ភ្នំពេញ៖ ក្នុងបរិវេណមួយដែលមានផ្ទះល្វែងព័ទ្ធជុំវិញបង្កជាបរិយាកាសអ៊ូអរដោយសំឡេងក្មេងរត់លេងលាយឡំជាមួយធុងបាស់បន្លើគ្រប់ទិសផង អ្នកស្រី វ៉ាន់ ផាន់ណា អាយុ៣៤ឆ្នាំ កំពុងបោកខោអាវនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងទីក្រុងភ្នំពេញ។
អ្នកស្រី វ៉ាន់ ផាន់ណា សព្វថ្ងៃជាកម្មការីនីរោងចក្រក្នុងរាជធានីភ្នំពេញ ដែលបានប្រើប័ណ្ណប.ស.សអស់៥ឆ្នាំមកហើយ។ អ្នកស្រីត្អូញថាមន្ទីរពេទ្យដៃគូរបស់ប.ស.សមួយចំនួនដែលអ្នកស្រីធ្លាប់ទៅ មិនសូវយកចិត្តទុកដាក់មកលើខ្លួនទេ និងបញ្ចេញអាក្បកិរិយាមិនសមរម្យផងដែរ។
អ្នកស្រីថ្លែងប្រាប់ Newsroom Cambodiaថា៖ «ពេលពួកខ្ញុំទៅមន្ទីពេទ្យគឺពួកគាត់មិនយកចិត្តទុកដាក់ទេហើយយកទុកចោលអ៊ីចឹងទៅ និយាយរួមគឺពិបាក។ ពេលទៅពេទ្យអត់មានអ្នកណាមកមើល ការដាក់ថ្នាំនិងដាក់សេរ៉ូមអីតែងតែទុកពួកយើងចោលអ៊ីចឹង។ ទាល់តែយើងមានការងារដែលត្រូវតវ៉ាជាមួយពួកគាត់ច្រើនអ៊ីចឹងទៅបានគាត់ឆ្លៀតមកមើលយើង»។
អ្នកស្រី សង្គេតឃើញថា អ្នកចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួនមានឥទ្ធិពល និងទទួលបានសេវាល្អជាងអ្នកប្រើប្រាស់សេវាប.ស.ស។
អ្នកស្រី វ៉ាន់ ផាន់ណា ជាម្នាក់ក្នុងចំណោមកម្មករនិយោជិតយ៉ាងហោចណាស់៦៦ម៉ឺននាក់នៅកម្ពុជា ជាប្រទេសដែលមានរោងចក្រសហគ្រាសចំនួនប្រមាណជាង៩ពាន់កន្លែង។ នេះបើតាមតួលេខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២៣។
ថ្វីត្បិតតែច្បាប់ស្តីពីរបបសន្តិសង្គមកំណត់ថាកម្មករទទួលបានអត្ថប្រយោជន៍នានាពីមន្ទីរពេទ្យដៃគូ ក៏ប៉ុន្តែមិនមែនគ្រប់កម្មករទាំងអស់ដែលប្រើប្រាស់ប័ណ្ណប.ស.ស សុទ្ធតែទទួលបានផលប្រយោជន៍ពេញលេញដោយគ្មានបញ្ហាប្រឈមនោះទេ។ សង្គមស៊ីវិល និងកម្មករកម្មការនីស្នើឱ្យរាជរដ្ឋាភិបាលផ្តល់អត្ថប្រយោជន៍បន្ថែមលើសមាជិកប្រើប្រាស់ប័ណ្ណប.ស.ស និងសំណូមពរឱ្យពេទ្យដែលជាដៃគូយកចិត្កដាក់ស្មើៗគ្នាចំពោះអ្នកប្រើប្រាស់សេវាប.ស.ស និងអ្នកប្រើលុយផ្ទាល់ខ្លួន។
អ្នកស្រី វ៉ាន់ ផាន់ណា រៀបរាប់ពីបទពិសោធន៍ខ្លួនថាពេលខ្លះទាល់តែមានខាងសហជីពជួយសម្របសម្រួល ទើបខាងពេទ្យមកអើពើជាមួយពួកគាត់។ អ្នកស្រីបានសំណូមពរឱ្យរាជរដ្ឋាភិបាលនិងស្ថាប័នប.ស.ស ផ្តល់សេវាឱ្យកម្មករកម្មការិនីឱ្យបានល្អ។ នេះក៏ដោយសារកម្មករបានចូលរួមបង់សេវារាល់ខែ ទោះជាពួកគេទៅ ឬមិនទៅទទួលសេវាជាប្រចាំក៏ដោយ។
អ្នកស្រីសង្ឃឹមថាពេទ្យនៅបម្រើការងារតាមស្ថាប័ននានាមិនរើសអើងកម្មកររោងចក្រពេលទៅទទួលសេវាផ្សេងៗនៅមន្ទីពេទ្យដៃគូ និងព្យាបាលដោយស្មើភាពគ្នាទាំងចំពោះអ្នកប្រើប័ណ្ណប.ស.ស និងអ្នកប្រើលុយផ្ទាល់ខ្លួន។
