អ្នកជំនាញសេដ្ឋកិច្ច និងកិច្ចការបរទេសនៅកម្ពុជា លើកឡើងស្រដៀងគ្នាថា កម្ពុជាអាចទាញយកប្រយោជន៍សេដ្ឋកិច្ចពីប្រទេសសិង្ហបុរី បន្ថែមលើការពង្រឹងផ្នែកទំនាក់ទំនងការទូត និងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ការលើកឡើងបែបនេះ ធ្វើឡើងចំពេលដែល នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅសាធារណៈរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងដំណើរទស្សនៈកិច្ចនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ដែលមានការចូលរួមពីអ្នកវិនិយោគប្រមាណ ៤៨០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន៣៤៧។
ថ្លែងនៅក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី មានកិច្ចសហការលើសពីពាណិជ្ជកម្ម និងការវិនិយោគទៅទៀត ខណៈប្រទេសទាំងពីរ កំពុងសហការគ្នាក្នុងការជំរុញវិស័យទសចរណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាប់យកកាលានុវត្តភាពនានានៃបរិវត្តកម្មឌីជីថល។ លោកបន្តថា ប្រទេសទាំងពីរ ក៏បាននឹងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការបង្កើនការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថាកម្លាំងពលកម្មរបស់ប្រទេសទាំងពីរមានជំនាញ និងចំណេះដឹង ស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យទំនើប។
ពាក់ព័ន្ធនឹងរឿងនេះ លោក តិច ជ័យ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជាអាចនឹងទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចធំធេងពីប្រទេសសិង្ហបុរី ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា ខណៈសិង្ហបុរីជាប្រទេសដែលមានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងនៅក្នុងតំបន់។
លោកថា៖ «ផលចំណេញមួយក្នុងចំណោមផលចំណេញផ្សេងៗទៀតនោះ គឺការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ហើយមួយវិញទៀតហ្នឹងគឺការភ្ជាប់នូវរបៀងហិរញ្ញវត្ថុ។ […] យើងឃើញហើយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង NBC ជាមួយធនាគារជាតិកម្ពុជា ហើយនិងភាគីខាងសិង្ហបុរីក្នុងការធ្វើឱ្យប្រសើរឡើងនៃលំហូហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ជាពិសេសគឺរវាងសហគ្រាសធនតូចនិងមធ្យម»។
លោកបន្តថា ការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចនេះ ក៏នឹងក្លាយជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការសិក្សារៀនសូត្រពីសិង្ហបុរីដែលជាប្រទេសមានការរីកចម្រើនខ្លាំងនៅក្នុងតំបន់ ដើម្បីយកមកអនុវត្ត និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖ «ផ្នែកជំនួញ ការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់កម្ពុជា គឹកម្ពុជាអាចរៀនសូត្របន្ថែមទៀតផងដែរពីសំណាក់សិង្ហបុរី។ […] យើងនឹងបានទទួលបន្ថែមទៀតទាក់ទងទៅនឹងភស្តុភារកម្ម ឬការដឹកជញ្ជូន ដូចដែលយើងដឹងហើយ សិង្ហបុរីជាប្រទេសមួយដែលមានផែ និងប្រព័ន្ធភស្តុភារកម្មដែលរីកចម្រើនបំផុតនៅក្នុងតំបន់»។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «សម្រាប់កម្ពុជា ដើម្បីប្រកួតប្រជែងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានកាន់តែច្រើន ពង្រីកពាណិជ្ជកម្មនិងការនាំចេញទៅអន្តរជាតិ គឺតម្រូវឲ្យមានការកែលម្អរនូវប្រព័ន្ធភស្តុភារកម្ម ជាពិសេសគឺនៅកំពង់ផែ ក្នុងការលើកដាក់ទំនិញ ក្នុងការនាំទំនិញចេញចូលជាដើម»។
ចំណែក លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញស្រដៀងគ្នានេះដែរថា៖ «ជាផលប្រយោជន៍សេដ្ឋកិច្ច យើងអាចរំពឹងទុកថាតាមរយៈដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតីនេះអាចនឹងធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី កាន់តែមានសន្ទុះទ្វេឡើងថែមទៀត ការវិនិយោគពីសិង្ហបុរីមកកាន់មកកាន់កម្ពុជា។ […] ជាពិសេសអ្វីដែលយើងកត់សម្គាល់ឃើញក្របខណ្ឌនៃអនុស្សារណៈយោគយល់គ្នាមួយចំនួន ក៏មានការចុះហត្ថលេខាផងដែរ អ៊ីចឹងនេះជាផលប្រយោជន៍ជាក់ស្តែងដែលកើតចេញពីដំណើរទស្សនៈកិច្ចរបស់សម្តេចទៅកាន់សិង្ហបុរីនេះ»។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នារសៀលនេះថា ការចូលរួមនៅក្នុងវេទិកាធុរកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសសិង្ហបុរី គឺជាឱកាសដែលកម្ពុជាបង្ហាញសក្តានុពល និងជាកាតាលីករក្នុងការទាក់ទាញវិនិយោគិនបរទេស និងរួមចំណែកដ៏សំខាន់ក្នុងការវិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ។
លោកមានប្រសាសន៍ថា៖ «អាណត្តិដឹកនាំរបស់សម្តេចធិបតី គឺផ្តោតសំខាន់ទៅលើសេដ្ឋកិច្ច អ៊ីចឹងនៅគ្រប់ទិសទីដែលសម្តេចធិបតីអញ្ជើញទៅដល់ គឺតែងតែមានវេទិកាធុរកិច្ច ដើម្បីបង្ហាញពីសក្តានុពលរបស់កម្ពុជានៅក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យមកវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តអ្នកដែលកំពុងវិនិយោគស្រាប់ហើយឱ្យបន្តវិនិយោគ។ […] គោលនយោបាយនេះ គឹបានលទ្ធផលជាបន្តបន្ទាប់មកហើយ ដែលយើងបានឃើញគឺ គម្រោងវិនិយោគកើនឡើង ហើយការបង្កើតការងារក៏កើនឡើងសម្រាប់ប្រជាជនកម្ពុជាយើង»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានគូសបញ្ជាក់ផងដែរអំពីសារសំខាន់នៃដំណើរទស្សនៈកិច្ចមួយនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាជាការរឹតចំណងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងដើម្បីស្វែងរកកិច្ចសហការថ្មីផងដែរ។
លោកបន្តថា៖ «កម្ពុជាយើង ហើយនិងសិង្ហបុរី គឺជាសមាជិកអាស៊ានដូចគ្នា អ៊ីចឹងយើងត្រូវការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការផ្នែកការទូតឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សម្តេចធិបតីលោកជានាយករដ្ឋមន្ត្រីថ្មីបន្តវេន លោកត្រូវធ្វើដំណើរទស្សនៈកិច្ចគ្រប់បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីបញ្ជាក់ជំហរនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងរិះរកធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការហ្នឹងកាន់តែល្អប្រសើរឡើងទៀត»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ជាមួយភាគីសិង្ហបុរី៕