ក្រសួងយុត្តិធម៌ ចាត់ទុករបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ជុំវិញការរកឃើញភាពមិន​ចាំបាច់​​​នៃ​​កា​​រឃុំខ្លួនកុមារដែលតាមម្តាយនៅក្នុងពន្ធនាគារថា គឺជារឿងដែលផ្ទុយពីស្មារតីច្បាប់។

ប្រតិកម្មនេះ ធ្វើឡើងនៅក្រោយពេលដែល អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានចេញ​របាយ​​កា​​រ​​ណ៍នៅចំថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា ក្រោមចំណងជើងថា«បញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារ ក្នុងពន្ធ​​​នា​គារ »។

ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៣ ខែមិថុនា នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់ថា​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ លីកាដូ​ គឺ មិន​សម​ស្រប​ទៅ​នឹង​នីតិវិធី​ច្បាប់​នោះ​ទេ ទាំ​​ង​​ច្បាប់ជាតិ និង​ច្បាប់​អន្តរជាតិ។លើសពីនេះទៀត ជា​ទូទៅ​វិធានការ​ច្បាប់​លើអនីតិជន​ភាគ​​ច្រើន​ផ្តោត​ទៅ​លើ​ការ​អប់​រំ​ ស្តារនីតិ​សមប្បទា​ជាជាង​ការ​ឃុំ​ខ្លួន។

លោក​បញ្ជាក់​ថា៖«ការ​ដែល​មិន​ឱ្យ​ឃុំ​ខ្លួន​ហ្នឹង​ វា​មិន​មែន​ជា​វិធីសាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធ​​នាគារ​ទេ។ អ្វី​ដែល​យើង​អនុវត្ត​គឺ​ឃុំ ឬ​មិន​ឃុំ​ផ្អែក​លើច្បាប់​នីតិវិធី​ច្បាប់​ដែលមាន​ជា​ធរមាន​។ ការ​ឃុំ​ខ្លួន​អនីតិជន​ហ្នឹង​ ត្រូវ​តែ​ផ្អែក​លើច្បាប់​ ច្បាប់​គេ​កំណត់​អាយុ​ប៉ុន្មាន​ដែល​ត្រូវ​ទទួល​ការ​ខុស​ត្រូវ​។ ការ​ឃុំ​ខ្លួន​អនីតិជន​គឺ​លុះត្រា​តែ​​​ចាំ​បាច់ ហើយ​ជា​មធ្យោបាយ​ចុង​ក្រោយ​ »។

ស្រដៀងគ្នានេះដែរ អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ នៃក្រសួងមហាផ្ទៃ លោក នុត សវនា បញ្ជាក់​​ថាទាំង​ទា​​រក និង​កុមារ​ដែល​រស់នៅ​ក្នុងពន្ធនាគារ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ពន្ធនាគារ និង​អង្គការ​ជា​ដៃគូ​។ក្រៅ​ពី​នេះ​ ច្បាប់ក៏​បាន​ឱ្យ​ខាង​ពន្ធនាគារ​យក​ចិត្តទុក​ដាក់​ផ្គត់ផ្គង់​ចំណី​អាហារ​ និងអាហារ​បំប៉ន​សុខភាព​ដល់​ទារក​ឱ្យ​ល្អ​​​ដែរ។

លោកបន្ត​ថា៖«ក្មេង​នៅក្នុងពន្ធនាគារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ហើយ​អ្នក​ជាប់ឃុំ​ដទៃ​ទៀត​ហ្នឹង​ ជួយ​មើលគ្នា​បាន​ដិតដល់​ណាស់​។ មើលសាច់​ឈាម​ទៅ​ចង់​ល្អ​ជាង​អ្នក​នៅ​ខាង​ក្រៅ​ សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត​អី​ហ្នឹង។ ទារក​នៅ​ក្នុង​ទទួល​បាន​ការ​ថែ​ទាំ​ល្អ​ជាង​ទាំង​ការចាក់​វាំងសាំង​ អាហាររូបត្ថបម្ភ​ »។

