ក្រុមយុវជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថានគោរពសន្យារបស់ខ្លួនក្នុងការដាក់តំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ខណៈពួកគេបារម្ភខ្លាចរដ្ឋាភិបាលផ្តល់សិទ្ធិអភិវឌ្ឍន៍តំបន់នោះ ទៅឱ្យក្រុមហ៊ុនឯកជន ដែលនឹងបង្កផលប៉ះពាល់ទៅដល់ធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ការស្នើនេះ បានធ្វើឡើងតាមរយៈការដើរហែក្បួនដាក់ញត្តិរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ និងព្រះសង្ឃប្រមាណ ២០អង្គ/នាក់ ដោយផ្តើមចេញដំណើរមុខមន្ទីរពេទ្យកុមារជាតិ ក្នុងខណ្ឌទួលគោក ទៅកាន់ក្រសួងបរិស្ថាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងញត្តិនោះ ក្រុមយុវជនចលនាមាតាធម្មជាតិ បានលើកឡើងថា កាលពីឆ្នាំ២០២១ ក្រសួងបរិស្ថាន បានសន្យាថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ។ ញត្តិដដែលបន្តថា កន្លងមក ក្រសួងក៏បានបង្ហាញពីការពិចារណាក្នុងការដកអាជ្ញាបណ្ណពីក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ក្រោមអនុភាពនៃការអនុវត្តច្បាប់ភូមិបាលផងដែរ ប៉ុន្តែរយៈពេល ៤ឆ្នាំមកនេះ ដំណើរការនៃការដាក់កោះកុងក្រៅជាឧទ្យានជាតិនេះ នៅមិនទាន់លេចចេញជារូបរាងនៅឡើយ។
ញត្តិដដែលបន្តទៀតថា៖ «ក្នុងនាមជាយុវជន ជាប្រជាពលរដ្ឋខ្មែរ ពួកយើងពិតជាត្រូវការដឹងអំពីបច្ចុប្បន្នភាពនៃការដាក់កោះដ៏ធំនេះជាឧទ្យានជាតិសមុទ្រយ៉ាងឆាប់រហ័សបំផុត ក៏ព្រោះថាតំបន់ នេះជាតំបន់ដែលសម្បូរទៅដោយសត្វកម្រ និងជីវចម្រុះជាច្រើនប្រភេទដែលមិនអាចកាត់ថ្លៃបាននោះទេ»។
តាមរយៈញត្តិដដែល ក្រុមយុវជនទាំងនោះ ក៏បានបង្ហាញពីក្តីបារម្ភអំពីគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់នោះផងដែរ ដោយសារបច្ចុប្បន្ននៅតំបន់នោះ មានភ្ញៀវទេសចរទៅទស្សនាច្រើន បណ្តាលឱ្យមានបញ្ហាសំរាមច្រើន ហើយពលរដ្ឋនៅតំបន់នោះនៅមិនទាន់យល់ដឹងបានទូលំទូលាយជុំវិញផលវិបាកនៃសំណល់ប្លាស្ទិក ដែលនាំឱ្យបំពុលតាមឆ្នេរ និងបំផ្លាញសោភណ្ឌភាពនៅតាមភូមិទេសចរណ៍នៅតំបន់នោះ។
ករណីនេះ ក្រុមយុវជនទាំងនោះ បានស្នើឱ្យក្រសួងបរិស្ថានបំភ្លឺជុំវិញបញ្ហាទាំងនេះ និងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូសម្បត្តិធនធានធម្មជាតិ ជីវចម្រុះ និងការធានាបាននូវប្រព័ន្ធអេកូឡូស៊ីនៅតំបន់កោះកុងក្រៅទាំងមូល។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា អាយុ២១ឆ្នាំ ដែលបានចូលរួមដាក់ញត្តិនៅក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមក ក្រសួងធ្លាប់បានសន្យាថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រសួងនៅមិនទាន់ធ្វើតាមការសន្យានៅឡើយ។
កញ្ញានិយាយថា៖«យើងចង់រំលឹកដល់ក្រសួងបរិស្ថាន ព្រោះមានតែក្រសួងបរិស្ថានទេដែលសន្យាជាមួយយើង ហើយអ្នកក្បត់ពាក្យសន្យាហ្នឹង អញ្ចឹងសូមឱ្យរដ្ឋមន្ត្រីថ្មី ដែលឡើងតំណែងនេះ លាងនូវការកុហករយៈពេល៤ឆ្នាំហ្នឹង លាងនូវពាក្យសន្យាហ្នឹងឡើងវិញ ហើយធ្វើវា បំពេញសន្យាឡើងវិញ ព្រោះរដ្ឋមន្ត្រីចាស់ បានសន្យា»។
សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ បានលើកឡើងថា កាលដែលពួកគេធ្វើយុទ្ធនាការដើរដង្ហែក្បួនដាក់ញត្តិនេះ ព្រោះចង់ឱ្យក្រសួងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែបើក្រសួងនៅតែមិនឆ្លើយតប ឬដោះស្រាយបញ្ហានេះទេ ពួកគេនៅតែបន្តទាមទាររហូតមានដំណោះស្រាយ។
