ភ្នំពេញ៖ «កូនយើង​ស្រឡាញ់​ យើង​ឱ្យ​ចាយ​ យើង​អត់ស្តាយទេ ប៉ុន្តែ​មានលក្ខខណ្ឌ​របស់យើង​» នេះជាសម្តី​របស់លោកស្រី​ វាល់គុជ ផល្លា វ័យ​៤១ឆ្នាំ ជាម្តាយនៃ​កូ​នប្រុសស្រី​២នាក់ ​រៀបរាប់ប្រាប់​ Newsroom Cambodia ពី​វីធីសាស្ត្រអប់រំកូន​របស់គាត់ឱ្យចេះ​សន្សំប្រាក់​។ កូ​ន​​ប្រុស​របស់អ្នក​ស្រី​ បានបញ្ចាប់កម្រិត​​បរិញ្ញា​បត្រពី​​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងកំពុងសិក្សា​នៅវិទ្យាស្ថានភាសា​បរទេស​ (IFL) និងកូនស្រី​របស់លោកស្រី​កំពុង​សិក្សា​ឆ្នាំ​ទី ១ ជំនាញ​គណនេយ្យ​ហិរញ្ញវត្ថុ​នៅ​សកលវិទ្យា​ល័យ​មួយកន្លែងនៅភ្នំពេញ។

លោកស្រី វាល់គុជ ផល្លា វ័យ៤១ឆ្នាំ​ និងសា្វមី លោក ហ៊ិន ចំរើន សុទ្ធតែជាក្មេង​កើត​អំឡុង​ និង​ក្រោយ​សម័យ​ខ្មែរ​ក្រហម ដែលជារបបដ៏ខ្មៅងងឹតមួយរបស់កម្ពុជា។ ​ហេតុនេះជីវភាពរស់នៅរបស់គ្រួសារ​លោកស្រី និងស្វាមីកាលពីកុមារភាព មានការលំបាកច្រើន និងត្រូវគិតគូរការចាយវាយយ៉ាងរិតត្បិត។​

ក្រោយ​សម័យ​សង្គ្រោម​ ឪពុក​ម្តាយ​លោកស្រី ​រស់នៅរួមគ្នាជាមួយ​គ្រួសារដទៃមួយចំនួន​ទៀត ក្នុង​ផ្ទះល្វែងកម្ពស់បីជាន់​មួយ​កន្លែងក្នុងក្រុងភ្នំពេញ។ គ្រួសារអ្នកស្រីរស់នៅជាន់ទី៣នៃផ្ទះល្វែងនេះ។ នៅក្រោមដំបូល​ផ្ទះជាន់ទី៣នេះ ក្រៅពី​ការរស់នៅ​ និងប្រកបរបរ​រកស៊ីផ្សេងៗហើយនោះ ឪពុកម្តាយ​លោកស្រី ក៏បាន​ចិញ្ចឹម​ជ្រូករហូត​ដល់​មាន​ទម្ងន់ជាង​១០០គីឡូក្រាមផងដែរ។ ​ការណ៍នេះ លោកស្រី​សង្កេត​​ឃើញ​ពី​ការខិតខំ​របស់ឪពុកម្តាយ​លោកស្រី ដែលព្យាយាម​សន្សំរហូតដល់អាចសល់​ប្រាក់ខ្លះជួយ​លោកស្រី​ជា​កូនឲ្យបានចូលរៀន និងមាន​ចំណេះដឹង​ជាទុនក្នុងជីវិត បើទោះបីជាអ្នក​ស្រី​មិនបាន​ចប់​ថ្នាក់មធ្យម​សិក្សាទុតិយភូមិក៏ដោយ។

ឪពុក​ម្តាយ ​ឬ​​​អាណាព្យាបាល ដែលគេ​ចាក់ទុកថាជាគ្រូ​ទីមួយ​របស់បុត្រ​ធីតានោះ មាន​តួនាទី​សំខាន់​​ក្នុងការធ្វើជាគំរូល្អ​ដល់កូន ប្រៀនប្រដៅណែនាំកូន ​ជាពិសេសអប់រំ​កូ​​ន​​​ឱ្យ​ចេះ​សន្សំ​ប្រាក់។ នេះជា​ចំណែក​ដ៏សំខាន់ក្នុងការអប់រំកូន ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​បំណិន​ជីវិត​អាច​ប្រើបាន​នាពេល​​អនាគត។

