ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកសវនាការ​​សួរដេញ​ដោល​​​ក្រុម​យុវជនចលនាមាតាធម្មជាតិ ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ»។

សកម្មជន​បរិស្ថាន​ទាំងនេះ​ ​រួម​មាន​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​និង​លោក​ ​អា​ឡិច​សាន់​ដ្រូ ហ្គ៊​ត​ស្សា​លេស​ ដេ​វីដ​សុ​ន​ ​ដែល​អ្នក​ទាំង​៣​ ​រង​​ការចោទ​ពី​បទ​​ ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ​និង​រួមគំនិតក្បត់​​។​ ​ចំណែក​​ឯ​សកម្មជន​ចំនួន​ ​៧​​​រូប​​ផ្សេង​ទៀត​​ ​រួម​មាន​ ​លោក​ ថុន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​លោក​ ម៉ិ​ញ​ ​ពិសិដ្ឋ​ ​កញ្ញា​ ​រ៉ី​ ​រក្សា​ ​និង​លោក​ ​ពក​ ខើ​យ​ ក៏ត្រូវបាន​តុលាការ​កោះហៅ​ចូល​រួមសវនាការ​ផងដែរ ក្រោម​​បទ​ចោទ​ ​រួមគំនិតក្បត់។​

នៅ​ក្នុង​សវនាការ​នា​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤​នេះ​ ​ជនជាប់ចោទ​ដែល​មាន​វត្តមាន​ ​រួម​​មាន​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​​កញ្ញា​ ​ឡុង​ ​គន្ធា ដោយពួកគេ​​​បាន​​ស្លៀក​ស​​ម្លៀ​ក​​បំពាក់​ ​ស​ ​កាន់ទុក្ខ​ និងក្នុងដៃមានកាន់ផ្កាឈូក​ពណ៌​ស។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅមុខសាលាដំបូងរាជធានីភ្នំពេញ​​ លោក យឹម លាងហ៊ី បានឱ្យដឹងថា ក្នុងសវនាការ ចៅក្រមជំនុំជម្រះបានសួរ​ដេញដោល​បានតែរូបលោក​ម្នាក់ទេ ក្នុងចំណោម​សកម្ម​ជនដែលចូលរួមចំនួន ៥រូប។ លោក​បន្តថា តុលាការនឹងបើកសវនាការសួរដេញដោល​បន្ត​​ទៀតនៅថ្ងៃទី៥ ខែមិថុនា​ ខាងមុខ។

លោក យឺម លាងហ៊ី លើកឡើងទៀត​​ថា ពួកគាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ខណៈ​ក្រុមគ្រួសាររបស់លោក ជាអ្នកគោរពស្រឡាញ់អង្គ​​ព្រះ​មហាក្សត្រ​ ហើយសកម្មភាព​ដែល​ក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើកន្លងមក គឺ​ដើម្បីការ​ពារ​បរិស្ថាន និងជាការបំពេញកាតព្វ​កិច្ច ជា​ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។

លោកថ្លែងថា៖ «ខ្ញុំធ្វើការមិនបង្ហាញថាខ្លួន​ឯងចង់លះបង់ ដើម្បីខ្លួនឯងបានពាន​រង្វាន់ទេ ខ្ញុំចង់បញ្ជាក់ថា ការ​ងារចលនា​មាតា​ធម្មជាតិ គឺជាការងារដើម្បីបរិស្ថាន​របស់យើងទាំងអស់គ្នា ដើម្បីពិភពលោក​តែប៉ុណ្ណោះ ជាក់ស្តែងដូចជាពេលដែល​មេឃ​ក្តៅ៤​៥​អង្សាសេ តើអ្នកណាជាអ្នករងគ្រោះ គឺអ្នកក្រីក្រ​ជាអ្នករងគ្រោះ ព្រោះគ្មានមាស៊ីនត្រជាក់នោះទេ នេះជាការ​ងារ​បរិស្ថាន ជាការងារសម្រាប់យើងទាំងមូល»។

