ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ថានគរបាលការពារព្រំដែនគោកលេខ៨០៧ បានប្រើប្រាស់អំពើហិង្សាលើខ្លួនកាលពីខែមីនាក្នុងទម្រង់ធ្ងន់ធ្ងរ ប៉ុន្តែនគរបាលរូបនេះបានបដិសេធចំពោះការចោទប្រកាន់ដោយអះអាងថារូបគេមិនបានប្រព្រឹត្តបទល្មើសណាមួយប្រឆាំងពលរដ្ឋនោះទេ។
ពលរដ្ឋដែលអះអាងថាខ្លួនត្រូវបាននគរបាលការពារព្រំដែនគោក ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថាបានប្រើហិង្សាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គឺលោក ប៊ី សារ៉េត រស់នៅភូមិរមៀលខាងលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យដឹងថានៅសុខៗស្រាប់តែមាននគរបាលប៉ុស្តិ៍មកហៅរូបគេដោយមិនដឹងពីមូលហេតុ នៅយប់ម៉ោង១១ ថ្ងៃ១១ ខែមីនា។ក្រោយបញ្ជូនទៅដល់ប៉ុស្តិ៍នគរបាលរួចហើយ ក៏ចាប់រុញខ្លួនចូលទៅក្នុងបន្ទប់បុស្តិ៍នគរបាល រួចហើយក៏ចាប់ផ្តើមប្រើហិង្សាដោយការវាយដំរហូតឈានដល់ដាក់ច្រវ៉ាក់ថែមទៀត។
លោកបន្តថា៖ « ពេលដែលវាយខ្ញុំមួយញញួរហើយ គាត់ថែមមួយជើងទៀត នៅខាងឆ្វេង មួយជើង នៅខាងស្តាំមួយជើង […] គេដាក់ច្រវ៉ាក់ខ្ញុំមួយយប់ទៀត គេទាត់ខ្ញុំថែមមួយជើង វាយខ្ញុំអីហើយ ខ្ញុំសន្លប់ ដល់ខ្ញុំសន្លប់ គេយកច្រវ៉ាក់មកចាក់ជើងខ្ញុំជាប់ នឹងដែកខាងមុខប៉ុស្តិ៍ ខ្ញុំដឹងខ្លួនឡើងក៏ឃើញច្រវ៉ាក់ហ្នឹងជាប់ជើង ខ្ញុំក៏មិនដឹងធ្វើមិច ចេះតែស្រែកសួរគេ មិចចាំបាច់ដាក់ច្រវាក់ គេចូលបន្ទប់អស់ ទុកខ្ញុំនៅខាងមុខហ្នឹងឯង » ។
ប្រភពបន្តថា ក្រោយប្រើហិង្សារូបខ្លួនបានដាក់បណ្តឹងដើម្បីស្វែងរកិច្ចអន្តរាគមន៍ពីអធិការនគរបាលស្រុកថ្មពួករួចហើយ ហើយសំណុំរឿងនេះទទួលបានដំណឹងថាបានបញ្ជូនបន្តទៅថ្នាក់ខេត្តទៀត។ក្រៅពីនេះលោកថាបច្ចុប្បន្នលោកកំពុងរង់ចាំដំណោះស្រាយ។បើតាមលោក សារ៉េត ចាត់ទុកការប្រើប្រាស់អំពើហិង្សាលើរូបលោកនេះថា គឺជាការបំពានច្បាប់ធ្ងន់ធ្ងរ។
លោកបន្តថា៖ « គឺរំលោភបំពានមកលើខ្ញុំ គឺថាធ្ងន់ធ្ងរ បើនិយាយពីផ្លូវច្បាប់គឺគាត់ខុស ខុសផ្លូវច្បាប់តែម្តង ខុសនឹងច្បាប់អាជ្ញាធរ […] អាជ្ញាធរចាំបាច់ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្រើនមុននឹងឡើងធ្វើ ទទួលតំណែងអ្វីមួយ តែប្រសិនជាគ្មានវិជ្ជាជីវៈជំនាញ ចេញពីសាលា ឬសិក្សាផ្នែកច្បាប់ទេ ចេះតែឡើងៗ កាន់មកធ្វើ ចេះតែបានតែធំ បានតែអំណាច អីចឹង បាត់វិជ្ជាជីវៈ ចឹងធ្វើក៏អត់ទៅតាមច្បាប់ដែរ ធ្វើអាងអំណាច ធ្វើអាងខ្ញុំជាប៉ូលីសអីចឹងទៅ ប៉ះពាល់ដល់សង្គមជាតិ ធ្ងន់ធ្ងរណាស់ » ។
