ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ស្ថានភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នាបច្ចុប្បន្ន មានភាពប្រសើរឡើងជាងមុន ទាំងការរស់នៅ និងការគាំពារពីរដ្ឋាភិបាល ប៉ុន្តែពួកគេមួយចំនួននៅតែរងការរើសអើងពីសង្គមខាងក្រៅ។
ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងស្របពេលនៃការប្រារព្ធទិវាអន្តរជាតិបញ្ឈប់ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
សហស្ថាបនិក និងជាប្រធានសម្របសម្រួលរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា (ហៅកាត់ថា រ៉ក់) កញ្ញា លី ពិសី បានឱ្យដឹងថា ស្ថានភាពនៃការរស់នៅរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាភាគច្រើន មានភាពល្អប្រសើរច្រើនប្រើធៀបពីមុន ដោយសារពួកគេបានទទួលនូវការគោរព ការទទួលស្គាល់ ការការពារ និងការលើកកម្ពស់សិទ្ធិ ពីសំណាក់ក្រុមគ្រួសារ និងរាជរដ្ឋាភិបាល។
ទន្ទឹមនឹងកាវិវត្តន៍ល្អប្រសើរនេះ កញ្ញាថា អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួន ក៏នៅតែរងនូវការរើសអើងពីសំណាក់អាណាព្យាបាល និងសង្គមខាងក្រៅដែរ។
កញ្ញាថ្លែងថា៖ «ការរើសអើងនៅតែមាន គ្រួសារខ្លះនៅតែបារម្ភ មិនមែនគាត់ស្អប់កូនគាត់ឬក៏អ្វីទេ តែគាត់បារម្ភរឿងមន្ទិលក្នុងគ្រួសារមួយ គឺភាពភ័យខ្លាចអត់កូន អត់មានអ្នកបន្តពូជពង្សវង្សត្រកូលតទៅទៀត ខ្លាចដាច់ពូជអីចឹង យើងថាអាហ្នឹងរើសអើងមិនមែន អាចថារើសអើងក៏បាន ប៉ុន្តែឬសគល់របស់វា គឺភាពភ័យខ្លាចហ្នឹង» ។
កញ្ញា លី ពិសី បានស្នើឱ្យបុគ្គល សហគមន៍ និងអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា បន្តមានភាពរឹងមាំ មានទំនុកចិត្ត និងមានមោទនភាពចំពោះខ្លួនឯង និងកុំប្រលែងដៃ ឱ្យដូចពាក្យស្លោកក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពថា «យើងអភិវឌ្ឍន៍ដោយមិនទុកនរណាម្នាក់ចោល»។
ស្ថាបនិកសមាគមអ្នកស្រឡាញ់ភេទដូចគ្នា លោក គុយ ធីតា មានប្រសាសន៍ស្រដៀងគ្នានេះដែរថា ស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាបច្ចុប្បន្ន មានភាពប្រសើរឡើង ដោយសារមានការទទួលស្គាល់ និងការហ៊ានបង្ហាញនៅក្នុងសង្គមច្រើន។
លោកថា៖ «នៅតែមាន បើទោះបីជាមានភាពល្អប្រសើរកើនឡើងច្រើន តែនៅតែមានចឹង នៅតែមានការរើសអើង គ្រាន់តែថាស្ថានភាពប្រសើរជាងមុន។ អ្វីដែលយើងឃើញជាក់ស្តែង អ្នកស្រឡាញ់ភេទដូចគ្នាខ្លួនឯង គាត់ចាប់ផ្តើមមានអារម្មណ៍ថា គាត់ហ៊ាននៅក្នុងការបង្ហាញ ហ៊ាននៅក្នុងការធ្វើជាខ្លួនឯងមានចំនួនច្រើនជាងមុន យើងឃើញចំនួននៃការគាំទ្រពីគ្រួសារ ក៏កើនឡើងដែរក្នុងស្រទាប់យុវវ័យ»។
