អង្គការសមាគមធាងត្នោតរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីកន្លែង ក្នុងរាជធានីភ្នំពេញ កំពុងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និងទទួលរងបណ្ដឹងតាមផ្លូវតុលាការ ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះអង្គការសមាគមធាងត្នោត បានចេញរបាយការណ៍របស់ខ្លួនដែលដាក់ថា៖«សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖បញ្ហាប្រឈម និងដំណោះស្រាយ » ដោយបានបរិយាយអំពីបញ្ហានានារបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ចំនួន១១ កន្លែងក្នុងរាជធានីភ្នំពេញកំពុងជួបវិបត្តិទាំងផ្នែកជីវភាព និងផ្លូវចិត្តធ្ងន់ធ្ងរ។
លើសពីនេះទៀត ការស្រាវជ្រាវនៅក្នុងសហគមន៍ទាំងនោះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងស្វែងយល់អំពីឫសគល់នៃបញ្ហាដីធ្លីដែលពលរដ្ឋក្នុងសហគមន៍ទាំងនោះកំពុងជួបប្រទះ។
សមាគមធាងត្នោតលើកឡើងទៀតថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែលកំពុងប្រឈមុខមុខ ដើម្បីពិភាក្សា និងរកដំណោះស្រាយនៅពេលមានការអភិវឌ្ឍ បណ្ដាលឱ្យប្រជាសហគមន៍ មិនទទួលបានឯកសារដែលអាចបញ្ជាក់អំពីការកាន់កាប់ដីធ្លី ជាពិសេសត្រូវរង់ការបណ្ដេញចេញនៅពេលមានការអភិវឌ្ឍ ឬទុកដីសម្រាប់បុគ្គលផ្សេងទៀត។
សមាគមធាងត្នោត ចាត់ទុកថា ករណីនេះ បានបង្កើតឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម ដោយសារ រាល់ការតវ៉ា ដើម្បីប្រឆាំនឹងការរំលោភលើដីធ្លីរបស់ខ្លួន សហគមន៍ ជារឿយៗរង់ការគំរាមកំហែង និងបំភិតបំភ័យ ហើយមានសមាជិកសហគមន៍មួយចំនួនត្រូវរង់ការចោទប្រកាន់ពីតុលាការ រួមទាំងការបាក់ទឹកចិត្ត និងជួបការខ្វះខាតខាងជីវភាពជាដើម។
សហគមន៍ទាំង១១ទីតាំង ដែលអង្គការសមាគមធាតត្នោង បានសិក្សាស្រាវជ្រាវរួមមាន សហគមន៍សំរោងត្បូង សហគមន៍៩២ និងសហគមន៍ស្ទឹងកំបុតជាដើម។នេះបើតាម លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធរស់នៅក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត។
លោក មួយឡៃ អះអាងថា ក្នុងចំណោមសហគមន៍ដែលបានស្រាវជ្រាវ គឺមានសហគមន៍មួយចំនួនកំពុងប្រឈមនឹងការបណ្ដេញចេញ និងមួយចំនួនទៀតមានភាពមិនច្បាស់លាស់ ហើយផ្សេងទៀតស្ថិតក្នុងការពិចារណាផ្ដល់ប្លង់កម្មសិទ្ធិ។លោកបន្តថាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ទាំង១១ទីតាំងនោះរកឃើញថា មានពលរដ្ឋចំនួន១៨នាក់ កំពុងរងបណ្ដឹងតាមផ្លូវតុលាការ។
លោកបន្តថា៖«ការកំណត់ដីសាធារណៈរបស់រដ្ឋអត់ទាន់មានភាពច្បាស់លាស់នៅក្នុងប្រទេសកម្ពុជាយើងហ្នឹង។ ចឹងវាបានបង្កើតជាបញ្ហាសម្រាប់សហគមន៍ក្រីក្រដែលគាត់អត់មានលទ្ធភាពនៅក្នុងការទទួលបាននូវប្លង់កម្មសិទ្ធិ។ចឹងធ្វើឱ្យការអភិវឌ្ឍឬក៏ការកាន់កាប់ដីធ្លី វាមានអសមភាពឬអយុត្តិធម៌ យើងឃើញថាអាជ្ញាធរចោទប្រកាន់ថាសហគមន៍រស់នៅខុសច្បាប់ចឹងទៅ ខណៈពេលដែលអ្នកមានមួយចំនួន ដីបឹងអីគាត់អាចយកទៅលុបហើយបម្លែងដីទាំងអស់ហ្នឹងទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន»។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្វែរសំណួររបស់អ្នកសារព័ត៌មាន ឱ្យសួរទៅអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញវិញ។ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មិនអាចទាក់ទងបានទេនៅថ្ងៃទី១៥ ឧសភា នេះដោយសារខលចូលជាច្រើនដង តែមិនមានអ្នកទទួល។
