ចៅក្រុមស៊ើបសួរសាលាដំបូងរាជ​​ធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ ជាបណ្តោះអាសន្ននៅពន្ធនាគារ ​ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម​។​​

លោក ស៊ុន ចន្ធី ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់​ខ្លួន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោក​ត្រឡប់មកពីបំពេញបេសកកម្ម​នៅប្រទេស​ជប៉ុន ទៅតាម​ដីកា​បញ្ជាឱ្យ​នាំខ្លួនរបស់តំណាងអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា​ សមត្ថកិច្ចបានបញ្ជូនខ្លួន​ លោក ស៊ុន ចន្ធី ទៅសាលា​ដំបូង​រាជធានីភ្នំពេញ​ហើយ​​ កាល​ព្រឹក​ថ្ងៃទី១០ ខែឧសភានេះ ពាក់ព័ន្ធនឹងដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

លោកថ្លែងថា៖ «បានបញ្ជូនទៅតុលាការ​ហើយ បញ្ជូន​តាំងពីព្រឹក​[ថ្ងៃទី១០ ខែឧសភា​]ម្លេះ អត់​មាន​រាប់​ម៉ោង​ថា​ឃុំប៉ុន្មានម៉ោងទេ តែយើងបញ្ជូនគាត់ទៅហើយ»។

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ​លោក អ៊ី រិន្ទ ថ្លែងប្រាប់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយការសាកសួរ ចៅក្រម​ស៊ើបសួរ បានសម្រេចឃុំខ្លួន​ លោក ស៊ុន ចន្ធី នៅពន្ធនាគារ​ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១០ ខែឧសភា។

លោកថា៖ «ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយ នៅម៤»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញ​​ថា ការចាប់ខ្លួនប្រធានគណបក្សនេះ ជារឿងអយុត្តិធម៌ និង​​ជា​ការគំរាមកំហែងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ព្រមទាំង​គំរាមដល់អង្គបោះឆ្នោត ដែលនឹងត្រូវចូលរួមការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ នាថ្ងៃទី២៦ ខែឧសភា នាពេលខាងមុខ។

លោកថ្លែងថា៖ «ចំពោះគណបក្សកម្លាំងជាតិ យើងនៅមើលឃើញថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី វាជារឿងអយុត្តិធម៌ គ្រាន់តែគាត់ប្រើប្រាស់សិទ្ធិជា​មូលដ្ឋាននៅក្នុងការបញ្ចេញមតិ ហើយត្រូវបានចាប់ខ្លួន ជារឿងមួយអយុត្តិធម៌ ចំពោះគាត់ក៏ដូចជាក្រុមគ្រួសារ។ ទី២ ជាសារគំរាមកំហែងបំភិតបំភ័យទៅដល់ប្រជាពលរដ្ឋនៅក្នុងការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ទី៣ ក៏ជា​សា​រនាំឱ្យប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង នៅថ្ងៃទី២៦ ខែឧស​ភា ខាងមុខ​នេះ​​ដែលធ្វើឱ្យអង្គបោះឆ្នោត មានអារម្មណ៍ភិតភ័យ»។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែឧសភា ក៏​បានចេញសេចក្តីថ្លែងការណ៍ដែរ​ថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន​របស់អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ ហើយ​ការ​ចាប់​ខ្លួន​នេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែល​មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ​ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ថែមថា៖ «ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី​ គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា» ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយ​ប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយគណបក្សនេះ គប្បីពិនិត្យពិចារណាឡើង​វិញ ក្នុងការប្រើប្រាស់​ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាព​ជា​តួអង្គ​នយោបាយមួយ ដែលគោរពច្បាប់​នៅក្នុងសង្គមនីតិរដ្ឋ។

ប្រភពដដែល បានឱ្យដឹងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណ​ក្រីក្រជូ​ន​ប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិ​វឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

នាយកប្រតិបត្តិអង្គការនិកហ្វិក លោក សំ គន្ធាមី លើកឡើងថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី  អាច​​​​នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបោះឆ្នោតនា​ពេល​ខាងមុខនេះ។

លោកបន្តថា៖ «ញុះញង់​ប្រភេទណា សម្តីណាដែល​ថាញុះញង់​ ញុះញង់​របៀបម៉េច? តុលាការត្រូវ​ពន្យល់​ថា​ ញុះញង់​ហ្នឹងធ្វើអីខ្លះ និយាយយ៉ាងម៉េចខ្លះ ផ្សាយយ៉ាងម៉េចខ្លះ។ យើងអ​ត់​ដឹងសកម្ម​ភាព ពេល​មាន​បញ្ហានោះឱ្យ​ច្បាស់លាស់​ យើងអត់ដឹង! ហើយតុលាការដែល​បាន​ចេញ[សេចក្តីថ្លែងកាណ៍]​អត់​បាន​ប្រាប់​ហេតុផល​សមរម្យ អញ្ចឹង​យើងពិបាកក្នុងការសន្និដ្ឋាន»។

ករណីនេះ លោក​យល់ថា អ្នកនយោបាយ​គួរមានការ​ជជែកគ្នា និងសម្របសម្រួល​ក្រៅប្រព័ន្ធតុលាការ​ជាមុន​សិន ដើម្បីរក​ច្រកចេញ ជាជាងការចាប់ខ្លួន​មេដឹកនាំគណបក្សនយោបាយ នៅមុនការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលខិត​ជិត​មកដល់នេះ។

គួរបញ្ជាក់ថា ការ​បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលជាការបោះឆ្នោតអសកល នឹងប្រព្រឹត្តទៅ​​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សចំនួន៥ បាន​ចូលរួម ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស​ខ្មែររួបរួមជាតិ៕