លោក គុយ ធីតា បន្ថែមថា៖ «នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏នៅតែមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ នៅតែមាន បើទោះបីជាមានភាពប្រសើរឡើងជាងមុន គ្រាន់តែថានៅតែមាន ហើយឱកាសការងារផ្សេងៗហ្នឹង នៅតែជាបញ្ហាដែរ ជាពិសេសសម្រាប់អ្នកដែលប្តូរយេនឌ័រ […] កត្តាផ្នែកច្បាប់ គឺជារឿងសំខាន់ដែលនៅតែកង្វះសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា យើងអត់ទាន់អាចធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាបាន ហើយនេះជាចំនុចមួយសំខាន់នៅពេលដែលអ្នកស្រឡាញ់ភេទដូចគ្នា ចាប់ដៃគ្នាកសាងគ្រួសារ គាត់មិនអាចចុះអ៊ីតាស៊ីវិលបាន អត់អាចមានសៀវភៅគ្រួសាររួមគ្នាបានដែលធ្វើឱ្យគាត់ជួបប្រទះនៅបញ្ហាផ្សេងៗ មិនមានការការពារផ្នែកច្បាប់ពេញលេញ»។
ហ៊ុត តុម ជាជនជាតិដើមភាគតិចកួយ និងជាអ្នកស្រឡាញ់ភេទដូចគ្នា រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និយាយថា ស្ថានភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅតែបន្ដមានការរើសអើង ទោះបីជាមានការគាំពារពីរាជរដ្ឋាភិបាលក៏ដោយ។
តុម មានប្រសាសន៍ថា៖ «ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅមានចិត្ត ក៏ដូចជាអារម្មណ៍មួយ គឺខ្លាចនឹងមិនហ៊ានបង្ហាញខ្លួនរបស់ពួកគេ ទៅកាន់សហគមន៍ខាងក្រៅនៅឡើយទេ ដោយសារតែនៅមានពាក្យខ្លះពីសង្គម បាននិយាយមកកាន់ពួកគេថា ទៅស្រឡាញ់អីភេទដូចគ្នា បង្កើតកូនចៅតាមណា ពួកហ្នឹងវាជាពួកខុសភេទ ខុសពីអ្វីដែលដូនតាបានបង្កើតទុក យកគ្នាទៅរស់នៅជាមួយគ្នាយ៉ាងណា បើពួកវាសុទ្ធតែប្រុសៗហ្នឹង នេះជាអ្វីដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់បានលឺពីមុនមកដល់ឥឡូវ»។
អ្នកស្រឡាញ់ភេទដូចគ្នាម្នាក់ទៀត សៀ ចាន់ណា ជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងភូមិ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យល់ថា អ្នកស្រឡាញ់ភេទដូចគ្នា ដែលរស់នៅទីក្រុង មិនសូវមានបញ្ហាច្រើនដូចអ្នកស្រឡាញ់ភេទដូចគ្នានៅតាមបណ្តាខេត្តទេ ព្រោះនៅតាមទីក្រុង មានអ្នកយល់ដឹងអំពីបញ្ហានេះច្រើន។ ចាន់ណា បន្តថា បញ្ហាភាគច្រើនកើតឡើងពីព្រោះគ្រួសារនៅមិនទទួលស្គាល់ ហើយគ្រួសារគឺជាអ្នកដែលប្រកាន់អ្នកស្រឡាញ់ភេទដូចគ្នាមុនគេ។
គាត់ថា៖ «ជាក់ស្តែង សូម្បីតែខ្ញុំ ឥឡូវនេះនៅពេលដែលខ្ញុំអាចរើសបានមនុស្សដែរព្រមស្ម័គ្រស្មោះ មនុស្សដែលព្រមនៅក្បែរ ប៉ុន្តែខាងស្រីគ្រួសាររបស់គាត់បែរជាមិនពេញចិត្ត ដោយសារគាត់នៅតែគិតថា យកមនុស្សស្រីដូចគ្នា អត់មានកូន និយាយរួមអ្វីដែលសំខាន់គឺផ្តោតទៅលើអត់មានកូនបន្តពូជ[…] នៅជនបទនៅតែបន្តរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហើយសូម្បីតែគ្រួសារខ្ញុំឥឡូវ ក៏គាត់អត់ទាន់ទទួលជាពេញលេញដែរ ពេលខ្លះគាត់ត្រូវបានគេចាក់ចូច គេនិយាយលិចកើត គាត់មករករឿងយើង មកថាឱ្យយើង»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា