ស្របពេល​ការជក់បារីនៅទូទាំងពិភពលោក កំពុងមានការធ្លាក់ចុះ ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក (WHO) បែរជាមានការព្រួយបារម្ភចំពោះការកើនឡើង​នៃការជក់បារី​អេឡិច​ត្រូនិក (E-Cigarettes) ក្នុងចំណោម​កុមារអាយុចាប់ពី៨ឆ្នាំ​ឡើង​ទៅ​ ខណៈអង្គការ​អន្តរ​ជាតិ​មួយ​នេះ បាន​កត់​​សម្គាល់​​ពី​ការកើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុងរយៈពេល ៤ ទៅ៥ឆ្នាំចុងក្រោយ​នេះ។ 

យោងតាមរបាយការណ៍មួយរបស់​អង្គការសុខភាពពិភពលោក ដែលចេញផ្សាយនៅខែមករា ឆ្នាំ​២០២៤ បានលើកឡើងថា​ នៅក្នុងប្រទេសមួយចំនួន ការជក់បារីអេឡិចត្រូនិក និង​ការ​ប្រើ​ឧបករណ៍​ជក់​បារី​អេឡិច​ត្រូនិក មាន​ការ​​កើន​ឡើង​យ៉ាង​​ខ្លាំង ពោលគឺនៅចក្រភពអង់គ្លេស និង​​​សហរដ្ឋអាមេរិក មានការកើនឡើងប្រមាណ ១៥០ភាគរយ។

ខណៈពេលមាននិន្នាការកើនឡើងនូវការប្រើប្រាស់​បារីអេឡិចត្រូនិក​នៅ​ទូទាំង​ពិភព​លោក​នេះ សម្រាប់​នៅ​កម្ពុជា ក្រុម​យុវជន​ដែល​ធ្លាប់​ប្រើប្រាស់​បារីអេឡិចត្រូនិក និង​​អង្គការ​សង្គម​ស៊ីវិល ក៏បង្ហាញពីក្តីបារម្ភចំពោះការកើនឡើងនូវការ​ផ្សព្វផ្សាយ និងការប្រើប្រាស់បារី​អេឡិច​ត្រូនិច​​នេះ​ផង​ដែរ ដោយ​តាម​ការ​​សិក្សារ​បស់​អ្នក​ជំនាញ​ ​ផ្សែងបារី​អេឡេត្រូនិក ​មិន​មែន​ត្រឹម​ជា​ចំហាយ​ទឹក​ធម្មតា ដូចការ​ផ្សព្វផ្សាយ​របស់​អ្នកលក់​ប៉ុណ្ណោះទេ ប៉ុន្តែវា​មាន​លាយឡំ​ដោយ​ជាតិ​នីកូទីន និង​ជាតិពុល​​ផ្សំផ្សេង​ទៀត ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យុវជន និង​ការរីកលូតលាស់​ផ្នែក​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃផងដែរ។

យុវជន ហឿន បណ្ឌិត វ័យ ២៥ឆ្នាំ​ មានស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ​បាន​ប្រាប់​ពី​បទ​ពិសោធន៍​​​របស់​​ខ្លួន​​ថា លោកបាន​ប្រើ​ប្រាស់​បារីអេឡិចត្រូនិករយៈពេល ១ឆ្នាំ ដែល​នៅ​ពេល​នោះ វា​បាន​ប៉ះពាល់​ដល់សុខ​ភាព​របស់​លោក​យ៉ាង​ខ្លាំង ដែល​វា​បាន​ធ្វើ​ឱ្យ​​លោក​​មានអាការៈ​ឈឺបំពង់ក និងក្អក​ជាប្រចាំ ព្រមទាំងមានបញ្ហាផ្លូវដង្ហើមជាដើម។

