គណបក្សដើម្បីកម្ពុជានឹងរៀបចំ សមាជគណបក្សវិសាមញ្ញរបស់ខ្លួន នៅអំឡុងខែមិថុនា ក្រោយចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់ទិសដៅសម្រាប់កម្មវិធីនយោបាយ សម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខ។
ថ្លែងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា លើកឡើងថា គណបក្សសម្រេចជ្រើសរើសយកខែមិថុនា ជាកាលបរិច្ចេទដើម្បីរៀបចំសមាជវិសាមញ្ញរបស់ខ្លួន។លោកបន្ត នៅចំពោះមុខនេះ ដោយសារមិនទាន់អាចរកទីតាំងបាននៅឡើយ ហេតុនេះបានជាពេលវេលាជាក់នៃការរៀបចំសមាជិក មិនទាន់បានកំណត់។ប៉ុន្តែទោះជាបែបណា នៅអំឡុងខែ មិថុនា ខាងមុខនេះ សមាជគណបក្សនឹងរៀបចំទៅតាមផែនការដូចដែលបានកណត់ហើយ។
លោកបន្តថា៖«បាទនៅក្នុងខែ៦ហ្នឹងខ្ញុំអត់ទាន់បានកំណត់ថាដើមខែ ឬចុងខែនៅឡើយទេ។ប៉ុន្តែនឹងច្បាស់ថានឹងរៀបចំនៅក្នុងខែហ្នឹងតែម្តង។ហើយការរៀបចំកន្លែងណាស់នោះ ខ្ញុំកំពុងរកកន្លែងជួលនៅឡើយ »។
បើតាមលោក ឯម សុខសុវណ្ណ ការរៀបចំសមាជជាលើកដំបូងរបស់ខ្លួននេះ គឺជាការជ្រើសរើសដឹកនាំក្បាលម៉ាស៊ីនគណបក្ស ហើយក៏ជាការរៀបចំរបៀបវារៈនៃកម្មវិធីនយោបាយរបស់គណបក្សដែរ។លើសពីនេះទៅទៀត ការបងើ្កតគណបក្សនយោបាយនេះឡើង គឺមានន័យថាដើម្បីចូលរួមការបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨។
គណបក្សដើម្បីកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ទីតាំងគណបក្សនេះ ស្ថិតនៅក្នុងភូមិភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គេសង្កេតឃើញថា ក្រសួងមហាផ្ទៃធ្លាប់សម្រេចច្រានចោលការស្នើសុំចុះឈ្មោះដើមរបស់គណបក្សថ្មីថ្មោងមួយនេះចំនួន២ដងរួចមកហើយ។កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់ដោយមិនផ្តល់ការចុះបញ្ជីឱ្យគណបក្ស «អាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រើខ្មែរ» ដែលជាឈ្មោះដើមរបស់គណបក្សដើម្បីកម្ពុជានេះទេ។បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបដិសេធនេះដោយផ្អែលើបទប្បញ្ញតិ្ត និងច្បាប់ស្តីពីគណបក្សនយោបាយ។
បើទោះជាបែបណា សម្រាប់លោក ឯម សុខសុវណ្ណ អះអាងថា គណបក្សដែលទើបបង្កើតថ្មោងថ្មីនេះ សមាសភាពលើសលប់គឺជាកម្លាំងយុវជនសុទ្ធសាធ។លោកបន្តថា នៅក្នុងជួរថ្នាក់ដឹកនាំគណបក្សមួយនេះ មិនមានមនុស្សចាស់ទុំទេ ក្រៅពីរូបលោកម្នាក់ដែលមានពិសោធន៍ច្រើនជាងគេនៅក្នុងគណបក្ស ផ្នែកនយោបាយនេះ។ហើយលោកមានសុទិដ្ឋិនិយមថា កម្លាំង ឬរលក់ថ្មីនេះ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការចូលរួមប្រកួតប្រជែង ការបោះឆ្នោតនៅអាណត្តិខាងមុខនេះ។
លោកបន្តថា៖ «បាទខ្ញុំសូមជម្រាបជូនថាឥស្សរជននយោបាយរបស់គណបក្សដើម្បីកម្ពុជា អត់មានទេសុទ្ធតែយុវជនទាំងអស់ហើយសុទ្ធតែថ្មីទាំងអស់ហើយចំពោះខ្ញុំគឺជាក្បាលម៉ាស៊ីន ដឹកនាំធំជាងគេហើយអ្នកដែលមានពិសោធន៍ចាស់ជាងគេហើយគណបក្សយើងអត់មានថ្នាក់ដឹកនាំកំពូលអីផ្សេងក្រៅពីហ្នឹងទៀតទេអរគុណ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ នៅថ្ងៃទី១៣ ខែឧសភា នេះ ខណៈដែលលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សចាស់វង្សាមួយនេះ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោកអះអាងដោយខ្លីថា លោកកំពុងសម្រាកលំហែនៅបរទេសនៅឡើយ។