ទាក់ទិននឹងករណីនេះ ប្រធានស្នាក់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៨០៧ លោក នូ សុផាត អាយុ ៤៧ ឆ្នាំ នៅភូមិថ្មរមៀលលិច បដិសេដថា លោកមិនបានប្រើប្រាស់អំពើហឹង្សាលើជនរងគ្រោះនោះទេ របួសដែលកើតឡើងដោយសារជួលម៉ូតូដោយខ្លួនឯង។លោកបន្តថា ទាក់ទងរឿងរ៉ាវនេះមានបុរសម្នាក់ឈ្មោះ អែមរី បានប្តឹងមកនគរបាលប៉ុស្តិ៍ពីឈ្មោះ ប៊ី សារេត ដោយចោទប្រកាន់ថាស្រវឹងស្រាចង់កាប់ខ្លួន ទើបលោកឃាត់ខ្លួនដើម្បីណែនាំ ប៉ុន្តែលោក ប៊ី សារេត មិនព្រមស្តាប់ការអប់រំរបស់សមត្ថកិច្ច។
លោកបន្តថា៖ « គាត់ស្រវឹងទោ ខ្ញុំរាយការណ៍ប្រាប់មេខ្ញុំដែរ មេឱ្យខាងដងរែកមួយ ខាងខ្ញុំមួយ និងបញ្ជាការរង មួយទៀតមកធ្វើការឃាត់ខ្លួនគាត់ដើម្បីឱ្យគាត់ស្វាងស្រវឹងអប់រំគាត់ណែនាំគាត់ ធ្វើកិច្ចសន្យាណែនាំគាត់ ឱ្យគាត់ទៅវិញ »។
ឆ្លើយតបរឿងនេះ លោក ជាង សេហ៊ីម ជាអធិការងនគបាលស្រុកថ្មពួក ទទួលបន្ទុកព្រហ្មទណ្ឌ ប្រាប់ Newsroom Cambodia ថាលោកបានទទួលពាក្យបណ្តឹងនេះរួចហើយ ហើយកំពុងបើកការស៊ើបអង្គេតចំពោះករណីនេះ។
លោកបន្តថា៖ «ករណីនេះខ្ញុំបានហៅភាគីសងខាងជួបគ្នាបានពីរដងហើយ ប៉ុន្តែទទួលយកបានឬមិនបានខ្ញុំនឹងបញ្ជូនទៅបន្តទៀត »។
យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ លើកឡើងថា ករណីនេះជនរងគ្រោះឈ្មោះ ប៊ី សារ៉េត មានវ័យចំណាស់ អាយុ៦៤ឆ្នាំ ហើយមន្រ្តីដែលប្រើអំពើហឹង្សានោះអាយុ៤៧ឆ្នាំ វាគឺជារឿងអសីលធម៌ ព្រោះមនុស្សអាយុតិចទៅវ៉ៃអាយុច្រើន វាបង្ហាញឱ្យឃើញថានេះជាទម្រង់នៃអំពើហិង្សាក្នុងកម្រិតមួយដែលធ្ងន់មកលើជនរងគ្រោះ។
លោកបន្តថា៖ «វាជារឿងមួយដែលប្រើអំណាចព្រៃផ្សៃអាងតួនាទីជាប្រធានស្នាក់ការនគរបាលការពារព្រំដែន យើងជានគរបាលការពារព្រំដែន ជាអ្នកការពារសន្តិសុខជូនប្រជាពលរដ្ឋ ហើយការអនុវត្តតួនាទីវាលើស ហើយបើយើងឃាត់ខ្លួនអ្នកសង្ស័យណាក៏ដោយ យើងត្រូវទុកប្រគល់ឱ្យសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ នៅតាមឃុំនៅតាមស្រុកដែលថាហើយភារៈកិច្ចដែលយើងឃាត់ខ្លួនជនសង្ស័យ យើងឃាត់ទៅ ដាក់ឃាត់ធម្មតាទៅ បើគាត់សង្ស័យខ្លាចលបង្ករទៅលើអ្នកដទៃឱ្យគាត់នៅស្នាក់ការប៉ុស្តិ៍ទៅ ហើយព្រឹកឡើងប្រគល់ទៅមន្ត្រីនគរបាលយុត្តិធម៌ឃុំ ស្រុកទៅឱ្យគេធ្វើការសាកសួររឿងហ្នឹង »។
បើតាមលោក អ៊ិន គង់ជិត ក្នុងនាមអង្គការសង្គមស៊ីវិលលោកស្នើឱ្យនគរបាលស្រុកផ្នែកព្រហ្មទណ្ឌ នៃស្រុកថ្មពួកត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត និងទៅតុលាការដើម្បីឱ្យខាងតំណាងអយ្យការមានវិធានការផ្លូវច្បាប់ទៅលើជនដៃដល់ និងស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យករណីនេះ បើពិតជាខុសត្រូវដកហូតតួនាទី និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ កំណត់ថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។នៅក្នុងបញ្ញត្តិមាត្រានេះក៏បង្ហាញទៀតថា ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យមានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម៕