អ្នកស្រី វ៉ាន់ ផាន់ណា នៅតែសង្ឃឹមថារាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ស្តាប់ និងឆ្លើយតបទៅនឹងបញ្ហារបស់កម្មករនិយោជិត ហើយអ្នកស្រីចង់ឃើញការសន្យានានាដែលក្រសួងធ្លាប់ផ្តល់ឲ្យក្លាយជាការពិត និងចេញជាផ្លែផ្កានាពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណា អ្នកស្រីក៏កត់សម្គាល់ឃើញពីភាពប្រសើរជាបន្តបន្ទាប់ និងផលប្រយោជន៍កាន់តែទូលាយជាងមុន បើទោះជានៅមានការរើសអើងខ្លះៗមកលើក្រុមកម្មករនៅឡើយ។
អ្នកស្រី សុខ សាវ៉េត មានអាយុ៣២ឆ្នាំ សព្វថ្ងៃជាកម្មការីនីរោងចក្រក្នុងរាជធានីភ្នំពេញ បានប្រាប់ Newsroom Cambodia ថាបទពិសោធន៍ប្រើប្រាស់សេវាកម្មប.ស.ស មានទាំងល្អ និងរកាំរកោះ ហើយការទិញថ្នាំប្រើប្រាស់ខ្លះត្រូវចំណាយលុយផ្ទាល់ខ្លួន។ អ្នកស្រីបន្តថា ពេលខ្លះទៀតគ្រូពេទ្យមួយចំនួនក៏មានប្រើប្រាស់ពាក្យសម្តីគំរោះគំរើយ ជាពិសេសនៅពេលមមាញឹកខ្លាំង។
អ្នកស្រីថ្លែងថា៖ «ដោយពេទ្យដែរ ពេទ្យខ្លះរាងស្រួលជាមួយយើង ពេទ្យខ្លះរាងសម្តីអត់សូវស្រួលជាមួយយើងដែរអ៊ីចឹងទៅ មិនទាំងអស់គ្នា។ ពេទ្យខ្លះគេស្តីឱ្យយើងដែរ មិនល្អទាំងអស់ទេ ទ្រាំទៅធ្វើម៉េចវាមិនអស់លុយ»។
ចំណែក អ្នកស្រី ប៉ូច វណ្ណា មានអាយុ៥៣ឆ្នាំ សព្វថ្ងៃជាកម្មការនីរោងចក្រនៅ សង្កាត់កាកាប នៃខណ្ឌពោធិ៍សែនជ័យ ប្រាប់ Newsroom Cambodia ពីបទពិសោធន៍វិជ្ជមានចំពោះការប្រើប្រាស់ប័ណ្ណប.ស.សអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។ អ្នកស្រីថា ប័ណ្ណប.ស.សបានជួយសម្រាលបន្ទុក ចំណាយថ្លៃថ្នាំពេទ្យ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
អ្នកស្រីរំឮកពីការលំបាកមុនពេលខ្លួនមានប័ណ្ណប.ស.សយ៉ាងដូច្នេះ៖ «ខ្ញុំបានប្រើប័ណ្ណប.ស.ស តាំងពីឆ្នាំ២០០៧ វាមានផលប្រយោជន៍ច្រើនពេលអ្នកជំងឺឈឺទៅពេទ្យអត់អស់លុយ ហើយគេពិនិត្យយើងដោយយកចិត្តទុកដាក់ទាំងអស់ដែលអត់មានរើសអើងថាអ្នកមានប័ណ្ណក្រីក្រប.ស.ស និងអ្នកមានលុយទេគឺមើលស្មើៗគ្នា»។
ទោះបីជាកម្មករកម្មការនីមួយចំនួនដែល Newsroomបានជួបសម្ភាសលើកឡើងពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃប័ណ្ណប.ស.សយ៉ាងណា ក៏ប៉ុន្តែប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មើលឃើញពីគម្លាតរវាងកម្មករកម្មការនីប្រើប័ណ្ណប.ស.ស និងអ្នកប្រើលុយផ្ទាល់ខ្លួន។ ប្រធានសហព័ន្ធសហជីពរូបនេះថា រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខមាលភាព និងការព្យាបាលរបស់អ្នកជម្ងឺ ជាពិសេសមិនគួរតម្រូវឲ្យកម្មករបង់ប្រាក់ជាមុន មុនពេលព្យាបាលនោះទេ។
អ្នកស្រីពន្យល់បន្ថែមថា កម្មករក៏មានការលំបាកទទួលបានសំបុត្រពេទ្យ ឬការអនុញ្ញាតិឲ្យសម្រាកនៅមន្ទីរពេទ្យដែលជាលក្ខខណ្ឌតម្រូវដើម្បីបានច្បាប់សម្រាកពីការងារថែមទៀតផង។
