គណបក្សជំនាន់ថ្មី បានរៀបចំសមាជិកជាលើកដំបូងរបស់ខ្លួននៅថ្ងៃអង្គារ៍នេះ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស កំណត់ពីរបៀបវារៈ និងកម្មវិធីនយោបាយសម្រាប់ត្រៀមរៀបចំខ្លួននៅក្នុងការបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ នៅឆ្នាំ២០២៨។
តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សជំនាន់ថ្មី នៅថ្ងៃទី៤ ខែមិថុនា នេះ លោក មាជ សុវណ្ណរ៉ា ត្រូវបានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានគណបក្សថ្មីថ្មោងមួយនេះ។ចំណែក លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យារិទ្ធិ ត្រូវបានសមាជបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាអនុប្រធានគណបក្ស ក្នុងពេលដែលមនុស្ស៥៣រូបទៀត ត្រូវបានអង្គសមាជបោះឆ្នោតតែងតាំងធ្វើជាគណៈកម្មាធិការនាយក។ក្រៅពីនេះនៅមានបេក្ខភាពចំនួន១៥រូបទៀតត្រូវជ្រើសតាំងជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស។
ស្របពេលដែលអង្គសមាជ បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សរួច គណបក្សដែលទើបទទួលបានភ្លើងខៀវធ្វើសកម្មភាពនយោបាយ គណបក្សនេះ ក៏បានកំណត់ក្នុងពេលជាមួយគ្នាពីរបៀបវារៈ លក្ខន្តិកៈ និងកម្មវិធីនយោបាយ។
លោក មាជ សុវណ្ណារ៉ា ដែលទើបអង្គសមាជបោះឆ្នោតជ្រើសរើសជាអ្នកទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី បានប្តេជ្ញានៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា លោកនឹងរៀបចំផ្ទៃក្នុងបក្ស និងរចនាសម្ព័ន្ធបក្សនៅតាមមូលដ្ឋាន ជាពិសេសជំរុញឱ្យសកម្មជនគណបក្សធ្វើយ៉ាងឱ្យមានគុណសម្បត្តិ ចរិយាសម្បត្តិ វិន័យល្អ មានសេចក្តីថ្លៃថ្នូរ និងត្រូវគោរព អនុវត្តតាមបេសកកម្មរបស់គណបក្ស និងគោរពច្បាប់កំពូលរបស់ប្រទេសជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ក៏ត្រូវរៀនសូត្រនូវអ្វីជាផលប្រយោជន៍ជាតិ និងការមិនបៀតបៀនគ្នាស្របទៅតាមការចង់បាន និងតាមសំឡេងគាំទ្ររបស់ពលរដ្ឋ អង្គការសង្គមស៊ីវិល ច្បាប់កំពូលរបស់ជាតិ និងអន្តរជាតិ។
លោកបន្តថា៖ «ចាប់ពីថ្ងៃនេះនៃការថ្លែងសន្ទរកថានេះទៅ ខ្ញុំនឹងក្លាយប្រធានបក្ស និងជាមនុស្សគំរូដេកដើរឈរអង្គុយសម្រាប់អ្នកជំនាន់ថ្មី។ និងដើរដោយសុច្ចរិត ដើម្បីបង្ហាញតម្លាភាពឱ្យអ្នកជំនាន់ថ្មី ដើរតាមខ្ញុំជាអ្នកជំនាន់កណ្តាល ដែលមានបទពិសោធននយោបាយ នឹងធ្វើកិច្ចការងារជាតិ និងអន្តរជាតិ៣៣ឆ្នាំ ហើយខ្ញុំដើរលើពិភពលោកទ្វីបទាំង៥ បានជិត៥០ប្រទេស។ ជាបទពិសោធនដែលខ្ញុំត្រូវមកស្លាប់នៅក្នុងស្រុកខ្មែរ ប្តេជ្ញាជួយប្រទេសជាតិខ្ញុំ ស្លាប់នៅក្រោមដើមត្នោត និងទឹកដីអង្គរនៃខេត្តសៀមរាបនេះ»។
ជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្កោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ លោក មាជ សុវណ្ណរ៉ា អះអាងថា គណបក្សថ្មីថ្មោងនេះ អនុវត្តដោយខ្ជាប់ខ្ជួននូវគោលនយោបាយទាំង១០ មានដូចជា ដឹកនាំលើកស្ទួយ និងគោរពសិទ្ធិមនុស្សជាដើម ដែលដាក់ចេញដោយគណបក្ស។លើសពីនេះទៀត គណបក្សក្រៅរដ្ឋាភិបាលមួយនេះ នឹងធ្វើអ្វីៗដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោកបន្តថា៖«គណបក្សជំនាន់ថ្មីសម្រាប់ខ្មែរយើង ដើម្បីខ្មែរយើង គឺខ្ញុំធ្វើដើម្បីសម្រាប់ជំនាន់ថ្មី ទៅជំនាន់ក្រោយថ្មីជារៀងរហូតអមតៈនៃប្រទេសកម្ពុជា» ។
ស្រដៀងគ្នានេះដែរ លោក ប៉ាត មុន្នី អនុប្រធានគណបក្ស បានអះអាងថា ការបង្កើតគណបក្សជំនាន់ថ្មីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋដែលចង់បានលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិពិតប្រាកដ។លោកបន្តថា កិច្ចការនេះខ្លួនបានគិតគូរជាង១០ឆ្នាំមកហើយ ដើម្បីស្វែងរកវីរជន ដែលមានធនធានសម្រាប់ដំណើរការគណបក្ស ក្នុងនោះក៏មានការចូលរួមពីសំណាក់សមាជិក និងការគាំទ្រពីប្រជាពលរដ្ឋ ទើបឈានមកដល់ថ្ងៃសមាជនេះ។
លោកបន្តថា៖«ខ្ញុំបានជួបជាមួយនឹងលោកប្រធានមាជ សុវណ្ណារ៉ា ដែលលោកមានសក្តានុពល ដែលលោកបានលះបង់ដើម្បីកិច្ចការងារប្រទេសជាតិកន្លងមក រហូតដល់លោកត្រូវជាប់គុកនយោបាយដល់តែពីរលើក។ ថ្ងៃនេះយើងបានបង្កើតគណបក្សជំនាន់ថ្មី ហើយថ្ងៃនេះផងដែរយើងប្រកាសនូវមហាកិត្តិយសដោយលោកមាជ សុវណ្ណារ៉ាជាប្រធានគណបក្សជំនាន់ថ្មី» ។
តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សនៅថ្ងៃអង្គារ៍នេះ កញ្ញា អាត ស្រីអូន តំណាងចលនាស្ត្រីថ្នាក់ជាតិនៃគណបក្សជំនាន់ថ្មី លើកឡើងថា គណបក្សថ្មីថ្មោងនេះ មានចក្ខុវិស័យ និងទស្សនៈនយោបាយច្បាស់លាស់។ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី ស្រីអូន អះអាងថា រូបគេនឹងជំរុញឱ្យកម្មវិធីនយោបាយ និងគោលនយោបាយរបស់បក្ស សម្រេចដល់គោលដៅ ដូចការចង់បានរបស់ពលរដ្ឋ។
មិនតែប៉ុណ្ណោះ យុវជន យុវតីសម័យថ្មី គឺជាយុវជនដែលក្លាហាន ហ៊ានចូលរួមក្នុងកិច្ចការសង្គម និងនយោបាយដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ មិនមែនជាយុវជនដែលអាត្មានិយម រស់នៅសុខស្រួលតែខ្លួនឯងនោះឡើយ។
