ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ រស់នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារ​ឱ្យអាជ្ញាធរបើកទ្វារ​​ទឹកអាងត្រពាំងថ្ម ដើម្បីជួយសង្គ្រោះដំណាំ​ស្រូវជាង ២០០០ហិកតា នៅផ្នែក​ខាងក្រោមអាង ហើយភ្លាមៗនោះអាជ្ញាធរ​ក៏បាន​បើកទ្វារទឹកទៅតាមការទាមទារ​របស់ពលរដ្ឋ​។

លោក លន់ ចេងហៀង អះអាង​​ជាប្រជាពលរដ្ឋរស់នៅឃុំប៉ោយចារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ​ជាង ១០០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅអាងទឹកត្រពាំង​ថ្ម ​ទាម​ទារ​ឱ្យអាជ្ញាធរខេត្តបើកទ្វារទឹកអាងនេះ​ ដើម្បីឱ្យពលរដ្ឋ​អាចប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំស្រូវ ដែលមានផ្ទៃដីទំហំជាង ២០០០ហិកតា ខណៈដំណាំស្រូវរបស់ពួកគាត់ខ្វះទឹកស្រោចស្រព។

លោកបន្តថា កន្លងមក ប្រជាកសិករធ្លាប់បានស្នើទៅ​សាលាឃុំជាច្រើនដងមកហើយ ឱ្យ​បើក​ទឹកអាង​ត្រពាំង​ថ្ម​នេះ​ដាក់​ស្រែរបស់ពួកគាត់​ ប៉ុន្តែខាងឃុំបានឱ្យទំនាក់ទំនងទៅខាងមន្ទីរធនធានទឹកខេត្ត​វិញ។ ករណីនេះ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធ និង​មន្ទីរធនធានទឹក បើក​ទឹក​ឱ្យ​ប្រជាពល​រដ្ឋ ប្រើប្រាស់​សម្រាប់​ធ្វើស្រែប្រាំង​ឱ្យ​បានគ្រប់គ្រាន់ ដោយមិនគួរមានការ​​បង្អាក់ទឹកបែបនេះ​ទៀត​ឡើយ។

លោកថា៖ «មកពីគេអត់បើកទឹកឱ្យ​ អត់ទឹកដាក់ស្រែ ប្រជាពលរដ្ឋអត់ទឹកដាក់ស្រែ ចឹងមានតែទៅតវ៉ាសុំបើកទឹក […] កាល​មុន យើងសំណូមពរបើក គេចេះតែបើកឱ្យ ដល់ពេលដែលឆ្នាំនេះ យើង​សំណូមពរតាមរយៈឃុំទៅ ឃុំគេឱ្យស្នើទៅក្រសួងធនធានទឹក យើងស្នើតាមរយៈភូមិ ឃុំទៅអត់បាន ចឹងហើយ យើងទៅដល់កន្លែងធនធានទឹកតែម្តង» ។

ប្រជាពលរដ្ឋរស់នៅឃុំប៉ោយចារ​មួយរូបទៀត លោក ណក់ ង៉ិក បាន​ឱ្យដឹងថា មូល​ហេតុ​ដែលប្រជា​ពលរដ្ឋនាំគ្នា​ទៅតវ៉ានោះ ដោយសារតែ​មិនមានទឹក​ដាក់​ស្រែ ធ្វើឱ្យដំណាំស្រូវដែល​​ទើបតែព្រួស​រួចនោះ​​ ខ្លះងាប់ និង​ក្រៀមស្វិត។

លោកថា៖ «​មូល​ហេតុ​តវ៉ា​មក​ពី​វាលស្រែអត់​មាន​ទឹក​បូម​ដាក់​ស្រូវ តវ៉ានេះ​គ្រាន់តែសុំបើកទឹក ហើយរាំងយូរហើយ អត់មានទឹក»។

