សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេដសំណើររបស់មេធាវីការពារក្តីលោក កឹម សុខា ដែលស្នើសុំកោះហៅមន្ត្រីនគរបាលយុត្តិធម៌ ឱ្យមកបំភ្លឺករណីចូលចាប់ខ្លួនទាំងបង្ខំក្នុងគេហដ្ឋានរបស់លោក កឹម សុខា។ នេះបើតាមសហមេធាវីការពារក្តីលោក កឹម សុខា។
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដោយក្នុងសវនាការលើកទី៩នេះ តុលាការបានបន្តអានរបាយការណ៍សាក្សី និងមន្ត្រីនគរបាលពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការ សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានឱ្យដឹងថា ក្នុងអំឡុងពេលសវនាការនោះ ក្រុមមេធាវីបានស្នើដល់តុលាការ កោះហៅមន្ត្រីនគរបាលយុត្តិធម៌ ឱ្យមកចូលបំភ្លឺ ពីមូលហេតុនៃការចូលចាប់ខ្លួនកូនក្តីរបស់ខ្លួនទាំងយប់ នៅគេហដ្ឋាន ប៉ុន្តែត្រូវបានតុលាការបដិសេធ។
លោកថា៖ «ក្នុងនោះមេធាវីយើងយល់ឃើញថា វត្តមានរបស់ប៉ូលីសដែលចុះទៅទម្លុះផ្ទះ ទ្វារផ្ទះ ទ្វាររបងចូលចាប់ឯកឧត្តម កឹម សុខា ទាំងយប់កណ្តាលអាធ្រាត្រនោះ មានភាពចាំបាច់ដើម្បីយើងសួរថាតើគាត់ចូលទៅហ្នឹងចាប់បាននូវភស្តុតាងអីខ្លះ ហើយមានតម្រុយអីខ្លះ ដើម្បីសួរដេញដោលនៅចំពោះមុខសវនាការ»។
លោកមេធាវី ផែង ហេង បានបញ្ជាក់ទៀតថា ក្នុងពេលសវនាការនោះដែរ លោក កឹម សុខា នៅតែបន្តបង្ហាញ និងបញ្ជាក់ទៅតុលាការថាគាត់មិនបានក្បត់ជាតិ ឬនាំបរទេសមកឈ្លានពានក្នុងទឹកដីកម្ពុជាឡើយ ខណៈរូបគាត់ជាអ្នកស្រឡាញ់ជាតិ និងប្រជាពលរដ្ឋខ្មែរ ហើយតែងតែចង់ឃើញប្រទេសជាតិមានការដឹកនាំមួយដែលគោរពសិទ្ធិមនុស្ស និងការផ្សះផ្សាជាតិ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បាននៅឡើយទេ។
សម្រាប់សវនាការលើកទី៩នៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលត្រូវបានរំពឹងថាជាសវនាការលើកចុងក្រោយរបស់អតីតមេដឹកនាំគណបក្សជំទាស់មួយនេះ គេសង្កេតឃើញមានការចូលរួមតាមដានពីបណ្តាអង្គទូតបរទេស ក្រុមអង្គការសង្គមស៊ីវិល និងអ្នកគំាទ្រមួយចំនួនផងដែរ។ ប៉ុន្តែ បើតាមសហមេធាវីការពារក្តីឱ្យលោក កឹម សុខា បញ្ជាក់ថា នេះមិនមែនជាសវនាការលើកចុងក្រោយនោះទេ គឺនៅមានសវនាការលើកទី១០ នឹងធ្វើឡើងនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលចូលរួមតាមដានក្នុងសវនាការ លើសំណុំរឿងរបស់លោក កឹម សុខា នេះដែរ បានថ្លែងថា នៅក្នុងសវនាការ នាព្រឹកមិញនេះ មានការអានរបាយការណ៍របស់សាក្សីចំនួន ១៣រូប ហើយមានការសម្រេចមួយ ទៅលើការស្នើសុំរបស់មេធាវីការពារក្តីលោក កឹម សុខា ក្នុងការហោះហៅសាកសួរមន្ត្រីនគរបាលយុតិ្តធម៌ចូលក្នុងអង្គជំនុំជម្រះ ប៉ុន្តែត្រូវបានតុលាការបដិសេដ ដោយថាគួរតែសួរក្នុងដំណាក់កាលចៅក្រមស៊ើបសួរ មិនមែនក្នុងដំណាក់កាលចៅក្រមជំនុំជម្រះឡើយ។
លោកថ្លែងថា៖ «ថ្ងៃនេះគ្រាន់តែជាការអានទៅលើកំណត់ហេតុហ្នឹងវាច្រើន ហើយនៅលើកទី១០ ក៏ប្រហែលនៅបន្តអានកំណត់ហេតុ និងរបាយការណ៍បន្តទៀត»។
យ៉ាងណា លោកយល់ថា ការកោះហៅមន្ត្រីនគរបាលយុត្តិធម៌ ចូលមកសាកសួរ ក្នុងសំណុំរឿងនេះ ជាការបង្ហាញនូវយុត្តិធម៌មួយ។
លោកថ្លែងថា៖ « អ៊ីចឹងប្រសិនបើយើងជាអ្នកសាធារណជន ដែលចូលស្តាប់ហ្នឹង អ្វីដែលយើងចង់ឃើញ គឺកាលណាពាក្យថា យុត្តិធម៌ គឺគ្រប់ភាគីពាក់ព័ន្ធ គួរតែត្រូវបានបង្ហាញ ហើយមានការសាកសួរ និងបំភ្លឺ ដើម្បីស្វែងរកយុត្តិធម៌ ឱ្យបានពេញលេញ ប៉ុន្តែទោះជាយ៉ាងណា នេះជាការសម្រេចរបស់សាលាឧទ្ធរណ៍ទៅហើយ»។
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោស ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ កាលពីឆ្នាំ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ឆ្នាំ។ ជាមួយគ្នានោះ សិទ្ធិនយោបាយរបស់លោកទាំងអស់ ត្រូវបានដកហូត ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
បន្ទាប់ពីសវនាការលើកទី៩ ត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក កឹម សុខា នឹងត្រូវមកបង្ហាញខ្លួននៅក្នុងការជំនុំជម្រះលើកទី១០ នៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួលណាមួយ។ បើតាមសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ពួកគេមិនដឹងថា សវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា នឹងបញ្ចប់នៅពេលណាឡើយ៕