ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដាក់ក្តីបារម្ភចំពោះសុវត្តិភាពពេលជិះទូកចម្លងក្រោយមានឧបទ្ទវហេតុលិចទូកដែលបណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់ បើទោះបីជាមានការចេញសារាចរណែនាំពីក្រសួងសាធារណការ និងដឹកជញ្ចូនឱ្យម្ចាស់អាជីវកម្មបង្កើនការប្រុងប្រយ័ត្នយ៉ាងណាក្តី។
លោក ចៅ ចាន់ណា ជាប្រជាពលរដ្ឋម្នាក់ដែលប្រើប្រាស់ទូកចម្លងធ្វើដំណើរនារដូវវស្សាក្នុងខេត្តកំពង់ធំ យល់ឃើញថាការធ្វេសប្រហែសក្នុងពេលចម្លងទូកនេះបណ្តាលឱ្យមានហេតុការលិចទូកជារៀងរាល់ឆ្នាំតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «មានស្ទើររាល់ឆ្នាំប៉ុន្តែគ្រាន់តែថានៅកន្លែងផ្សេងៗគ្នាចឹងហាស និយាយទៅបញ្ហាទាំងអស់ហ្នឹងវាកើតឡើងជាយថាហេតុចឹងយើងអត់អាចស្មាន ប៉ុន្តែសំខាន់អាហ្នឹងលុះត្រាតែអ្នកចម្លងទូក និងអ្នកដែលត្រូវជិះហ្នឹងមានទំនួលខុសត្រូវរៀងៗខ្លួន»។
មិនខុសពីពលរដ្ឋនៅតំបន់ផ្សេងទៀតឡើយ លោក ចាន់ណា តែងមានការបារម្ភខ្លាចឧបទ្ទវហេតុកើតឡើងពេលឆ្លងទឹក ជាពិសេសសិស្សានុសិស្សដែលត្រូវឆ្លងទៅសាលារៀន និងសំណូមពរឱ្យមានស្ពានឆ្លងកាត់ដើម្បីធានាបាននូវសុវត្តិភាព។
លោកបន្តថា៖«បារម្ភ ទាក់ទងហ្នឹងយើងវាមានកូនក្មួយដែរដែលគាត់ឆ្លងទៅរៀននៅវិទ្យាល័យ សាលាហ្នឹងគឺគាត់ត្រូវការឆ្លងទូកដរដល់រដូវវស្សាហ្នឹងឯង […] ជាការល្អហ្នឹងចង់ស្នើរឱ្យបានស្ពានឆ្លងស្ទឹងហ្នឹងស្រួល នៅតំបន់កន្លែងខ្ញុំហ្នឹងវាផ្លូវត្រូវវាចំទីប្រជុំជនដែរ [..] បើមានស្ពានថ្មមួយកាន់តែល្អ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរផងនិងកូនសិស្សឆ្លងទៅរៀនវិទ្យាល័យផង» ។
កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីណែនាំ ឱ្យម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ ពង្រឹងវិធានការសុវត្ថិភាព និងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងចំនួន ១១ ចំណុចដូចជា ត្រូវមានសម្ភារៈការពារសុវត្តិភាព ដូចជាពោងសុវត្ថិភាព អាវពោង និងភ្លើងបំភ្លឺជាដើម។ជាងនេះទៀតត្រូវផ្អាកការធ្វើដំណើរសិនក្នុងករណី អាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ឬខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់។
លោក សៅ នី រស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយតែងធ្វើដំណើរតាមទូកដរជាប្រចាំ បានលើកឡើងថា លោកមានក្តីបារម្ភពីសុវត្តិភាពពេលធ្វើដំណើរតាមផ្លូវទឹកម្តងៗ ដោយពេលខ្លះមិនបានពាក់អាវពោងការពារស្រួលបួល។
លោកបន្តថា៖« ការឆ្លងទូកនេះ យើងមើលទូទៅទៅ យើងការពារតែពេលមានបញ្ហាទេ ក្រោយបញ្ហាយើងការពារ ក្រោយពីស្ងប់ស្ងាត់ទៅក៏ [ឈប់ការពារ ព្រោះគិតថាមិនអី] »។
ទាក់ទងនឹងបញ្ហានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បដិសេធក្នុងការផ្តល់ព័ត៌មានល្អិត ដោយលោកអះអាងថា មិនមានអ្វីបន្ថែមលើសពីសារាចរណែនាំដែលក្រសួងបានប្រកាសនោះទេ។
លោកបន្តថា៖« ប្អូនអាចផ្សាយតាមនឹង យើងមិនមានអ្វីអត្ថាធិប្បាយលើសនឹងទេ»។
ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថាការចេញសារាចរណែនាំរបស់ក្រសួងមិនមានប្រសិទ្ធិភាពក្នុងការរក្សាសុវត្តិភាពទេ ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ ឬនៅបន្តបណ្តែតបណ្តោយដូចរាល់ថ្ងៃនេះ។ម្យ៉ាងវិញទៀត អាជ្ញាធរត្រូវតាមដានការធ្វើអាជីវកម្មទូកចម្លង បើម្ចាស់អាជីវកម្មណាមិនព្រមអនុវត្តតាមការណែនាំ អាជ្ញាធរត្រូវចាត់វិធានការច្បាប់។
លោកបន្តថា៖ « ការចេញ [សារាចរ] ហ្នឹងវាអត់មានអីមានប្រសិទ្ធិភាពអីទេបើសិនជាអាជ្ញាធរមូលដ្ឋានមិនព្រមអនុវត្ត បានន័យថាត្រូវត្រួតពិនិត្យជាប្រចាំ។សាលាផ្សេងៗនៅពេលដែលចេញពីសាលាត្រូវមានអាជ្ញាធរចាំធ្វើចរាចរតាមផ្លូវដើម្បីជៀសគ្រោះថ្នាក់ចរាចរ [ដូច្នេះ] នៅពេលដែលសិស្សឆ្លងទូកដរអីយើងគួរតែមានអាជ្ញាធរពិនិត្យមើលនៅម៉ោងដែលសិស្សត្រូវឆ្លងទូកដរដើម្បីកុំឱ្យរឿងហ្នឹងកើតឡើងទៀត»។
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍លិចទូកចម្លងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់។ បើតាមអាជ្ញាធរទូកចម្លងឆ្លងស្ទឹងនោះ មានសិស្សប្រុសស្រីចំនួន ១៥នាក់ បានជិះនៅលើទូកនោះ ខណៈពេលដែលពួកគេត្រឡប់ពីសាលារៀនទៅផ្ទះវិញ។
ឧប្បទ្ទវហេតុនេះមិនមែនជាករណីដំបូងទេដោយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក៏ធ្លាប់មានសោកនាដកម្មលិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅក្នុងឧប្បត្តិហេតុលិចទូកនោះ បានធ្វើឱ្យកុមារជាសិស្សចំនួន ១១នាក់ ក្នុងចំណោម១៥នាក់ បាត់បង់ជីវិត ខណៈពេលដែលពួកគេជិះទូកត្រឡប់ពីសាលារៀនមកផ្ទះគេវិញ៕