សកម្មជនមាតាធម្មជាតិម្នាក់ទៀត ដែល​ត្រូវបានតុលាការ​កោះហៅចូល​សវនាការ​ផងដែរនោះ​ លោក ថុន រដ្ឋា បាន​លើកឡើង​ថា រូបលោក ក៏ដូចជាយុវជន​ចលនាមាតាធម្មជាតិផ្សេងទៀត មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់របស់តុលាការនោះទេ ហើយការចោទប្រកាន់នេះ គឺជាការរឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជនក្នុងកិច្ចគាំពារបរិស្ថាន។

លោកថា៖ «ជាគោលជំហររបស់ពួកយើង ពួកយើងមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់តាំង​ពី​ដើមមកហើយ ការចោទប្រកាន់លើពួកយើង​ទាក់ទងនឹងបទរួមគំនិតក្បត់ ក៏ដូចជាប្រមាថអង្គ​ព្រះមហាក្សត្រអីហ្នឹង គឺជាការចោទប្រកាន់គ្រាន់តែដើម្បីរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកយើងដែល​ហ៊ាន​និយាយ​ការ​ពិត អំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា គ្រាន់តែធ្វើយ៉ាងណាដើម្បីបង្ក្រាប​យុវជន​ដូចជាពួកយើង ដែលតែងតែហ៊ានឈឺឆ្អាល ហ៊ានលើកឡើងអំពីបញ្ហាដែល​ពួកយើង​មើល​ឃើញ ហើយចង់ឱ្យមានការកែប្រែ ឬពិចារណាឡើងវិញ»

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា ករណីរបស់ក្រុមចលនាមាតាធម្មជាតិ កំពុងតែដំណើរការនីតិវិធី ហើយសវនាការនេះ​នឹងបន្តនៅសប្តាហ៍ក្រោយទៀត។​

លោកថា៖ «រឿងកំពុងចំណាត់ការនីតិវិធី ចាំមើលចៅក្រមគេសម្រេចយ៉ាងណា ចាំមើលតាមហ្នឹងទៅ […] ថ្ងៃទី៥ ខែ​មិថុនា[នឹងបន្តសវនាការ] គេបាន​ប្រគល់​[សិទ្ធទទួលបានការជំនុំ​ជម្រះ​ដោយយុត្តិធម៌]ពេញ​លេញ​ទាំង​អស់តើ គាត់​ចង់លើកអ្វីលើកទៅតាមហ្នឹង តាមគេបញ្ជាក់ជូន ត្រូវការមេធាវី ក៏មានមេធាវី»។

ស្របពេលដែលតុលាការបើកសវនាការ​លើសំណុំរឿងនេះដែរ ក្រុម​យុវជន ពលរដ្ឋ និងព្រះសង្ឃ​ប្រមាណជាង ១០អង្គ/នាក់ ក៏បាន​ប្រមូលផ្តុំគ្នា​នៅមុខសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បី​​លើក​ទឹកចិត្ត​ដល់​ក្រុម​យុវជនចលនាមាតាធម្មជាតិផងដែរ។​

និស្សិតឆ្នាំទី២នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា កាត់ ស៊ីណាត បានលើក​ឡើង​ថា​ ក្រុមយុវជន​ចលនា​​មាតាធម្មជាតិ ធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ ដោយ​ពួកគេ​​មិនបាន​ធ្វើសកម្មភាពណាមួយ ដូចការចោទប្រកាន់នៅតុលាការឡើយ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំមើលឃើញពីមនសិកា ឆន្ទៈរបស់ពួកគាត់​ក្នុងការការពារបរិស្ថាន ទើបខ្ញុំមកចូលរួមលើកទឹកចិត្តពួកគាត់នៅថ្ងៃនេះ […] ខ្ញុំមើលឃើញថា មិនដូចអ្វីដែលតុលាការចោទប្រកាន់ទេ ពីព្រោះថា​ពួកគាត់មានមនសិកាស្នេហាជាតិខ្លាំង​ណាស់​ក្នុងការការពារបរិស្ថាន អីចឹងមិនអាចថាទៅពួកគាត់ជាជនក្បត់ជាតិ ជាអ្នកដែលប្រមាថព្រះមហាក្សត្រ​ វាអត់សម​ហេតុផល»។