អភិបាលស្រុកភ្នំស្រុក លោក ជូ បុត្រ មានប្រសាសន៍ថា ករណីនេះ ក្រុមការងារ​បាន​សម្របសម្រួល និង​បើក​ទ្វារទឹកអាងត្រពាំងថ្ម​ជូនប្រជាពលរដ្ឋប្រើប្រាស់​​ហើយ នៅម៉ោងប្រមាណ១០ព្រឹក​ថ្ងៃពុធនេះ ហើយពលរដ្ឋទាំងនោះក៏បានរំសាយការតវ៉ាវិញដែរ។ លោកបន្ត​ថា កត្តាដែលធ្វើឱ្យមានបញ្ហានេះ ព្រោះ​ប្រជាពលរដ្ឋមិនបានដឹងអំពីបំរាម ដែលមិនឱ្យប្រជាពលរដ្ឋធ្វើស្រូវក្នុងរដូវប្រាំង។

លោកថ្លែង​ថា៖ «កន្លងមកអត់ដែលមានរឿងបែបនេះទេ គាត់ធ្វើស្រែ គឺចង់​និយាយ​អី​ចេះ បំរា​មគេចេញលិខិត​ហាមឃាត់​ហើយ លិខិត​ហ្នឹង​ណា [ការហាមឃាត់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង] ដល់តែពេលលោកអត់បានស្តាប់ចេះតែធ្វើទៅ វាមានបញ្ហា គ្រោះរាំងស្ងួតវាកើតឡើងចឹងទៅ ទឹក​វា​ខ្វះ​ វាតែប៉ុណ្ណឹងទេ ហើយក្រុមការងារទាំងអស់បានសម្របសម្រួលគ្នាអស់ហើយ»។

ទោះបីជាយ៉ាងនេះក្តី អ្នក​សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ចាន់គា សង្កេតឃើញថា​ ករណីតវ៉ារបស់ប្រជាពលរដ្ឋ តែង​តែ​កើត​មាន​ជា​រឿយៗ​​នៅតំបន់អាងត្រពាំងថ្មនេះ ដោយសារតែប្រជាពលរដ្ឋ​ខ្វះ​ទឹក​ស្រោច​ស្រព​ដំណាំ​ស្រូវ នៅរដូវប្រាំង នៅពេល​អាជ្ញាធរមិនបើកទឹក​អាងឱ្យ ខណៈនៅរដូវវស្សា​ពលរដ្ឋ​​នៅ​តំបន់​ផ្នែកខាង​ក្រោមអាង មានការលិចលង់​។

ករណីនេះ លោកយល់ថា អាជ្ញាធរ​គួរតែ​​បង្តើត​គណកម្មការគ្រប់គ្រងនៅតំបន់អាងត្រពាំងថ្មនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។​

លោកមានប្រសាសន៍ថា៖ «ជាធម្មតា ខ្ញុំគិតថា អ្វីដែលសំខាន់​ធ្វើយ៉ាងណា​ដើម្បីជួយប្រជាពលរដ្ឋឱ្យបានល្អ គឺគួរមាន​គណកម្មការ បង្កើតឡើងថាតើប្រជាពលរដ្ឋឥលូវស្រូវ​ស្វិត ត្រូវបើកទឹកយ៉ាងម៉េច​ ត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឱ្យទឹកហ្នឹង​គ្រប់គ្រាន់​សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ មិនចាំបាច់ប្រជាពលរដ្ឋហ្នឹងទៅធ្វើការតវ៉ា ឬក៏អីទេ ព្រោះយើងមានគណកម្មការគ្រប់គ្រងទៅលើគ្រោះមហន្តរាយនៅកន្លែងហ្នឹង ខ្ញុំគិតថា ដោះស្រាយដល់ប្រជាពលរដ្ឋទាន់ពេល ហើយទី២ ខែលិចអីហ្នឹង ត្រូវធ្វើយ៉ាងម៉េច​ដើម្បីកុំឱ្យមានការលិច»

លោក ស៊ុំ ចាន់គា បន្តថា ប្រសិនបើមិនបង្កើតគណកម្មាការគ្រប់គ្រង និងតាមដានស្ថានភាពនៅ​តំ​បន់​អាងទឹកត្រពាំងថ្មនេះ ឱ្យ​​បាន​ដិតដល់​ជាមួយ​ប្រជាពលរដ្ឋទេ នោះនឹង​ធ្វើឱ្យបាត់បង់ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដូចជា ការប្រមូលទិន្នផលស្រូវជាដើម៕