តុលាការ​ខេត្ត​កំពង់ស្ពឺ​ នៅ​តែ​បន្ត​រក្សា​សាលក្រម​ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំង​លោក ជា ចាន់ ដាក់​ពន្ធនាគារ​រយៈ​​ពេល​១ឆ្នាំ​ដដែល​ បើ​ទោះបី​ជា​សហព័ន្ធ​សហជីព​កម្ពុជា​(CATU)បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ដោយស្នើសុំ​ឱ្យ​​​តុលាការ​​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​លោក ជា ចាន់ ដោយ​ឥត​លក្ខខ័ណ្ឌ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ទី២០ ​មិថុនា ឆ្នាំ២០២៤ សហព័ន្ធ​សហជីព​កម្ពុជា​ (CATU) បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​ស្នើឱ្យ​ក្រសួង​យុត្តិធម៌ សាលាដំបូងខេត្តកំពង់ស្ពឺ​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រុម​​ពិនិត្យ​ និង​ស៊ើប​អង្កេត​ ឡើង​វិញ​លើចំពោះ​សំ​​ណុំ​​រឿង​ព្រហ្មទណ្ឌ​លោក​ ជា ចាន់ ឱ្យ​បាន​ដិត​ដល់​ និងទំលាក់​​បទចោទ​ ព្រមទាំង​​ដោះលែ​​ង​​លោ​​ក ជា ចាន់ ប្រ​​ធា​នសហជីព​កម្ពុជា​នៃ​ក្រុមហ៊ុន​ វីងស្តារស៊ូ ដោយ​ឥត​លក្ខខណ្ឌ​ ដោយ​ពួកគេ​លើក​ឡើង​ថា ​សំ​​ណុំ​រឿ​​ង​នេះ​គ្មាន​អង្គហេតុ​ និង​ភស្តុតាង​នៃ​បទ​ល្មើស​នោះទេ។

សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការបាន​​ចេញ​សាលក្រម​ ក្នុងថ្ងៃតែមួយដោយសម្រេច​ផ្តន្ទាទោស​លោ​​​ក ជា ចាន់ ដាក់ពន្ធនាគារ​ចំនួន​១២ខែ​ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​៦ខែ ហើយទោសដែលនៅសល់ត្រូវព្យូរ។

សហជីព​យល់​ឃើញថា ការ​សម្រេច​សាលក្រម​នេះ គឺ​មាន​ភាព​អយុត្តិធម៌​សម្រាប់​លោក ជា ចាន់ ដោយ​ពួកគេ​អះ​អាង​ថាប្រធានសហជីពមូលដ្ឋានរូបនេះ ពុំ​បាន​ប្រព្រឹត្តបទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ផ្ទុយទៅវិញ ការ​ចោ​​ទ​​ប្រកាន់ និងផ្តន្ទាទោសតាមអំណាចសាលក្រម ដែលចេញដោយសាលាដំបូងខេត្តកំពង់ស្ពឺនេះ គឺជាការ​បង្ហា​​​ញ​​​​ពី​​ការ​គំរាមកំហែង ការ​បំភិតបំភ័យ ការ​រើសអើង និងជាការ​ធ្វើ​ទុក្ខបុក​ម្នេញ​មក​លើ​សហជីព​ (CATU) ដែល​ជា​ការ​រំលោភ​សិទ្ធិ​ក្នុងទម្រង់ធ្ងន់ធ្ងរ​ ផ្ទុយ​ពី​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​ដែលមាន​ជា​ធរមាន​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ដែល​បាន​ចូល​រួម​ស្តាប់​ការ​ប្រកាស​សាលក្រម​ លោក ជា ចាន់ ប្រាប់ Newsroom Cambodia នៅ​​ថ្ងៃ​សុក្រ ទី​២១ ខែ មិថុនា ឆ្នាំ​២០២៤នេះ​ថា អ្នក​ស្រី​ខក​ចិត្ត​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​ តុលាការ​កាលពីម្សិលមិញ ជា​រឿង​អយុត្តិធម៌​ដោយ​អ្នក​ស្រី​ថា ​លោក ជា ចាន់ មិន​បាន​ប្រព្រឹត្ត​អំពើ​លួច​ដូច​ការ​ចោទ​ប្រកាន់​ទេ។លើសពីនេះទៀត អ្នកស្រីចោទប្រកាន់ថា ជុំវិញ​ការ​សម្រេច​របស់​តុលា​​​កា​រ​​​នេះ ជា​ការ​រៀបចំ​ទុក​មុន​របស់​ក្រុម​ហ៊ុន​ និង​តុលាការ។

