ក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាលបានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីនៅខាងមុខការិយាល័យ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» កាលពីព្រឹកមិញនេះ ដោយស្នើរឲ្យស្ថាប័នមិនមែនរដ្ឋាភិបាលមួយនេះកែតម្រូវចំពោះរបាយការណ៍ដែលអង្គការនេះបានចេញកាលពីដើមខែមិថុនា ឆ្នាំ២០២៤។
សមាជិកសហជីពប្រមាណ៤០នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យសង់ត្រាល់សារជាថ្មីទៀតនៅថ្ងៃទី២០ មិថុនានេះ។ក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាលទាំងនេះ ចោទប្រកាន់ថា របាយការណ៍ដែល សង់ត្រាល់ រកឃើញនោះគឺមិនឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ និងស្ថិរភាពការងាររបស់កម្មករ។
លោក លី វិចិត្រ ប្រធាន CCWF បានប្រាប់គេហទំព័រ Newsroom Cambodia ថាការដាក់សំណើរកាលពីព្រឹកមិញនេះ គឺតំណាងឲ្យកម្មករដែលជាសមាជិកមកពីប្រមាណជាង៥០រោងចក្រ ដោយសហព័ន្ធសហជីពមូលដ្ឋានប្រមាណ៤០នាក់ និងកម្មករប្រមាណជាង៥ម៉ឺននាក់។
លោកបន្តថា៖ «យើងចង់បានការឆ្លើយតបជាវិជ្ជមានពីខាងសង់ត្រាល់។ […] អ្វីដែលសង់ត្រាល់លើក វាបានផ្តល់ផលប៉ះពាល់ដល់បងប្អូនកម្មករខ្លាំង បើគេជឿថាអាក្រក់ពិតមែន ហើយគេលែងបញ្ជាទិញ អាហ្នឹងធ្វើឲ្យប៉ះពាល់ដល់បងប្អូនកម្មករខ្លាំងណាស់ »។
មិនខុសគ្នាទេ លោក អ៊ុន ដារ៉ា ជាអនុប្រធាន និងជាអ្នកនាំពាក្យសភាសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា (NACC) បានថ្លែងឲ្យដឹងនៅរសៀលនេះថា របាយការណ៍ដែលសង់ត្រាល់បានចេញហាក់មិនមានមូលដ្ឋានច្បាស់លាស់ ដោយមើលតែមួយជ្រុង។
លោកថា៖ «ខ្ញុំមើលឃើញថារបាយការណ៍របស់គាត់ (សង់ត្រាល់) វាមិនឆ្លុះបញ្ចាំងអំពីតថភាពពិតដែលយើងកំពុងតែមានសព្វថ្ងៃនេះទេ។ព្រោះថាយើងមើលក្នុងចំណោមរោងចក្រសរុបដែលមាន៧០៣ គាត់យកមនុស្សតែ១០នាក់មកសម្ភាសន៍ ហើយគាត់វាយតម្លៃសភាពការព៍ទាំងមូល គេហៅថាវាមិនសមតុល្យនឹងគ្នា ។ ក្នុងនាមយើងសហជីព យើងចង់ឲ្យគាត់ធ្វើយ៉ាងណាឲ្យមានភាពឆ្លុះបញ្ចាំង ឲ្យមានភាពត្រឹមត្រូវ។ […] របាយការណ៍ហ្នឹងគឺនិយាយពីអវិជ្ជមានទាំងអស់ អត់មានពីវឌ្ឍនៈភាពទេ»។
បើតាមលោក អ៊ុន ដារ៉ា របាយការណ៍ដែលសង់ត្រាល់បានចេញមិនបាននាំមកនូវផលជាវិជ្ជមានដល់សហជីព និងកម្មករនោះទេ ផ្ទុយទៅវិញគឺមានតែនាំមកនូវក្តីកង្វល់សម្រាប់ពួកគេ ខណៈ លោកនៅតែមានជំនឿថានឹងមានការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងការស្វែងរកចំណុចរួមមួយនៃរបាយការណ៍ ដែលអាចទទួលស្គាល់បានពីគ្រប់ភាគី។
គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអធិប្បាយបន្ថែមពីលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ បាននៅឡើយទេនៅរសៀលនេះ។
ទោះជាយ៉ាងនេះក្តី មន្ត្រីអង្គការសង់ត្រាល់រូបនេះ បានច្រានចោលកាលពីម្សិលមិញចំពោះការចោទប្រកាន់របស់សហជីពមួយចំនួនដែលថារបាយការណ៍ខ្លួនមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតដែលសហជីពបានជួបប្រទេះដោយបង្ហាញតែចំណុចមួយជ្រុង ហើយអនុវត្តការងារក្រោមការកាន់កាប់ និងបង្គាប់ពីបរទេស។
