ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញពីចេតនានៅក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវស្តង់ដារថ្មី ល្អប្រសើរ និងមានសុវត្ថិភាពជាងមុននៃរថយន្តដឹកកម្មកររោងចក្រឱ្យបានយ៉ាងហោចណាស់ត្រឹមឆ្នាំ២០២៧ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តែខាងសហជីពស្នើឱ្យដោះស្រាយបញ្ហានេះឱ្យបានឆាប់ជាងនេះ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា ក្រសួងបានចាប់ផ្តើមជាបណ្តើរៗហើយ លើការណែនាំដល់អ្នកបើកបរដឹកជញ្ជូនកម្មកររោងចក្រឱ្យប្រើប្រាស់រថយន្តដែលមានស្តង់ដា ជៀសវាងប្រើប្រាស់រថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពដល់ពួកគេ។
លោកបន្តថា ក្រសួងក៏បានស្វែងរកគ្រប់វិធីសាស្ត្រក្នុងការជួយសម្រួលដល់អ្នកបើកបររថយន្តដឹកកម្មករ តាមរយៈការផ្តល់កម្ចីដែលមានការប្រាក់ទាប និងរថយន្តដែលមានតម្លៃសមរម្យ ដែលពួកគេអាចមានលទ្ធភាពទិញបាន។
លោក កត្តា អ៊ន បានថ្លែងថា៖ «ក្រសួងក៏កំពុងតែគិតផងដែរ អំពីមធ្យោបាយនៃការជួយដល់អ្នកប្រកបមុខរបរដឹកជញ្ជូនកម្មករនិយោជិតនេះ ដូចជា ការប្រើប្រាស់មធ្យោបាយកម្ចីធនាគារ ដែលមានការប្រាក់ទាប ក៏ដូចជាការគិតទៅដល់ការនាំចូលរថយន្តដែលមានតម្លៃថោក ឬមួយមធ្យោបាយផ្សេងៗ ដែលផ្តល់ឱកាសឱ្យអ្នកបើកបរមានលទ្ធភាព នៅក្នុងការទទួលបានរថយន្តដឹកអ្នកដំណើរដែលប្រកបដោយសុវត្ថិភាព។ […] ទន្ទឹមនឹងនេះ យើងក៏បានពិភាក្សា ផ្តល់ជាអនុសាសន៍ទៅដល់និយោជកផងដែរ អំពីការសហការគ្នានៅក្នុងការដោះស្រាយបញ្ហាទាំងនេះ»។
លោកស្រី យ៉ាង សុភ័ណ ប្រធានសហព័ន្ធសហជីពកកម្ពុជា លើកឡើងថា ជារឿយៗ ក្រុមសហជីពតែងតែលើកឡើងអំពីបញ្ហា ដោយស្នើឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងការងារ គិតគូរដោះស្រាយធ្វើយ៉ាងណាឱ្យមធ្យោបាយដឹកជញ្ជូនកម្មកររោងចក្រ មានភាពល្អប្រសើរឡើង។
លោកស្រីថា៖ «បើយើងទៅលើឡានធម្មតា ដែលគ្រាន់តែយើងជិះមិនពាក់ខ្សែក្រវ៉ាត់ហ្នឹង ប៉ូលីសផាកបាត់ទៅហើយ ប៉ុន្តែបើយើងមើលទៅលើឡានរបស់កម្មករ ដឹកឡើងគំហុក ហើយពួកគាត់ជិះឡើងណែន។ […] វាពិបាកដែរ ដោយសារតែកម្មករនិយោជិតគាត់មានលទ្ធភាពតែប៉ុណ្ណឹង គាត់មានលុយសាហ៊ុយធ្វើដំណើរហ្នឹងវាតិច ដល់អ៊ីចឹងទៅវាជាចំណុចមួយដែលពិបាកដែរ»។
តែយ៉ាងណា លោកស្រីថា ដើម្បីធ្វើឱ្យមានការប្រសើរឡើង រាជរដ្ឋាភិបាលគួររៀបចំជាប្រព័ន្ធមួយដែលមានរថយន្តក្រុងសម្រាប់ដឹកពួកគាត់ ទើបធានាឱ្យការធ្វើដំណើរមានសុវត្ថិភាពខ្ពស់។ លោកស្រី ក៏បានជំរុញឱ្យពន្លឿនដោះស្រាយនូវបញ្ហានេះឱ្យបានកាន់តែឆាប់រហ័ស ដោយថានេះគឺជារឿងដែលសំខាន់ និងគួរតែត្រូវបានការយកចិត្តទុកដាក់។
