ក្រុមអ្នកធ្វើការងារតាមផ្ទះ ឬអ្នកធ្វើការនៅវិស័យក្រៅប្រព័ន្ធ ស្នើ​រាជរដ្ឋាភិបាល​គិត​គូរ​ពួកគេ​ចំពោះការ​ចុះ​បញ្ជី​បេឡា​ជាតិរបប​សន្តិសុខ​សង្គម (បសស)​ ដូចអ្នកធ្វើការលើ​វិស័យ​សេដ្ឋ​កិច្ចក្នុង​ប្រព័ន្ធ​ដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងខណៈ​ក្រុមអ្នកតំណាង ក៏ដូចជាកម្មករធ្វើការតាមផ្ទះប្រមាណ​ជាង ២៥០​នាក់ បានចូលរួម​​ប្រារព្ធខួបលើកទី១៣​នៃ​ទិវាអន្តរជាតិកម្មករ​ការ​ងារតាម​ផ្ទះ​ ក្រោមប្រធានបទ «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

ក្រោមកិច្ចសហប្រតិបត្តិការរវាងអុកស្វាមកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អាយឌៀ)​ វេទិកានេះបានប្រមូលភាគីពាក់ព័ន្ធទាំងអស់រួមមាន ស្ត្រីកម្មករកាងារតាមផ្ទះ អ្នកថែទាំគ្មានប្រាក់ឈ្នួល មនុស្សវ័យចាស់ អ្នកដែលមានពីការភាព ស្ត្រីលក់ដូរតាមផ្លូវ និងតំណាងក្រុមកម្មករដឹងជញ្ជូន ដែលមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័្ធ តំណាងម្ចាស់ផ្ទះ តំណាងមកពីអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងតំណាងពីរាជរដ្ឋាភិបាល។

តំណាងកម្មករការងារតាមផ្ទះ អ្នកស្រី វុន គឹមស្រ៊ី បាន​ឱ្យដឹង​ថា កម្មករការងារតាមផ្ទះ​មានបញ្ហាប្រឈម​ជា​ច្រើន ដែលមួយ​ក្នុងចំណោមបញ្ហាចម្បងនោះ គឺការមិនមានកិច្ចសន្យាការ​ងារ​ជា​លាយ​លក្ខណ៍អក្សរ និងការមិនត្រូវបាន​ចុះបញ្ជីទៅក្នុងប្រព័ន្ធកិច្ចគាំពារសង្គម។

អ្នកស្រីថា៖ «ក្រៅពីការមិនបានឈប់សម្រាកគ្រប់គ្រាន់ និងលក្ខខណ្ឌការងារដែលមិនសូវស្រួល ពួកយើងមានបញ្ហាផ្សេងទៀតដែរ ដូចជា កិច្ចសន្យាការងារ និងគ្មានពេលឈប់សម្រាក គ្មាន​កិច្ចគាំពារ​[សង្គម]ដូច​ជា​ [ប័ណ្ណ]បសស ជាដើម»។

អ្នកស្រី​ក៏បានលើកឡើងនូវដំណោះស្រាយដែលអាចទៅរួចមួយចំនួនផងដែរ ដូចជាការចងក្រងគ្នាចូលទៅក្នុងសមាគម ដើម្បីទាមទារផលប្រយោជន៍របស់កម្មករ ក៏ដូចជាការធ្វើយុទ្ធនាការនានា ក្នុងការ​​ស្នើ​ទៅ​រដ្ឋាភិបាលពីអ្វីដែលជាតម្រូវការ​ ជាពិសេស ការស្នើ​ឱ្យ​មាន​ការផ្តល់ប័ណ្ណ បសស សម្រាប់​ពួកគេ​ជាដើម។

អ្នកស្រីក៏បានជំរុញឱ្យ​មានការបង្កើននូវចំណេះដឹង​សម្រាប់អ្នកធ្វើការងារតាមផ្ទះ ដើម្បីធានា​ឱ្យ​បានថាពួកគេដឹងអំពីសិទ្ធិរបស់ខ្លួន និងមិនត្រូវទទួលរងនូវការគាបសង្កត់​ពីសំណាក់​ថៅកែជា​ដើម។

