គណបក្សនយោបាយចំនួន២គណបក្ស គាំទ្រការបង្កើតឱ្យមានមណ្ឌលអប់រំអង្គបោះឆ្នោត ដែលរៀបចំឡើងដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដោយចាត់ទុកថាយន្តការនេះនឹងជួយតម្រង់ទិសឱ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពជឿនលឿន និងល្អប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី១០ ឧសភា នេះថាបើនិយាយពីការបោះឆ្នោត គឺគេត្រូវលើកឡើងតាំងពីមុនថ្ងៃបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតរួច។លោកបន្តថា ដើម្បីឱ្យការបោះឆ្នោតធានាបាននូវសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែបរិយាកាសនៃដំណើរការនៃការបោះឆ្នោតទាំងមូល ប្រព្រឹត្តទៅក្នុងស្ថានភាពគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គំរាមកំហែង ជាពិសេសបើកជំហរសេរីភាព ដល់ពលរដ្ឋ ដល់សកម្មជននយោបាយ និងបក្សនយោបាយ អាចឱ្យពួកគេធ្វើសកម្មភាពបានដោយសេរី តាមគោលការណ៍ច្បាប់។
លោកបន្តថា៖«កាពិតទៅកម្មវិធីអប់រំបើយើងមើលមកពេលបច្ចុប្បន្ននេះមានការយល់ដឹង ច្រើនហើយដំណើរការ ការបោះឆ្នោតអ្វីដែលមានកម្មវិធីអប់រំបន្ថែមអាហ្នឹងល្អហើយ » ។
សេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ដោយគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សរសេរថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅតាមខេត្តចំនួន៣ គឺខេត្តកំពង់ធំ កំពង់ចាម និងខេត្តតាកែវ។ការបង្កើតមណ្ឌលអប់រំអង្គបោះឆ្នោតនេះ ប្រយោជន៍ដើម្បីបម្រើដល់អ្នកស្រាវជ្រាវ មហាជនទូទៅ និងភាគីពាក់ព័ន្ធ ជាពិសេស សិស្សានុសិស្ស និងនិស្សិត ដែលជាយុវជន បានចូលទៅសិក្សាស្វែងយល់ និងទទួលបានព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។
មជ្ឈមណ្ឌលអប់រំអង្គបោះឆ្នោត ដែលទើបបើកសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ឧសភា គ.ជ.ប បញ្ជាក់ថាគឺស្ថាប័នជាតិរៀបចំការបោះឆ្នោត ទទួលបានការគាំទ្រគម្រោងពីទីភ្នាក់ងារ JICA របស់ជប៉ុន ។
ហាក់មិនខុសគ្នាទេ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានបង្ហាញការយល់ឃើញអំពីការបង្កើតមណ្ឌលអប់រំអ្នកបោះឆ្នោតនេះដោយលោកចាត់ទុកថាវាពិត ជាសារ:សំខាន់សំរាប់ប្រជាពលរដ្ឋ និងអ្នកនយោបាយ រួមទាំងភាគីពាក់ព័ន្ធដទៃទៀតដែរ។លោកបន្តថា មជ្ឈមណ្ឌលនេះ អាចនឹងបម្រើឱ្យសេចក្តីត្រូវការជាចាំបាច់សម្រាប់និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ងាយស្រួលក្នុងការទទួលព័ត៌មាន និងការយល់ដឹងកាន់តែច្បាស់អំពីដំណើរការបោះឆ្នោត។
លោកបន្តថា៖ «ការបង្កើតមណ្ឌលអប់រំ អ្នកបោះឆ្នោត គឺនឹងផ្តល់សារៈប្រយោជន៍ ដល់ ប្រជារាស្ត្រ អ្នកបោះឆ្នោត ទទួលបានព័ត៌មានគ្រប់គ្រាន់ ជាពិសេសសិស្សានុសិស្ស ដែលចង់សិក្សា យល់ដឹង ស្រាវជ្រាវ និងព័ត៌មានអំពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធការបោះឆ្នោត»។
