ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានធ្វើពហិកាមិនចូលសវនាការ បន្ទាប់​ពីអាជ្ញាធរ​ដាក់ប៉ារាស់ រារាំង​មិន​ឱ្យក្រុម​​​អ្នកគាំទ្រ​របស់​ពួកគេ​ ចូល​ទៅ​បរិវេណ​សាលា​ដំបូងរាជធានីភ្នំពេញ ខណៈក្រុមសកម្មជនទាំង​នេះ​ យល់ថា សកម្មភាពរបស់អាជ្ញាធរ ​ជាការរឹតត្បិត​​លំហ​សិទ្ធិ​សេរី​ភាព។

ការធ្វើពហិកានេះ បានធ្វើឡើងខណៈពេល​តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្តបើក​សវនាការលើកទី២​ ជុំវិញសំណុំរឿង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ក្រោម​ការ​ចោទ​ពីបទ​ «រួមគំនិ​ត​ក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ កាលពី​សវនាការនាលើកទី១​ដែលបានធ្វើនៅ​​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០២៤ ចៅក្រម​ជំនុំជម្រះ បានសួរដេញដោល​បានតែសកម្មជនចលនាមាតាធម្មជាតិមួយរូបប៉ុណ្ណោះ គឺ​លោក យឹម លាងហ៊ី ខណៈ​ជនជាប់ចោទចំនួន ៤នាក់ទៀត​​​ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានលើកពេលសួរដេញដោល។

លោក ថុន រដ្ឋា ជាសកម្មជនចលនាមាតាធម្មជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមិថុនា​នេះ​​ថា សវនាការ​លើក​ទី២​នេះ មានការរឹតត្បិតសិទ្ធសេរីភាពជាងសវនាការ​លើកទី១ ដោយអាជ្ញាធរបានដាក់ប៉ារ៉ាស់បិទ និង​យាម​ មិនឱ្យអ្នកគាំទ្រចលនាមាតាធម្មជាតិ និងអ្នកសារព័ត៌មាន​មួយចំនួន ​ចូលបរិវេណមុខសាលា​ដំបូង​ឡើយ។ ករណីនេះ លោកថា រូបលោក​​ និងយុវជនផ្សេងទៀត សម្រេច​ធ្វើពហិកា មិនចូលសវនាការឡើយ និងទាមទារឱ្យអាជ្ញាធរ​បើកលំហរសិទ្ធិសេរីភាពឡើងវិញ។

លោកបញ្ជាក់ថា៖ «យើងមិនគេចវេសទេ បើយើងចង់គេចវេសពីនីតិវិធី យើងមានចេតនា មិនចូលទៅតុលាការ ប្រាកដជាមិនមកដល់ទីនេះទេ ឬយើងមិនចូលរួមដាច់ខាត​ចំពោះសវនាការលើកទី១ទេ ប៉ុន្តែពួកយើងបានត្រៀមខ្លួន បានមកនេះ​ដើម្បីចូលសវនាការ ប៉ុន្តែខ្ញុំចង់ឱ្យ​មានការបើកសេរីភាព សម្រាប់សាធារណជនទាំងអស់គ្នា អញ្ចឹង​នៅពេល​ណា​យើងឃើញមានការបិទសិទ្ធសេរីភាព យើងនឹងទាមទារឱ្យតុលាការបើកសេរីភាពវិញ។ យើងនឹងសប្បាយរីករាយដើរចូលតុលាការ បើសិនជាប៉ារ៉ាស់ទាំងនេះ បើកឱ្យសាធារណជនឈរនៅមុខតុលាការបាន»។

ស្របពេល​មានការរឹតបន្តឹងផ្នែកសន្តិសុខពីសំណាក់អាជ្ញាធរនោះ លោក ថុន រដ្ឋា និងយុវជនចលនាមាតាធម្មជាតិ ព្រម​​ទាំង​អ្នក​គាំទ្ររបស់ពួកគេជាច្រើននាក់ បាននាំ​គ្នា​អង្គុយក្បែរប៉ារ៉ាស់មុខផ្លូវចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​​រងចាំទទួលដំណឹងពីមេធាវីការពារសិទ្ធិ​ឱ្យ​ពួកគេ​។

សកម្មជន​ចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា ភួង កែវរស្មី លើកឡើងថា កញ្ញា និងក្រុមចលនាមាតាធម្មជាតិ​ផ្សេងទៀត មិនចូលសវនាការទេ ព្រោះអាជ្ញាធរបិទប៉ារ៉ាស់មិនឱ្យអ្នកគាំទ្រ និងអ្នកសាព័ត៌មានមួយចំនួន ចូលទៅដល់មុខ​សាលាដំបូង​។ កញ្ញាថា នៅសវនាការលើកក្រោយៗទៀត បើអាជ្ញាធរមិនបើកប៉ារាស់​នោះទេ កញ្ញានឹងនៅតែមិន​ព្រម​ចូលសវនាការដូចគ្នា។

