សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿង ប្រធានសហជីពប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ដែលរងការចោទពីបទ «សមគំនិតក្នុងអំពើលួច» ដោយចៅក្រមគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងនេះនៅអំឡុងពាក់កណ្តាលខែមិថុនាខាងមុខ។
លោក សេង រាជ មេធាវីការពារក្តីឱ្យលោក ជា ចាន់ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរដេញដោល ចៅក្រមជំនុំជម្រះបានសម្រេចកំណត់ការប្រកាសសាលក្រមលើសំណុំរឿងប្រធានសហជីពរូបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
លោកបន្តថា លោក ជា ចាន់ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តនៅក្នុងរោងចក្រ វីង ស្ដារស៊ូ កាលពីឆ្នាំ២០២២។ ប៉ុន្តែ លោកអះអាងថា សំណុំរឿងរបស់លោក ជា ចាន់ មិនបានបញ្ជាក់ថ្ងៃកើតហេតុច្បាស់លាស់នោះទេ ដោយគ្រាន់តែដាក់ថា បានប្រព្រឹត្តនៅក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ។
ទោះយ៉ាងណា មេធាវីរូបនេះ ក៏សុំមិនអត្ថាធិប្បាយអ្វីបន្ថែមជុំវិញករណីនេះទេ។
ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ បានឱ្យដឹងយ៉ាងខ្លីថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនា។
អ្នកស្រី ឆែ ចាន់រ៉ា ជាភរិយារបស់លោក ជា ចាន់ ដែលបានចូលរួមស្ដាប់សវនាការនោះ បាននិយាយថា ស្វាមីរបស់គាត់ មិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយអំឡុងពេលសវនាការ សាក្សីក៏មិនបាននិយាយថា ស្វាមីរបស់គាត់បានលួចសម្ភារៈក្រុមហ៊ុនផងដែរ។
ភរិយាជនត្រូវចោទរូបនេះ អះអាងថា សព្វថ្ងៃអ្នកស្រីបារម្ភអំពីសុខភាពរបស់លោក ជា ចាន់ ដោយសារលោកមានជំងឺទឹកនោមផ្អែម ហើយមិនមានថ្នាំលេបដិតដល់ ខណៈចំណូលគ្រួសារក៏ធ្លាក់ចុះ បន្ទាប់ពីស្វាមីរបស់គាត់ត្រូវបានឃុំខ្លួន។
អ្នកស្រីនិយាយថា៖ «ខ្ញុំសំណូមពរឱ្យតុលាការ ធ្វើការដោះលែងប្ដីខ្ញុំ ពីព្រោះអីគាត់លក្ខណៈអត់កំហុសអ្វីទេ សាក្សី គាត់អត់បានអះអាងប្រាប់ថា គាត់ [លោក ចាន់] ប្រព្រឹត្តកំហុសអ្វីទេ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីភាគីក្រុមហ៊ុន វីង ស្ដារស៊ូ ដែលជាដើមបណ្ដឹង បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
ក្នុងអំឡុងពេលតុលាការបើកសវនាការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មករ-កម្មការិនី និងសមាជិកសហជីពប្រមាណ ៣០នាក់ ក៏បានប្រមូលផ្តុំគ្នា និងលើកបដា នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ទាមទារឱ្យមានការដោះលែង និងស្នើឱ្យតុលាការទម្លាក់បទចោទ ទៅលើលោក ជា ចាន់ ផងដែរ ដោយពួកគេអះអាងថា សំណុំរឿងនេះ កើតឡើងក្រោមការគប់គិតគ្នារវាងនិយោជក និងអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់សហជីពឯករាជ្យប្រចាំរោងចក្រ។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ដែលបានចូលរួមស្ដាប់សវនាការផងដែរ មានប្រសាសន៍ថា ក្នុងសវនាការព្រឹកនេះ លោក ជា ចាន់ បានបដិសេធចំពោះការចោទប្រកាន់របស់តំណាងអយ្យការជុំវិញការសមគំនិតក្នុងអំពើលួច ខណៈសាក្សីរបស់ភាគីក្រុមហ៊ុនដែលជាដើមបណ្ដឹង មិនបានបញ្ជាក់ច្បាស់ថា លោក ជា ចាន់ បានលួចសម្ភារៈរបស់រោងចក្រឡើយ ដោយគ្រាន់តែបញ្ជាក់ថា គេបានឃើញគាត់ឈរក្បែរជនសង្ស័យម្នាក់ដែលព្យាយាមលួចយកសម្ភារៈរបស់រោងចក្រប៉ុណ្ណោះ។
ករណីនេះ លោកស្រីយល់ថា វាជារឿងអយុត្តិធម៌នៅពេលសាក្សីមិនបានដឹងច្បាស់អំពីរឿងរ៉ាវនៃបទល្មើស ប៉ុន្តែលោក ជា ចាន់ បែរជាត្រូវរងការចាប់ និងឃុំខ្លួនអស់រយៈពេលប្រមាណ៣ខែទៅហើយ។
លោកស្រី យ៉ាង សុភ័ណ្ឌ និយាយថា៖ «ចឹងវាជារឿងមួយដែលយើងមើលទៅវាអត់ត្រឹមត្រូវ […] សូមឱ្យតុលាការទម្លាក់បទចោទ និងដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាព»។
យោងតាមសេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជា ចេញកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ ឱ្យដឹងថា លោក ជា ចាន់ ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើលួច» ដែលបានប្រព្រឹត្តនៅចំណុច រោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលប្ដឹងដោយក្រុមហ៊ុន វីង ស្ដារស៊ូ ដោយផ្ទាល់។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន បន្ទាប់ពីលោកជាប់ឆ្នោតជាប្រធានសហជីពប្រចាំរោងចក្រ វីង ស្តារស៊ូ បានរយៈពេលមួយខែ។
នៅមុនការប្ដឹងចោទប្រកាន់នេះ សហព័ន្ធសហជីពកម្ពុជា អះអាងថា លោក ជា ចាន់ បានរងការគំរាមកំហែងតាមទូរសព្ទកុំឱ្យបង្កើតសហជីពនៅរោងចក្រនេះ លុះក្រោយមកក៏មានការចាប់ខ្លួន លោកនៅក្នុងរោងចក្រ ដោយគ្មានដីកា។
ជុំវិញករណីនេះ សហព័ន្ធសហជីពកម្ពុជា យល់ថា ជាការសហការគ្នា ដោយរៀបចំទុកជាមុន រវាងនិយោជក និងអាជ្ញាធរ ក្នុងគោលបំណងកំចាត់សហជីពឯករាជ្យ កុំឱ្យមាននៅក្នុងរោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ។
សហជីពនេះ ក៏បានចាត់ទុកសកម្មភាពនេះ ថាបានបង្ហាញពីការគំរាមកំហែង ការបំភិតបំភ័យ ការរើសអើង និងការធ្វើទុក្ខបុកម្នេញ លើសកម្មសហជីព ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលមានជាធរមាននៅក្នុងវិស័យការងារនៅកម្ពុជា។
សហព័ន្ធសហជីពកម្ពុជា បានស្នើឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាពវិញផងដែរ៕