លោកស្រី វាល់គុជ ផល្លា រៀនសូត្រពីរបៀបសន្សំប្រាក់ពីឳពុកម្តាយដែលអាចជួយទំនុក​បម្រុង​គ្រួសារបានយ៉ាងល្អ។ ​ លោកស្រី ​រៀបរាប់​​ដោយស្នាមញញឹម​ពី​វីធីសាស្ត្រដែលខ្លួន​ប្រើ ដើម្បី​ឱ្យ​កូន​ៗ​ទាំង​ពីរ​របស់គាត់មានវិន័យក្នុងការ​សន្សំ​ប្រាក់​ តាម​រយៈ​ការ​ផ្តល់​ប្រាក់លើ​កទឹក​ចិត្ត​នៅពេល​ពូកគេ ទទួល​បាន​លទ្ធផល​ល្អក្នុងការសិក្សាទាំង​ភាសាខ្មែរ និង​ភាសាអង់គ្លេស​។

លោកស្រី​បញ្ជាក់ថា៖ «យើង​ដាក់​ចំណាត់​ថ្នាក់​ លេខ១​ ដល់លេខ៣​ យើងផ្តល់ជូន ១០ដុល្លារ​ ឬ​បួន​ម៉ឺន​រៀល​។ លេខ៤ ឬលេខ៥​ យើង​ឱ្យ ២ម៉ឺន ឬ៥ដុល្លារ»។

លោកស្រី​ វាល់គុជ ផល្លា វ័យ​ ៤១ឆ្នាំ (រូបភាពដោយ៖ សៀក រ៉ាមេឃ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤)

ការ«សន្សំប្រាក់» សំដៅដល់ការ​រក្សា​ប្រាក់​មួយ​​ចំណែកក្នុង​ពេលបច្ចុប្បន្ន ដើម្បីប្រើប្រាស់​នា​ពេលអនាគត។ នេះបើយោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​អិល​អូ​អិល​ស៊ី​ (ខេម​បូ​ឌា) ភី​អិលស៊ី ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ការសិក្សា​របស់សកលវិទ្យាល័យ Tribhuvan នៅក្នុងប្រទេស​នេបាល់ ស្តីពី «ឥទ្ធិពលរបស់មាតាបិតា និងមិត្តភក្ដិលើឥរិយាបថសន្សំរបស់យុវជន» បង្ហាញថា ការលើកទឹកចិត្ត​របស់​ឳពុក​ម្តាយ​ក្នុងការ​សន្សំ​ប្រាក់មានឥទ្ធិពល​យ៉ាងខ្លាំងទៅ​លើអាកប្បកិរិយានៃការសន្សំរបស់​​យុវជន​។ ការសិក្សានេះ ធ្វើឡើងកាលពីឆ្នាំ២០១៨ ក្នុងចំណោម​និស្សិតចំនួន​៣៩០​នាក់ដែលកំពុង​សិក្សា​ថ្នាក់​អនុបណិ្ឌត។

យោង​តាមសៀវភៅ អំណាចនៃទម្លាប់ (The Power of Habit) របស់​លោក Charles Duhigg ​បោះ​ផ្សាយ​ក្នុង​ឆ្នាំ២០១២ បានបញ្ជាក់ថា ការ​ផ្តល់រង្វាន់លើក​ទឹក​ចិត្តនឹង​ជួយ​ឱ្យ​ខួរ​ក្បាល​យើង​បន្ត​សកម្មភាព​​ណាមួយនៅពេល​អនាគត។

សម្រាប់​លោកស្រី វាល់គុជ ផល្លា ប្រាក់រង្វាន់លទ្ធផល​ការសិក្សាល្អនេះ អាចឱ្យ​កូនៗលោកស្រី ទទួល​បាន​ប្រាក់​ជាមធ្យម​ ១៥ ដុល្លារពី​លោកស្រី បន្ថែមពីលើ​ប្រាក់​ឧបត្ថម​ផ្សេង​ទៀត ដែល​កូ​ន​ៗអ្នក​ស្រី​អាចទទួលបាន​ពី​ជីដូនជីតា។ លោកស្រី​លើកឡើងថា ការអនុវត្តបែបនេះគឺជា​មូលដ្ឋាននៃការ​សន្សំរបស់កូនតាំងពី​កុមារភាពមកម្ល៉េះ។ ​

លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹង​បើយើង​ អ្នកនិយាយថា ក្មេង​ហ្នឹង​ធ្វើអី រកអី​បានលុយ​ ប្រាកដ​ជា​មាន​សំនួរ​ហ្នឹង មិនថាបង មិនថាគេទេ។ ប៉ុន្តែ​លុយដែលរក​បាន​តាមរយៈគាត់រៀន»។

លោកស្រីបន្ថែមថា​៖ «ចឹង​ការសិក្សា​ហ្នឹង​ក៏កើន​ លុយគាត់​ក៏​កើន ហើយ​គោលបំណង​អនាគត​របស់គាត់​ដែល​ចឹង​បានអីហ្នឹង វាសម្រេច»។

វិធីសាស្រ្ត​អប់រំកូនឱ្យ​សំន្ស​ប្រាក់

លោកស្រី ​វាល់គុជ ផល្លាដដែល គឺជាសមាជិកម្នាក់ក្នុងក្រុម​ Lady Saving Group ផងដែរ។ ក្រុម Lady Saving Group បង្កើតឡើងដើម្បី​ចែករំលែកចំណេះដឹង និងបទពិសោធន៍ និងភាពជាអ្នកដឹកនាំ សហគ្រិន​ភាព សិទ្ធសេដ្ឋកិច្ចសង្គម និងគុណភាពជីវិត ចំពោះស្រ្តីក្នុងយុគសម័យថ្មី។

លោកស្រី ​​វាល់គុជ ផល្លា​និយាយ​ដោយ​មោទនភាពពីការសន្សំរបស់កូន​ខ្លួន​ថា ការសន្សំប្រាក់បែបនេះ​ជំរុញ​ឱ្យ​កូន​លោកស្រី​​មាន​លទ្ធភាព​អាច​ទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនតាមក្តីប្រាថ្នា​របស់ពួកគេ ដោយ​ខ្លួនឯង ​ដូចជាកង់​ ឬ​ទូរស័ព្ទ​ជាដើម។ ហើយលោកស្រីគ្រាន់តែជួយបង្គ្រប់ថវិកាខ្លះតែប៉ុណ្ណោះ។​ លោកស្រី​ តែ​ងរំលឹកឲ្យកូនៗ​ខិតខំ​ប្រឹងប្រែង​ក្នុងការសិក្សា​ និងការសន្សំប្រាក់​។

ដោយសារតែ​កាលពីជាង១០ឆ្នាំមុន ប្រព័ន្ធ​ហិរញ្ញវត្ថុនៅកម្ពុជា​ ​នៅមិនសូវ​បើកទូលាយ និងមាន​ជម្រើសច្រើន​ដូចក្នុ​ង​ពេល​បច្ចុប្បន្ននេះ ហេតុនេះលោកស្រី​ វាល់គុជ ផល្លា បាន​ប្រើប្រាស់​សៀវភៅ​សរសេរ​​​ធម្មតា គូសវាស​បែង​​ចែកជាតារាង​ ដើម្បី​កំណត់ការ​ចាយ​ និង​តាម​ដាន​ការសន្សំប្រាក់របស់កូនៗ។

លោកស្រី​លើកឡើងថា៖ « អ៊ីចឹង​យើងមានវិធីសាស្ត្រមួយគឺយើងធ្វើសៀវភៅ  សៀវភៅយើងហ្នឹង សៀវភៅសរសេរដៃហ្នឹង យើងធ្វើប្រតិបត្តិការដូចធនាគារអ៊ីចឹង។ យើងធ្វើប្រតិបត្តិការ ចេញចូល​ដកប្រាក់ កាលបរិច្ឆេទអ៊ីចឹងមក គឺដូចសៀវភៅធនាគារអ៊ីចឹង»។

ការ​កត់​ត្រា​ចំណូល​ចំណាយ​របស់​ខ្លួន​ នឹង​ជួយ​ដល់ការ​រៀបគម្រោង​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​អាចសម្រេច​គោល​ដៅ​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​បាន​ប្រសើរ​។ នេះបើយោង​តាម​វេបសាយ​ផ្លូវការ​ធនាគារ​ Bank Central Asia ឬ (BCA) របស់ប្រទេស​ឥណ្ឌូនេស៊ី។

លោកស្រី វាល់គុជ ផល្លា កំពុងគូស​តារាងសន្សំ​ប្រាក់​ដែលលោកស្រី​បង្រៀន​កូន (រូបភាពដោយ៖ ហុង សេងលី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤​)