លោក​ថា៖ «ក្អក[ដោយសារ​ប្រើបារីអេឡិចត្រូនិក]​ពេលនឹង​ប្រហែលជាងមួយខែ បានបាត់ យូរដែរ។ យើងប្រើ​​ប្រហែល​​ចូល​ជិត​មួយ​ឆ្នាំ​អី​នោះ បាន​វា​ចាប់ផ្តើម​​ឧស្សាហ៍ក្អក ដល់​ពេលឩស្សាហ៍ក្អក ខ្ញុំក៏ឈប់ទៅ»។

លោកបានចាប់ផ្តើមប្រើប្រាស់​បារីអេឡិចកាលពីឆ្នាំ២០២២ ដោយសារ​តែចង់សាកល្បង​ថាបារី​នេះ​ប្រើទៅមានរសជាតិយ៉ាងណា បើប្រៀបធៀបនឹងបារីធម្មតា។ តែយ៉ាងណា ក្រោយប្រើ​ប្រាស់​បានមួយរយៈ លោក​ក៏​​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​​វិញ ដោយ​​សារ​​​​តែ​​មាន​​ផល​ប៉ះពាល់​ខ្លាំ​ងទៅលើសុខភាព។

ស្រដៀងគ្នានេះដែរ លោក នោរក្ស វីទូ មានមុខរបរជា​អ្នកគ្រប់គ្រងផ្នែកថត (Camera Operator) នៅ​ក្រុមហ៊ុនមួយ​​ក្នុងរាជធានីភ្នំពេញ ដែលទើបតែផ្តាច់ការប្រើប្រាស់បារីអេឡិច​ត្រូនិក បានឱ្យដឹងថា ត្រឹមរយៈពេល២ខែ​ កាលពីអំឡុងឆ្នាំ២០២៣ ដែល​លោក​​​បា​ន​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក បាន​ធ្វើឱ្យ​សុខភាព​របស់​លោក​មាន​ភាព​មិន​ប្រក្រតី ទៅ​​​លើ​ប្រព័ន្ធ​ដង្ហើម ដូច​​ជា មានអាការៈ​ស្ងួតបំ​ពង់​ក ថប់​ដង្ហើម ប៉ះ​ពាល់​ដល់​សួត និង​ឈឺក្បាល​ផង​ដែរ។

លោកបន្ត​ថា មូលហេតុដែលប្រើប្រាស់បារីអេឡិចត្រូនិក ព្រោះតែចង់​ប្រើជំនួស​បារី​ធម្មតា ហើយ​​ដើម្បី​​បន្ថយ​ភាព​តាន​តឹង​ផង​ដែរ កំឡុងពេលបំពេញ​ការងារនៅក្រុមហ៊ុន និងនៅផ្ទះ។ ប៉ុន្តែ​​បច្ចុប្បន្ន លោក​បាន​ឈប់ប្រើប្រាស់ទាំងបារីធម្មតា និង​បារីអេឡិចត្រូនិកនេះហើយ ព្រោះ​តែវាមានផល​​ប៉ះពាល់​ដល់សុខ​ភាពដូចគ្នា​។

លោកថា‍‍៖ «ពីរប្រភេទហ្នឹង​​[បារីធម្មតា និងបារី​អេឡិចត្រូនិក] តាមដែរខ្ញុំគិតទៅ គឺវាប៉ះពាល់ទាំងពីរ តែគ្រាន់ថា មាន​អារម្មណ៍​​ថា បារីអេឡិចត្រូនិក វាប៉ះពាល់ជាងបារីធម្មតា ដោយសារជាតិនីកូទីន​ដែលមានក្នុងបារីអេឡិចត្រូនិកហ្នឹង​ វា​មាន​​​ច្រើន​​ជាង​នីកូនទីន​នៅក្នុងបារីធម្មតា»។​

លោក​បន្ថែមថា៖« សម្រាប់ខ្ញុំ សម្រាប់បញ្ហាដែលយើងអត់បានប្រើប្រាស់បារីហ្នឹង​ វាអត់អីទេ តែគ្រាន់​តែថា​ពេល​ខ្លះ​យើង​ឃើញ​គេ​ប្រើ យើង​ចេះ​តែ​ចង់​ប្រើ​ដែរ ប្រហែលជាអារម្មណ៍របស់យើង ប៉ុន្តែបើសិនជាយើងគិតថា យើងមិនចង់ គឺ​វា​នៅ​តែ​មិន​ចង់​អញ្ចឹង យើងនៅតែអត់ប្រើអញ្ចឹង»។ 

