មន្ត្រីរដ្ឋាភិបាល ជំរុញដល់ម្ចាស់ភោជនីយដ្ឋាន និងចុងភៅតាមរោងការ និងកម្មវិធីនានា បង្កើនការប្រើផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយសម្រួលដល់កសិករក្នុងការធានាឱ្យបានជូនពួកគាត់នូវនិរន្តរភាពទីផ្សារ។
ការជំរុញនេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាមួយនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីអំពី «រសជាតិកសិផលខ្មែរ» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដែលធ្វើឡើងក្នុងគោលបំណងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លា និងជាវេទិកាមួយដែលបានប្រមូលផ្តុំនូវគ្រប់ភាគីពាក់ព័ន្ធ ឱ្យមានជជែកវែកញែកអំពីបញ្ហាប្រឈម និងឈានទៅដល់ការស្វែងរកដំណោះស្រាយរួម។
ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានជំរុញដល់ម្ចាស់ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់អាហារក្នុងកម្មវិធីនានា ព្រមទាំងម្ចាស់ដើមការ ប្រើប្រាស់កសិផល និងផលិតផលក្នុងស្រុក ជំនួសនូវការប្រើប្រាស់វត្ថុធាតុដើមនាំចូល នៅក្នុងភោជនីយដ្ឋាន និងកម្មវិធីរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «យើងព្យាយាមឱ្យអ្នកពាក់ព័ន្ធទាំងអស់យល់ថា វាចាប់ផ្តើមពីយើងទាំងអស់គ្នា ទាំងអ្នកផ្គត់ផ្គង់អាហារ គឺសហការជាមួយគ្នាជំនួសផលិតផលនាំចូលដោយផលិតផលក្នុងស្រុក ហើយក្រសួងគឺមានការត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួម»។
លោកបន្ថែមថា៖ «យើងនឹងធ្វើគុណភាពឱ្យបានល្អបំផុត ទោះបីជាយកវត្ថុធាតុដើមខ្មែរយកទៅធ្វើជាម្ហូបចិនក៏ដោយ ម្ហូបខ្មែរក៏ដោយ។ […] ជូនដល់ម្ចាស់ដើមការ ក្រសួងត្រៀមនៅក្នុងការចូលរួម បញ្ជាក់ជូនតែម្តង ការមួយដែលកម្មង់ម្ហូបអ្វីក៏ដោយ យ៉ាងហោច៩០% ត្រូវតែមានចំណែកជាផលិតផលខ្មែរ»។
ជាមួគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា ក្រសួងកសិកម្ម បាននិងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីជាជំហរមួយបន្ថែមទៀតនៅក្នុងការធានានូវតុល្យភាពការផ្គត់ផ្គង់ និងការបញ្ជាទិញ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ហេតុអីបានត្រូវការច្បាប់ពិសេស? ព្រោះថាបើយើងយកច្បាប់រដ្ឋប្បវេណីធម្មតាមកប្រើ គឺមានន័យថាភាគីណាមួយត្រូវសងការខូចខាតដែលធ្វើឱ្យប៉ះពាល់ដល់កសិករខ្លាំង ដូចជាកាលឡើងចុះថ្លៃខុសពីអ្វីដែលបានសន្យាគ្នា ប៉ុន្តែយ៉ាងហោចណាស់យើងដោះស្រាយបញ្ហាអស្ថេរភាពហ្នឹងបាន។ […] អ្នកជ្រុលនិយមមួយចំនួននិយាយថា មិនឱ្យនាំចូល តែបើយើងផ្គត់ផ្គង់មិនបាន វាប៉ះពាល់អ្នកប្រើប្រាស់ទាំងអស់»។
