសកម្មភាពក្នុងសង្គមជាធម្មតា បើទោះបីពេលខ្លះ លោកមិនបាននិយាយជាសាធារណៈ ឬតាមវិទ្យុ និងតាមសារព័ត៌មានមួយចំនួនក៏ដោយ។ លោកបន្តថា លោកបានបណ្តុះបណ្តាលយុវជនថ្មីៗ មានប្រមាណជា៨នាក់ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងការវិភាគរហូតមក។
លោកបញ្ជាក់ថា៖ «បើនិយាយតាមវិទ្យុអីហ្នឹង គឺយើងមានការដូរវេនគ្នា អាស្រ័យលើសារព័ត៌មានគាត់សួរ។ យើងនៅបន្តដំណើរការធម្មតា តែពេលនេះយើងបានដូរប្រធាន ខ្ញុំពីដើមខ្ញុំជាប្រធាន ដល់ពេលខ្ញុំអស់អាណត្តិចុះពីតំណែងប្រធាននឹង មកជាប្រធានទីប្រឹក្សាវិញ ប៉ុន្តែនៅធ្វើការដូចដើម។ ចំពោះឧបសគ្គវាមានតិចតួចដែរ តែយើងនៅបន្ត»។
ក្រុមអ្នកវិភាគវ័យក្មេងចាប់ផ្តើមទទួលបានបណ្តុះបណ្តាលពីលោកបណ្ឌិត កែម ឡី កាលពីដើមឆ្នាំ២០១៥។ ជាទូទៅគេឃើញក្រុមអ្នកវិផាគវ័យក្មេងទាំងនេះបានចូលរួមវិភាគអំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម អប់រំ ប្រជាធិបតេយ្យ និងវិស័យផ្សេងៗ នៅតាមសារព័ត៌មាន និងមានទីសាធារណៈ។
លោកបណ្ឌិត មាស នី អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លើកឡើងថា ក្រុមអ្នកវិភាគវ័យក្មេង បានចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទៅលើបញ្ហានានាក្នុងសង្គម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំឃើញក្រុមគាត់បានល្អចេញមកខំប្រឹងចូលរួមកិច្ចការនៅក្នុងសង្គមផ្សេងៗទៀត ហើយពិសេសចូលទៅធ្វើវាគ្មិនក្នុងការប្រជុំរបស់ក្រុមយុវជនអី តាមក្រុមៗ។ ខ្ញុំឧស្សាហ៍ឃើញពួកគាត់ចូលរួមទាំងអស់នឹង ហើយនឹងកិច្ចការតស៊ូមតិមួយចំនួនទៀត ក៏ឃើញមានវត្តមានក្រុមពួកគាត់ចូលរួមដែរ»។
លោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រជាជនជាច្រើនស្គាល់ ដោយសារការវិភាគត្រង់ៗ និងចំៗទៅលើបញ្ហាដែលកំពុងកើតមានក្នុងប្រទេស។ ការវិភាគរបស់លោកពេលខ្លះប៉ះចំបុគ្គលផ្ទាល់ ឬផលប្រយោជន៍របស់អ្នកមានលុយ មានអំណាច ឬមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា៕