ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានដាក់សំណើទៅក្រសួងការបរទេសជប៉ុ​​ន ដើម្បីទាមទារឱ្យបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដូចដែលសហរដ្ឋអាមេរិកធ្លាប់អ​​នុវ​ត្ត​​ដែ​រ។

ថ្លែងប្រាប់គេហទំព័រ Newroom Cambodia តាមសារអេឡិចត្រូនិច នៅថ្ងៃទី១៣ មិថុនា នេះលោក គង់ ជិ និយាយថា លោក និងក្រុមការងារនៅប្រទេសជប៉ុន បានដាក់សំណើរួចទៅហើយទៅក្រ​សួង​ការបរទេ​ស​​ជ​ប៉ុន ដើម្បីជំរុញឱ្យប្រទេសគោរពប្រជាធិបតេយ្យមួយនេះ បង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ព​ស់រដ្ឋាភិបាលមួ​យ​ចំ​​​នួន​ ដែលជាខ្សែស្រឡាយរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។ លោកបន្តថា ញត្តិដែ​​លដាក់​កា​​ល​​ពី​​ដើមសប្តាហ៍នេះ មន្រ្តីការបរទេសរបស់ជប៉ុនបានទទួលយកទៅពិនិត្យរួចហើយ។

លោកបន្តថា៖ «នៅថ្ងៃទី១០មិថុនា ខ្ញុំបានទៅក្រសួងការបរទេសជប៉ុនហើយញត្តិទៅដាក់ ហើយខ្ញុំបានជួបតំណាងក្រសួងការបរទេស ហើយក្នុងញត្តិនោះខ្ញុំមានសំណួរសួរទៅកាន់គាត់ ក្នុងនាមក្រសួងបរទេសគេធើ្វ​ទាំ​ង២ ទាំងប្រជាធិបតេយ្យ​ ទាំងគណបក្សកាន់អំណាចសុំស្នើយកទៅដាក់គេទទួលគេនឹងយកទៅពិចា​រ​ណា​។ ខ្ញុំស្នើឲ្យបង្កកទ្រព្យសម្បត្តិលោកស្រី ហ៊ុន ម៉ាណា លោក នេត សាវឿន លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអ​​មសាលាដំបូងរាជធានីភ្នំពេញ »

បើតាមលោក គង់ ជិ ញត្តិដែលដាក់នៅក្រសួងបរទេសជប៉ុន ក្រុមការងាររបស់លោកបានដាក់កាល​ពីថ្ងៃ​​ទី​១​០ មិថុនា ឆ្នាំ២០២៤។ ការដាក់ញត្តិនេះ ធ្វើឡើងក្រោយពេលពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន​​ប្រមាណ​៣​​​០០នាក់ ធ្វើបាតុកម្ម​​ដើ​ម្បី​ស្នើ​ឱ្យរដ្ឋាភិបាលជប៉ុន ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលខ្មែរ ដោះលែងអ្ន​កទោស​​ន​​យោបាយរបស់​​បក្ស​ជំ​​ទា​ស់ឱ្យមានសេរីភាពវិញ។

គេហទំព័រ Newsroom Cambodia មិនអាចស្វែងរកការបំភ្លឺបានទេពីមន្រ្តីការបរទេសជប៉ុន និងមន្រ្តីនាំ​ពា​​ក្យ​​​ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃនេះ។

ចំណែកអ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា លោក ហុក សុភា បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ ដោយលោកអះអាងដោយខ្លីថា កិច្ចការនេះខ្លួនមិនមែនជាអ្នកទទួលបន្ទុកទេ។

លោកបន្តថា៖ «សូមទាក់ទងទៅ ព្រោះគាត់នឹងរាយការណ៍ពីសំណើ គាត់ជាប្រធាននាយកដ្ឋានព័ត៌មាន»

យ៉ាងនេះក្តី ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា លោក សុខ ធា ឆ្លើយតបថា ចំពោះ​ល​​​​ទ្ធ​ផលបែបណានោះ ត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំកំពូលរបស់ក្រសួងការបរទេសជាមុនសិន។