ការរិះគន់ពីស្ថាប័នជំនាញរបស់រដ្ឋាភិបាលនេះ គឺបន្ទាប់ពីអង្គការ លីកាដូ បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ ដោយអំពាវនាវឱ្យបញ្ឈប់រាល់ទម្រង់នៃការឃុំខ្លួនកុមារ ដែលតាមម្តាយនៅ​​ក្នុ​​ង​​ព​​ន្ធនាគារ ប្រយោជន៍ដើម្បីកុំឱ្យមានភាពចង្អៀតណែននៅក្នុងឃុំ។​សេចក្តី​ថ្លែងការណ៍ អមដោយ ឃ្លីប​វីដេអូ​ ផង លីកាដូ ទទូចឱ្យ​ក្រសួ​ង​ម​ហាផ្ទៃ ក្រសួង​យុត្តិធម៌​ ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ដទៃ​ទៀត​ បញ្ឈប់​ការ​ឃុំ​ខ្លួ​​ន​ដោយ​មិន​ចាំ​បាច់​លើ​កុមារ​ និង​អនីតិជន​ក្នុង​ពន្ធនាគារ។

មិនតែប៉ុណ្ណោះ ស្ថាប័នមិនមែនរដ្ឋាភិបាលដដែលនេះ ក៏បាន​អំពាវនាវឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រើប្រា​ស់​ទោស​នៅក្នុងពន្ធនា​គា​​រ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​អនីតិជន​   និង​ម្តាយដែល​មាន​កូន​តូច​នៅ​ក្នុង​ពន្ធនាគារ​ដែលមាន​លក្ខណៈ​​​ច​ង្អៀ​​​ត​ណែន​ និង​កង្វះ​បរិក្ខារ​ និង​ធនធាន​គ្រប់គ្រាន់​ដែល​កំពុង​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

បន្ថែមលើរបាយការណ៍នេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ឱ្យដឹងថា​ ពន្ធនាគារ​មិន​មែន​ជា​ កន្លែង​សម្រាប់​ឃុំ​ខ្លួន​កុមារ​ និង​អនីតិជន​នោះ​ទេ​។ ដូច្នេះ​លោក​ថា​ គួរតែ​ប្រើ​ប្រា​ស់​​ជម្រើស​ផ្សេង​ទៀត​ជា​បន្ទាន់​ និង​ជា​លក្ខណ:​ប្រព័ន្ធ​ ជំនួស​ឱ្យ​ការ​ឃុំ​ខ្លួន​កុមារ​ និង​អនីតិជន​ក្នុង​ពន្ធនាគារ​ ដោ​​​​​យ​​ជ្រើស​រើស​ការ​ឃុំ​ខ្លួន​ ជា​ជម្រើស​ចុង​ក្រោយ​។

លោក​ថ្លែងថា៖«កុមារ​និង​អនីតិជន​ មិន​គួរ​ត្រូវ​ដាក់​នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ដែល​មាន​ភាព​ចង្អៀត​ណែន​ មិន​ទទួល​បា​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ មិន​មាន​កន្លែង​គេង​គ្រប់​គ្រាន់​ មិន​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ កង្វះ​លទ្ធភាព​ទទួល​ការ​ជួប​សួរ​សុខ​ទុក្ខ​ពី​ក្រុម​គ្រួសារ​ កង្វះ​សុខមាលភាព​ កង្វះ​ការ​ទទួល​បាន​សម្ភារ:​អនាម័យ​ ឬ​សម្ភារ:​សម្រាប់​ស្រ្តី​មាន​រដូវ​ និង​កង្វះ​ទឹក​សម្រាប់​ទទួល​ទាន​ និង​ប្រើ​ប្រាស់​ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ឡើង​កំដៅ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ »។

យ៉ាងនេះក្តី អ្នក​នាំ​ពាក្យរង​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ បដិសេធថា ក្រសួង​មហាផ្ទៃ​មិន​មាន​អំ​​ណាច​ណា​មួយ​ក្នុង​ការ​សម្រេច​ឃុំ​ខ្លួន​បុគ្គល​ណា​​ម្នាក់​មិន​ថា​កុមារ ឬ​អនីតិជនទេ។ផ្ទុយទៅវិញ ការ​សម្រេច​ឃុំ​ខ្លួន ឬ​​មិ​​​ន​​​ឃុំនេះ​គឺ​ជា​សមត្ថកិច្ច​របស់​តុ​លា​​​ការ​ និង​ក្រសួង​យុត្តិធម៌ឯណោះទៅវិញទេ។