លោក ទុំ តុលា ជានាយក​សិក្សា​ធិការ​ផ្នែក​បំណិន​ជីវិត​ និង​ Leader in Me នៃបណ្តាញ​គ្រឹះស្ថាន​អប់​រំ   វេសឡាញ អេឌ្យូខេសិន ដែលមានកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ Money Tree។ កម្មវិធីMoney Tree ទិញសិទ្ធិពី​ប្រទេស​​សិង្ហបុរី ដែលបណ្តុះបណ្តាលឱ្យកុមារចេះសន្សំប្រាក់ វិនិយោគ និងជៀស​ពី​សម្ពាធ​​សម្ភារៈ​និយម។

លោក ទុំ តុលា ឲ្យដឹងថាសាលាភាគច្រើនទាំងនៅកម្ពុជា និង​ក្រៅ​ប្រទេស មិនសូវផ្តោត​សំខាន់​លើ​វិធី​ក្នុងការ​សន្សំប្រាក់នោះទេ ប៉ុន្តែជាទូទៅសិស្ស​ទទួលបាន​​ចំណេះដឹងនេះ​ពីឪពុកម្តាយ​​។ ​លោកសង្កត់​ធ្ងន់ថា បើឪពុកម្តាយ​មានទម្លាប់ខ្ចះខ្ចាយវិញ ឥរិយាបទនេះ​ក៏មានផលអវិជ្ជមាន​ដល់​កូន​ដូចគ្នា។

លោកថ្លែងប្រាប់​ Newsroom Cambodia ថា៖ «បើ​សិន​ជាប្រ​ជាជន​របស់យើង​មិនយល់ដឹងពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុទេ បើទោះបីជា​គាត់​អាចរក​ទ្រព្យសម្បតិ្ត​បាន​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏គាត់មិនអាច​រក្សានៅ​ទ្រព្យ​សម្បតិ្ត​របស់គាត់ហ្នឹង​ ហើយក៏មិន​អាចប្រើប្រាស់វាឱ្យ​ត្រូវ​ចំគោលដៅ​»។

លោក ទុំ តុលា លើកឡើង​ថា ឪពុកម្តាយ​ ឬអាណាព្យាបាល​ខ្លះបានឱ្យ​កូនគាត់​ធ្វើកិច្ចការក្នុងផ្ទះ ដូចជាការបោសសំអាតផ្ទះ មើលថែប្អូន​ ជាថ្នូរនឹងប្រាក់​លើកទឹកចិត្ត​​តិចតួចបន្ថែម។

លោក​បន្ថែមថា អាណាព្យាលផ្សេងទៀត ក៏បានយកលទ្ធផលនៃការសិក្សារបស់កូនជាវត្ថុតាង ដើម្បីទទួលបានប្រាក់លើកទឹកចិត្ត​បន្ថែមផងដែរ។

លោកលើកឡើង​ថា៖ «បើសិនជាគាត់ជាប់ក្នុង Top 10 [១០នាក់ដំបូង] ប៉ុន្មាន? Top 5 [៥នាក់ដំបូង]ប៉ុន្មាន? អ៊ីចឹង។ វាជា Motivation tool [វិធីសាស្ត្រលើកទឹកចិត្ត​]មួយ សម្រាប់លើកទឹកចិត្តកូន​ក្នុងការ​ចូលរួមការសន្សំលុយ»។

តាមការ​សិក្សា​ស្តីពី​​ការយ​ល់ដឹ​ង​របស់​កុមារ​អំពីហិរ​​ញ្ញវត្ថុ និង​ជម្រើសរ​បស់ឪ​ពុកម្តាយ​ចំពោះចំណេះដឹងហិរញ្ញវត្ថុនៅក្នុងប្រទេសម៉ាឡេស៊ីក្នុង​២០២៣​ បាន​សិក្សា​លើសិស្សសាលា​៤១៩​នាក់ ក្នុងវ័យ​៧​ទៅ​១២​ឆ្នាំ​ រកឃើញ​ថា សាលា​រៀន​ និងឪពុកម្តាយឬអាណា​ព្យាបាល​ ដើរតួនាទី​សំខាន់​ការបញ្ច្រាប​ចំណេះ​ដឹងហិរញ្ញវត្ថុ​ដល់ក្មេង​ៗ។

