ប្រជាពលរដ្ឋចំនួនប្រាំឃុំ ស្ថិតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ដែលបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ កាលពីដើមខែមេសា បានស្នើសុំជាថ្មីទៀតដោយទាមទារឱ្យស្ថាប័នកំពូលមួយនេះ ដកអភិបាលស្រុកចេញពីមុខតំណែង ក្រោយអ្នកភូមិសង្កេតឃើញថា អភិបាលស្រុករូបនេះគ្មានសមត្ថភាពដឹក និងចាត់ចែងនៅក្នុងស្រុកឱ្យមានភាពសុខសាន្ត។
លោក ហៀង សុធា ជាកសិកររស់នៅឃុំ មកពីឃុំព្រៃចាស់ ស្រុកឯកភ្នំ ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ថា មូលហេតុដែលពលរដ្ឋទាំង៥ឃុំ នៅក្នុងស្រុកឯកភ្នំពេញ ទាមទារឱ្យក្រសួងមហាផ្ទៃដកចេញ ក៏ព្រោះតែអភិបាលស្រុករូបនេះ មិនជួយឈឺឆ្អាលសុខទុក្ខរបស់ប្រជាពលរដ្ឋ។ផ្ទុយទៅវិញ មន្រ្តីរូបនេះតែងកិបកេង និងជំរិតទារលុយគ្រប់រូបភាព ជាពិសេសបង្កើតបក្សពួកនៅក្នុងស្រុក ក្នុងឃុំ ដែលជាហេតុធ្វើឱ្យពលរដ្ឋលំបាកក្នុងការរស់នៅ និងប្រកបអាជីវកម្ម។
លោកបន្តថា៖ «ថ្ងៃដែលដាក់ពាក្យប្តឹងទៅក្រសួងគឺថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អត់ទៅមុខ ទៅក្រោយផងនៅត្រឹងនៅហ្នឹងអត់មានទៅណារួចបាទសុំទាមទារដីមកវិញទី១, ទី២សុំដកអភិបាលស្រុកហ្នឹងចេញ អភិបាលស្រុកឲ្យការរស់នៅវេទនាណាស់មិនអាចរស់នៅបានទេលោកអើយទី១បង្កើតបក្សពួកជាសេនារីយោបើប្រជាពលរដ្ឋណាមានគ្រឿងចក្រយកទៅធើ្វជួលពីខាងក្រៅទៅកាយដីប្រលាយដើម្បីយកទឹកយកអីចូលបែបជាគាត់មិនឲ្យចូល »។
លោកបន្ថែមថា៖ «បើជាកូនគាត់កូនបង្កើតគាត់ឲ្យចូលកាយក្នុងស្រុកហ្នឹងអូខេអត់អីទេទី១, ទី២គាត់ជំរិតអោយគេរកលុយ ដើរគំរាមកំហែងប្រជាពលរដ្ឋថាធើ្វទៅត្រូវតាមផ្លូវច្បាប់ តែសួរថាច្បាប់កន្លែងណាខ្លះដែលធើ្វឲ្យប្រជាពលរដ្ឋសុខដុមរមនាខាងទន្លេសាបបង្កើតឲ្យមានការទាលុយគ្រប់ណូរ៉ាវ ណូរ៉ាវបងប្អូន មិត្តភក្តិគាត់បានចឹងហា ចឹងគាត់មិនសាកសមធើ្វជាចៅហ្វាយស្រុកទេ»។
ប្រជាពលរដ្ឋមកពីឃុំទាំង៥មានដូចជា ឃុំពាមឯក ឃុំព្រៃចាស់ ឃុំព្រែកទទឹង ឃុំព្រែកខ្ពក និងឃុំព្រែកលួង បានដាក់ប្តឹងទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បណ្តាលមកពីអភិបាលស្រុកលោក ម៉ិល សុផល ជិះជាន់ គៀបសង្កត់ប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ។ប៉ុន្តែតំណាងពលរដ្ឋ លើកឡើងថាតាំងពីថ្ងៃដាក់បណ្តឹងដល់ពេលនេះ មិនទាន់មានការឆ្លើយតបែបណានៅឡើយទេ ពីក្រសួងមហាផ្ទៃ។
ក្នុងពេលបណ្តឹងរបស់ពលរដ្ឋ ដែលទាមទារឱ្យដកអភិបាលស្រុកចេញពីមុខតំណែង មិនទាន់មានចម្លើយបែបណាផង ស្រាប់តែពលរដ្ឋចំនួន១៧គ្រួសារ នៅស្រុកឯកភ្នំពេញ ត្រូវតុលាការកោះហៅឱ្យចូលបំភ្លឺតាមបណ្តឹងរបស់លោក ម៉ិល សុផល អភិបាលស្រុកទៅវិញ។