ករណីនេះ ក្រុមចុងភៅផ្គត់ផ្គង់ម្ហូបអាហារតាមរោងការ និងម្ចាស់ភោជនីយដ្ឋាននានា បានបង្ហាញពីឆន្ទៈនៅក្នុងការបង្កើនការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកឱ្យបានកាន់តែច្រើន ខណៈបច្ចុប្បន្នម្ចាស់អាជីវកម្មទាំងនោះ អះអាងថា ពួកគេនៅតែបន្តមានបញ្ហាប្រឈមមួយចំនួននៅក្នុងការទទួលទិញផលិតផលកសិកម្មដែលផលិតនៅក្នុងស្រុក។
លោក ទូច រដ្ឋា ជាម្ចាស់អាជីវកម្មផ្គត់ផ្គង់ម្ហូបអាហារយីហោ សឹង ហុកហេង បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក ដូចជា សាច់ និងបន្លែ ក្នុងអាជីវកម្មរបស់លោក គឺមានប្រហែល៦០%នៃការផ្គត់ផ្គង់សរុប។
លោកបន្តថា៖ «សម្រាប់កម្រិតដែលខាងខ្ញុំ និងអ្នកផ្គត់ផ្គង់ផ្សេងទៀតមានចំនួនច្រើនហើយ ដែលផលិតផលមួយចំនួនទៀត យើងត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកហ្នឹងជំនួសឱ្យបាន ហើយនឹងធ្វើម៉េចរក្សានូវស្ថេរភាព បន្ទាប់មកទៀតបានយើងគិតពីរឿងគុណភាពនិងតម្លៃ»។
លោក រដ្ឋា បានលើកឡើងដែរថា ដោយសារតែការបម្រើម្ហូបអាហារនៅតាមពិធីមង្គលការ គឺជាអាជីវកម្មដែលមិនមានស្ថេរភាពអូសបន្លាយរយៈពេលមួយឆ្នាំពេញ ដូច្នេះបញ្ហានេះបានបង្កឱ្យក្លាយជាការលំបាកសម្រាប់ទាំងអ្នកទទួលទិញ និងអ្នកផ្គត់ផ្គង់នៅក្នុងការធានាឱ្យបាននូវស្ថេរភាពនៃការផ្គត់ផ្គង់។
លោកមានប្រសាសន៍ថា៖ «ការងារតុការ វាជាការងារមួយដែលឡើងចុះ ឡើងក៏ខ្លាំង ហើយចុះវិញក៏ខ្លាំង ចុះវិញគំហុក ចឹងវាមានរដូវកាលដែរ។ […] ដូច្នេះខ្ញុំគិតថាវាក៏ជាបញ្ហាប្រឈមដ៏ខ្លាំងសម្រាប់ទាំងអ្នកផលិតនិងអ្នកផ្គត់ផ្គង់ ពីព្រោះពេលមួយដែលគាត់ផលិតច្រើនពេក ហើយគេមិនសូវមានកម្មវិធី អាហ្នឹងក៏ជាបញ្ហាដល់គាត់។ ប៉ុន្តែដល់ពេលយើងមានជាតម្រូវការ គាត់មានដែរ ប៉ុន្តែគាត់មានជាប្រចាំថ្ងៃសម្រាប់ការប្រើប្រាស់តាមតែភោជនីយដ្ឋាន ឬសណ្ឋាគារ តែដល់សម្រាប់កម្មវិធីសម្រាប់មនុស្សច្រើនរយនាក់ គាត់អត់មាន»។
ទោះបីជាមិនទាន់មានភាពរលូននៃសង្វាក់ផលិតកម្ម និងផ្កត់ផ្គង់ទាំងស្រុងក៏ពិតមែន ម្ចាស់អាជីវកម្មរូបនេះ បានប្តេជ្ញានៅក្នុងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនតាមដែលអាចទៅរួច ដោយលោកបានសង្កត់ធ្ងន់ថា តម្លៃមិនមែនជាបញ្ហា ឱ្យតែផលិតផលមានគុណភាព។