យ៉ាងណា លោក វីទូ បាន​អំពាវនាវ​ដល់​អ្នកដែល​កំពុងតែប្រើប្រាស់បារីទាំងអស់ មិន​ថា​បារី​ធម្មតា ឬបារី​អេឡិចត្រូនិកនោះទេ គួរព្យាយាមផ្ដាច់ និងឈប់ប្រើប្រាស់វា ហើយ​ជំនួស​ដោយ​ការ​ធ្វើអ្វី​ផ្សេង ឬបរិភោគអ្វីផ្សេងដែលជួយដល់សុខភាពវិញ ព្រោះ​វាធ្វើឱ្យ​ប៉ះ​ពាល់​សុខ​ភាព​ខ្លាំង និង​ចំណាយ​ថវិកា​​ឥត​ប្រយោជន៍។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ស្តីពី ផលប៉ះពាល់នៃការប្រើ​ប្រាស់​​បារីអេឡិចត្រូនិក កាលពីថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា បារីអេឡិចត្រូនិក មិន​មែន​ជាឧ​បករណ៍​សម្រាប់ផ្តាច់ការជក់បារីនោះទេ តែ​វា​ជា​ផលិត​ផល​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព និង​បង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ដោយសារ​នៅ​ក្នុង​​បារីអេឡិចត្រូនិក ផ្ទុកទៅដោយសារធាតុគីមីជាច្រើន ដែលអាចបណ្តាលឱ្យកើតជំងឺមហា​រីក និង​ជំងឺសួតធ្ងន់ធ្ងរផងដែរ ជាពិសេសគឺសារធាតុ នីកូទីន (Nicotine) ដែលវាធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​​ញៀន​​ខ្លាំង។

ប្រភពដដែល បន្តថា ចំពោះសារធាតុគីមីនៅក្នុងបារីអេឡិចត្រូនិកនេះ មានផលប៉ះពាល់​អវិជ្ជ​មាន​ច្រើន​ ដែលមានគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃផងដែរ ហើយវាប៉ះពាល់ដល់ការលូតលាស់​ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃ​ការត្រួត​ពិនិត្យ​របស់​ខួរ​ក្បាល។ 

បើ​តាមសេចក្ដីប្រកាសដដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ហាម​ឃាត់​ការ​ជួញ​​ដូរ បញ្ឈប់​​កា​រប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និង​បារី​អេឡិ​ច​ត្រូនិក​​នៅ​កម្ពុជា ចាប់តាំងពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៤ មកម្លេះ ដោយ​ហេតុ​ថាផលិត​ផល​នេះ មានផលប៉ះពាល់ខ្លាំងដល់សុខភាព និងបណ្តាលឱ្យអ្នក​ប្រើប្រាស់​ងាយ​នឹង​ទទួល​ភាព​​ញៀន​​ដោយ​​សារ​​ធាតុ​ញៀន​ផ្សេង​ទៀត។ 

ក្រឡេកមកមើលបុរសវ័យកណ្ដាលម្នាក់ ដែល​មានធ្មេញពណ៌លឿង សម្បុរស្រអែម លោក សុខ រស្មី រស់នៅ​ខណ្ឌកំបូល រាជធានីភ្នំពេញវិញ បានប្រាប់ពីបទពិសោធន៍នៃការ​​ជក់​បារី​អេឡិច​ត្រូនិក អស់រយៈពេលប្រហែល៣ឆ្នាំដែរ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ លោក​ថា ការ​ពេល​​ប្រើ​លើក​​ដំបូង​ លោកគិតថា វាល្អ ព្រោះវាមានក្លិនឈ្ងុយ មាន​ក្លិន​ច្រើន​សម្រាប់​ជ្រើស​រើស និង​​មិន​​មាន​​ក្លិនមាត់ឬក្លិនជាប់ខ្លួន​ ដូចជក់​បារីធម្មតា។