លោកបន្តថា៖ «សូមអនុវត្តតាមការណែនាំរបស់គាត់»

សម្រាប់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ចំអកឱ្យថា ការទាមទារ​របស់ក្រុ​មជំទា​​​ស់នេះ នឹងមិនមានឥទ្ធិពលណាមួយក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុននោះទេ។ ផ្ទុយទៅវិញ អ្វីដែ​ល​អ្នកគាំទ្របក្សជំទាស់ធ្វើនេះ នឹងរុញប្រជាប្រិយភាពរបស់គណបក្សប្រឆាំងត្រូ​​វថមថយកា​​រគាំទ្រ​បន្ថែ​​ម​ទៀ​ត។

លោកបន្តថា៖ «សំឡេងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសគ្មានទម្ងន់អ្វីសូម្បីបន្តិចទៅលើរដ្ឋាភិបាលជប៉ុន ក៏ដូចជារដ្ឋាភិបាលប្រទេសផ្សេងទៀតដែរ។ ពួកគេប្រឆាំងគ្មានគោលការណ៍ គ្មានទិសដៅ ប្រឆាំងដើម្បីតែប្រឆាំងសូម្បីតែប្រយោជន៍ជាតិ។នេះជាហេតុផលដែលធ្វើឱ្យសំឡេងពួកគេកា​ន់តែ​​​​​អ៊ីវទៅៗដូចចង្កៀងអស់ប្រេង »

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ដើម្បី​​ឱ្យ​​កា​រទាមទារនេះមានទម្ងន់ខាងនយោបាយ លើកលែងតែអ្នកស្នើធ្វើឡើងដោយ​មានភស្តុតាងដាក់បន្ទុកគ្រ​ប់​​គ្រា​​ន់​។ ជាងនេះទៅទៀត ពួកគេត្រូវរកឱ្យឃើញពីទ្រព្យធនដែលមន្រ្តីរងការចោទប្រកាន់ទាំងនោះធ្លាប់កេ​ង​​​ប្រ​​វ័ញ្ច ក្រោមរូបភាពនៃអំពើពុករលួយ ក្នុងពេលដែលពួកគេនៅមានអំណាច។

លោកបន្តថា៖ «យើងត្រូវបញ្ជាក់ថាវត្ថុបំណងប្រឆាំងហ្នឹងអំពើពុករលួយ ដោយសារតែវាមានភស្តុតាងមានអំណះអំណាងមួយចំនួនដែលបញ្ជាក់ទ្រព្យសម្បត្តិរបស់មន្រ្តីវាជាទ្រព្យសម្បត្តិដែលបានមកពីអំពើមិនស្របច្បាប់ ដោយសារតែអំពើពុករលួយនៅពេលដែលគាត់កំពុងនៅឬក៏កាន់ការនៅក្នុងរាជការ យើងមើលថាតើមានលក្ខណៈសមស្របដែរឬទេ»

ទាក់ទិនការបង្កកទ្រព្យសម្បត្តិនេះដែរ សហរដ្ឋអាមេរិកធ្លាប់បានបង្កើតច្បាប់មួយចំនួនដាក់ទណ្ឌកម្មប្រ​​ឆាំ​​​​ងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយមិនឱ្យជាន់ទឹកដីអាមេរិកជាដើម។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជា រួមទាំ​​ង​​លោក ហ៊ុន សែន ផង ក្នុងពេលដែលលោកនៅកាន់អំណាចក្នុងតំណែងជានាយករដ្ឋន្រ្តីនៅឡើយ បាន​​ជំ​​​រុ​​​ញបន្ថែមទៀត ឱ្យអាមេរិកធ្វើច្បាប់ឱ្យបានលឿន និងបង្កកទ្រព្យសម្បត្តិចុះ បើរកឃើញថាពិតជាមានប​ញ្ហា​​បែ​​បនេះមែន៕