កញ្ញានិយាយថា៖ «ការមិនដាក់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ វាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ជាក់ស្តែងយើងឃើញកោះរ៉ុង នៅពេលផ្តល់សិទ្ធដល់ក្រុមហ៊ុនឯកជន គឺយើងត្រូវចំណាយលុយច្រើនមែនទែនសម្រាប់ការទៅលេងកោះ អញ្ចឹងបើសិនជាដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ អ្នកនៅក្នុងសហគមន៍នោះ គាត់អាចរកចំណូលបាន ហើយយើងទៅដើរលេងមិនចាំបាច់អស់លុយ ចំណាយថវិការច្រើនលើសលុបក្នុងការដើរលេង ទស្សនាកោះប្រទេសរបស់យើង»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ក្រសួងទទួលញត្តិរបស់ក្រុមយុវជនទាំងនោះហើយ ហើយនឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ។
លោកមានប្រសាសន៍ថា៖ «ក្រសួងបាននឹងកំពុងពិនិត្យ»។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសាសន៍ថា អាជ្ញាធរបាននិងកំពុងដំណើរការរៀបចំតំបន់កោះកុងក្រៅ ទៅជាឧទ្យានជាតិសមុទ្រ ខណៈការសិក្សាអំពីជីវចម្រុះដែលមាននៅតំបន់នោះ គឺនៅមិនទាន់ដឹងលទ្ធផលនៅឡើយ។
លោកស្រីថ្លែងថា៖ «គេបានរៀបហើយៗ បានរៀបហើយៗ ឧទ្យានជាតិសមុទ្រ»។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី មានប្រសាសន៍ថា កន្លងមក ក្រុមហ៊ុនរបស់លោក ធ្លាប់បានស្នើទៅរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍នៅតំបន់កោះកុងក្រៅនោះដែរ ប៉ុន្តែបានបញ្ឈប់ការស្នើវិញ ដោយសារមានបញ្ហាច្រើននៅតំបន់នោះ។
លោកបន្តថា៖ «ខ្ញុំដូចអត់មានអ្វីឆ្លើយតបផង ទី១ អត់ដឹងរឿង ទី២មានធ្វើអី អត់មានធ្វើអីទាំងអស់ ហើយខ្ញុំទៅដឹងរឿងនាំឈឺក្បាលធ្វើអី។ ខ្ញុំអត់ធ្វើទេ និយាយមួយមាត់ដោយខ្លីថាខ្ញុំអត់ធ្វើទេ ពាក្យថាមិនធ្វើមានន័យថា វាចប់អស់ហើយ ដាក់ញត្តិ មិនដាក់ញត្តិរឿងគេទេ ខ្ញុំអត់ដឹងរឿង។[…] ពីមុនខ្ញុំ និយាយរួមគឺសុំដីសម្បទាន ការវិនិយោគសម្បទាន ប៉ុន្តែឥឡូវអត់បានធ្វើទេ សព្វថ្ងៃអត់មានធ្វើអីទាំងអស់ អត់បានសម្បទាន ហើយក៏អត់បានធ្វើអីទាំងអស់»។
នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ការពន្លឿនការដាក់បញ្ចូលតំបន់កោះកុងក្រៅជាឧទ្យាជាតិសមុទ្រ ជារឿងមួយសំខាន់ ខណៈដំណើរការនៃការដាក់បញ្ចូលនេះ ហាក់មិនមានដំណឹងនៅឡើយតាំងពីរដ្ឋាភិបាលអាណត្តិមុន។ ករណីនេះ លោកស្នើឱ្យក្រសួងបរិស្ថាន បញ្ចាក់ពីដំណើរការដាក់បញ្ចូលតំបន់កោះកុងក្រៅជាឧទ្យាជាតិសមុទ្រនេះ ដោយតម្លាភាព ដើម្បីចៀសវាងការរិះគន់ពីភាពអសកម្មរបស់ក្រសួង។
លោកថា៖ «រដ្ឋមន្ត្រីថ្មី ក៏ដូចជាក្រសួងបរិស្ថានហ្នឹង គួរតែមានការបំភ្លឺឱ្យពួកគេ[យុវជនចលនាមាតាធម្មជាតិ]បានដឹងថាតើឥឡូវ តើមកដល់បច្ចុប្បន្នដល់ណាហើយ? ដំណើរការយ៉ាងម៉េច? ឬក៏អាចធ្វើយ៉ាងម៉េច ដើម្បីឱ្យពួកគេហ្នឹងទទួលបានព័ត៌មានអំពីនីតិវិធីនេះ ដើម្បីកុំឱ្យពួកគេយល់ថាក្រសួងមិនបានធ្វើការសោះចំពោះករណីនេះ អញ្ចឹងជារឿងមួយដែលក្រសួងត្រូវមានតម្លាភាពចំពោះមុខប្រជាពលរដ្ឋ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោត»។
គួរជម្រាបជូនថា កោះកុងក្រៅមានផ្ទៃដីសរុប ១០៣គីឡូម៉ែត្រការ៉េ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ បើតាមក្រសួងទេសចរណ៍ តំបន់នេះមានឆ្នេរដ៏ស្រស់ស្អាតចំនួន ៦កន្លែង ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ៕