មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល នៅចុងខែមិថុនានេះ បន្ទាប់ពីសាលាឧទ្ធរណ៍បាត់ដំបង សម្រេចតម្កល់សាលក្រម ដែលផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធការណែនាំឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។
កាលពីថ្ងៃទី១២ ខែមិថុនា សាលាឧទ្ធរណ៍បាត់ដំបង សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល ដោយផ្ដន្ទាទោស លោក ចៅ វាសនា ដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង» តាមបញ្ញតិមាត្រា ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធតេលេក្រាម។
អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង លោកស្រី ទៀង សំបូរ មានប្រសាសន៍ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធូ មណី បានសម្រេចតម្កល់សាលក្រមនេះ ក្រោមហេតុផលថា តុលាការមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក ចៅ វាសនា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន។
ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនជាប់ចោទ និងមេធាវីការពារក្ដី បានប្រឆាំងចំពោះការអះអាងបែបនេះ ដោយសំអាងថា អង្គហេតុដែលតុលាការលើកយកមកសួរដេញដោល ផ្ទុយគ្នាទៅនឹងអង្គហេតុ ដែលតុលាការសម្រេចចោទប្រកាន់លើ លោក ចៅ វាសនា។
លោក អែម ចន្ថា មេធាវីការពារក្តីឱ្យលោក ចៅ វាសនា បានថ្លែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេលយ៉ាងយូរពីរសប្ដាហ៍ទៀត លោកនឹងដាក់ពាក្យបណ្ដឹងសារទុក្ខទៅកាន់តុលាការកំពូល ជុំវិញសំណុំរឿងនេះ។
លោកថា៖ «យល់ឃើញថា មិនបានផ្ដល់ភាពយុត្តិធម៌ដល់កូនក្ដីយើង តាមរយៈអង្គហេតុ ឃើញថាកូនក្ដីយើងមិនបានប្រព្រឹត្តដូចបទចោទ»។
បើតាមមេធាវីការពារជនជាប់ចោទរូបនេះ ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺជា លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
គេហទំព័រ Newsroom Cambodia បានសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក អ៊ំ រាត្រី ដែរ ប៉ុន្តែលោកថាកំពុងជាប់រវល់។
អ្នកស្រី ចៅ រតនៈ ជាកូនស្រីរបស់លោក ចៅ វាសនា បានលើកឡើងថា អ្នកស្រី និងឪពុក បានឯកភាពគ្នាឱ្យមេធាវី ប្ដឹងជំទាស់ការតម្កល់សាលក្រម ទៅតុលាការជាន់ខ្ពស់ ដោយយល់ថា តុលាការជាន់ទាបមិនមានហេតុផលសមរម្យក្នុងការរក្សាបទចោទឡើយ។
អ្នកស្រីថា៖ «ខ្ញុំយល់ថា [កាត់ក្ដី] មិនត្រឹមត្រូវសម្រាប់គាត់ សូម្បីតែការកាត់បន្ថយឬក៏មានការដកក្នុងការដាក់ទោសគាត់ខ្លះគឺអត់មាន គឺរក្សាទោសគាត់១០០ភាគរយ។ ចឹងខ្ញុំយល់ថា មិនយុត្តិធម៌សម្រាប់ឪពុកខ្ញុំទេ ហើយឪពុកខ្ញុំក៏មិនទទួលយកបានដែរ ចឹងមានតែទៅ[តុលាការ]កំពូលបន្តទៀត»។
អ្នកស្រី អះអាងថា កាលពីសវនាការកន្លងទៅ ចៅក្រមបានចោទសួរអំពីសកម្មភាព លោក ចៅ វាសនា ក្នុងគ្រុបស៊ីកណល(Signal) ដែលជាគ្រុបឯកជនរបស់បក្សភ្លើងទៀន ប៉ុន្តែបទចោទប្រកាន់ បែរជាពាក់ព័ន្ធនឹងសកម្មភាពក្នុងគ្រុបតេលេក្រាមឈ្មោះ «Sabai សប្បាយ» វិញ។ អ្នកស្រី បន្តថា តុលាការបានចោទប្រកាន់លោក វាសនា ពាក់ព័ន្ធនឹងរូបភាពដែលត្រូវបានបង្ហោះក្នុងគ្រុបតេលេក្រាមឈ្មោះ «Sabai សប្បាយ» ដោយតាមចោទថា បានញុះញង់ពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោត។
អ្នកស្រីបន្ថែមថា លោក ចៅ វាសនា មិនបានជាសមាជិកក្នុងគ្រុប «Sabai សប្បាយ» នេះឡើយ ដោយមានបុគ្គលឈ្មោះ សៅ ឧត្តម ដែលចុះចូលជាមួយបក្សកាន់អំណាច បានយករូបភាពរបស់គាត់ ដែលបង្ហោះក្នុងគ្រុបស៊ីកណលបក្សភ្លើងទៀន ទៅបង្ហោះបន្តក្នុងគ្រុបតេលេក្រាមនោះ។ បន្ថែមពីលើនេះ អ្នកស្រីថា ទាំងសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍បាត់ដំបង បានកាត់ក្ដី ដោយមិនកោះហៅលោក សៅ ឧត្តម មកបំភ្លឺនោះទេ។ ជុំវិញករណីផ្តន្ទាទោសមន្រ្តីបក្សប្រឆាំងនេះ កាលពីថ្ងៃទី១៣ ខែមិថុនា សាលាដំបូងបាត់ដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឫស្សី លោក អ៊ុត ជឿន ដាក់ពន្ធនាគារចំនួន ៧ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់» និងចេញដីកាឱ្យចាប់ខ្លួនផងដែរ៕