បើតាម​លោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចំណេះដឹងហិរញ្ញវត្ថុ មិនទាន់ជាកម្មវិធីគោលនៅតាមសាលានានាទាំងនៅកម្ពុជា និងក្រៅប្រទេស ហេតុនេះយុវជន​ត្រូវពឹង​ផ្អែកលើខ្លួនឯង ឬ​អាណាព្យាបាល​ជាអ្នកបង្រៀន​។ ជម្រើសមួយក្នុងចំណោមជម្រើស​ផ្សេង​ទៀត​គឺការ​ដាក់​ប្រាក់​សន្សំក្នុ​ងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកាំង តុងងី ថាមានសុវត្ថិភាព និងអាច​ទទួល​​បាន​ការ​​ប្រាក់បន្ថែម។

កញ្ញា​ សេង​ ស្រី​ល័ក្ខ ​ វ័យ​២១​ឆ្នាំ​ ជានិស្សិត​ឆ្នាំទី​៣ នៃសកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ី​លីដា។ កញ្ញា​ ទទួលបាន​ប្រាក់ចាយ​ប្រចាំ​ថ្ងៃ​ចន្លោះពី​១២ ០០០​រៀល ទៅ​១៥ ០០០រៀលក្នុង​មួយថ្ងៃ​ទៅតាម​តម្រូវការចាយ​វាយប្រចាំ​ថ្ងៃ​ ដូចជា​ការចាក់សាំង​ម៉ូតូជាដើម។ នៅក្នុងឱកាសបុណ្យទាន ឪពុក​របស់ស្រី​ល័ក្ខ ដែលជាសន្តិសុខ តែងឲ្យស្រី​ល័ក្ខនូវបា្រក់​ឧបត្ថមបន្ថែមដែលគាត់​ទទួលបានពី​ការងារ​ថែមម៉ោង។​​ ក្រៅពីការ​ចំណាយ​ប្រចាំថ្ងៃ ស្រី​ល័ក្ខយកលុយនៅសល់​ទៅសន្សំទុកដោយការ​ញាត់​កូនជ្រូក។

កញ្ញា​ សេង​ ស្រី​ល័ក្ខ លើកឡើងថាម្តាយរបស់​​កញ្ញា បានបាត់​បង់ឪពុក​ម្តាយ​ក្នុង​របបប៉ុលពល។ ម្តាយ​របស់​កញ្ញាត្រូវតស៊ូក្នុងជីវិត ដោយធ្វើការក្នុង​ហាងអាហារ​រហូតក្លាយជាអ្នកបម្រើការក្នុងផ្ទះ​របស់រដ្ឋទូត​មួយ​កន្លែង​ក្នុងទីក្រុងភ្នំពេញ ហើយបានលាឈប់មកប្រកបការងាររកស៊ីផ្ទាល់ខ្លួនវិញ មុនពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩។

កញ្ញារំលឹកសម្តីរបស់ម្តាយខ្លួនថា៖ «គាត់ថា ចាយ​សល់អី​ដាក់កូន​ជ្រូក​ទៅ តិចច្រើនអី ​គាត់​ថា​ឱ្យ​ដាក់ទៅ»​។

កញ្ញា សេង ស្រីល័ក្ខ វ័យ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា (រូបភាពដោយ៖ ហុង សេងលី ថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៤)

យោងតា​ម​ការស្រាវជ្រាវ​របស់ East-West Center ចេញផ្សាយកាលពី​ខែមករា ឆ្នាំ២០០១ បញ្ជាក់ថា ក្រោយសម័យខ្មែរ​ក្រហម ​ប្រជាជន​កម្ពុជា​មានប្រាក់ក្នុង​ហោប៉ៅ​ត្រឹមតែ ២៨​ដុល្លារអាមេរិចកក្នុងម្នាក់ (ឬប្រមាណ ១០៦.១៣ ដុល្លារ បើ​គិត​ទាំងអតិផរណាក្នុង២០២៤នេះ) លុយនេះ​មានចរាចរណ៍​ក្នុងទី​ក្រុងតែ​ប៉ុណ្ណោះ។