កាលពីសប្ដាហ៍មុន ក្នុងអំឡុងពេលនៃការត្រួតពិនិត្យជាសាកលលើកទី៤៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្ដីពីកម្ពុជា ប្រតិភូអាមេរិក លោក Kaitlin Sandin ថ្លែងថា កម្ពុជាគួរតែធានាថា សេចក្តីព្រាងច្បាប់ដែលមិនទាន់សម្រេចត្រូវបានកែសម្រួល ដើម្បីអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន មុននឹងអនុម័ត រួមមានច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធ អ៊ីនធឺណិត សន្តិសុខតាម អ៊ីនធឺណិត និងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។
អ្នកស្រី សឿន ស្រីសុទ្ធ រស់នៅសហគមន៍សំរោងត្បូង ដែលកំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ និយាយថាសព្វថ្ងៃនេះអ្នកស្រីផ្ទាល់កំពុងប្រឈមនឹងជីវភាពធ្លាក់ចុះដោយសារបាត់បង់ចំណូលពីការចិញ្ចឹមត្រីនៅបឹងតាមោក និងការរំលោភលើដីធ្លីទាំងបង្ខំដោយគ្មានសំណងសមរម្យ។
ជាមួយគ្នានេះ អ្នកស្រី និងស្វាមី ក៏កំពុងឈ្លោះទាស់ទែងខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការបន្តតវ៉ា រួមទាំងមានការគំរាមកំហែងពីអាជ្ញាធរ និងជាប់បណ្ដឹងនៅតុលាការជាដើម។អ្នកស្រី អះអាងថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដោយសារជីវភាពលំបាក និងខ្លះទៀតបានបែកបាក់គ្រួសារអំឡុងពេលតវ៉ាជាមួយអាជ្ញាធរ។
អ្នកស្រីបន្តថា៖«បន្ទុកគ្រួសារគឺសម្ពាធធ្លាក់មកលើខ្ញុំទាំងអស់ ណាបញ្ហាដីធ្លី ណាជាប់បណ្ដឹងតុលាការ ណារងការគំរាមកំហែងពីសំណាក់អាជ្ញាធរទៀត បញ្ហាទាំងប៉ុន្មានគឺរងសម្ពាធខ្លាំងដែលពិបាកទទួលយកបាន»។
ជុំវិញករណី អ្នកស្រី ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្ដល់សំណងសមរម្យ និងអភិវឌ្ឍនៅហ្នឹងកន្លែង ជាពិសេសបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើប្រជាសហគមន៍សំរោងត្បូងបន្តទៀត។
សមាគមធាងត្នោត ក៏បានស្នើរដ្ឋាភិបាលចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យរួចរាល់ និងមានតម្លាភាព មុននឹងចោទប្រកាន់ថា ប្រជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ ដើម្បីចៀសវាងការរំលោភសិទ្ធិ និងអត្ថប្រយោជន៍របស់ពលរដ្ឋ។បន្ថែមពីនេះ សមាគមធាងត្នោត ថារដ្ឋបាលរាជធានីភ្នំពេញ គួរយកសារាចរលេខ០៣ និង០៦ដែលការពារសហគមន៍ក្រីក្រមកអនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិមានលំនៅឋាន និងជីវភាពដល់ប្រជាសហគមន៍ក្រីក្រកាន់តែប្រសើរ តាមរយៈការសាងសង់លំនៅឋានសមរម្យ ឬការផ្ដល់ជាមូលនិធិលំនៅឋានសមរម្យសម្រាប់សហគមន៍។
ចាប់ពីថ្ងៃទី១៧ និង២០ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍សំរោងត្បូងចំនួន៦រូប នឹងត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ក្រោមបទចោទ «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ខណៈវិវាទដីធ្លីនេះបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែគ្មានដំណោះស្រាយ៕