អាជ្ញាធរឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានកោះហៅតំណាង​​សហគមន៍​សាមគ្គីចេក​មាស​ចំនួន ២នាក់ ឱ្យចូលបំភ្លឺករណីដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដែល​មាន​វិវាទដីធ្លី​ជាមួយ​ក្រសួង​ធនធានទឹក ពាក់ព័ន្ធនឹងគម្រោងអាងស្តុកទឹក។

បើតាម​លិខិតរបស់រដ្ឋបាលឃុំឈើទាល បានកោះហៅ អ្នកស្រី យស សោភ័ណ្ឌ ប្រធានសហគមន៍សាមគ្គីចេកមាស និងអ្នកស្រី គឹម សំអូន ឱ្យចូលបំភ្លឺនៅសាលាឃុំឈើទាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមហេតុផលថា «បំភ្លឺរឿងផ្ទាល់ខ្លួន»។

ទោះជាយ៉ាងណា អ្នកស្រី យស សោភ័ណ្ឌ អះអាងថា ការបំភ្លឺនេះ ពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ​​ដីធ្លីជាមួយក្រសួងធនធានទឹក និង​ឧតុនិយម កាលពីពេល​កន្លង​ទៅ ដើម្បីដាក់ជូនក្រសួងរៀបចំដែនដី នៅថ្ងៃទី២៩ ខែឧសភា ខាងមុខ។

អំឡុងឆ្លើយបំភ្លឺ អ្នកស្រីថា អាជ្ញាធរបានប្រាប់ឱ្យអ្នកស្រី បញ្ឈប់ការ​ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋបន្តទៀត ខណៈប្រធានភូមិ​ចេក អះអាងថា ប្រជាសហគមន៍បានទទួលសំណងហើយ មិនអាចប្រមូលស្នាមមេដៃដើម្បីតវ៉ា​ទាមទារដីធ្លីទៀតនោះទេ។

បើតាមអ្នកស្រី សោភ័ណ្ឌ ការដើរប្រមូលស្នាមមេដៃពីប្រជាសហគមន៍នេះ ធ្វើឡើងក្រោយមានការស្នើសុំពីក្រសួងរៀបចំដែនដី អំពីចំនួនប្រជាពលរដ្ឋដែលនៅបន្តមាន​បញ្ហាដីធ្លីនៅក្នុងសហគមន៍ដីធ្លីចេកមាសនេះ។ អ្នកស្រីបន្ត​​​ថា ក្នុងចំណោមប្រជាសហគមន៍ដែលរងផលប៉ះពាល់ចំនួន ១២០គ្រួសារ គឺ​បានផ្ដិតស្នាមមេដៃទើបតែបាន ៣០គ្រួសារប៉ុណ្ណោះ។

អ្នកស្រីនិយាយថា៖ «គ្រាន់តែធ្វើបច្ចុប្បន្នភាព ផ្ដិតមេដៃ ស្រាប់តែមេភូមិគាត់មកដក [ឯកសារ]។ […]  គេលែងឱ្យយើងផ្ដិតមេដៃតទៀត យើងអត់ទាន់អស់សមាជិក»។​


បើតាម អ្នកស្រី សោភ័ណ្ឌ វិវាទដីធ្លីជាមួយក្រសួងធនធានទឹកនេះ ប្រជាពលរដ្ឋមួយចំនួន​បានទទួលយក​សំណង ៩០០រៀលក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីពួកគាត់​រង​ការ​គំរាម​កំហែង ខណៈប្រជាពលរដ្ឋមួយចំនួនទៀត​​ដែលរងផលប៉ះពាល់ដីធ្លីទាំងស្រុង បានប្រឆាំងនឹង​ការ​ផ្ដល់សំណង​នេះ ដោយពួកគេទាមទារក្នុងមួយម៉ែត្រការ៉េ តម្លៃ ១២ ០០០​រៀល។