រីឯអ្នកស្រី ហាំ សោភី ជាកម្មករធ្វើការងារតាម​ផ្ទះ មានអាយុ ៥៧ឆ្នាំ បានលើកឡើង​ដែរ​ថាអ្នក​ស្រីបា​ន​ចាប់ផ្តើមបំពេញការងារនេះអស់រយៈ​ពេល៦ឆ្នាំមកហើយ ប៉ុន្តែ​អ្នកស្រីនៅ​មិនទាន់ត្រូវបានចុះបញ្ជីទៅក្នុងប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា​ បសស នៅឡើយទេ។

អ្នកស្រីថា៖ «ខ្ញុំធ្វើការងារនេះ ៦ ទៅ​៧ឆ្នាំហើយ ខ្ញុំបោសផ្ទះ ជូតផ្ទះ ធ្វើម្ហូប ហើយបើនិយាយរឿងថៅកែ ខ្ញុំដូរ៦ ទៅ​៧ផ្ទះដែរហើយ ដោយសារតែគេឱ្យ​ប្រាក់ខែតិចពេក ហើយលក្ខខណ្ឌការងារក៏មិនសូវល្អ។ […] ថៅកែបច្ចុប្បន្ននេះ​មិនអីទេ តែខ្ញុំក៏អត់ទាន់មានប័ណ្ណ បសស ដែរ។ ពេលឈឺថៅកែទិញថ្នាំឱ្យ​ តែម៉េចក៏ដោយ បើមាន បសស វាមានស្ថេរភាពជាង វាមិនម្ងៃកាត់ម្ងៃកោរដូចចាំពឹងថៅកែ ចុះបើថ្ងៃណាមួយគាត់ចិត្តលែងបាន យើងមិនយ៉ាប់»។

អ្នកស្រីបន្ថែម​ថា៖ «ខ្ញុំចង់បានប័ណ្ណ បសស ដែរ ប៉ុន្តែថៅកែគាត់តែងតែរវល់ និងមិនមានពេលនាំខ្ញុំទៅចុះនោះទេ»។

កាលពីឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីជូនដំណឹង​លេខ៣៣៦ ស្តីពី ការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ចំពោះសហគ្រាសដែលមានកម្មករចាប់ពីម្នាក់ ឬច្រើននាក់ ដើម្បីទទួលបានការថែទាំសុខភាព​តាមប្រព័ន្ធ​មូលនិធិ​សមធម៌សុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន។

លោក​​ ហេង សុផាន់ណារិទ្ធិ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម (បសស) មានប្រសាសន៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ​ថា ក្នុងកិច្ចការដែល​អ្នកធ្វើការតាម​ផ្ទះ​ នៅ​មិនទាន់​អាច​មកចុះបញ្ជីបាន ដោយសារតែភាគីនិយោជក​នៅតែមិនទាន់យល់ពីកាតព្វកិច្ចរបស់ខ្លួន។

លោក​ថា៖ «ខ្ញុំជម្រាបជូនដែរថា យើងមានផលលំបាកជាច្រើន កន្លងមក​យើង​បាន​សហការ​ជាមួយ​ខាង​អាជ្ញាធរដែរ សម្រាប់ការបញ្ជូនព័ត៌មានអ្នកដែល​បម្រើការងារតាមផ្ទះហ្នឹងមក បសស ដើម្បីឱ្យ​ក្រុមអធិការកិច្ចយើងចុះទៅ។ […] ប៉ុន្តែជាក់ស្តែងយើងឃើញថាមិនមានជាលទ្ធផលអីធំដុំ​កំភួនអីទេ ដោយសារតែនិយោជក​ភាគច្រើន​ គាត់មិនយល់ពីកាតព្វ​កិច្ច​នេះ​នៅ​ឡើយ អ្នក​ខ្លះបង់ អ្នកខ្លះមិនទាន់បង់»។

លោកបន្ថែមថា ជាយន្តការ គឺនិយោជិតខ្លួនឯងគួរតែទាក់ទងទៅកាន់ បសស ដោយផ្ទាល់តាមរយៈលេខ ១២៨៦ ឬ​ ១២៩៧ ដើម្បីឱ្យ​ក្រុមការងារចុះទៅត្រួតពិនិត្យនៅតាម​កន្លែងដែល​ពួកគាត់​ធ្វើការ​ផ្ទាល់​តែម្តង ដោយសារតែ បសស មិន​អាចចុះទៅត្រួតពិនិត្យម្តងមួយ​ផ្ទះៗបានទេ​។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា បានបន្ថែម​ថា ក្រសួងនៅតែបន្តកិច្ចការ​​ផ្សព្វផ្សាយពីអត្ថប្រយោជន៍ បសស ឱ្យ​បាន​ជ្រាបទៅដល់គ្រប់​ប្រជាពលរដ្ឋ ទាំងអ្នក​ធ្វើការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

