សង្គមស៊ីវិលមួយចំនួន បានលើកឡើងថា ការបង្ក្រាបបទល្មើសល្បែងស៊ីសង​នៅកម្ពុជា នៅ​មិន​ទាន់​ទទួល​បាន​ផល​ខ្ពស់​នៅឡើយ​ទេ ដោយពួកគេចង់ឱ្យមានការយកចិត្តទុកដាក់បន្ថែមលើការ​ចាត់វិធានការចំពោះអ្នកពាក់ព័ន្ធបទល្មើសទាំងនោះ។  

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង បានសាទរ​ចំពោះកា​រ​បង្ក្រា​ប​ល្បែងស៊ីសងជាបន្តបន្ទាប់​ពីសំណាក់អាជ្ញាធរ។ តែយ៉ាង​ណាលោក​ថា ការបង្រ្កាបកន្លងមកនេះ មិនទាន់ទទួលបានផលខ្ពស់នៅឡើយទេ។ 

លោកមានប្រសាស៍ថា៖ «ការដែលបង្ក្រាបល្បែងអនឡាញទាំងអស់នេះ យើងតែងតែលឺមានការបង្ក្រាបជាហូរហែរកន្លងមកដែរ ប៉ុន្តែយើងឃើញថា មិនទាន់ឃើញមានប្រសិទ្ធភាពខ្លាំងនៅឡើយទេ ដោយសារបញ្ហានេះចេះតែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាយើងនេះ»។ 

លោកថា ការមិនទាន់មានប្រសិទ្ធភាពខ្លាំងចំពោះ​ការបង្ក្រាបល្បែងស៊ីសង គឺដោយសារភាព​ខ្វះ​ខា​ត​នៃ​បច្ចេកវិទ្យា កង្វះអ្នកជំនាញស៊ើបអង្កេត បញ្ហាអំពើពុករលួយ និងដោយសារអាជ្ញាធរមិនបានបង្ក្រាបល្បែងទាំងនោះជាប្រចាំជាដើម។  ជាមួយគ្នានេះ លោក យង់ គិមអេង បាន​ស្នើអាជ្ញាធរបង្ក្រាបទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលកើត​ឡើងចំពោះមុខ និងបុគ្គលដែលចាំការពារបទល្មើសនៅ​ពីក្រោយផងដែរ ពោលគឺបង្ក្រាបទាំងឫគល់។ 

លោកថា៖ «ខ្ញុំសូមឱ្យមានការយកចិត្តទុកដាក់សំខាន់ដែរ ចំពោះអ្នកដែលនៅកាងពីក្រោយនៃល្បែងអនឡាញទាំងអស់នោះ»។ 

លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លើកឡើងថា ចំពោះបញ្ហាល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជា នៅតែជាក្តីបារម្ភជាពិសេសគឺល្បែងស៊ីសងតាម​អនឡាញ ព្រោះបញ្ហាល្បែងស៊ីសងអាចបណ្តាលឱ្យមានបទល្មើសផ្សេងៗ ប៉ះពាល់ស​ន្តិសុខ​សណ្តាប់ធ្នាប់សង្គម ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាចប៉ះពាល់ដល់ការអភិវឌ្ឍ​ប្រទេសជាតិផងដែរ។  

លោកបន្តថា៖ «កន្លងមក អាជ្ញាធរមានការបង្រ្កាបល្បែងស៊ីសង និងល្បែងស៊ីសងតាមអនឡាញ ប៉ុន្តែទោះជាយ៉ាង​ណា​ក៏ល្បែងស៊ីសងទាំងនេះនៅតែបន្តកើតមាន ដោយសារការអនុវត្តច្បាប់នៅមានកំរិត ការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋានលើកន្លែងដែលសង្ស័យថា​មានបើកល្បែងស៊ីសងទាំងនេះ មិនបានដិតដល់ មិនបានស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងតម្លាភាព រាល់ជនដែលពាក់ព័ន្ធនឹងការបើកកន្លែងល្បែងស៊ីសង ដើម្បីអនុវត្តតាមច្បាប់ និងអំពើពុករលួយរបស់បុគ្គលមួយចំនួន»។  

