អ្នកលក់ចំណីអាហារ និងអ្នកបរិភោគនិយាយថា ការឡើងថ្លៃតម្លៃត្រី និងអាហារសមុទ្រ ធ្វើឲ្យមនុស្សជាច្រើនមិនមានថវិកាសម្រាប់ទិញ ខណៈការកើនឡើងតម្លៃកើតមានដោយសារការបំផ្លាញទីជម្រកមច្ឆា និងការធ្លាក់ចុះស្តុកត្រីនៅក្នុងបឹងធម្មជាតិ និងទន្លេ។
យោងតាមស្ថិតិរបស់ធានាគារជាតិនៃកម្ពុជា តម្លៃត្រីរស់បានកើនឡើងចំនួន៨,៨ភាគរយនៅ ខែមីនា ក្នុងឆ្នាំនេះ ដែលជាការកើនឡើងខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីតម្លៃដំណាប់ផ្លែឈើក្នុងចំណោម៤០ប្រភេទដែលបានរាយឈ្មោះ។
អ្នកស្រី លី នីតា អ្នកលក់ម្ហូបតាមចិញ្ចើមផ្លូវនៅផ្សារទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ ដោយមានលក់ត្រីអាំង បាយសាច់ជ្រូក និងបាយម្ហូបកុម្ម៉ង់ច្រើនមុខទៀត។ អ្នកស្រីបន្តថា តម្លៃត្រីឡើងថ្លៃជាងសាច់ និងបន្លែផ្សេងៗទៀត ដោយត្រីឌៀបតម្លៃប្រមាណជា៩,០០០រៀលក្នុងមួយគីឡូក្រាម និងពេលខ្លះឡើងដល់១៣,០០០រៀល ជាហេតុធ្វើឲ្យអ្នកស្រីត្រូវបង្ខំចិត្តលក់ឡើងថ្លៃដែរ។
អ្នកស្រីនិយាយថា៖ «តម្លៃលក់របស់ខ្ញុំគឺផ្អែកលើតម្លៃដែលខ្ញុំទិញនៅក្នុងផ្សារ»។
អ្នកស្រីបានបន្ថែមថា នៅក្នុងគ្រួសាររបស់គាត់បានរងប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូរ៉ូណាផងដែរ។
អ្នកស្រីថា៖ «ប្រាក់ខែរបស់ប្តីខ្ញុំត្រូវបានកាត់បន្ថយ៥០ភាគរយក្នុងរយៈពេល៣ខែនេះ»។
អ្នកលក់នំបញ្ចុក និងគុយទាវម្នាក់នៅក្រុងព្រះសីហនុ អ្នកស្រី ស្រី អានី បាននិយាយថាអ្នកស្រីលក់គុយទាវ១ចាន៦,០០០រៀល និងពេលខ្លះបញ្ចុះតម្លៃដល់អ្នកអត់លុយដែរ ដែលកំពុងធ្លាក់ខ្លួនលំបាកក្នុងវិបត្តិសេដ្ឋកិច្ច។ អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យតម្លៃគ្រប់មុខទំនិញចុះថោក។
គាត់និយាយថា៖ «ខ្ញុំចង់ឲ្យតម្លៃធ្លាក់ចុះ តម្លៃទាបវាប្រសើរទាំងអស់គ្នា»។
អ្នកទិញម្ហូបអាហារមានការព្រួយបារម្ភដោយនិយាយថា ពិបាកនឹងមានលទ្ធភាពទិញ។
អ្នកស្រី មួយ ឆេង ស្ត្រីមេផ្ទះមានកូនបីនាក់នៅក្នុងខណ្ឌទួលគោកបាននិយាយថា អ្នកស្រីបានឃើញតម្លៃត្រីទន្លេ និងអាហារសមុទ្របានកើនឡើងហួសពីលទ្ធភាពរបស់អ្នកស្រី បើទោះបីប្រាក់ខែរបស់ប្តីអ្នកស្រីកើនឡើងជាប្រចាំរាល់ឆ្នាំក៏ដោយ។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនអាចទិញអាហារថ្លៃៗបានទេ»។
ចំណែកអ្នកស្រី ប៊ុន ម៉ិចថារី ស្ត្រីមេផ្ទះមួយរូបទៀតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លើកឡើងថា អ្នកស្រីអាណិតអ្នកក្រីក្រនៅពេលឃើញតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃ។
អ្នកស្រីនិយាយថា៖ «ខ្ញុំអាណិតប្រជាជនក្រីក្រ និងកម្មករដែលមិនអាចរកប្រាក់បានច្រើន តែថ្លៃម្ហូបគឺឡើងខ្ពស់»។
លោក ហម ចាន់ អ្នកលក់ត្រីបោះដុំនៅតំបន់គីឡូម៉ែត្រលេខ៩ ក្នុងរាជធានីភ្នំពេញបាននិយាយថា តម្លៃត្រីមានការកើនឡើងជាលំដាប់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
លោកថ្លែងថា៖ «ត្រីនៅតាមដងទន្លេពិបាករកណាស់ ដែលធ្វើឲ្យតម្លៃត្រីចិញ្ចឹមឡើងថ្លៃដែរ»។
លោក ហម ចាន់ បន្តថា អ្នកលក់នៅតាមផ្សារខ្លះទិញត្រីពីលោក ហើយលោកលក់បានប្រហែលជា៣តោនជាប្រចាំ។ ទោះយ៉ាងណាប៉ុន្មានខែថ្មីៗនេះមានការធ្លាក់ចុះនៃការលក់ប្រហែល៣០ភាគរយ បើតាមការលក់ធម្មតា។
លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មមានប្រសាសន៍ថា តម្លៃត្រីមានការប្រែប្រួលតាមតម្រូវការសព្វថ្ងៃ ត្រីភាគច្រើនបានមកពីកសិដ្ឋានចិញ្ចឹមត្រីដែលធ្វើឲ្យតម្លៃអាចឡើងចុះ។
លោកថា រដ្ឋាភិបាលបានបើកទីផ្សារសេរី ដូច្នេះមិនអាចកំណត់តម្លៃបានទេ ហើយថា បើតម្លៃឡើងខ្លាំង ក្រសួងនឹងទៅណែនាំ។
លោក ឯក ចំរើន អ្នកសម្របសម្រួលគម្រោងនៅសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លើកឡើងថា តម្លៃត្រីចិញ្ចឹមនៅកសិដ្ឋានមានស្ថិរភាពប៉ុន្តែត្រីនៅតាមដងទន្លេមានតម្លៃថ្លៃ និងពិបាករក។ លោកបន្តថា ការនេសាទខុសច្បាប់ដូចជាការឆក់ត្រី និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ផ្សេងៗ ការប្រែប្រួលអាកាសធាតុ និងការបំផ្លាញទីជម្រកព្រៃកោងកាងបានធ្វើឱ្យចំនួនត្រីធ្លាក់ចុះ។
លោកបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជាស្ថិតនៅពាក់កណ្តាលរដូវបង្កាត់ពូជត្រី និងរដូវត្រីពង រហូតដល់ចុងខែកញ្ញា ដូច្នេះជារឿងចាំបាច់ណាស់ក្នុងការទុកឱ្យត្រីបានបង្កបង្កើតពូជ ដោយមិនត្រូវនេសាទក្នុងរដូវនេះ។
លោកបញ្ជាក់ថា៖ «យើងគួរតែសហការជាមួយគ្នាហើយកុំចាប់ត្រីក្នុងអំឡុងត្រីបន្តពូជ ឈប់ប្រើឧបករណ៍ខុសច្បាប់ទាំងអស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋបន្ថែមទៀត»៕