លោកថា៖ «បសស បន្តផ្សព្វផ្សាយពីអត្ថប្រយោជន៍ បសស និងកៀងគរអ្នកបម្រើតាមផ្ទះ មកចុះឈ្មោះជាសមាជិក បសស ឱ្យបានច្រើនថែមទៀត។ […] ទន្ទឹមនោះម្ចាស់ផ្ទះត្រូវគោរពសិទ្ធិអ្នកបម្រើតាមផ្ទះ និងគោរពច្បាប់ពាក់ព័ន្ធ»។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដែរថា អំពើហិង្សា ការប្រមាទមើលងាយ និង​ការ​បំពារបំពានផ្សេងៗ​ចំពោះនិយោជិត​ជាអ្នកធ្វើការងារតាមផ្ទះ ជាអំពើខុសច្បាប់ ហើយអ្នក​ប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ចំណែក នាយិកាអង្គការ​​អុកស្វាមកម្ពុជា លោកស្រី ភាណ សោភ័ណ្ឌ​ បាន​​កត់​សម្គាល់​ថាមិន​មាន​និយោជក​ច្រើន​ទេ ដែល​អនុវត្តតាមសេចក្តីប្រកាសទាំងនេះ ដើម្បីឱ្យ​កម្មករនិយោ​ជិត​បាន​ទទួល​ការ​គាំពារ​ដែល​ពួកគេត្រូវទទួលបាន។

លោកស្រីថា៖ «បើយើងគិតមើលពីការអនុវត្តនូវសេចក្តីប្រកាសជូនដំណឹងទាំងនេះ យើងនៅមើលឃើញថាមិនមានបងប្អូនច្រើនទេ ដែលថៅកែរបស់គាត់ចុះបញ្ជីឱ្យ​ពួកគាត់ ដើម្បីឱ្យ​ពួកគាត់បានទទួលអត្ថប្រយោជន៍។ […] ខ្ញុំសង្ឃឹមថា​ កាលើកកម្ពស់កាយល់ដឹងអំពីការចុះបញ្ជី និងអត្ថប្រយោជន៍ ក៏ដូចជាធ្វើយ៉ាងណាផ្តល់ការគាំពារ ផ្តល់លក្ខខណ្ឌការងារ​សមស្រប​សម្រាប់បងប្អូនជាកម្មករធ្វើការនៅតាមផ្ទះនេះ នឹងមានថៅកែជាច្រើនទៀត នឹងស្ម័គ្រចិត្តទៅចុះបញ្ជី ហើយបងប្អូនបានយល់ពីសិទ្ធិរបស់ពួកគាត់ ហើយស្នើសុំទៅថៅកែរបស់ខ្លួន»។

ជាមួយគ្នានេះ លោក​ស្រីក៏បានជំរុញ​ដល់​ថៅកែ​គ្រប់រូប គួរផ្តល់តម្លៃដល់បុគ្គលិក និងអ្នកធ្វើការ​ងារ​តាមផ្ទះ តាមរយៈការ​ផ្តល់​ប្រាក់កម្រៃ​សមរម្យ ក៏ដូចជាលក្ខខណ្ឌការងារ​​សមរម្យទៅឱ្យ​ពួកគាត់។ ក្រៅពីនោះ លោកស្រីក៏បាន​អំពាវនាវ​ដល់​កម្មករ​ធ្វើការងារតាម​ផ្ទះ គួរ​តែដឹង​ពី​កាតព្វកិច្ចរបស់ថៅកែ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ផ្សេង​ៗផងដែរ ដើម្បីជៀងវាង​រង​ការ​កេងប្រវ័ញ្ចកម្លាំងពលកម្មទៅលើពួកគេ។ បើតាមការឱ្យ​ដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ គិតត្រឹមថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២៤នេះ កម្មករធ្វើការងារតាមផ្ទះដែលបានចុះបញ្ជី និងមានប័ណ្ណ បសស​ សរុបមានចំនួន ៥១៧នាក់ ក្នុងនោះមាន ៣៨៩នាក់ ជាស្ត្រី៕