ជាមួយគ្នានេះដែរ លោក តាំង គឹមតេង ជាម្ចាស់អាជីវកម្ម តាំង តិចម៉េង ដែលផ្គត់ផ្គង់ម្ហូបអាហារតាមកម្មវិធីដែរនោះ បានលើកឡើងថា កត្តាដែលអាជីវកម្មលោកនាំចូលផលិតផលមកពីក្រៅប្រទេស ដោយសារតែការផ្គត់ផ្គង់នៅក្នុងស្រុក មិនមានទៅតាមតម្រូវការដែលខាងលោកចង់បាន។
ទោះជាយ៉ាងនេះក្តី លោកបានកត់សម្គាល់បន្ថែមផងដែរថា កសិផលដែលផលិតនៅក្នុងស្រុក គឺមានគុណភាពល្អជាងកសិផលដែលនាំចូលពីបរទេស។
លោកថ្លែងថា៖ «អត្រាដែលខ្ញុំប្រើផលិតផលនាំចូលដោយសារនៅក្នុងស្រុកអត់មាន ចឹងបានខ្ញុំប្រើផលិតផលក្រៅស្រុក។ ជួលកាលរបស់ខ្លះនៅស្រុកខ្មេរយើងអត់មាន អត់អាចដាំដុះបាន ចឹងបានយើងត្រូវតែនាំចូល។ […] តែម៉េចក៏ដោយ គុណភាពផលិតផលក្នុងស្រុកល្អជាង ខ្ញុំប្រៀបធៀបតែស្ពៃបូកគោមួយបានហើយ បើយើងនាំចូលស្ពៃបូកគោចម្អិនហើយមានជាតិជូរ បើស្ពៃបូកគោក្នុងស្រុកយើងអត់មានជាតិជូរទេ»។
ចំណែក លោកស្រី រស់ រតនៈ (ចុងភៅណាក់) ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ក៏បានលើកឡើងដែរថា ទោះបីជាការផ្គត់ផ្គង់ហាក់មិនទាន់មានស្ថេរភាព ក៏លោកស្រីមិនមានជាបញ្ហាប្រឈមអ្វីធំដុំនោះទេ ដោយសារតែលោកស្រីធ្វើម្ហូបប្រកបដោយការច្នៃប្រឌិត និងតាមរដូវកាល។
លោកស្រីថា៖ «ខ្ញុំធ្វើតែម្ហូបតាមរដូវ និងតាមតំបន់ អ៊ីចឹងហើយវាតម្រូវឱ្យខ្ញុំប្រើប្រាស់អ្វីដែលមាននៅក្នុងខែហ្នឹង អាហ្នឹងគឺជាគុណតម្លៃនៃកន្លែងខ្ញុំ ចឹងហើយខ្ញុំអត់មានបញ្ហាអីទេ»។
ប្រធានប្រតិបត្តិនៃអង្គការកសិដ្ឋានតុកកែញញឹមកម្ពុជា លោក រ៉ែម ចាន់ដារ៉ា គាំទ្រចំពោះការជំរុញនេះ ខណៈលោកសង្កេតឃើញថា ស្ថានភាពអំណោយផលនៅកម្ពុជា អាចឱ្យកសិករដាំដុះ និងមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់បានពេញលេញ។ លោកបន្តថា ប៉ុន្តែអ្វីដែលគួរមានជាចាំបាច់នោះ គឺទិន្នន័យមួយដែលច្បាស់លាស់នៅក្នុងការធានាថា អ្វីដែលកសិករដាំដុះ ពិតជាមានតម្រូវការនៅលើទៅផ្សារ។
លោកថា៖ «បើនិយាយពីស្ថេរភាពនៃការផ្គត់ផ្គង់របស់យើង ខ្ញុំគិតថាអាចផ្គត់ផ្គង់បាន ប៉ុន្តែលុះត្រាតែទីផ្សារបានផ្តល់នូវទិន្នន័យច្បាស់លាស់ ពេលដែលកសិករដាំ គាត់អត់មានទិន្នន័យច្បាស់លាស់នៅក្នុងដៃ ថាតើគាត់ត្រូវដាំបន្លែស្លឹកប៉ុន្មានគីឡូក្នុងខែនេះ។ […] ហើយយើងអត់ទាន់មានជាយន្តការណាមួយ ដើម្បីបង្កជាលក្ខណៈងាយស្រួលដែលឱ្យអ្នកដាំ និងអ្នកដែលមានតម្រូវការហ្នឹងស្វែងយល់ពីគ្នាទេ»៕