កាលពីដើមឆ្នាំ២០២៤​នេះ ធនាគារ​ជាតិ​​កម្ពុជា និង​​ក្រសួង​អប់រំ​ យុវជន​ និង​​កីឡា បាន​ចុះ​អនុ​ស្សារ​ណ​អនុវត្ត​គម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ ក្រោយស្ថាប័នរដ្ឋ​ទាំង​២នេះ​​ដឹកនាំកិច្ចប្រជុំកាលពីចុងឆ្នាំ២០២៣។ បច្ចុប្បន្នគម្រោង​ចំណេះដឹងផ្នែកហិរញ្ញវត្ថុរយៈពេល ៣ឆ្នាំនេះ មានចាប់ពីថ្នាក់ទី ៥ដល់​ថ្នាក់ទី​១២។

អ្នកស្រី​ ឃួន​ វិចិ្ឆកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បញ្ជាក់ថា កម្មវីធីសិក្សា​មាន​មុខវិជ្ជា គេហវិទ្យា​ ដើម្បីបង្រៀន​សិស្ស​ពី​បញ្ហា​ចំាបាច់​ផ្សេង​ៗសម្រាប់ការរស់នៅ ដែលក្នុងនោះក៏មាន​​ការ​សន្សំ​ប្រាក់ផងដែរ​។

អ្នកស្រី​​បន្ថែមថា៖ «យើង​ក៏​សហការ​ជាមួយដៃគូ​ខាង​ក្រៅ​ ដើម្បី​រៀបចំជា​កម្មវិធីមួយ​ទៀត​ ដែលយើង​ហៅថា ​Cha-Ching (ឆា-ឈីង)»។ លោកស្រី​បន្តថា៖ «ក្រៅពីហ្នឹង​ជាមួយនឹង​ធនាគារជាតិ​កម្ពុជា​ នៅក្នុង​ការរៀប​ចំបន្ថែម​នៅ​កម្មវិធី​ហិរញ្ញវត្ថុ​ផងដែរ»។

កម្មវិធី​ឆា-ឈីង ជាកម្មវិធីអប់រំចំណេះដឹង​ហិរញ្ញវត្ថុ​មូលដ្ឋាន ដោយមានគោលដៅ​៤សំខាន់ គឺការរក​ប្រាក់ចំណូល ការសន្សំ ការចំណាយ និងការបរិច្ចាគ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៦។​បើយោងតាមគេហទំព័រផ្លូវ​ការ​ Prudence កម្មវិធី ឆា-ឈីង ជាកិច្ចសហការរវាង JA Asia Pacific ​ជាមួយនឹង​ក្រសួង​អប់រំ​នៃប្រទេសមួយចំនួន ​ក្នុង​នោះក៏មាន​កម្ពុជាផង​ដែរ។

មេរៀនជីវិត​អាណាព្យាបាល​ ​បង្រៀនកូនឱ្យសន្សំសំចៃ

ថ្វីបើការរៀបចំទុកដាក់ឲ្យកូនៗចេះសន្សំលុយ និងយល់ដឹងពីចំណេះដឹង​ហិរញ្ញវត្ថុមាន សារៈសំខាន់​ក៏ប៉ុន្តែអ្នកជំនាញលើកឡើងថា ឪពុកម្តាយត្រូវមានតុល្យភាពរវាងការសន្សំសំចៃ និងការចាយ​វាយ​ប្រកបដោយសុខមាភាព មិនអាចភាពកំណាញ់ក្នុងការចាយវាយពេកនោះទេ។

លោក ទុំ តុលា នាយក​សិក្សា​ធិការ​ផ្នែក​បំណិន​ជីវិត​ និង​ Leader in Me នៃបណ្តាញ​គ្រឹះស្ថាន​អប់​រំ   វេសឡាញ អេឌ្យូខេសិន យល់ឃើញថា ផលវិបាកមួយដល់ក្មេង​ពេលអប់រំកូនឱ្យចេះសន្សំ គឺភាពកំណាញ់ក្នុងការចាយវាយ តែសកម្មភាព​នេះ​បង្ហាញថា ពួកគាត់ចេះ​កម្រិ​ត​ចាយ​វាយ​ច្បាស់​លាស់​​។ ប៉ុន្តែលោកយល់ឃើញថា ការអប់រំបែបនេះផ្តល់ផលវិជ្ជមានច្រើនដល់ក្មេងនាពេលអនាគត ជាពិសេសក្មេងទាំងនោះនឹងធំឡើងក្លាយជា​អ្នកមានជីវភាពធូធារនាពេលខាងមុន​។