យ៉ាងណាក៏ដោយ អ្នកស្រី យ៉ាង សុភ័ណ្ឌ ទទួលស្គាល់អត្ថប្រយោន៍នៃប័ណ្ណប.ស.សមានបីចំណុចសំខាន់ៗ ជាអាទ៍ការផ្តល់ការថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្តន៍។ ហើយជាពិសេសនោះ អ្នកស្រី យ៉ាង សុភ័ណ្ឌ កោតសរសើរពីភាពប្រសើរឡើងចំពោះកម្មករនិយោជិកជាស្ត្រីមានផ្ទៃពោះ ដោយសារពួកគេអាចទទួលបានការចាក់វ៉ាក់សាំងតាំងពីគាត់ចាប់ផ្តើមមានផ្ទៃពោះរហូតដល់កូនគាត់សម្រាល ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀលពីរដ្ឋផងដែរ។
អ្នកស្រីលើកឡើងថា៖ «នៅពេលដែលកម្មករគាត់ឈឺគាត់អីអ៊ីចឹងទៅគាត់ទៅទទួលសេវារ៉ាប់រងផ្នែកព្យាបាលហ្នឹងពីមន្ទីពេទ្យសាធារណៈរបស់រដ្ឋឬក៏មន្ទីពេទ្យដៃគូររបស់រដ្ឋ។ នៅពេលកម្មករគាត់គ្រោះថ្នាក់គឺគាត់នយោជិកហ្នឹងគាត់មានសិទ្ធិទៅទទួលសេវាកម្មពីពេទ្យដូចគ្នាដែរហើយមួយទៀតពាក់ព័ន្ធជាមួយថ្មីៗហ្នឹង គឺរដ្ឋាភិបាលបានប្រកាសឱ្យយើងបានរបបសោធននិវត្តន៍»។
ច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលត្រូវបានដាក់ឲ្យប្រើកាលពីឆ្នាំ២០១៩នេះ បង្កើតឡើងដើម្បីធានាឲ្យមានសមធម៌ និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះគិតទាំង ប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារនានា។ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានរបស់កម្មករនិយោជិត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ស្ថេរភាពសង្គម។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមបានប្រាប់ Newsroom Cambodia ថាចំនួនកម្មករនិយោជិតដែលប្រើប្រាស់ប័ណ្ណប.ស.សមានទាំងកម្មករនិយោជិតឯកជន និងវិស័យវាយនភ័ណ្ឌ។ ហើយប័ណ្ណសមាជិកនេះ ផ្តល់អត្ថប្រយោជន៍ដល់ទាំងបុគ្គលក្នុងវិស័យសាធារណៈ បុគ្គលវិស័យឯកជន បុគ្គលស្វ័យនិយោជន៍ [សំដៅដល់បុគ្គលដែលប្រកបការ ងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង] និងអ្នកក្នុងបន្ទុកគ្រួសារសមាជិក ប.ស.ស.។ អត្ថប្រយោជន៍ទាំងនេះក៏គ្របដណ្តប់លើគ្រោះថ្នាក់ការងារនានា ដែលនឹងរួមចំណែកលើកកម្ពស់សុវត្ថិភាពនិងសុខភាពនៅកន្លែងការងារតាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ដល់សមាជិក។
លោកបន្តថា៖ «គឺមានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ សេវាស្តារនីតិសម្បទា វិភាជន៍បូជាសព និងធនលាភឧត្តរជីវីអីជាដើម»។
គិតត្រឹមថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានសមាជិក ២លាន ១៥ម៉ឺននាក់ មានកម្មករនិយោជិតក្នុងវិស័យឯកជនប្រមាណ ១លាន ៥០ម៉ឺននាក់។ ដោយឡែកបើគិតតែវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប មានសរុបចំនួនជាង៨១ម៉ឺននាក់៕