អ្នកស្រី គឹម សំអូន លេខាសមាគមស្រ្តីនៅសហគមន៍ចេកមាស ដែលត្រូវបានកោះហៅឱ្យចូលបំភ្លឺផងដែរ និយាយថា អ្នកស្រី​ចង់បានសំណងបន្ថែមទៀត ដោយសារសំណងដែលទទួលបាន គឺតិចតួច ដែលធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីជួបការលំបាកយ៉ាងខ្លាំង។ ,

អ្នកស្រីនិយាយថា៖«[សំណងមិនសមរម្យ] វា​ធ្វើ​ឱ្យ​ជីវភាព​ក្រុមគ្រួសារខ្ញុំ ហើយកសិករនៅហ្នឹង ផល​ប៉ះពាល់ច្រើន ដោយសារជីវភាពវាកាន់តែខ្វះខាត ដល់ពេលយើងទទួលសំណងតិច​ពេក»។ 

ទោះយ៉ាងណា មេភូមិចេក លោក អន សាខន ថ្លែងថា ប្រជាសហគមន៍បានយល់ព្រមទទួលយកសំណងរួចហើយ ហេតុនេះពួកគេមិនអាចធ្វើការទាមទារអ្វីបន្ថែមឡើយ។

លោក​ថា៖ «រដ្ឋសងប្រជាពលរដ្ឋអស់ហើយ ហើយនាំគ្នាធ្វើស្នាមមេដៃទៅធ្វើអីទៀត។ […] ដី រដ្ឋសងអស់ហើយ ខាងក្រសួងហិរញ្ញវត្ថុគាត់ទទួលដឹងឮ ចុះហត្ថលេខា ទទួលស្គាល់ថា ប្រគល់​លុយ​ឱ្យ​ហើយ​»។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែលបានចុះអង្កេតផ្ទាល់លើការសួរនាំពលរដ្ឋនេះ មានប្រសាសន៍ថា អាជ្ញាធរកោះហៅប្រជាពលរដ្ឋ ដោយសារមិនទទួលបានដំណឹងច្បាស់លាស់ អំពីការដើរប្រមូលស្នាមមេដៃរបស់ប្រជាសហគមន៍។ ទោះ​ជា​យ៉ាង​ណា លោក​ថា បើតាមច្បាប់ ប្រជាសហគមន៍មិនចាំបាច់ជូន​ដំណឹង​ទៅកាន់​អាជ្ញាធរ​ឡើយ។

លោក​ថា៖ «គេ[អាជ្ញាធរ]ថា ធ្វើអីសូមឱ្យប្រាប់គេផង ប៉ុន្តែតាមផ្លូវច្បាប់គាត់ [សហគមន៍] ធ្វើចឹង គាត់​មិនចាំបាច់ជូនដំណឹង ប្រាប់ធ្វើអី ផ្លូវច្បាប់អត់មានឱ្យគាត់ជូនដំណឹង អត់ចាំបាច់ប្រាប់ទេ ព្រោះនេះជារឿងសហគមន៍គាត់»។ 

បើតាមក្រុម​​ប្រជាពលរដ្ឋ​​ គម្រោងស្តា​រប្រព័ន្ធ​​ប្រឡាយ​ទឹក​កំពង់ជ្រៃ​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ក្រ​សួង​ធនធានទឹក និងឧតុនិយម បាន​ប៉ះពាល់​ប្រ​ជា​ពល​រដ្ឋ​ចំនួន ​១២០​គ្រួសារ ​លើ​ផ្ទៃ​ដី​ជាង ​៩៩​ហិកតា ស្ថិត​​ក្នុង​ឃុំ​ឈើទាល និង​ឃុំស្វាយធំ ​​ស្រុក​​ស្វាយ​ជ្រំ​។ វិវាទនេះកើតឡើងតាំង​ពី​ឆ្នាំ២០០៩ ប៉ុន្តែអ្នកភូមិទើបតែទទួលបានសំណងតិចតួច ពោលគឺមួយម៉ែត្រការ៉េ ត្រឹម៩០០រៀល កាលពីឆ្នាំ២០២២៕