ប៉ុន្តែ លោកថា នៅពេលលោក​ជក់បារីប្រភេទនេះមួយរយៈ​ ក៏កត់សម្គាល់ឃើញថា សុខភាព​ចាប់​ផ្តើម​​ចុះខ្សោយ ឆាប់ហត់ ស្បែកមានសភាពលឿងខុសធម្មតា ខណៈ​​ស្មារតី និង​ខួរក្បាល​របស់​​លោក មានការចុះខ្សោយជាបន្តបន្ទាប់​ផងដែរ។

លោកថា៖ «និយាយតាមត្រង់ចុះ ការជក់បារីមិនសូវល្អទេ ខ្ញុំទី១ហ្នឹង​គឺហត់ ការជក់បារីច្រើន គឺធ្វើឱ្យសួត​យើង​ចុះ​ខ្សោយ ហើយ​​​វា​​ហត់ ការប៉ះពាល់សុខភាពវាពិតជាមានហើយ សូម្បីតែការផ្សព្វផ្សាយនៅតាមក្រសួង ការផ្សព្វ​ផ្សាយ​ផ្សេងៗ ក៏​គាត់​ហាម​មិន​ឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិកហ្នឹង​ដែរ»។

ករណីនេះ លោកអំពាវនាវ​​ដល់អ្នកដែលមានគម្រោងចង់ប្រើប្រាស់ សូមបញ្ឃប់​គំនិត​នេះ​ជា​បន្ទាន់​ ហើយសម្រាប់អ្នកកំពុងប្រើប្រាស់ ក៏គួរបញ្ឈប់ការ​ប្រើប្រាស់​ជាបន្ទាន់ដូចគ្នា ​ព្រោះ​វាប៉ះ​ពាល់​​ដល់​សុខភាព និង​អាចមាន​​គ្រោះថ្នា​ក់​ដល់​អាយុ​ជីវិតទៀតផង។

លោកបន្ថែម៖« ខ្ញុំចង់ឱ្យយុវជនទាំងអស់ គឺគាត់ផ្ដាច់ពីបារីអេឡិចត្រូនិក មិនថាបារីអេឡិចត្រូនិក ឬក៏បារីទេ​[បារី​ធម្មតា] យើង​គួ​រតែ​​ឈប់ មិនបាច់កាត់បន្ថយទេ គឺយើងឈប់តែម្ដង ដើម្បីអី ទី១ គឺដើម្បីបរិស្ថានយើងស្អាតផ​ង ហើយ​មួយ​​ទៀត ​យើងដឹងស្រាប់គ្រប់គ្នាឱ្យតែឈ្មោះថាបារី គឺវាមិនល្អសម្រាប់​សុខភាពទេ ជាពិសេសគឺប៉ះពាល់​សួតហ្នឹង​ឯង»។

កម្ពុជា មានបន្ទុកពន្ធលើផលិតផលថ្នាំជក់​នៅកម្រិត​ទាបនៅឡើយ ដោយ​យក​ពន្ធ​ត្រឹម ២៥​ភាគ​រយ សម្រាប់​បារី​ក្នុង​ស្រុក និង ៣១ភាគរយ សម្រាប់​បារីនាំចូល ធៀប​នឹង​តម្លៃ​លក់​រាយ។ ដោយ​សារ​បារី​មាន​តម្លៃ​ថោក និង​មាន​លក់​គ្រប់​ច្រក​ល្ហក ទើប​ធ្វើ​ឱ្យកំណើន​អ្នក​ជក់​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់។