លោកបន្តថា៖ «ខ្ញុំសំរាកនៅក្រៅប្រទេស សិង្ហបុរី អាទិត្យក្រោយបានត្រឡប់មកប្រទេសកម្ពុជាវិញ» ។
ដោយឡែក ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មិនចាប់អារម្មណ៍ចំពោះរលកថ្មីដែលកំពុងតែលេចឡើងនៅពេលនេះទេ ដោយលោកចាត់ទុកថា គណបក្សខ្លះដែលបង្កើតឡើង វាគឺជាផ្នែកមួយជួយឱ្យតែល្អមើលទេ ប៉ុន្តែវាមិនបានដើរតួនាទីពិតប្រាកដ ក្នុងការប្រកួតប្រជែងឡើយ។លើសពីនេះទៀត ការបង្កើតគណបក្សជាបន្តបន្ទាប់មកនេះ គឺមិនបានឆ្លុះបញ្ចាំងពីលំហសេរីភាពខាងនយោបាយ ខណៈបក្សប្រឆាំងពិតប្រាកដ ពេលនេះមិនអាចធ្វើសកម្មភាពនយោបាយបាន ដូចមានចែងនៅក្នុងច្បាប់បានទេ។
លោកបន្តថា៖«ខ្ញុំមិនធើ្វការចាប់អារម្មណ៍អីទេបាទ ព្រោះការបង្កើតគណបក្សគ្រាន់តែបង្កើតវាមិនឆ្លុះបញ្ចាំងពីលំហសេរីភាពនយោបាយឲ្យបង្កើតគណបក្សច្រើន គណបក្សខ្លះគ្រាន់តែបង្កើតគ្រាន់តែជាការលំអសួនហ្នឹង វាមិនមែនការបង្កើតដើម្បីប្រកួតប្រជែង» ។
បើតាមលោក ឯម សុខសុវណ្ណ ស្ថាបនិកគណបក្សដើម្បីកម្ពុជា លើកឡើថា សម្រាប់សមាជវិសាមញ្ញដែលគណបក្សគ្រោងនឹងរៀបចំនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ អាចនឹងមាជិក និងសកម្មជនគណបក្សចូលរួមចន្លោះពី១០០ ទៅ៤០០នាក់។
ចំណែកសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថាការបង្កើតតួអង្គគណបក្សព្រោងព្រាតនេះ មិនមែនបានន័យថាជាការបញ្ជាក់ពីការផ្តល់សេរីភាពខាងនយោបាយទេ។ម្យ៉ាងវិញទៀត គណបក្សថ្មីថ្មោងក្រោយៗនេះ ហាក់មិនមែនជាកម្លាំងប្រជែងអ្វីធំដុំ ដែលធ្វើឱ្យមានការព្រួយបារម្ភដល់គណបក្សកាន់អំណាចឡើយ ដែលផ្ទុយពីគណបក្សប្រឆាំង មានកម្លាំងគាំទ្រច្រើន។បើតាមលោក ឯម សុវណ្ណរ៉ា ការផ្តល់ឱកាសឱ្យគណបក្សដែលមានសំឡេងជំទាស់ អាចដំណើរការឡើងវិញ លោកមើលឃើញថា នោះទើបជាកម្លាំងប្រជែងមួយដ៏ពិតប្រាកដ និងឆ្លុះបញ្ចាំងពីការបើកលំហសេរីភាពខាងនយោបាយមួយដែលពេញលេញ។
លោកបន្តថា៖ «ខ្ញុំយល់ថាការបង្កើតគណបក្សច្រើននៅក្នុងបរិបទនយោបាយកម្ពុជាហ្នឹង មិនជាកត្តាខ្លាំងឬក៏រឹងមាំបង្ហាញថាជាការបើកលំហសេរីភាពនយោបាយនៅកម្ពុជាទេ។គណបក្សដែលបង្កើតថ្មីខ្ញុំគិតថាមិនអាចជាកម្លាំងធំ ទៅជាគូរប្រជែងឬគណបក្សអាចជំនួសគណបក្សប្រឆាំងដូចជាសង្រ្គោះជាតិ ឬក៏គណបក្សភ្លើងទៀងទេហើយមិនមានលទ្ធភាពណាទៅដណើ្តមឬក៏ប្រកួតប្រជែងដូចគណបក្សកាន់អំណាចបានដែលលើកលែងតែគណបក្ស សង្រ្គោះរស់ឡើងវិញ ឬក៏គណបក្សភ្លើងទៀងគាត់អាចប្រមូលកៀរគរបានកម្លាំងរបស់គាត់ឡើងវិញលំហសេរីភាព លំហនយោបាយរបស់គាត់អាចមានសិទ្ធិសេរីភាពពេញលេញក្នុងការធើ្វនយោបាយឡើយវិញទើបអាចជាដៃគូរប្រជែងជាមូយដៃគូកាន់អំណាច» ។
បើទោះបែបណា កម្ពុជាបច្ចុប្បន្នរង់ការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថាកំពុងធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ និងដើរលើបន្ទាត់ក្រហមនៃវិបត្តិនយោបាយ។ស្របពេលក្រសួងមហាផ្ទៃផ្តល់សិទ្ធិពេញលេញឱ្យគណបក្សថ្មីថ្មោងមួយនេះ អាចធ្វើសកម្មភាពនយោបាយបាន នៅពេលនេះមេដឹកនាំគណបក្សជំទាស់ គឺគណបក្សកម្លាំងជាតិ ត្រូវចាប់ខ្លួន ដែលការចាប់ខ្លួននេះ រង់ការតិះទៀនថាធ្វើឡើងគ្មានហេតុផលសមរម្យ៕