ករណីនេះ កញ្ញាបាន​ស្នើដល់​តុលាការ​ ពិចារណាទម្លាក់បទចោទទៅលើក្រុមយុវជនចលនាមាតា​ធម្មជាតិ ដើម្បីឱ្យ​ពួកគេ​មានសេរី​ភាពឡើងវិញ និង​បន្តសកម្មភាពក្នុងការ​ការពារបរិស្ថាន និងធន​ធានធម្មជាតិ​ឱ្យ​បានពេញលេញឡើងវិញ។

ចំណែក ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ មាន​សង្ឃដីកា​ស្រដៀងគ្នា​ដែរ​ថា ក្រុមចលនាមាតាធម្មជាតិនេះ គឺមិនបានធ្វើដូចការចោទប្រកាន់ពាក់ព័ន្ធនឹង​បទចោទ រួមគំនិតក្បត់ បម្រើបរទេស និង​ប្រមាថអង្គព្រះមហាក្សត្រនោះទេ។ ព្រះតេជគុណ ក៏បាន​ស្នើ​ដល់​តុលាការ​​ទម្លាក់​បទ​ចោទប្រកាន់ទៅលើ​ពួកគេ​​ ដើម្បីផលប្រយោជន៍​ជាតិ។​

ព្រះតេជគុណមានសង្ឃ​ដីកា​ថា៖ «អាត្មាមកដើម្បីលើកទឹកចិត្ត គាត់ធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីសង្គមជាតិ បែរជាមានបញ្ហា បែរជាមិនមានយុវជន ឬក៏ជនរួមជាតិណាជួយលើកទឹកចិត្តទេ» ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លងមក ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនទៅលើ​​ក្រុម​យុវជនចលនា​​មាតាធម្មជាតិ បាន​ទទួល​រង​នូវ​ការរិះគន់ជាច្រើន​ពីអង្គការជាតិ-​អន្តរជាតិ និងសហគមន៍អន្តរជាតិ ថាជាការរំលោភ​សិទ្ធិ​សេរីភាព និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលកម្ពុជាទទួលស្គាល់។ លោកយល់​ថា សកម្ម​ភាពរបស់​ក្រុមយុវជន​ចលនាមាតាធម្មជាតិនេះ មិនគួរត្រូវបានចាប់ខ្លួន ឬចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍ថា៖ «សកម្មភាពចូលរួមយ៉ាងសកម្មកន្លងមករបស់ក្រុមយុវជនមាតាធម្មជាតិ លើកិច្ចការពារបរិស្ថាន ធន​ធានធម្មជាតិ ព្រៃឈើ និងការពារសិទ្ធិមនុស្ស គួរត្រូវបានលើកទឹកចិត្ត និងគាំទ្រ មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននោះទេ»។

លោក អំ សំអាត ក៏បង្ហាញ​ការ​​សោកស្តាយផងដែរ ដោយសារ​តែមនុស្ស​​​ចំនួន ​៥នាក់​ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ មិនមានវត្តមានក្នុងសវនាការ ដើម្បីជជែកដេញដោលរកយុត្តិ​ធម៌​ឱ្យ​បាន​ពេញ​លេញ​ក្នុងការជំនុំជំម្រះសំណុំរឿងនេះ។

លោកបន្ថែម​ថា៖ «ដើម្បីរកឱ្យមានការិះគន់បន្តទៀត និងដើម្បីលើកទឹកចិត្តដល់អ្នកស្រឡាញ់បរិស្ថាន និងយុវជនការ​ពារ​បរិស្ថាន កម្ពុជាគួរពិចារណា និងយកចិត្តទុកដាក់ លើកទឹកចិត្ត និងជំរុញ​ឱ្យមានការចូលរួម​កិច្ចការពារបរិស្ថាន និង​ធន​ធានធម្ម​ជាតិ ព្រោះជាផលប្រយោជន៍រួមសម្រាប់កម្ពុជា។ ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួន​លើយុវជនការពារបរិស្ថាន និងអ្នកការពារបរិស្ថាន នាំឱ្យមានការិះគន់ថាជាការបំភិតបំភ័យ ការគំរាមកំហែងដល់យុវជនដទៃ​ មិនឱ្យហ៊ានចូលរួមក្នុងការងារនេះ »។

