អ្នកស្រី ថុន ថាវរី ជាអ្នកនិពន្ធប្រលាមលោកបែបលើកទឹកចិត្ត។ សៀវភៅដែលធ្វើឱ្យអ្នកអានស្គាល់អ្នកស្រីច្រើន ទាំងក្នុង និងក្រៅប្រទេស គឺ «សៀវភៅនារីប្រពៃ» ឬ «A Proper Woman»។
មានសម្បុរស្រអែម សក់រួញអង្គាដីជាមួយនឹងស្នាមញញឹមស្រស់អ្នកនិពន្ធវ័យ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល រៀបរាប់ប្រាប់ Newsroom Cambodia ថា អ្នកស្រីមានក្ដីស្រមៃចង់ក្លាយជាអ្នកនិពន្ធតាំងពីអាយុ៩ឆ្នាំ។ ប៉ុន្តែកង្វះព័ត៌មានជុំវិញការនិពន្ធសៀវភៅ ក្រោយចប់បាក់ឌុបអ្នកស្រីមិនបានចាប់យកជំនាញផ្នែកនេះទេ។
ដោយមិនបានបោះបង់ចោលក្ដីស្រមៃ អ្នកស្រីថាវរី ចាប់ផ្ដើមនិពន្ធសៀវភៅបែបកុមារ បោះពុម្ពដោយអង្គការមិនមែនរដ្ឋាភិបាលមួយនៅរាធានីភ្នំពេញក្នុងឆ្នាំ២០០៩។ បន្ទាប់ពីផ្អាកមួយរយៈ អ្នកស្រីនិពន្ធសៀវភៅនារីប្រពៃ ឬ A Proper Woman ជាសៀវភៅបែបជីវប្រវត្តិពិតក្នុងឆ្នាំ២០១៦។ ក្រោយបោះពុម្ពជាសាធារណៈ ទទួលបានការគាំទ្រពីអ្នកអាន និងត្រូវបានគេអញ្ជើញទៅកម្មវិធីជាច្រើននៅក្រៅប្រទេស។ នេះជាមោទនភាពមួយសម្រាប់អ្នកស្រី។
អ្នកស្រីបន្តថា៖ «A Proper Woman (សៀវភៅនារីប្រពៃ) បកប្រែ៤ភាសា ហើយមានភាសាខ្មែរ ភាសាអង់គ្លេស ភាសាឆែក និងភាសាបារាំង។ យ៉ាងហោចណាស់ខ្ញុំជាក្មេងស្រីម្នាក់មកពីតាម ជនបទ អាចឱ្យពិភពលោកស្គាល់ពីខ្មែរយើងតាមរយៈសៀវភៅរបស់ខ្ញុំ អាចឱ្យប្រទេសផ្សេងទៀតគេទទួលស្គាល់ស្នាដៃដែលយើងធ្វើ នឹងអាចឱ្យ Publisher (អ្នកបោះពុម្ពផ្សាយ) នៅស្រុកគេទទួលស្គាល់ហើយសុំសិទ្ធិបកប្រែជាភាសាគេហើយដើម្បីចែកផ្សាយនៅប្រទេសគេ»។
អ្នកស្រីនិពន្ធសៀវភៅប្រភេទបែបជីវប្រវត្តិពិត និងស្វ័យជីវប្រវត្តិ ជាប្រលាមលោកបែបខ្សែជីវិត ដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្រី ប្រិយមិត្តអ្នកអាន និងអ្នកជុំវិញខ្លួន។ សៀវភៅទាំងនោះបានជះឥទ្ធិពលវិជ្ជមានដល់ផ្នត់គំនិតអ្នកអាន ជាផ្នែកមួយក្នុងការជំរុញការអានផងដែរ។
អ្នកស្រីថ្លែងថា៖ «ពេលដែលគាត់បានអានសៀវភៅដែលខ្ញុំនិពន្ធនឹងទៅ គាត់មានការលើកទឹកចិត្តដើម្បីឱ្យគាត់មានកំលាំងចិត្តក្នុងការបន្តក្ដីស្រមៃ ឬការងារដែលគាត់ស្រលាញ់កុំទាន់បោះបង់ចោលងាយៗ ព្រោះអីខ្ញុំបានសរសេរផ្ដល់គំនិតអប់រំច្រើន ក្នុងនឹងឆ្លុះបញ្ចាំងក្នុងតួអង្គដែលខ្ញុំបង្កើត»។
អ្នកស្រីបន្ថែមថា៖ «ទាក់ទងជាមួយនឹងរូបរាងក៏ដោយ សៀវភៅដែលខ្ញុំនិពន្ធ តួអង្គខ្ញុំអត់ស្អាត Perfect (ល្អឥតខ្ចោះ) ដូចបវរកញ្ញាទេ គឺមានល្អិត មានសក់ក្រញ៉ាញ់មានខ្មៅ មានស្អាត មានចម្រុះ ឱ្យអ្នកអានឃើញថា មនុស្សយើងអត់ដូចគ្នាទាំងអស់ទេ ហើយអត់មានអ្នកណាគេឥតខ្ចោះទេ ប៉ុន្តែអ្វីដែលគាត់មានគឺការតាំងចិត្ត និងការខិតខំប្រឹងប្រែងដើម្បីក្ដីស្រមៃខ្លួនឯង ហើយគោលបំណងខ្ញុំ ចង់ឃើញអ្នកអានពេលដែលគាត់បានអានស្នាដៃនឹងទៅ គាត់អត់បោះបង់ចោលក្ដីស្រមៃខ្លួនឯង»។