បើតាមរបាយការណ៍របស់​អង្គការ​សុខភាព​ពិភពលោក ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ០០០នាក់ បានស្លាប់​ជារៀងរាល់ឆ្នាំ ដោយ​សារ​ជំងឺ​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់ថ្នាំជក់។ ប្រភព​ដដែល បន្តថា ការ​ប្រើ​ប្រាស់​ថ្នាំជក់​ បណ្ដាលឱ្យកម្ពុជាខាតបង់ទឹកប្រាក់ ៦៤៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​៣% នៃផលិតផលក្នុងស្រុកសរុប​របស់កម្ពុជា ក្នុងនោះ ទឹក​ប្រាក់​​ ៥៨៤​លាន​ដុល្លារ បណ្ដាលម​កពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាព​មុន​អាយុ​កំណត់ ផលិត​​ភាព​​ធ្លាក់​ចុះ ពី​ការ​សម្រាក​ជក់​បារី និង​អវត្តមានពីការងារជាដើម។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី បាន​លើកឡើង​ថា ​​បារី​អេឡិច​ត្រូនិក​  មាន​វត្តមាន​នៅ​លើទីផ្សារ​ប្រហែល​ជិត ១០ឆ្នាំមក​ហើយ ហើយ​​​ការសិក្សារបស់អ្នក​ជំ​នាញ​​បញ្ហាញ​ថា បារី​អេឡិចត្រូនិក​នេះ មាន​ផលប៉ះពាល់ច្រើនដល់សុខភាព​មនុស្សគ្រ​ប់​វ័យ ដែល​បានជក់ និងស្រូបផ្សែង ដោយ​សារក្នុងបារីនេះមានផ្ទុកទៅដោយសា​រ​ធាតុប្រេង​ម្យ៉ាង​ដែលធ្វើ​ឱ្យ​បារី​មាន​ក្លិន​ក្រអូប ឬ​ក្លិន​ច្រើន​ប្រភេទ ទៅតាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់ ដូច​ជា ​ក្លិនស្ត្រូបប៊ឺរី ក្លិនផ្កាឈូក ក្លិន​ប៉ម និង​ក្លិនផ្សេងៗទៀត។

ម្យ៉ាងទៀត លោកថា ​ការចម្រាញ់ប្រេង​នេះ ក៏​មិន​បាន​ដឹង​ពី​ប្រភព​ច្បាស់​លាស់​ថា​បាន​ចម្រាញ់​តាម​ស្ដង់​ដារ​ត្រឹម​ត្រូវ​ដែរ​ទេ ខណៈ​ផ្សែង​ដែល​ចេញ​ពី​បារី ទោះ​ចង់​ឬ​មិន​ចង់​វា​បាន​ប៉ះ​ពាល់​ដល់​​​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​សួត​ធ្ងន់​ធ្ងរ ហើយអាច​ឈានដល់កើត​​មហារីសួត​ផងដែរ។

លោកបានថ្លែង​ថា៖ «បើសិនបងប្អូននៅតែមានការប្រើប្រាស់ វាមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ​យើង មាន​ផល​ប៉ះពាល់​ទៅ​ដល់​គ្រួសារ​យើង​ដែល​នៅជុំវិញខ្លួនយើង។ វាមិនមែនប៉ះពាល់តែយើងម្នាក់ទេ វាប៉ះ​ពាល់​ទៅ​ដល់​ប្រពន្ធ កូន ឪពុក​ម្ដាយ ជីដូនជីតា​យើង​ អ្នក​ដែលនៅក្បែរជុំវិញខ្លួនយើង កន្លែងនេះ​ហើយដែល​បងប្អូន​គួរពិចារ​ណា​អាច​បញ្ឈប់​​[ជក់បារី]»។ 

សម្រាប់វិធានការទប់ស្កាត់វិញ លោកយល់ថា ក្រសួងពាក់ព័ន្ធនានា ដូចជា ក្រសួង​សុខា​ភិ​បាល ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួងមហាផ្ទៃជាដើម​ គួរតែ​សហការ​គ្នា ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​បារី​ដែល​មានសារជាតិញៀនខុសច្បាប់នេះ និង​​ត្រូវ​​ផ្សព្វ​ផ្សាយ​​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ជាង​នេះ អំពី ផលប៉ះពាល់របស់បារីអេឡិចត្រូនិក។