លោកបន្តថា៖«តុលាការ​លោក​ពិនិត្យ​មើល​ទៅ​លើ​ចរិត​នៃ​បទ​ល្មើស​ដែលគ្រោះ​ថ្នាក់រួម​ផ្សំ​និង​បទ​ល្មើស​គ្រប់​គ្រាន់​ លោក​មិន​មែន​ចេះ​តែ​ឃុំ​ខ្លួន​ទេ។ នេះ​ជា​ការ​យល់​ឃើញ​របស់ខ្ញុំ ព្រោះ​វា​អត់​បាន​ប្រយោជន៍​អី​ទេ​ចំពោះ​តុលាការ។ ប៉ុន្តែ​វា​គិត​ពី​ប្រយោជន៍​ធំ ផល​ប៉ះពាល់​ធំ​មក​លើ​សង្គម​ មកលើកុមារ​ខ្លួន​ឯង​និង​កុមារ​ដទៃៗ​ទៀត​ អាហ្នឹង​គេ​ស​​ម្រេ​​ច​​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​វា​គឺ​ជា សិទ្ធិ​ស្រប​ច្បាប់​របស់ខាង​តុលាការ »។

បើទោះជាទាំងក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ថ្លែងការពារថាការឃុំខ្លួននេះ វា​​ស្របទៅនឹងគោលការណ៍ច្បាប់ ហើយមានការពិនិត្យដោយហ្មត់ចត់ផ្នែកសុខភាពសម្រាប់កុមារក្តី ក៏អ្នកកា​រពារសិ​​ទ្ធិ​​​​​មនុស្ស នៃអង្គការ លីកាដូ រកឃើញថាបញ្ហានេះស្ថាប័នសាម៉ីរបស់រដ្ឋ នៅមិនទាន់​​បានដោះស្រាយ​​ឱ្យបា​​ន​​​ស​មស្រប​នៅ​ឡើយទេ។ម្យ៉ាង​​វិញ​​ទៀ​​​​ត​ ​ការ​ឃុំ​ខ្លួន​កុ​​មារ​ និង​អនីតិជន​ក្នុង​ពន្ធនាគារ​រួម​ទាំង​កុមារ​ដែល​រស់នៅ​តាម​ម្តាយ​ និង​ស្រី្ត​មាន​ផ្ទៃ​ពោះក្នុង​ពន្ធនា​​​គារ​មាន​ការ​ប៉ះពាល់​ដល់​ការ​លូត​លាស់​សារពាង្គកាយ​ និង​បញ្ញា​ស្មារតី​របស់​កុមា​រ​​​​​​មា​​ន​រូបភាព​អាក្រក់​ជាងមុន។

លើសពីនេះទៀត អង្គការ លីកាដូ បានចេញផ្សាយនូវ ឃ្លីបវីដេអូ ខ្លីមួយ នៅចំថ្ងៃទិវាសិទ្ធិកុមារ ដោយបង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​របស់​កុមារ​ និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ​ ដែល​អ្នក​ទាំង​នោះ​គួរ​តែ​រស់នៅ​ក្នុង​ផ្ទះ​ ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ ឬ​ក៏​បាន​ចូល​សាលារៀន​ជា​មួយ​មិត្តភ័ក្តិ​របស់​ពួកគេ​។

របាយការណ៍ដែលចេញដោយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅក្នុង​ខែ​មីនា ឆ្នាំ​២០២៤ បង្ហាញថា អនីតិជនមានចំនួន២.២១៤នាក់ ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៩ ដែល​អង្គការ​លីកាដូ​ កំពុង​ធ្វើ​ការ​ងារ​ជា​មួយ។ចំណែក ​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​ និងទណ្ឌិត​ជា​អនីតិជន​ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​កំណត់​ថា ជា​ជន​ដែល​មាន​អាយុ​ចាប់​ពី​១៤ ឆ្នាំ​ដល់​២៤ ឆ្នាំ៕