លោកអះអាងថា៖ «ក្មេងមានចំណេះដឹងហិរញ្ញវត្ថុ គាត់នឹងមិនក្រទេ»។ លោកបន្ថែបថា ៖«ដោយសារតែគាត់ដឹងថា ការប្រើ​​ប្រាស់លុយត្រូវយ៉ាងមិច បានន័យគាត់ចេះសន្សំ គាត់ដឹងថា ​តើធ្វើមិចទើបបានលុយ គាត់ចេះវិនិយោគ គាត់ចេះបើក Business [អាជីវកម្ម] បើ​គាត់​មិនចេះ​ទេ​ គាត់ចូល​ហ៊ុន​ជាមួយ​គេ​អ៊ី​ចឹង​ណា​»។

បើទោះជា លោកស្រី ​ចង់ឃើញ​កូនខ្លួន​​មានការលុតដំ ប៉ុន្តែ​ក៏មិន​តឹង​រឹង​ខ្លាំងពេក​ដូចជំនាន់លោកស្រី​នៅក្មេងនោះ​ទេ ដោយហេតុថា​បរិបទ​សង្គមមានការប្រែប្រួល​។ លោកស្រីថា ខ្លួនគ្រាន់តែមាន​ភាពច្បាស់លាស់​ចំពោះកូនៗក្នុងការដកប្រាក់សន្សំនោះដើម្បីចាយវាយ​ លុះត្រាតែ​ករណី​ចាំបាច់ ឬសំខាន់ខ្លាំង។

លោកស្រី​លើកឡើង​ថា៖ «​ប៉ុន្តែយើងអត់កំហិតឱ្យគាត់ [កូនរបស់លោកស្រី] ធ្វើ​ដូចយើង​សម័យនៅជាកូន​គាត់ [ឪពុកម្តាយលោកស្រី] ទេ ព្រោះនៅពេលយើង​ជាកូនគាត់ រឿងរបស់យើង​ និង​គាត់។ ប៉ុន្តែពេល​យើងជាម្តាយ​កូន​ យើង​អត់យករូបមន្តកំហិត ឬតឹងហ្នឹងទេ យើងព្យាយាមមិនតឹងពេក មិនធូរពេក»។

​ជាលទ្ធ​ផល​នៃការ​អប់រំ​កូ​នឱ្យ​ចេះសន្សំប្រាក់បែបនេះ លោកស្រី​សង្កេត​ឃើញថា កូនៗរបស់អ្នក​ស្រីនៅតែបន្តការ​ចាយ​វាយត្បិតត្បៀត។ ទោះបីជា​កូន​របស់លោកស្រី​ក្លាយជាយុវ​ជន​ហើយ តែលោកស្រី​នៅ​តែផ្តល់​ប្រាក់​ឧបត្ថម្ភ​ដដែល។

ក្តី​រំពឹង​នាពេល​អនាគត​លើចំណេះដឹង​ហិរញ្ញវត្ថុសម្រាប់កុមារ​​

​លោក ទុំ តុលា ​ចង់ឃើញ​កុមារ​កម្ពុជាមាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ដូចនឹង​ប្រទេស​អភិវឌ្ឍន៍​ ដើម្បីឲ្យ​ពួកគេអាចប្រើប្រាស់លុយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​

ចំណែកលោកស្រីវាល់គុជ ផល្លា​ ចង់ឃើញ​អាណាព្យាបាល​ ឬឪពុកម្តាយ​ទាំងអស់បង្រៀន​កូនឱ្យ​ចេះ​សន្សំប្រាក់ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ខ្លួន។ លោកស្រីបន្ថែមថា កូនៗត្រូវការបំណិនជីវិត​ខ្លះ ដើម្បី​ស្គាល់ពី​តម្លៃ​នៃលុយ។

សម្រាប់កញ្ញា សេង ស្រីល័ក្ខវិញ បើកញ្ញាមានបុត្រនៅថ្ងៃអនាគត កញ្ញាមានគម្រោងសន្សំប្រាក់​មួយកញ្ចប់ដើម្បីទុកផ្គត់ផ្គង់ដល់ការសិក្សារបស់កូនដល់កម្រិតបរិញ្ញាប័ត្រ។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំព្យាយាមបង្កើត Saving [ប្រាក់សន្សំ] សម្រាប់គាត់រៀនក្នុងឆ្នាំណា មួយឆ្នាំប៉ុន្មាន ដើម្បីទុកឱ្យគាត់ទៅរៀន»៕