លោកបន្ថែមទៀតថា៖ «យើងខ្ញុំសូមសាទរ និងស្នើសុំឱ្យមានមណ្ឌលអប់រំនេះ កាន់តែច្រើន តាមបណ្តារាជធានី ខេត្ត ដើម្បីបង្កភាពងាយស្រួលដល់ ប្រជារាស្ត្រកាន់តែយល់ច្បាប់អំពីច្បាប់ និងសិទ្ធសេរីភាព ក្នុងការចូលរួមបោះឆ្នោត» ។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាទ បានប្រាប់គេហទំព័រ Newsroom Cambodia ដោយខ្លីនៅថ្ងៃនេះថាលោកមិនអាចផ្តល់ការអត្ថាធិប្បាយដោយលម្អិតបានទេ ដោយសារប៉ះចំថ្ងៃដែលលោកវិស្សមកាល។
លោកបន្តថា៖«ខ្ញុំសំរាករយ:ពេលខ្លីអាទិត្យបានចូលធើ្វវិញ អរគុណ» ។
បន្ថែមលើសេចក្តីប្រកាសព័ត៌មាន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងថាមណ្ឌលអប់រំពលរដ្ឋនេះ នឹងពង្រីកបន្ថែមទៀតនៅតាមបណ្តាលរាជនី ខេត្តនៅក្នុងពេលខាងមុខ។ម៉្យាងវិញទៀត មណ្ឌលអប់រំអ្នកបោះឆ្នោតនេះ នឹងដើរតួនាទីចាំបាច់បម្រើឲ្យពលរដ្ឋចូលអាន និងស្វែងយល់ដោយសេរី ទាំងសិស្ស និស្សិត ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា។
លោកបន្តថា៖ «បាទសូមជម្រាបតែមណ្ឌលអប់រំពលរដ្ឋដែលកន្លងមកនេះ គ.ជ.ប. បានបើកនៅតាមបណ្តាលខេត្តមួយចំនួននេះនឹងពង្រីកបន្ថែមនៅបណ្តាលខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្តងហើយមណ្ឌលនេះដែលក៏នឹងក្លាយទៅជាមណ្ឌលបណ្តុះបណ្តាលអប់រំអ្នកបោះឆោ្នត»។
ទាក់ទិនរឿងនេះ ទាំងលោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការ និចហ្វិក និងលោក កនង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រែ្វល(Comfrel) សុទ្ធតែបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងថាមានបញ្ហាសុខភាព និងជាប់ប្រជុំ។
បើទោះជាបែបណាសម្រាប់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ការបង្កើតមណ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះ វាជាមធ្យោបាយមួយដែលអាចជួយផ្តល់ភាងងាយស្រួល សម្រាប់ សិស្សនិស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត អាចចូលទៅសិក្សាស្រាវជ្រាវ ឬក៏ទទួលយកព័ត៌មាននានាដែលពាក់ព័ន្ធនឹងដំណឹង ឬក៏ព័ត៌មាននៃការបោះឆ្នោតដោយហេតុថានៅកម្ពុជាមិនទាន់មានមហាវិទ្យាល័យជំនាញបោះឆ្នោតនៅឡើយទេ។ហេតុដូច្នេះ អាចនឹងមានការខ្វះខាតក្នុងដំណើរប្រព្រឹតទៅនៃការបោះឆ្នោតសំរាប់ការយល់ដឹង របស់ប្រជាពលរដ្ឋ។ លោកបន្តថា៖ «ជាចុងក្រោយខ្ញុំសូមជម្រាបជូនដល់បងប្អូនជនរួមជាតិថា ព័ត៌មានស្តីពីការបោះឆ្នោតក្រៅពីចូលរួមនៅក្នុងមណ្ឌលអប់រំពលរដ្ឋស្តីពីការបោះឆ្នោតនេះក៏អាច ស្វែងយល់បន្ថែមនៅ Websiteរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតឬក៏នៅក្នុង App នៅក្នុងទូរស័ព្ទដៃផងដែរព័ត៌មានទាំងឡាយ គ.ជ.ប បានផ្សព្វផ្សាយរួចហើយ» ។