ករណីនេះ លោក​ អំ សំអាត បានជំរុញទៅស្ថាប័ន​ពាក់​ព័ន្ធ និង​អាជ្ញាធរ​គួរបង្កើនប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​លើល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយអនុវត្តតាមច្បាប់ និង​បង្ក្រាប​ជាប្រចាំ ហើយ​​​រាល់​បុគ្គលណាដែលពាក់ព័ន្ធ ទោះមានឋានន្តរស័ក្តិប៉ុណ្ណាត្រូវតែអនុវត្តតាមច្បាប់ និង​លុបបំបាត់អំពើពុករលួយ។ 

រីឯនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ប្រហាក់ប្រហែលគ្នាដែរថា ដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ល្បែងស៊ីសងគ្រប់ទម្រង់នៅ​កម្ពុជា អាជ្ញាធរគ្រប់​ជាន់​ថ្នាក់ ត្រូវតែស្រាវជ្រាវអំពីមូលហេតុ ឬសគល់ និងអ្នកពាក់ព័ន្ធធំៗនៃបញ្ហានេះ។ 

លោកបន្តថា៖ «ថ្មីៗយើងឃើញមានការបង្ក្រាប​កាន់​តែ​ច្រើន អញ្ចឹង​ជា​ចំណុចវិជ្ជមានមួយដែរ យើងចង់លើកទឹកចិត្ត​ឱ្យរដ្ឋាភិបាលធ្វើកិច្ចការនេះបន្ត ប៉ុន្តែដើម្បីបង្ក្រាប​បទល្មើសនេះឱ្យបានខ្លាំង និងមានប្រសិទ្ធភាព ទាល់តែយើងធ្វើកិច្ចការនេះជាប្រព័ន្ធ ហើយជំរុញការអនុវត្តច្បាប់ដែលមាន ជា​ពិសេសការដាក់បញ្ចូល​នៅ​រាល់ការសង្ស័យ ឬ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ នៅក្នុងការបង្ក្រាប​នោះ»។ 

ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃទី១៧ ខែមិថុនានេះ។ 

តែយ៉ាងណា​ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍យ៉ាងខ្លី ដោយ​ស្នើឱ្យ​ប្រជា​ពលរដ្ឋកុំលេងល្បែងស៊ីសងផ្សេងៗ ដើម្បីជៀសវាងការបាត់បង់ប្រាក់កាស និងបង្កបញ្ហាជាដើម។ 

លោកមានប្រសាសន៍ថា៖ «សមត្ថកិច្ចក៏សូមអំពាវនាវដល់អ្នកចូលចិត្តលេងល្បែង ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ព្រោះការលេងល្បែងស៊ីសងបានបង្កឱ្យ​មានផលវិបាកជាច្រើន ដូចជា ខាតបង់ពេលវេលា ប្រាក់កាក់ ទ្រព្យសម្បត្តិ និងបង្កើតឱ្យ​មានបំណុល បង្កឱ្យ​មានអំពើហិង្សាក្នុងពេលលេងល្បែង ហិង្សានៅក្នុងគ្រួសារ និងអាចក្លាយជាអំពើឃាតកម្ម ហើយពេលខ្លះឈានទៅប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ទៀតផង»។ 

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​១៩៩៦ ដោយការរៀបចំនេះធ្វើឡើង​តាម​រយៈ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ​ អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​លោក ទ្រី សុខហេង និង​មន្ត្រី​ពាក់ព័ន្ធ​។ ការរៀបចំវិសោធនកម្មច្បាប់នេះ គឺធ្វើឡើងក្នុងគោលបំណងធានានូវប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាបល្បែង​ខុស​ច្បាប់​គ្រប់​ទម្រង់។ 

បើតាមមាត្រា១ នៃជំពូកទី១ របស់ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ គឺត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់​ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក្នុងមាត្រា២ ជំពូក៣​នៃច្បាប់នេះចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ឬដាក់ពន្ធនាគារពីមួយសប្ដាហ៍ទៅមួយខែ។  គួរជម្រាបជូនថា ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែមិថុនានេះ សមត្ថកិច្ច​​បាន​បង្ក្រាប​​បទ​ល្មើស​ល្បែង​ស៊ីសង​ខុស​ច្បាប់​ចំនួន ៧៦​​ករណី ក្នុងនោះ​បានឃាត់ខ្លួនមនុស្ស​ចំនួន ១៥៣នាក់៕