ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនគ្រូបង្រៀនចំនួន ២នាក់ និងមន្ត្រីក្រសួងផែនការម្នាក់ នៅពន្ធនាគារជាបណ្តោះអាស្ន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខ័ណ្ឌរដ្ឋ និងធ្វើសញ្ញាបត្រក្លែង ដែលជាបទល្មើស រំលោភអំណាច នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះថា ទាក់ទងនឹងសំណុំរឿងរបស់គ្រូបង្រៀន និងមន្ត្រីក្រសួងផែនការទាំង៣នាក់នេះ បច្ចុបន្នចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រចឃុំខ្លួនពួកគេនៅពន្ធនាគារជាបណ្តោះអាសន្នហើយ។
លោកថា៖ «រឿងដែលចៅក្រមស៊ើបសួរទាក់ទងនឹងករណីគ្រូបង្រៀន និងមន្ត្រីក្រសួងផែនការនេះ បច្ចុបន្នត្រូវបានគេសម្រចឃុំខ្លួនបណ្តោះអាសន្នហើយ ពីបទ រំលោភអំណាច តាមមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា មន្រ្តីទាំង ៣នាក់ដែលរងការចោទប្រកាន់នោះ មានឈ្មោះ នង រុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក, ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ និងឈ្មោះ ស៊ុន ពេជ្រសុម៉ាលី ភេទស្រី អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀននៃសាលាបឋមសិក្សាធន់មន់។
ប្រភពបន្តថា ពួកគេត្រូវបានចោទពីបទ រំលោភអំណាច ប្រព្រឹត្តនៅខេត្តតាកែវ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញតិមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ដីកាសន្និដ្ឋានដដែល បានរៀបរាប់នូវដើមចមនៃការប្រព្រឹត្តបទល្មើសរបស់បុគ្គលទាំង៣រូបនេះថា បុគ្គលទាំង៣រូបនេះ បានសហការគ្នាដើម្បីធ្វើសកម្មភាពជាច្រើន ដូចជា ការរត់ការចូលក្របខ័ណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខ័ណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ក្នុងនោះមានសញ្ញបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារ ដល់ ១ ៥០០ដុល្លារ ហើយចំពោះការរត់ការចូលក្របខ័ណ្ឌរដ្ឋវិញ បានយកតម្លៃចាប់ពី ១១ ០០០ដុល្លារ ដល់ ១៦ ០០០ដុល្លារ តាមប្រភេទក្របខ័ណ្ឌផ្សេងៗគ្នា។
ដីកាសន្និដ្ឋានរបស់តំណាងអយ្យការ បានគូសបញ្ជាក់ថា ក្រោយពីបានធ្វើការស៊ើបអង្កេត និងប្រមូលភស្តុតាងរួចមក ជនសង្ស័យទាំង៣នាក់នេះ គ្មានសមត្ថកិច្ចទាល់តែសោះក្នុងការជ្រើសរើសមន្ត្រីឱ្យចូលក្របខ័ណ្ឌ ប៉ុន្តែពួកគេបែរជាសហការគ្នាស្វែងរកបុគ្គលដែលមានបំណងចូលក្របខ័ណ្ឌ ទាំងដែលពុំមានលក្ខខណ្ឌ និងសមត្ថភាពគ្រប់គ្រាន់ ដូចជា ពុំមានសញ្ញាបត្រត្រឹមត្រូវ ដោយហ៊ានរកអ្នកធ្វើសញ្ញាបត្រក្លែង យកទៅប្រើប្រាស់ដោយខុសច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាប្រាក់។
ចំណែក អ្នកនាំពាក្យអង្គភាពប្រឆាំអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានឱ្យដឹងដែរថា ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះគ្រូបង្រៀន២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ និងមន្ត្រីក្រសួងផែនការ ឃាត់ខ្លួននៅរាជធានីភ្នំពេញ។ លោកបន្តថា ក្រោយការសាកសួរពីមន្ត្រីជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយរួច ពួកគេត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា។
លោកថា៖ «សុំណុំរឿងដែលយើងបញ្ជូនទៅ គឺទី១ គាត់ធ្វើសញ្ញាបត្រក្លែងក្លាយ និងទី២ គឺគាត់ទទួលបាននូវអត្ថប្រយោជន៍ពីការរកមនុស្សចូល[ក្របខ័ណ្ឌរដ្ឋ] គឺមានចំនួនចន្លោះពី ១១ ០០០ដុល្លារ ទៅ ១៦ ០០០ដុល្លារ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំពោះចំណាត់ការនេះ ដោយថា ការចេញសញ្ញាបត្រក្លែងបានធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ ជាពិសេសតម្លៃនៃការសិក្សាអប់រំ និងការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និង សិស្សានុសិស្ស។
មួយវិញទៀត លោកថា ការរត់ការចូលបម្រើការងារក្របខណ្ឌរដ្ឋ ក៏ជាទង្វើខុសច្បាប់ និងប៉ះពាល់កាន់តែខ្លាំងបន្ថែមទៀតដល់សង្គមជាតិ ព្រោះមន្ត្រីដែលបានចូលបម្រើការងារ ទាំងដែលមិនមានចំណេះដឹងពិតប្រាកដ និងមិនមានសញ្ញាបត្របញ្ជាក់ការសិក្សាត្រឹមត្រូវ អាចធ្វើឱ្យស្ដាប័ននោះមានបញ្ហាផងដែរ។
លោកបន្តថា៖ «វាអាចប៉ះពាល់ដល់សមត្ថភាពនៅក្នុងការអភិវឌ្ឍជាតិដែរ បើសិនជាអត់បានរៀនដើម្បីអាចយកសញ្ញាបត្របាននោះ ហើយបើមន្ត្រីនោះបន្តប្រព្រឹត្តអំពើរពុករលួយ សូកប៉ាន់គេតទៀត នេះគឺយើងបានយកមន្ត្រីស្អុយរលួយឱ្យចូលបម្រើការងារ ធ្វើឱ្យរដ្ឋខាតបង់ថវិកា និងធនធានមនុស្សល្អៗផ្សេងទៀតដែលគេមិនបានចូល»។
ជាមួយគ្នានេះដែរ លោក យង់ គិមអេង ក៏បានជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវតែតាមដាន និងស៊ើបអង្កេតគ្រឹះស្ថានអប់រំ និងស្ថាប័នផ្សេងៗទៀត ដើម្បីទប់ស្កាត់បញ្ហាដដែលនេះ កុំឱ្យកើតមានឡើងជាបន្តបន្ទាប់ទៀត៕