កញ្ញាបន្តថា៖ «បើយើងភ័យខ្លាច យើងមិនហ៊ាន​មកតុលាការព្រឹក​ហ្នឹង[ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤]ទេ  យើងមាន​គោលបំណងមកចូលសវនាការ ដើម្បីធ្វើតាមនីតិវិធីសាកសួរដេញដោល ដើម្បីតតាំងយកភាពស្អាតស្អំ និងភាពយុត្តិធម៌ជូនពួកយើងខ្លួនឯង ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលគាំទ្រការងារយើង អញ្ចឹង​ពួក​យើង​មិន​បាន​ខ្លាច មិន​បាន​គេច​វេស​តុលាការទេ ប៉ុន្តែពួកយើងមិនអាចទទួលយកបានទេ ពេលដែលមានការរឹតត្បិត សូម្បីតែថ្ងៃបើក​សវនាការ ដែលពួកយើងមកដល់ផ្ទាល់​ ក៏ត្រូវដាក់ប៉ារ៉ាស់រារាំងអ្នកមកគាំទ្រ ក៏ដូចជាអ្នកមកយក​ព័ត៌មាន​ជាដើម»។

រីឯ កញ្ញាឡុង គន្ធា ជាសកម្មជនចលនាមាតាធម្មជាតិមួយ​រូប​ទៀត ដែលមិនព្រម​ចូលសវនាការលើកទី២នេះ បាន​បង្ហាញ​ពី​អារម្មណ៍​ថា កញ្ញាមានការភ័យខ្លាចនៅពេល​រងការ​គំរាមកំហែង និង​រងបណ្តឹង ជុំវិញ​​​​សកម្ម​ភាព​នានា​របស់ពួកគេ​​ដើម្បីការពារធនធានធម្មជាតិ ប៉ុន្តែ​​កញ្ញា​កាន់តែភ័យ​ខ្លាច​បន្ថែមទៀត បើសិន​​បាត់បង់ធនធានធម្ម​ជាតិ។

កញ្ញាថា៖ «យើងខ្លាច តែអ្វីដែលកាន់តែខ្លាចជាងនោះ គឺធនធានធម្មជាតិអត់ត្រូវបានការពារ នោះជារឿងដែរយើងខ្លាចបំផុត នេះជាកម្លាំងចិត្តមួយដែរយើងនៅតែបន្តរធ្វើការងារ ទោះត្រូវបានគំរាម​​កំហែង ត្រូវបានចាប់ដាក់ពន្ធនាគារ ត្រូវបានគេចោទប្រកាន់យើង​ធ្ងន់ធ្ងយ៉ាងណាក៏ដោយ យើងនៅតែបន្ត​តស៊ូក្នុងការ​ការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា»។

ចំណែក ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលមានវត្តមាននៅច្រកផ្លូវចូលទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ​ដែរ​នោះ មានប្រសាសន៍ថា លោកគាំទ្រ​នូវការសម្រេចចិត្តរបស់យុវជន​នៃច​លនាមាតាធម្មជាតិ ដែល​សុំឱ្យមេធាវីស្នើឱ្យតុលាការបើកលំហរសេរីភាព​សម្រាប់អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ ឱ្យ​​ចូល​រួម​ឃ្លាំមើល ព្រោះ​សវនាការនេះ​ធ្វើឡើង​ជាសាធារណៈ។

លោកមានប្រសាសន៍បន្តថា៖ «អាជ្ញាធរហាក់មានការព្រួយបារម្ភ ភ័យ​ខ្លាច បិទមិនឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មាន ទៅឈរឃ្លាំមើលនៅមុខតុលាការ ហើយខ្ញុំគិតថា គ្មានអ្វីលាក់បាំងទេ តុលាការត្រូវបង្ហាញ​តម្លាភាព ភាព​ស្អាតស្អំឱ្យអ្នកលើកទឹកចិត្ត អ្នកសារព័ត៌មានអាច​នៅមុខរបងតុលាការ បើមិនបានទៅចូលក្នុងបន្ទប់​សវនាការ បើបានចូលក្នុងបន្ទប់សវនាការបាន កាន់តែប្រសើរ»។

លោក សំ ចំរើន ជាមេធាវីមួយរូបក្នុងចំណោមសហមេធាវីឯទៀតដែលការពារក្តី​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ ​មានប្រសាសន៍យ៉ាងខ្លីថា ​ក្នុង​សវនាការនាព្រឹកមិញ​នេះ មានការអានចម្លើយរបស់សកម្ម​ជនទាំង៥រូប​ ដោយ​មិនមាន​ការ​​សួរដេញ​ដោលនោះទេ។  

លោកបន្ត​ថា៖ «កាលណាយើងមិនចូល[សវនាកា] យើងបាត់បង់សិទ្ធិ​ដោះសារ​ចំពោះ​បទចោទ​ប្រកាន់​មក​លើ​ខ្លួនយើង បាត់បង់សិទ្ធិនិង»។