លោកថា‍៖ «ត្រូវទប់ស្កាត់ការនាំចូល ការនាំចូលមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គឺគ្រប់ច្រកទាំងអស់ ត្រូវ​ទប់​ស្កាត់ ដើម្បី​កុំឱ្យមាន​សារធាតុញៀនទាំង​អស់​ហ្នឹង​​ចូល​មក​តាម​បារីអេឡិចត្រូនិកនេះ»។

ជាមួយគ្នានេះដែរ លោក អ៊ូច វុទ្ធី ក៏បាន​អំពាវនាវដល់​អ្នក​ពាក់​ព័ន្ធ​នានា ជាពិសេស​ក្រសួង​អប់រំ បង្កើន​ការ​​​ផ្សព្វ​ផ្សាយ​​អំពី​ផលប៉ះពាល់របស់បារីនេះ ទៅកាន់គ្រឹះស្ថានអប់រំ​ និង​សិស្សានុ​សិស្ស​ តាំង​ពីប​ឋម​សិក្សា ដល់​វិទ្យាល័យ និងមហាវិទ្យាល័យនានាផងដែរ។

ចំណែក ប្រធាន​អង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ដែរថា ​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់​ដល់សុខភាព និងជាផ្នែកមួយ​ដែល​ធ្វើឱ្យ​ប៉ះ​​ពាល់​​ដល់​ធនធានមនុស្ស​ជំនាន់​ក្រោយ និងការអភិវឌ្ឍជាតិ​ផងដែរ។

លោក​ថា៖ «ការប្រើប្រាស់បារីអេឡិចត្រូនិកហ្នឹង ការពិតទៅ មានផលប៉ះពាល់ខ្លាំងណាស់ ពី​ព្រោះ​ទី​១ បារី​អេឡិច​ត្រូ​និក ត្រូវ​បាន​គេរចនា​សម្រាប់​ទាក់​ទាញ​កុមារ និង​យុវជន អញ្ចឹង​នៅ​ពេល​​គាត់​ជក់​ហើយ​ធ្វើ​ឱ្យ​ញៀន ញៀនខ្លាំង​យក​តែ​មែន​​ទែន ហើយ​ការញៀន​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​ប៉ះពាល់​ដល់​ខួរក្បាល​ ជាពិសេស​គឺ​ខួរក្បាល​ផ្នែក​ដែល​ជំរុញ​ឱ្យមា​ន​ការ​រៀន​សូត្រ ក្រៅពី​នោះ​មាន​ការ​ប៉ះពាល់​ដល់​សួត​យ៉ាង​ធ្ងន់​ធ្ងរ បេះដូង ថ្លើម។ល។ ហើយ​បើ​សិន​គាត់​មាន​កា​​រ​ប៉ះពាល់​បែប​នេះ វា​ប៉ះពាល់ខ្លាំងណាស់ដល់ អនាគត​ធនធាន​មនុស្ស​យើង​ជំនាន់​ក្រោយ»។

ចំពោះវិធានការក្នុងការទប់ស្កាត់ និង​ការការពារវិញ លោកថា ក្រសួង​ពាក់​ព័ន្ធ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​​មាន​លិខិត​គតិ​យុត្ត​ឱ្យបាន​រឹង​ម៉ាំ និង​ទប់​ស្កាត់ កុំឱ្យ​មាន​ការនាំចូល និង​​ការ​​​លក់​បារី​តាម​​ប្រព័ន្ធ​​អន​ឡាញបន្តទៅទៀត​ ដោយ​​សារ​​ការ​​សិក្សាបា​ន​បញ្ជាក់​ថា អ្នក​ជក់​បារី​ភាគ​ច្រើន​បាន​​​ទិញ​បារី​អេឡិច​ត្រូនិក​តាម​រយៈ​អនឡាញនេះ។ 