តាមរយៈដីកាបង្គាប់ឱ្យចូលបំភ្លឺដែលចេញដោយតំណាងអយ្យការលោក ថេង សំណាង កាលពីថ្ងៃទី៣ មិថុនា ឱ្យដឹងថា ពលរដ្ឋទាំង១៧គ្រួសារ ចូលនេសាទក្នុងដែនអភិរក្សអតីតនេសាទឡូត៍លេខ២ ស្ថិតក្នុងោះភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំដោយខុសច្បាប់។នៅក្នុងដីកាបង្គាប់ឱ្យចូលខ្លួននេះ ក៏មានតំណាងពលរដ្ឋ ដែលបានប្តឹងឱ្យដកអភិបាលស្រុកលោក ម៉ិល សុផល ដែរ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខ: បានទេ ខណៈដែលអភិបាលស្រុកឯកភ្នំលោក ម៉ិល សុផល ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ចំណែក លោក សោម សុភ័ណ រស់នៅឃុំពាមឯក បានរៀបរាប់ពីផលលំបាកក្នុងការរស់នៅក្រោមការដឹកនាំរបស់អភិបាលស្រុកលោក ម៉ិល សុផល ថាពលរដ្ឋតែងរង់ការគំរាមតាមរយៈជំរិតទាលុយជាហូរហែរពីបក្សពួករបស់អភិបាលស្រុក។
លោកបន្តថា៖ «គាត់លំបាកខ្លាំងណាស់ដូចថាគាត់មិនឲ្យមានប្រជាជនមានក្តីសុខ គាត់ចេះតែឆ្កឹះឆ្កៀលនៅកន្លែងប្រជាជនរស់នៅហើយគាត់ច្រាននៅអវតារបស់សម្តេច សម្តេចលោកតាប្រជាជននៅតាណារៀបចំឲ្យប្រើទឹក ភ្លើងនៅតជំនាន់រហូតនៅសម័យ៨០ជាងរហូតដល់៩០ជាងឯកឧត្តមលោកចែកប្លង់ចែកដីឲ្យយើងរស់នៅមានរបៀបរបររស់នៅ»។
លោកបន្ថែមថា៖ «ដល់ពេលជំនាន់គាត់ គាត់ចេះតែរុកគួនយើងកុំឲ្យយើងមិនឲ្យនៅចេះនៅចុះសូមណូមពរជួយគ្នា ធើ្វមិញផ្សព្វផ្សាយឲ្យដកគាត់បានដល់ថ្នាក់នាំទុកគាត់វាមិនកើត គាត់មន្រ្តីមិនបំរើរាស្រ្តណា គាត់គិតតែអំណាចសុទ្ធតែរឿងលុយកាក់ស៊ីសំណូកសូកប៉ាន់តាខ្លួនគាត់»។
ទាក់ទិនរឿងនេះ មេឃុំកោះជីវំាង លោក ពុំ ចិន បដិសេធថាលោកមិនបានដឹងពីរឿងនេះច្បាស់ទេ។មិនតែប៉ុណ្ណោះ ករណីនេះ អាចអភិបាលស្រុកធ្វើការងារ តាមការតម្រង់ទិសពីរដ្ឋបាលថ្នាក់ខេត្ត។
លោកបន្តថា៖«រឿងហ្នឹងអត់ដឹងថាយ៉ាងម៉េចដែរព្រោះចៅហ្វាយស្រុកគាត់ធើ្វការទៅតាមបទបញ្ជារស់ខេត្តដែលតាមខ្ញុំដឹងព្រោះរឿងអីអាបាញ់ស្រូវ បាញ់សុទ្ធតែប្រជុំគណបក្សបញ្ជាការចឹងដែលហើយបើលើកផែនការនឹងឡើងបានបទបញ្ជាទៅឲ្យស្រុកធើ្វចឹងហាហើយថាបងប្អូនដែលគេដេញចេញអំពីដីអាងជាតិព្រោះបងប្អូនទៅនៅលើដីរដ្ឋក្នុងអាង»។
យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)ប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថាការប្រើប្រាស់សិទ្ធិដើម្បីប្រឆាំងភាពអយុត្តិធម៌សង្គមណាមួយ ពីសំណាក់ពលរដ្ឋគឺវាមិនខុសទាស់ទៅនឹងគោលការណ៍ច្បាប់ទេ។ជាងនេះទៀត ស្ថាប័នសាម៉ីដែលទទួលបន្ទុកកិច្ចការនេះ គួរដោះស្រាយដោយសមស្របតាមនីតិវិធី ដើម្បីប្រាកដថាបានផ្តល់ភាពយុត្តិធម៌សម្រាប់ពលរដ្ឋនៅមូលដ្ឋាន។
លោកបន្តថា៖«គាត់ដាក់ពាក្យទៅក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវរបស់ពួកគាត់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងមហាផ្ទៃបាទ ឯកឧត្តមសន្តិបណ្ឌិតត្រូវតែពិនិត្យមើលហើ យបង្កើតក្រុមអធិការកិច្ចមួយបញ្ចូលក្រុមអធិការកិច្ចមួយមកស្រាវជ្រាវមើលតើមានអ្វីដូចប្រជាពលរដ្ឋលើកឡើងឬអត់បាទ»។
លោកបន្ថែមថា៖ «គាត់អត់មានកំហុសទេក៏រក្សារគាត់ទៅតែបើមានកំហុសដូចអ្វីប្រជាពលរដ្ឋលើកឡើងអាហ្នឹងគួរពិចារណាផ្លាស់ប្តូរដកតួនាទីហើយរកមន្រ្តីរដ្ឋបាលណាដែលគាត់ជាអ្នកឈ្លាសវៃមានគំនិតក្នងការវិវត្តន៍មានគំនិតក្នុងការដោះស្រាយយកមកដាក់ជំនួសគាត់ទៅ»៕