បើតាមក្រុមយុវជនមាតាធម្មជាតិ ចៅក្រមជំនុំជម្រះបាន​សម្រេចផ្អាកសវនាការនៅព្រឹក​មិញ​នេះ​ ក្រោយ​​ស្តាប់ចម្លើយ​របស់​ក្រុមយុវជនទាំងនោះដែលអានដោយក្រឡាបញ្ជីឈ្មោះ ថុន សុវណ្ណ រួច​ ដោយ​​ចៅក្រម​​ជំនុំ​ជម្រះ​នឹង​បន្តសវនាការក្នុង​សំណុំរឿងនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បន្តទៀត។​

Newsroom Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ និង​ស្នង​ការ​ដ្ឋាននគរបាល​​រាជធានីភ្នំពេញបានទេ នៅថ្ងៃទី៥ ខែមិថុនានេះ។

ក៏ប៉ុន្តែប្រធាន​ក្រុមសន្តិសុខ បាននិយាយ​ថា តុលាការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រក្រុមចលនាមាតាធម្មជាតិ​ចូល​ទៅក្នុងបរិវេណតុលាការ ដោយហេតុថា ពួកគេអាចបង្កឱ្យកកស្ទះ​ចរាចរណ៍នៅ​មុខសាលា​ដំបូង។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការមិនចូលរួ​មសវនាការរបស់​សកម្មជន​ចលនាមាតាធម្មជាតិនេះ ជាសិទ្ធិរបស់ពួកគេ។

ប៉ុន្តែ​លោកថា៖ ‌«​ដើម្បីឱ្យសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមា​នការជជែកដេញដោលគ្នា​នៅក្នុងសវនាការ ដើម្បីទទួល​បានយុត្តិធម៌ គឺត្រូវមានវត្តមានគ្រប់ភាគីក្នុងសវនាការជារឿងល្អ ដូច្នេះតុលាការគួរពិចារណាលើចំណុចនេះ»។

លោក អំ សំអាត បន្តថា ការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចូលក្នុងសវនាការជា​សាធារណៈនេះ ជាការ​រំលោភសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគេ។

លោក​​ថា៖ «ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដើរហើរ និងអ្នកសារពត៌មាន​ មានសិទ្ធិ​ក្នុងការ​ទទួល​ព័ត៌មាន ការរឹត​ត្បិតណាមួយ​លើសិទ្ធិពួកគាត់ គឺជាការរំលោភសេរីភាពជាមូលដ្ឋានរបស់ពួកគេ។ សវនាការ ជាសវនាការសាធារណ: ដូច្នេះសាធារណជនអាចចូលរួមស្តាប់បាន ប៉ុន្តែបើសាលសាវនាការតូចដាក់សាធារណ​ជនបានតិចតុលាការអាចរកមធ្យោបាយណាមួយដែរ ដើម្បីឱ្យសាធារណជនបានតាមដានសវនាការ[…] អាជ្ញាធរ និងតុលាការ​គួរបើកទូលាយសម្រាប់​សាធារណជន និងជនជាប់ចោទក្នុងការចូលរួមសវនាការ»។

គួរជម្រាបជូន​ថា សកម្មជន​មួយ​ចំនួន​​ដែល​មានវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញនេះ ​ធ្លាប់​​​​ត្រូវ​បាន​​តុលាការ​កាត់ទោស​ ​និង​ជាប់​ពន្ធនាគារ​​​ ​ដោយសារ​ភាព​សកម្ម​និយម​អហិង្សា​របស់​ពួកគេ​ផ្នែក​កិច្ចការពារ​បរិស្ថាន​ ក្នុងនោះ​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​យឹម លាង​​​ហ៊ី​ ​និង​​​លោក​ លី ចាន់​​ដារ៉ា​វុ​ធ​ ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​និង​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជិត​ ​៥​​​ខែ​ ​ក្រោម​បទ​ចោទ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សវនាការ​នា​ពេល​​នេះ​។​

ចំណែក ​​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង គន្ធា​ ​និង​កញ្ញា​ ភួន ​កែវ​រស្មី​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​បទ​ចោទ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​ ​ទាក់ទង​នឹង​យុទ្ធនាការ​ដើរ​តែម្នាក់ឯង​របស់​កញ្ញា​ ​គន្ធា​ ​ពី​បឹង​តា​មោក​ ​ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់​អតីត​​​នាយករដ្ឋមន្ត្រី​ ​និង​បច្ចុប្បន្ន​​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ដើម្បី​​ស្នើសុំ​ឱ្យបញ្ឈប់​កា​រលុប​បឹង​តា​មោក​​។​ ​អ្នក​ទាំងនោះ​បានជា​ប់​ក្នុង​ពន្ធ​នាគា​រ​អស់​ជាង​ ​១​៤​​ខែ​ ​និង​រង​បទ​ចោទ​បន្ថែម​ទៀត​ ​ដែល​ជា​បទ​ចោទ​កំពុង​​ត្រូវ​បាន​​តុលាការ​បើកសវនាការ​២លើកមកនេះ៕