អ្នក​ស្រីបន្ត​ថា៖«ការ​សម្រេច​នេះ មិន​បាន​ផ្អែក​លើ​ភស្តុតាង​ដែល​ថ្លឹង​ថ្លែង​ទៅ​នឹង​រឿង​ដែលបាន​កើត​ឡើង​រហូត​មា​​ន​​សវនាកា​ចុង​ក្រោយ​នេះ​ គ្មាន​បាន​បង្ហាញ​ចេញ​បទ​ល្មើស​មក​បង្ហាញ​នោះ​ទេ…ហេតុ​អី​បាន​តុលាការ​សម្រេច​ឱ្យ​ ចា​ន់ ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌…ខ្ញុំ​គិតថា រឿង​នេះ​គឺ​ជា រឿង​អត់​ត្រឹមត្រូវ​ អត់យុត្តិធម៌​ ដែល​ខ្ញុំមើលឃើញ​ថា​ ការ​សម្រេច​នេះ​មិន​ផ្អែក​លើ​ភស្តុតាង​ច្បាប់ ជា​ការ​យល់ឃើញ​របស់ខ្ញុំ »។

ឆ្លើយតបរឿងនេះ ប្រធាន​លេខាធិការដ្ឋាន​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​កំពង់​ស្ពឺលោក ផេង ស៊ីភ័ណ អះ​​អា​ង​​ដោ​យខ្លី​​ថា តុលាការ​នៅ​តែ​រក្សា​​សាលក្រមដែលបានសម្រេចរួចហើយ ប្រឆាំងលោក ជា ចាន់ ​ដោយ​​ផ្តន្ទា​​ទោ​​ស​​​ទោស​ ដាក់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ ដដែល។

លោក​បន្តថា៖«បាទ! សម្រេច​តាម​សាលក្រម»។

សម្រាប់អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ចាត់​ទុកជំហរ​របស់​តុលាការ​ដែលច្រានចោ​ល​​ចំពោះ​សេចក្តី​ថ្លែងការណ៍របស់សហព័ន្ធ​សហជីព​កម្ពុជាថា ជា​ការ​សម្រេច​ដែល​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ និង​ភស្តុតាង​នោះទេ។

គេហទំព័រ Newsroom Cambodia មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ​។

លោក ជា ចាន់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់មានបណ្តឹងពីភាគីរោងចក្រ ដែ​ល​ប្តឹងពីបទ«សមគំនិត​ក្នុងអំពើ​លួច»​។

បើទោះបែបណា ក្រុមសហជីព អះអាងថាការ​អនុវត្ត​នីតិវិធីដោ​​យន​គរ​​បា​លយុត្តិធម៌​​នេះ គឺការ​ចាប់ខ្លួនលោក ជា ចាន់ ធ្វើឡើង​ដោយ​គ្មាន​ដីកា​រត្រឹមត្រូវនោះទេ។ហើយការចាប់ខ្លូននេះទៀតសោត ​ ធ្វើ​ឡើង​នៅ​ក្រោយកម្មករប្រ​​ចាំ​​​នៅរោងចក្រ វីងស្តារស៊ូ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ជា ចាន់ ធ្វើជាតំណាងស​ហជីពមូលដ្ឋាន ប្រចាំ​​នៅ​រោងចក្រមួយនេះ។រោងចក្រ វីងស្តារស៊ូ ដែលមានទីតាំងនៅក្នុងស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ គឺជារោង​​ច​​ក្រ​​ដែ​ល​ផលិត និង​ផ្គត់ផ្គង់​​ស្បែក​ជើងដែល​ក្រុម​ហ៊ុន​ ASICS របស់​ប្រទេស​ជប៉ុន គឺជាអ្នកបញ្ជាទិញ៕​