លោកបញ្ជាក់ថា៖«នៅក្នុងរបាយការណ៍យើងបានបញ្ជាក់ច្បាស់ថាទិន្នន័យដែលបានរកឃើញនៅក្នុងរោងចក្រសរុប១៥ ដែលជាសមាជិកមូលដ្ឋានរបស់(CCAWDU) និង (CATU) គឺវាមិនមែនតំណាងឱ្យរោងចក្រសរុបជាង ៧០០រោងចក្រ ក៏ដូចជារោងចក្រផ្សេងៗទៀតដែលមិនស្ថិតក្រោមសមាជិករបស់ BFC គឺយើងបានឆ្លុះបញ្ចាំងពីអ្វីដែលយើងបានរកឃើញហើយធ្វើការផ្ទៀងផ្ទាត់ទៅនឹងឧបករណ៍ដែលខាងគម្រោងរោងចក្រកាន់តែប្រសើរ (BFC) ប្រើប្រាស់នៅក្នុងការកត់ត្រាទុកនៅភាពអនុឡោមទៅតាមគោលការណ៍ច្បាប់ »។
ពាក់ព័ន្ធនឹងករណីនេះ លោក វ៉ន ចាន់ឡូត ជាអ្នកសិក្សាផ្នែកច្បាប់ បានថ្លែងឲ្យដឹងថា ការប្រតិកម្មរបស់ខាងសហជីពនេះហាក់ដូចជាមិនមានហេតុផលសមស្របនោះទេដោយសារតែរបាយការណ៍ដែលបានចេញផ្សាយ វាគឺជាផ្នែកមួយនៃការរកឃើញនូវបញ្ហាដែលបានកើតឡើង។
លោកបានឲ្យដឹងថា៖«វាដូចជាមិនឆ្លុះបញ្ចាំងទៅនឹងអ្វីដែលពួកគាត់លើកឡើងទេ ក្នុងរបាយការណ៍ហ្នឹងគ្រាន់តែជាការរកឃើញនូវអ្វីដែលជាបញ្ហារបស់កម្មករនៅក្នុងវិស័យវាយនភណ្ឌ។ […] ហើយនិងទី២ ជាការរួមចំណែកដាក់ចេញនូវដំណោះស្រាយក្នុងនាមជាភាគីពាក់ព័ន្ធមួយ ហើយខ្ញុំយល់ថារដ្ឋាភិបាល ក៏ដូចជាសហជីពគួរតែអានរបាយការណ៍ហ្នឹងឲ្យបានច្បាស់ ហើយបើអាច គួរទទួលស្គាល់ការពិតទៅ ជាជាងដែលយើងប្រើប្រាស់រូបភាព ជាក់ស្តែងបញ្ហារបស់កម្មករនៅតែបន្តដដែល »។
អ្នកសិក្សាផ្នែកច្បាប់រូបនេះបន្តថាខាងសហជីពគួរមានរបាយការណ៍មួយផ្សេងទៀតដើម្បីប្រៀបធៀប មុននឹងច្រានចោលថារបាយការណ៍អង្គការណាមួយមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត។
លោកបន្តថា៖«ហើយបើសិនជារបាយការណ៍ហ្នឹងដូចទៅនឹងអ្វីដែលសហជីពបានលើកឡើងថាមិនពិត ខ្ញុំយល់ថាគួរតែមាននុវរបាយការណ៍អីថ្មីមួយដែលពួកគាត់រកឃើញ ហើយបង្ហាញមក។ […] ក្នុងកិច្ចការនេះ បើសិនជាមានរបាយការណ៍២ ៣ប្រៀបធៀបគ្នាខ្ញុំគិតថាវាជាព័ត៌មានល្អដែលប្រជាពលរដ្ឋ ក៏ដូចជាអ្នកសិក្សា ហើយជាពិសេសអ្នកដែលពាក់ព័ន្ធនៅក្នុងវិស័យវាយនភណ្ឌទាំងអស់ហ្នឹងគាត់អាចធ្វើការសម្រេចចិត្តបាន ហើយអ្នកដែលធ្វើការមិនច្បាស់ នឹងត្រូវបានអស់ទំនុកចិត្តបន្តទៀតឋ »។
ដោយឡែក លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់គេហទំព័រ Newsroom Cambodia ថាក្រសូងនឹងបន្តតាមដានរឿងនេះក្នុងនាមជាក្រសួងដែលបានចុះបញ្ជីឲ្យអង្គការសង់ត្រាល់ ដើម្បីថែរក្សានិរន្តរភាព និងសុវត្ថិភាពសង្គមជារួម។
រីឯលោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាសង្គមស៊ីវិលគួរធ្វើរបាយការណ៍ប្រកបដោយសុក្រឹតភាព និងគួរបញ្ឈប់នូវការធ្វើរបាយការណ៍ដែលបំពេញតាមចិត្តម្ចាស់ជំនួយ។
លោកមានប្រសាសន៍ថា៖ «ការធ្វើរបាយការណ៍ ត្រូវមានលក្ខណៈវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវ ប្រមូលព័ត៌មាន និងវាយតម្លៃ។ អ្នកធ្វើរបាយការណ៍ត្រូវមានទំនួលខុសត្រូវចំពោះរបាយការណ៍ខ្លួន។ […] សង្គមស៊ីវិលមួយចំនួនគួរបោះបង់របៀបធ្វើរបាយការណ៍បំពេញចិត្តម្ចាស់ជំនួយរបស់ខ្លួន ដោយវាយតម្លៃខុសពីការពិតជាក់ស្តែង»។
នេះជាលើកទី២ហើយដែលសហជីព គាំទ្ររដ្ឋាភិបាលបានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យ នៃអង្គការសង់ត្រាល់ ក្រោយពីអង្គការមួយនេះបានចេញរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ បើទោះជាបែបណា កាតវ៉ាកាលពីលើកដំបូង ដែលមាក្រុមសហជីពចេញមកពីក្រុមតែមួយដែលមានគ្នាប្រមាណ១០០នាក់ ពេលនោះ ពួកគេបន្តទាមទារ ក្នុងបុព្វហេតុដូចគ្នា ប្រឆាំងការចេញផ្សាយរបាយការណ៍ ដែលសង់ត្រាល់រកឃើញ ដោយពួកគចាត់ទុកថា របាយការណ៍នោះមានចរិតអុជអាល និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត៕