យោងតាមអត្ថបទខ្លីមួយរបស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃនេះដែរ ឱ្យដឹងថា ​យុវជន​ចលនា​​មាតា​​ធម្មជាតិ​ ​គឺជា​ក្រុម​យុវជន​សកម្ម​​ផ្នែក​កិច្ចការពារ​បរិស្ថាន​នៅ​កម្ពុជា​ ដោយ​ពួកគេ​ទាំងនោះ​​បាន​លើកឡើង​នូវ​បញ្ហា​មួយ​ចំនួន​ ​ពាក់ព័ន្ធ​នឹង​កា​រលុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ​ ​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ ​និង​​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នានា​​​នៅ​ក្នុង​ប្រទេស​​។​

ប្រភពដដែល បន្តថា ​សមាជិក​របស់​ក្រុម​យុវជនចលនាមាតាធម្មជាតិខ្លះ​ បាន​​រង​ការ​ចោទប្រកាន់ពី​តុលាការ​ ​និង​ជាប់​​ពន្ធ​នាគា​រ​ ព្រម​ទាំង​ហាមឃាត់​ដោយមិន​ឱ្យ​ចាកចេញពីប្រទេស ​ខណៈដែល​​ពួកគេ​​​បាន​ទទួល​ពានរង្វាន់​ ​Right​ ​Livelihood​ ​ឆ្នាំ​២​០​២​៣​ ​នៅទីក្រុង​ស្តុក​ហូម ប្រទេស​ស៊ុយអ៊ែត ​ចំពោះ​ភាព​សកម្ម​និយម​លើ​កិច្ចការពារ​បរិស្ថាន​របស់​ពួកគេ​។

បើតាមអង្គការផ្នែកសិទ្ធិមនុស្សនេះដដែល សកម្មជន​មួយ​ចំនួន​​ដែល​មានវត្តមានក្នុង​សវនាការ​នា​ថ្ងៃនេះ​ ​ធ្លាប់​​ត្រូវ​បាន​តុលាការ​កាត់ទោស​ ​និង​ជាប់ពន្ធនាគារ​​​ ​ដោយសារ​ភាព​សកម្ម​និយម​អហិង្សា​របស់​ពួកគេ​ផ្នែក​កិច្ចការពារ​បរិស្ថាន​ ក្នុងនោះ​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​លាង​​​ហ៊ី​ ​និង​​​លោក​ ​ដារ៉ា​វុ​ធ​ ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​និង​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជិត​ ​៥​​​ខែ​ ​ក្រោម​បទ​ចោទ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សវនាការ​នា​ថ្ងៃនេះ​។​

ចំណែក ​​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​គន្ធា​ ​និង​កញ្ញា​ ​កែវ​រស្មី​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​បទ​ចោទ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​ ​ទាក់ទង​នឹង​យុទ្ធនាការ​ដើរ​តែម្នាក់ឯង​របស់​កញ្ញា​ ​គន្ធា​ ​ពី​បឹង​តា​មោក​ ​ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់​អតីត​​​នាយករដ្ឋមន្ត្រី​ ​និង​បច្ចុប្បន្ន​​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ដើម្បី​​ស្នើសុំ​ឱ្យបញ្ឈប់​កា​រលុប​បឹង​តា​មោក​​។​ ​អ្នក​ទាំងនោះ​បានជា​ប់​ក្នុង​ពន្ធ​នាគា​រ​អស់​ជាង​ ​១​៤​​ខែ​ ​និង​រង​បទ​ចោទ​បន្ថែម​ទៀត​ ​ដែល​ជា​បទ​ចោទ​កំពុង​​ត្រូវ​បាន​​តុលាការ​បើកសវនាការ​នា​ថ្ងៃនេះ​ ​។​ ​រីឯ​លោក​ ​អា​ឡិច​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​ដោយកំបាំងមុខ​ ​ក្រោយពេល​លោក​ត្រូវ​បាន​អាជ្ញាធរ​​បណ្តេញ​ចេញពី​ប្រទេស​ ​កាល​ពី​ឆ្នាំ​២​០​១​៥​៕​