លេខាធិការដ្ឋាន គ.ស.ព.ស. ប្រកាសបដិសេធចំពោះការបង្ហោះសាររបស់ម្ចា​ស់គណនីហ្វេសប៊ុកមួយពាក់​ព័ន្ធនឹងរឿងស្តូ​​ប​វៀ​តណា​ម ហើយព្រមានចាប់ខ្លួនក្រោមហេតុផលថាដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

ការបដិសេធនេះធ្វើឡើងក្រោយម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះគ្រញូង ព្រៃឡង់ បានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែ​មិថុនា ឆ្នាំ២០២៤ ជាមួយរូបភាពមួយចំនួន ក្រោមចំណងជើងដែ​លមានខ្លឹមសារថា​«ស្តូបយួ​នសាងស​​ង់រកម៉ែវា​ស្អីនៅ​លើ​​កំពូលភ្នំដងរែកនេះ»។

ក្រោយរូបភាពនេះ ត្រូវបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម ប្រជាពលរដ្ឋបានបន្តចែករំលែក និងប្រតិកម្មដោយរិះ​​គន់​​ពាក្យ​ពេចន៍ជាច្រើន ចំពោះរូបភាពនោះ។

ភ្លាមៗ គណៈកម្មកា​រជាតិរៀបចំសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ហៅកាត់ថា គ.ស.ព.ស. បានអះអា​ង​​ថា​នៅ​ថ្ងៃសុក្រនេះថា ព័ត៌មាននោះជាការបំភ្លៃដើម្បីបំពុលមតិសាធារណៈ និងសង្គម ហើយសំណង់ ដែលសាងសង់នោះ​គឺ​​ជា​វិមានឈ្នះ​ ឈ្នះ មិនមែនជាស្តូបវៀតណាមនោះទេ។

លេខាធិការដ្ឋានគ.ស.ព.ស. បានព្រមានដោយអំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខ និងចាប់ខ្លួនអ្នកបំភ្លៃព័ត៌មានដើម្បីបំ​​ពុ​លសង្គមទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។

​លោក ​សេក សុជាតិ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ប្រាប់ញូវ៍រ៉ូមខេមបូឌា នៅថ្ងៃសុក្រនេះថា ប្រសិនជាដូចទៅនឹងការលើកឡើងរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ដែលថាស្កូបនោះពិតជាវិមានឈ្នះ ឈ្នះ រដ្ឋាភិបា​ល​​គួ​រតែប្រកាសជាសាធារណៈដើម្បីឱ្យប្រជាជនខ្មែរចូលរួមអបអរសាទរទាំងអស់គ្នា មិនគួរណាមានការលាក់បាំងដូច្នេះទេ។

យ៉ាងណាលោកថា ការព្រមានចាប់ខ្លួនរបស់លេខាធិការដ្ឋាន គ.ស.ព.ស. បែបនេះហាក់បង្ហាញពីការគំរាមគំហែង ទាក់​ទ​ង​​​ទៅ​នឹងសិទ្ធិក្នុងការបញ្ចេញមតិ ហើយសិទ្ធិនេះគួរតែបើកទូលាយឱ្យពលរដ្ឋបង្ហាញអ្វីដែលពួកគេបានដឹង។

លោកបន្តថា៖«គាត់ត្រូវតែប្រកាសព្រោះវាជាវិមានឈ្នះរបស់ខ្មែរ អញ្ចឹងមិនអាចទៅគំរាមគេទេព្រោះកន្លែងយើងឃើញហើ​​យ​ស្កុបមិត្តជ័យជំនះ ឈ្នះៗរបស់កម្ពុជានៅទីក្រុងភ្នំពេញក៏បើកឱ្យមនុស្សទាំងអស់ចូលរួម ហើយអបអរសាទរដែរ ដូច្នេះក​ន្លែ​​ងផ្សេងក៏គួរធ្វើដូចគ្នាដែរ មិនមែនវិមានឈ្នះៗ បែរទៅជាការគំរាមកំ​ហែងអ្នកដែលផ្សព្វ​ផ្សាយពីព័ត៌មាននោះ​ទៅជា​អ្នក​ជា​​​​ប់ទោសវិញ វាអត់ត្រឹមត្រូវ »។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិតរូបនេះបន្ថែមថាសមត្ថកិច្ចគួរតែពិចារណា ពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ និ​ង​​​ពិ​ភា​​ក្សាគ្នាជាអ្នកដែលប្រព្រឹត្តិមិនមែនចាំបាច់តែអនុវត្តន៍ច្បាប់ ដាក់ទោសនោះទេ។

ហាក់មិនខុសគ្នាទេ លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា ក៏យល់ស្របថាការបង្ហោះនេះ វាគឺជាសិទ្ធិ​បញ្ចេ​ញមតិ ដែលគាំពារដោយច្បាប់ទៅទៀត ឬនេះអាចចាត់ទុកថាជាការ​បង្ហាញពីចង្ងល់របស់ពលរដ្ឋដែលពួកគេបានឃើ​ញ​។លោកបន្ថែមថា ពលរដ្ឋក៏ដូចគ្នា មុននឹងនិយាយគួរពិចារណាគិតគូឱ្យបានច្បាស់ថារឿងណាពិត ឬមិនពិតដើម្បីចៀ​សវៀងការយល់ច្រឡំ និងយកបញ្ហាមកដាក់ខ្លួន។

លោកបន្តថា៖«ដូច្នេះការផុសព័ត៌មានរបស់ប្រជាពលរដ្ឋយើងហ្នឹងគួរតែផ្ទៀងផ្ទាត់ផងដែរមុននឹងទាញសេចក្តីសន្និដ្ឋាន ឬក៏យកមកផ្សាយជាសាធារណៈដើម្បីកុំឱ្យមានការយល់ច្រឡំ »។

លោកបន្ថែមថា អជ្ញាធរក៏គួរយោគយល់ អធ្យាស្រ័យ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់មុននឹងសម្រេចចាត់វិធានការតាម​​ផ្លូ​វ​​​ច្បាប់ ព្រោះប្រជាពលរដ្ឋមួយចំនួនក៏មិនសូវយល់ដឹងច្បាស់។

លោកបញ្ជាក់ថា៖«ឃើញអញ្ចឹងទៅគាត់មានការបារម្ភ ឬក៏កើតទុក្ខមិនសុខចិត្តហើយមកផុស យកមកផ្សព្វផ្សាយទៅដោ​​យ​​​សារព័ត៌មានមានកំណត់របស់គាត់ហ្នឹងក៏វាអាច ពេលខ្លះក៏វាមានការភ័នភាំង ដូច្នេះតួនាទីរបស់អជ្ញាធរគឺត្រូវតែបង្ហា​ញ​កា​​​រពិតនិងបកស្រាយ បកស្រាយផ្តល់ព័ត៌មាន​ដល់ប្រជាពលរដ្ឋវិញដើ​ម្បីកុំឱ្យមានការយល់ខុ​​សឬក៏ផ្សព្វផ្សាយព័​ត៌មានវា​បង្កើ​​ត​​​នូវការយល់ច្រឡំ[…]អជ្ញាធរក៏គួរតែបើកចិត្តឱ្យទូលាយបន្តិចដែរ កុំឱ្យប្រកាន់ច្រើន ប្រកាន់ទោស​អូសដំណើ​រច្រើន​ពេ​​​ក »៕