រដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលើលិខិតសុំទោសរបស់ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ក្រោយពីមេដឹកនាំគណបក្សរូបនេះ បានចេញលិខិតសុំទោសជាសាធារណៈទៅលោកនាយករដ្ឋមន្រ្តី ចំពោះការថ្លែងរបស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងការដឹកនាំរបស់រដ្ឋាភិបាល។
កាលពីចុងសប្តាហ៍មុននេះ មានការផ្សព្វផ្សាយនូវលិខិតសុំទោសជាសាធារណៈរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលក្នុងលិខិតនោះមានតែស្នាមមេដៃ និងមិនមានចុះកាលបរិច្ឆេទ។ លិខិតនោះ បានលើកឡើងថា លោកមានការសោកស្តាយ និងសុំទោសចំពោះមតិលើកឡើងដោយអចេតនា ក្នុងពេលដែលលោកជួបជាមួយពលរដ្ឋនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ Newsroom Cambodia នៅថ្ងៃទី១០ ខែមិថុនានេះថា រដ្ឋាភិបាលមិនទាន់មានការសម្រេចបែបណានៅឡើយទេ ចំពោះការចេញលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ដាក់មករដ្ឋាភិបាល។
លោកថ្លែងថា៖ «ចាំសម្តេច[លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត]លោកសម្រេចយ៉ាងណា ចាំជូនព័ត៌មានតាមក្រោយ»។
ទោះជាយ៉ាងណា លិខិតសុំទោសជាសាធារណៈដែលគេថា ជារបស់លោក ស៊ុន ចន្ធី ដាក់ទៅលោកនាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗនេះ គេមិនទាន់ដឹងច្បាស់នៅឡើយថា លិខិតនោះជាលិខិតចេញដោយលោក ស៊ុន ចន្ធី មែនឬយ៉ាងណា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកនៅមិនទាន់អាចសន្និដ្ឋានបានថា លិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ពិតជាចេញដោយលោក ស៊ុន ចន្ធី ផ្ទាល់ពិតមែនឬយ៉ាងណាឡើយ ព្រោះលិខិតនោះមិនបានបញ្ជាក់ពីកាលបរិច្ឆេទ និងមិនមានការបញ្ជាក់ពីសាច់ញាតិក្រុមគ្រួសាររបស់គាត់នៅឡើយ។
តែយ៉ាងណា លោកថា ការចេញលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី គឺជាសិទ្ធិបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ មិនមានអ្វីប៉ះពាល់ដល់គោលនយោបាយ ឬការដឹកនាំរបស់គណបក្សកម្លាំងជាតិទេ។
លោក រ៉ុង ឈុន ថ្លែងថា៖ «ចំពោះ[គណបក្ស]ជំហគណបក្សអត់មាន[បញ្ហា]អីទេ។ ប្រសិន[ជា]ថា លិខិតហ្នឹងពិត អាហ្នឹងគ្រាន់តែជាសេរីភាពរបស់បុគ្គលទេ មិនមែនឆ្លុះបញ្ចាំងអំពីជំហគណបក្សនោះទេ»។
ជាមួយគ្នានេះដែរ អ្នកស្រី យាន ស្រីយ៉ាន ភរិយារបស់លោក ស៊ុន ចន្ធី លើកឡើងថា អ្នកស្រីក៏មិនទាន់ដឹងថា លិខិតនោះពិតជារបស់ស្វាមីឬយ៉ាងណាឡើយ។
អ្នកស្រីថា៖ «ខ្ញុំ មិនដឹងថាលិខិត[នោះ]ជារបស់នរណា[ឡើយ]»។
ប៉ុន្តែអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានបញ្ជាក់ថា លិខិតនេះ ពិតជារបស់លោក ស៊ុន ចន្ធី ដោយសារក្នុងលិខិតមានស្នាមមេដៃរបស់គាត់ ដោយការចេញលិខិតនោះគឺធ្វើឡើងដោយការស្ម័គ្រចិត្តពិតមែន និងគ្មានការបង្ខិតបង្ខំឡើយ។ លោកបន្តថា មូលហេតុដែលលិខិតនោះរៀបចំសរសេរដោយប្រើកុំព្យូទ័រ មិនមែនជាការសរសេរដោយផ្ទាល់ដៃ ព្រោះវាជាការស្ម័គ្រចិត្តព្រមព្រៀងរវាងលោក ស៊ុន ចន្ធី និងមន្រ្តីមណ្ឌលពន្ធនាគារ។
លោកថ្លែងថា៖ «ស្នាមមេដៃដែលបានផ្តិត ពិតជាស្នាមមេដៃរបស់លោក ស៊ុន ចន្ធី ពិតមែន។ ចំពោះការផ្តិតនេះ យើងក៏បានឱ្យគាត់ពិនិត្យមើលខ្លឹមសារឃ្លាឃ្លោងនៅលើឯកសារនេះដែរ មុននឹងគាត់ផ្តិតដោយស្ម័គ្រចិត្ត»។
គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹក គ្រាដែលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ជាទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។ លោក ស៊ុន ចន្ធី ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី នឹងត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១១ ខែមិថុនា ស្អែកនេះ៕