ប្រភពបន្តថា៖«ខ្ញុំប្តេជ្ញាចិត្តថានឹងធ្វើតាមគោលការណ៍នយោបាយរបស់គណបក្ស តម្កល់ផលប្រយោជន៍ជាតិជាធំ នឹងប្រកាន់ភ្ជាប់នូវអហិង្សា គោរពតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មិនធ្វើអ្វីដែលប្រាកចាកសីលធម៌ មិនមែនជាយុវជនដែលមានការគុំកួន លាបពណ៌ទៅកាន់អ្នកដទៃ ហើយពង្រឹងសមត្ថភាពខ្លួនឯង ឈានទៅក្លាយជាស្ត្រីម្នាក់ដែលថ្ងៃអនាគតអាចដឹកនាំ គ្រប់គ្រងប្រទេសជាតិបាន» ។
ដោយឡែក លោកបណ្ឌិត មាស នី អ្នកសិក្សាការអភិវឌ្ឈន៍សង្គម សង្កេតឃើញថា មានយុវជន គណបក្សនយោបាយ និងសកម្មជនជាច្រើនរូប ត្រូវចាប់ខ្លួន និងចោទប្រកាន់ នៅពេលពួកគេហ៊ានរិះគន់ និងតស៊ូមតិដើម្បីឱ្យមានយុត្តិធម៌សង្គ។យ៉ាងណាលោក ទទួលស្គាល់ថា អ្វីដែលគណបក្សផ្តួចផ្តើមនៅថ្ងៃនេះ វានឹងបានជាទុនមួយសម្រាប់ អ្នកដែលចង់បានលទ្ធិប្រជាធិបតេយ្យ ហើយកិច្ចការទាំងនេះ វាមិនខុសនឹងច្បាប់ទេ។
លោកបន្តថា៖ «ខ្ញុំតែងតែមានការលើកទឹកចិត្តនៅពេលដែលមានគណបក្សថ្មីៗកើតឡើង ដើម្បីជំរុញឱ្យយើងនាំគ្នាគិតអំពីប្រជាធិបតេយ្យទាំងអស់គ្នា យើងដឹងស្រាប់ហើយថា កាលធ្វើនយោបាយនៅក្នុងស្រុកយើង គឺវាមានរួមទាំងការសប្បាយ ការឈឺចាប់» ។
បើទោះជាបែបណា សម្រាប់លោកបណ្ឌិត មាស នី សង្កេតឃើញថាតាំងពីឆ្នាំ១៩៩៣ ដល់ពេលបច្ចុប្បន្ន ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មានភាពផុយស្រួយនៅឡើយ ដោយឈរលើកត្តាមួយចំនួនដូចជា ការរុញដាក់គ្នាទៅវិញមក ទៅលើស្ទង់ដានៃលទ្ធិប្រជាធិបតេយ្យដែលមានការយល់ឃើញខុសៗគ្នារវាងគណបក្សកាន់អំណាច និងបក្សមិនកាន់អំណាច។
លោកបន្តថា៖«ការធ្វើនយោបាយមិនមែនគ្រាន់តែឈានទៅរកការឈ្នះឆ្នោតទេ ក៏ប៉ុន្តែត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ សមត្ថភាពគ្រប់គ្រាន់ទាំងធនធានមនុស្ស ទាំងព័ត៌មានផ្សេងៗទាំងអស់ដែលទាក់ទងនឹងការគ្រប់គ្រងប្រទេស គឺយើងត្រូវមាននៅក្នុងដៃ ហើយធ្វើម៉េចឱ្យប្រាកដបានថានៅពេលយើងជាប់ឆ្នោតថ្ងៃណាមួយ គឺ២៤ម៉ោងក្រោយមក យើងឡើងអាចគ្រប់គ្រងប្រទេសបានដោយមិនមានការព្រួយបារម្ភ»។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានទទួលចុះបញ្ជីគណបក្សជំនាន់ថ្មីជាផ្លូវការ នៅក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ បន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាលនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ទីស្នាក់ការកណ្តាលគណបក្សថ្មីថ្មោងនេះ ស្ថិតនៅភូមច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