លោកស្រីថា៖ «ទី១ សុំឱ្យមានការរៀបចំឡានហ្នឹងឱ្យបានត្រឹមត្រូវទៅតាមស្តង់ដារ ហើយមួយវិញទៀតនោះតៃកុងឡានហ្នឹង ក៏គួរតែមានការទទួលបានការអប់រំឱ្យបានល្អដែរ ស្តីពីច្បាប់ចរាចរណ៍អីហ្នឹង។ […] កន្លងមកយើងឃើញថា មានអ្នកបើកបរខ្លះគាត់លួចបន្លំប័ណ្ណបើកបរអីផ្សេងៗ ចឹងក៏គួរតែមានការត្រួតពិនិត្យឱ្យបានជាក់លាក់ដែរចំពោះរឿងនេះ»។
ចំណែក លោក គីម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធបង្ការរបួសអាស៊ី (AIP) បានថ្លែងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងថាវាជាភស្តុតាងមួយអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវផ្សេងទៀតនៅកម្ពុជា។
លោកបន្តថា ជារៀងរាល់ថ្ងៃ មានកម្មករនិយោជិតជាច្រើនម៉ឺននាក់ តែងធ្វើដំណើរតាមរថយន្តក្នុងរូបភាពដូចនេះ ដែលតាមពិតទៅ រថយន្តទាំងនោះ បើតាមគោលដៅដែលគេផលិតឡើង ក៏ដូចជាការកំណត់ដោយច្បាប់ គឺត្រូវយកទៅប្រើប្រាស់សម្រាប់តែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។
លោកថា៖ «ស្ថិតក្នុងចំណោមកម្មករនិយោជិតក្នុងចំនួនខាងលើ ដែលភាគច្រើនលើសលុប គឺជាស្រ្តី ហើយស្ថិតក្នុងវ័យប្រហាក់ប្រហែលនឹងកូន ក្មួយ ប្អូន-បងស្រីរបស់យើង ពួកគាត់ខ្លះត្រូវចំណាយពេលជាច្រើននាទី ខ្លះដល់ទៅ២ម៉ោង ឬ៣ម៉ោងនៅពេលព្រឹកឡើង ដើម្បីធ្វើដំណើរទៅកាន់រោងចក្ររបស់ខ្លួន ដោយភាគច្រើនត្រូវឈរ ឬក្នុងករណីខ្លះចាត់ទុកថាជាសំណាងល្អរបស់ពួក គាត់អាចមានជាកន្លែងអង្គុយ ប៉ុន្តែត្រូវប្រជ្រៀតគ្នាណែនតាន់តាប់ ហាលខ្យល់-ធូលី»។
លោក គីម បញ្ញា បានបញ្ជាក់ថា បើគិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មកររួមបែបនេះ យ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់-ស្រាលជាច្រើនសិបនាក់នៅក្នុងករណីនីមួយៗ ខណៈករណីខ្លះមានរហូតដល់ស្លាប់បាត់បង់ជីវិត ឬពិការផងដែរ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃអង្គារកន្លងទៅ អង្គការ AIP ក៏បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលតំណាងសហជីពចំនួន១៦ ស្តីពី «បច្ចេកទេសក្នុងការបើកទោចក្រយានយន្តដោយសុវត្ថិភាព» ដោយបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ និងរោងចក្រដៃគូមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ចាម។
យោងតាមរយៈរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទៅលើកម្មករនិយោជិតចំនួន ៣ ៨៩២ករណី ក្នុងនោះមានជនរងគ្រោះសរុប ៤ ៤៩៨នាក់ និងមានអ្នកស្លាប់ចំនួន ១១២នាក់៕