ក្រសួងបរិស្ថាន បានបដិសេធចំពោះការផ្សព្វផ្សាយរបស់ក្រុមយុវជនមួយចំនួន ដែលលើកឡើងពីបញ្ហានានា ពាក់ព័ន្ធនឹងបរិស្ថាន និងបានចាត់ទុកពួកគេថាជាក្រុមក្រៅច្បាប់ដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានលើកឡើងថា ថ្មីៗនេះ មានក្រុមក្រៅច្បាប់មួយក្រុម បានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា។
សេចក្ដីបំភ្លឺដដែល បន្តថា ការផ្សព្វផ្សាយព័ត៌មាននេះគឺ៖ «ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធលើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង។ នៅក្នុងន័យនេះ សូមសាធារណជនមេត្តាជ្រាប និងកុំជឿលើការផ្សព្វផ្សាយបោកប្រាស់ បំភ្លៃបំផ្លើស ខុសពីការពិតជាក់ស្ដែង ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា»។
នៅពេល Newsroom Cambodia សួរថាតើក្រុមក្រៅច្បាប់ ដែលក្រសួងសំដៅដល់នោះ ជាក្រុមណាមួយ ហើយក្រសួងនឹងមានវិធានការយ៉ាងណាចំពោះការផ្សព្វផ្សាយរបស់ពួកគេនោះ? អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនបានឆ្លើយតបនោះទេ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។
តែយ៉ាងណា សេចក្តីបំភ្លឺនេះ ធ្វើឡើងក្រោយពីក្រុមយុវជនចលនាមាតាធម្មជាតិ ដែលទំនងជា «ក្រុមក្រៅច្បាប់» ដែលក្រសួងសំដៅនោះ បានផ្សព្វផ្សាយវីឌីអូឯកសារនានា អំពីសកម្មភាពការពារបរិស្ថានរបស់ពួកគេ។
កញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ បានលើកឡើងថា កញ្ញាមិនបានដឹងទេថាក្រសួងបរិស្ថានចង់សំដៅដល់ក្រុមការពារបរិស្ថានណាមួយនោះទេ ដែលក្រុមការពារបរិស្ថាននីមួយៗអាចយល់ថាសំដៅដល់ខ្លួន។ តែកញ្ញាថា តាមរយៈការចេញសេចក្ដីបំភ្លឺនេះ គឺបានបង្ហាញពីភាពអវិជ្ជមានរបស់ក្រសួងដែលតែងតែមិនពេញចិត្តនឹងការចូលរួមការពារធនធានធម្មជាតិរបស់ពួកគេ។
កញ្ញាថ្លែងថា៖ «យើងអត់ទទួលបានការស្វាគមន៍ពីក្រសួងបរិស្ថាន ក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ពួកយើងក៏យល់ថា នេះជាចំណុចមួយដែលបង្ហាញពីភាពអវិជ្ជមាន ដែលមិនដែលមានការបើកចិត្តទូលាយម្ដងណា ជាមួយនឹងសកម្មភាពណាមួយរបស់ចលនាដែលតែងតែធ្វើការការពារធនធានធម្មជាតិ»។
តែយ៉ាងណា សកម្មជនចលនាមាតាធម្មជាតិរូបនេះ ស្នើដល់រដ្ឋាភិបាល និងក្រសួងបរិស្ថាន ការពារធនធានធម្មជាតិឱ្យបានល្អ បើសិនជាមិនចង់លឺពីបញ្ហាផ្សេងៗដែលក្រុមការពារបរិស្ថានលើកឡើង។
កញ្ញាថា៖ «ខ្ញុំ[ស្នើ]ទៅកាន់ក្រសួងបរិស្ថាន នៅតែសំណូមពរដដែលៗឱ្យខាងក្រសួង ជាមួយនិងរដ្ឋាភិបាល គាត់បើកចិត្ត ហើយនិងបើកលំហសេរីភាពឱ្យទូលំទូលាយមកដល់ពួកយើងដែលជាក្រុមយុវជនចលនា[មាតាធម្មជាតិ] ឬក៏អង្គការសង្គមស៊ីវិលដែលគ្មានគោលបំណងអី ក្រៅតែពីការពារធនធានធម្មជាតិ និងការពារបរិស្ថានទេ ហើយបើសិនជាក្រសួងបរិស្ថាន ឬមួយក៏រដ្ឋាភិបាលមិនចង់ឱ្យគេនិយាយថា ព្រៃឈើបាតបង់ មិនចង់ឱ្យគេនិយាយថា ការអភិវឌ្ឍចាំបាច់លុបបឹង? មិនចង់ឱ្យគេនិយាយថា ហេតុអីបានជាត្រូវមានដីសម្បទានដីសេដ្ឋកិច្ចប៉ុន្តែបែរជាមានរូបភាពកាប់ឈើនៅពីក្រោយ? ហេតុអីបានជាមានការបង្ហូរទឹកលូក្នុងសមុទ្រ? ងាយស្រួលទេក្រសួងបរិស្ថានជាមួយនិងរដ្ឋាភិបាល ធ្វើការរបស់ខ្លួននិងទំនួលខុសត្រូវដែលខ្លួនមាន ហើយនិងបំបាត់អាបញ្ហាទាំងអស់ហ្នឹងទៅ ពួកយើងច្បាស់ជាអស់ការងារធ្វើហើយ»។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញស្រដៀងគ្នានេះដែរថា លោកមិនបានដឹងថា ក្រសួងបរិស្ថានចេញសេចក្ដីបំភ្លឺសំដៅដល់ក្រុមណា ហើយពួកគេបានធ្វើសកម្មភាពអ្វីនោះដែរ។
លោកថា៖ «យើងខ្ញុំបានមើលឃើញសេចក្ដីបំភ្លឺហ្នឹងដែរ ខ្ញុំក៏មានការងឿងឆ្ងល់ដែរ ខ្ញុំនិយាយឱ្យស្មោះត្រង់ ពីព្រោះអីក្នុងនេះហាក់បីដូចជាមិនមានព័ត៌មានច្បាស់ថា ក្រសួងបរិស្ថានបំភ្លឺហ្នឹងចង់បំភ្លឺថាក្រុមណា ឈ្មោះអី ធ្វើសកម្មភាពអី ប្រាសចាកពីសីលធម៌យ៉ាងម៉េច អ៊ីចឹងសូមសំណូមពរទៅក្រសួងវិញ ឱ្យមានការបំភ្លឺឱ្យច្បាស់លាស់ដែរថាសំដៅទៅលើក្រុមណា […] នេះអាចជាចេតនាមួយ ដែលក្រសួងឆ្លើយជាទូទៅដែលវាអាចកើតទៅជាការព្រួយបារម្ភទៅដល់អ្នកដែលធ្វើការងារស្របច្បាប់ ឬក៏គេផ្សេងទៀតដែរ»។
គួរជម្រាបជូនថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កាសែត The South China Morning Post បានផ្សាយវីដេអូឯកសារមួយក្រោមចំណងជើងថា “Cambodian activist fights for nature and his freedom” ឬប្រែថា «សកម្មជនតស៊ូដើម្បីធនធានធម្មជាតិ និងសេរីភាពរបស់ពួកគេ» ដែលមានរយៈពេលជាង២០នាទី បានបង្ហាញពីសកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងការការពារធនធានធម្មជាតិ វគ្គបណ្ដុះបណ្ដាល ការទទួលពានរង្វាន់អន្តរជាតិ និងចោទប្រកាន់ពួកគេពីសំណាក់តុលាការកម្ពុជាជាដើម៕