មួយវិញទៀត លោក​ថា៖ «កាល​ដែល​មាន​វត្តមាន​បារី​អេឡិច​ត្រូនិក​នេះ នៅក្នុង​ប្រទេស​យើង ជា​កត្តាជំរុញ​ឱ្យ​មាន​អ្នក​ប្រើប្រាស់​ដែរ អញ្ចឹងដើម្បី​ទប់ស្កាត់កុំឱ្យ​យុវជន និង​កុមារ ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​នៃកា​រ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក គឺ​មាន​តែ​អ្នក​ដែល​ពាក់​ព័ន្ធ ក្រសួង​ដែល​មាន​សមត្ថ​កិច្ច ទៅ​លើ​ការ​ត្រួត​ពិនិត្យ ការ​គ្រប់​គ្រង ការ​នាំចូល​បារី​អេឡិច​ត្រូនិក​នេះ ធ្វើយ៉ាង​ណា​កុំ​ឱ្យមា​ន​ការ​នាំចូល​បារី​នេះ​បន្ត​ទៀត ពីព្រោះថា​ផលិតផលនេះ ត្រូវ​បាន​ហាម​ឃាត់ ដោយ​រាជ​រដ្ឋាភិ​បាល ទាំង​​ការ​ប្រើ​ប្រាស់ ទាំង​ការ​នាំ​ចូល ទាំង​ការ​ផលិត ទាំង​ការ​ចែក​ចាយ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែយើង​នៅ​តែ​ឃើញ​ផលិតផល​នេះ នៅ​មាន​វត្ត​មាន នៅ​ក្នុង​ប្រទេស​យើង ហើយ​នៅ​មាន​អ្នក​លក់​តាម​អនឡាញ គាត់​បង្ហោះលក់​យ៉ាង​គគ្រឹក​គគ្រេង ដែល​ជា​កត្តា​នាំ​ឱ្យ​យុវជន និង​កុមារ​ក្លាយ​ជាជ​នរ​ងគ្រោះ​ជាបន្តបន្ទាប់»។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល​ លោកស្រី ឈា ឆដាភា មានប្រសាសន៍ថា បារីអេឡិចត្រូនិក ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យមា​ន​ការ​លក់ និងចែក​ចាយ​បន្ត​នោះ​ទេ ហើយសម្រាប់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និងអ្នកពាក់ព័ន្ធ កំពុង​ចាត់​វិធាន​ការ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាលផងដែរ។ តែយ៉ាងណា លោកស្រី មិនបានបញ្ជាក់​លម្អិត​ពីវិធាន​ការ​​ជាក់​លាក់​ថា​យ៉ាង​ណានោះ​ទេ។​

លោកស្រីថា៖ «បារីអេឡិចត្រូនិកហ្នឹង​ត្រូវបានហាមឃាត់​ អ​ត់​លក់​ចែក​ចាយអញ្ចឹង​ក្រសួង បើ​ក្រសួង​សុខា​ភិ​បាល គឺ​មាន​ន័យ​ថា​ គឺកំពុង​ផ្សព្វ​ផ្សាយ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ កំពុង​ចាត់​វិធានការ​តាម​ហ្នឹង»។

ត្រឡប់មកកាន់ អ្នកធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិក លោក ហឿន បណ្ឌិត និង​លោក សុខ រស្មី វិញ ពួកគាត់​​​បាន​អំពាវនាវ​ជាថ្មីដល់​អ្នក​ដែល​មិន​ទាន់​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក ត្រូវ​តែ​ចៀស​ឱ្យ​ឆ្ងាយ​ពី​វា ហើយ​​អ្នក​ដែល​ប្រើប្រាស់​រួច និង​មាន​គោល​បំណង​ចង់ផ្ដាច់បារី​ធម្មតា និង​បារី​អេឡិច​ត្រូនិក គួរតែ​ងាកមកលេងកីឡា​ ដើម្បី​​សុខភាព​ ឬ​បរិភោគ​ជា​ប្រភេទ​អាហារ​ជំនួយ​ដែល​ជួយ​សម្រួល​ដល់​ការ​ឃ្លាន​បារី​ជំនួស​វិញ៕