អ្នកស្រីថាវរីចំណាយពេលនិពន្ធសៀវភៅនីមួយៗមានចន្លោះរយៈពេល១ឆ្នាំ។ អំឡុងពេលនិពន្ធ អ្នកស្រីជួបផលលំបាកច្រើន ពិសេសសៀវភៅដំបូង ត្រូវចំណាយពេលយូរ កែសម្រួលសាច់រឿង បកប្រែជាភាសាបរទេស ឯបទពិសោធន៍ និងថវិការបោះពុម្ពផ្យាយក៏មានកម្រិត ពេលនោះមិនសូវមានកំណើនអ្នកអានផង។ ពេលខ្លះត្រូវរកកន្លែងស្ងាត់ ដូចជាតំបន់ភ្នំ ដើម្បីបំផុសគំនិតក្នុងការសរសេររឿង។ ទោះបីជួបឧបសគ្គយ៉ាងណា អ្នកស្រីដែលមិនគិតចង់បោះបង់ម្ដងណាឡើយ។
អ្នកស្រីប្រាប់ថា៖ «ពេលដែលខ្ញុំមានអារម្មណ៍ពិបាក ខ្ញុំត្រលប់ទៅមើលសារពីអ្នកអានដែលគាត់ផ្ញើមកថាសៀវភៅដែលគាត់បានអាន បានផ្លាស់ប្ដូរគាត់យ៉ាងម៉េចខ្លះ អ៊ីចឹងខ្ញុំផ្ដោតទៅលើចំណុចវិជ្ជមាននៃកិច្ចការរបស់ខ្ញុំ ធ្វើឱ្យខ្ញុំមានកម្លាំងបន្តទៅមុខទៀត ហើយមួយទៀតអ្នកនៅជុំវិញខ្លួនខ្ញុំគាត់គំាទ្រទាំងអស់»។
អ្នកស្រីថាវរី បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា នៅសាធារណរដ្ឋឆែកក្នុងឆ្នាំ២០១២។ គ្រួសារជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតអ្នកស្រី។ បើទោះបីជារវល់យ៉ាងណាក្ដី ក៏អ្នកស្រីផ្ដល់ពេលវេលាជាអាទិភាពចម្បងដល់គ្រួសារ។
បន្ទាប់ពីគ្រួសារ អ្នកអានជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តអ្នកស្រីថាវរី ឱ្យបន្តអាជីពជាអ្នកនិពន្ធមកដល់សព្វថ្ងៃ។ ដោយមើលឃើញគុណតម្លៃការនិពន្ធសៀវភៅ រួមទាំងអ្នកអានមានការផ្លាស់គំនិតបែបវិជ្ជមាន។
អ្នកស្រីបន្ដថា៖ «ម្នាក់នោះ [អ្នកអាន] គាត់ធ្លាប់ផ្ញើសារមកខ្ញុំថាគាត់រកបញ្ចប់ជីវិតខ្លួនឯង ហើយតែស្រាប់ តែគាត់ចាប់សៀវភៅខ្ញុំអានធ្វើឱ្យគាត់ផ្លាស់ប្តូរគំនិត ហើយប្ដូរការគិត ចឹងទើបគាត់មិនស្លាប់ខ្លួន។ ពេលដែលខ្ញុំអាន ខ្ញុំសឹងតែស្រក់ទឹកភ្នែក។ ខ្ញុំគិតថាអ្វីដែលខ្ញុំបានសរសេរពិតជាបានផ្លាស់ប្ដូរជីវិតមនុស្សម្នាក់ អ៊ីចឹងការងារខ្ញុំធ្វើសព្វថ្ងៃគឺមានតម្លៃណាស់»។
សៀវភៅដែលធ្វើឱ្យអ្នកស្រីដិតជាប់ក្នុងចិត្ត គឺសៀវភៅកាពីទែនជីវិត រឿងបែបស្វ័យជីវប្រវត្តិ ដែលបានដាក់បញ្ចូលបទពិសោធន៍ជីវិតការតស៊ូរបស់អ្នកស្រី និងមនុស្សជុំវិញខ្លួនក្នុងសាច់រឿងនោះ។ សៀវភៅនេះបានឆ្លុះបញ្ចាំងពីការតស៊ូរបស់ក្មេងស្រីម្នាក់ដែលឪពុកមិនបានផ្ដល់តម្លៃក្នុងនាមជាកូនស្រី រងអំពើហិង្សាក្នុងគ្រួសារ ប្រែពីការឈឺចាប់ ប្រឹងប្រែងរហូតបានជោគជ័យ។ ហើយបច្ចុប្បន្ននេះ អ្នកស្រីកំពុងបន្តសរសេររឿងថ្ងៃថ្មីនៅតែមាន ភាគ៣។
អ្នកស្រីថាវរី លើកឡើងថា ដើម្បីក្លាយជាអ្នកនិពន្ធ ត្រូវអានសៀវភៅ ស្វែងយល់ពីសង្គមឱ្យបានច្រើន។ ចង់ក្លាយជាអ្នកនិពន្ធព្រោះស្រលាញ់ ចែករំលែក ចំណេះដឹង ទើបទទួលបានជោគជ័យ ។
អ្នកស្រីផ្ញើសារដល់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធថា៖ «គាត់គួរតែហ៊ានចាប់ផ្ដើមសរសេរពីអត្ថបទ ឬក៏រឿងខ្លីទៅមុន ហើយព្យាយាមអានស្នាដៃអ្នកនិពន្ធផ្សេងទៀតឲ្យបានច្រើន រៀនពីរបៀបនៃអ្នកនិពន្ធផ្សេងទៀតតែងនិពន្ធ។ ប្រសិនបើគិតថាក្លាយជាអ្នកនិពន្ធនឹងក្លាយជាអ្នកមាន នោះក្ដីស្រមៃរបស់គាត់នឹងទៅមុខមិនបានឆ្ងាយឡើយ»៕