មានប្រសាសន៍ថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិដូចគ្នាទៅនឹងប្រជាពលរដ្ឋទូទៅ ទោះរដ្ឋធម្មនុញ្ញ និងច្បាប់មិនទាន់ទទួលស្គាល់នូវអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងណាក្ដី ហើយកម្ពុជា ក៏មិនមានការដាក់ទោសទណ្ឌអ្វីទាំងអស់ទៅលើអ្នកដែលស្រឡាញ់ភេទដូចគ្នា ដែលឆ្លុះបញ្ចាំងអំពីការលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោកថ្លែងថា៖ «ជាក់ស្តែងយើងបានឃើញថា ក្រុមបងប្អូនអ្នកដែលស្រឡាញ់ភេទដូចគ្នា គឺគាត់រៀបអាពាហ៍ពិពាហ៍តាមរយៈរូបភាពផ្សេងៗ ដូចជា ពិធីជប់លាង ការឡើងផ្ទះ យើងឃើញថាច្រើនពាន់គូរមកហើយ ដែលគាត់អនុវត្តនូវវិធីសាស្ត្រដូច្នេះ ហើយក៏មិនមានការដាក់ទោសអូសដំណើរអ្វីទាំងអស់»។
យោងតាមគេហទំព័រការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កត់សម្គាល់ថា ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សប្តូរភេទ (អ្នកស្រឡាញ់ភេទដូចគ្នា) មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។ ប្រភពដដែល បន្តថា មាត្រា១ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស អះអាងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និងសិទ្ធិ ហើយមនុស្សម្នាក់ៗមានសិទ្ធិសេរីភាពគ្រប់យ៉ាងដោយមិនប្រកាន់បែងចែកណាមួយ។ គោលការណ៍ទាំងនេះ ស្តីពីសកលភាព ភាពស្មើគ្នា និងការមិនរើសអើង ដែលមានចែងផងដែរ នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងសន្ធិសញ្ញាសិទ្ធិមនុស្ស។
ចំណែក រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បញ្ជាក់ជាថ្មីអំពីគោលការណ៍ទាំងនេះ ដោយការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន «ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់» ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នា ហើយ «មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។
អង្គការសហប្រជាជាតិ បន្តថា បើទោះបីជាទំនាក់ទំនងផ្លូវភេទដូចគ្នា មិនត្រូវបានដាក់ជាទោសព្រហ្មទណ្ឌក្តី អ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះ មិនត្រូវបានការពារ ឬទទួលស្គាល់ដោយច្បាប់កម្ពុជាដែរ។ ច្បាប់ដែលមានជាធរមាន មិនបានហាមឃាត់ជាពិសេសលើការរើសអើង ដោយផ្អែកលើទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយក៏មិនមានដែរនូវការដាក់ទណ្ឌកម្មចំពោះអ្នកដែលរំលោភសិទ្ធិមនុស្សរបស់មនុស្សស្រឡាញ់ភេទដូចគ្នា។
ដោយហេតុនេះហើយ ទើបជាញឹកញយ អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវប្រឈមនឹង «ស្លាកស្នាមទុយស៍ ការរើសអើង និងការផាត់ចេញកម្រិតខ្ពស់ នៅកន្លែងផ្សេងៗ ដូចជា នៅលំនៅឋាន សាលារៀន កន្លែងធ្វើការ មណ្ឌលសុខភាព និងនៅទីសាធារណ»៕