អ្នកធ្វើយុទ្ធនាការបរិស្ថានបានព្រមានថា ថង់ប្លាស្ទិកចំនួនប្រហែលជា១០លានថង់ ដែលបានប្រើប្រាស់ ហើយបោះចោលជារៀងរាល់ថ្ងៃក្នុងរាជធានីភ្នំពេញ នឹង «នៅតែស្ថិតមានកំទេចប្លាស្ទិចតូចៗជារៀងរហូត» តាមរយៈចំណីអាហារ ទឹក និងខ្យល់។
អ្នកស្រី Manon Orinel អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការបៃតងកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បាននិយាយថា ថង់ប្លាស្ទិចមិនអាចរលួយទៅជាធម្មជាតិបានឡើយ។
គាត់បានថ្លែងក្នុងសារមួយថា៖ «វានឹងនៅតែជាមីក្រូប្លាស្ទិចតូចជារៀងរហូត (ភាគល្អិតតូចៗដែលមាននៅក្នុងអាហារ ទឹក និងខ្យល់»។
អ្នកស្រាវជ្រាវម្នាក់បានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា មីក្រូប្លាស្ទិចអាចរារាំងផ្លូវរំលាយអាហាររបស់សត្វល្អិតតូចៗក្នុងខ្លួនមនុស្ស ហើយត្រូវបានគេគិតថាអាចប៉ះពាល់ដល់អរម៉ូនកើតមហារីក និងការប្រែប្រួល DNA ។
អ្នកស្រី Manon Orinel បន្តថា៖ «គួរឱ្យស្តាយណាស់ សព្វថ្ងៃថង់ប្លាស្ទិចមានតម្លៃថោកយ៉ាងខ្លាំងនៅក្នុងប្រទសកម្ពុជាដូច្នេះអ្នកលក់អាចផ្តល់នូវថង់ប្លាស្ទិកក្នុងការច្រករបស់មួយដោយមិនបានសួរថា តើអ្នកទិញពិតជាត្រូវការវាឬអត់»។
អ្នកស្រីបន្ថែមថា៖ «ប្រសិនបើវាមានតម្លៃថ្លៃបន្តិច ឬប្រសិនបើអតិថិជនត្រូវចំណាយថវិការដើម្បីទទួលបានថង់ប្លាស្លិកច្រកនោះអ្នកលក់នឹងមិនងាយច្រកឲ្យដោយងាយនោះទេ។ វាបានក្លាយជាទម្លាប់ដ៏អាក្រក់មួយនៅកម្ពុជា ក្នុងការច្រករបស់របរទំនិញតូចធំទាំងអស់ក្នុងថង់ប្លាស្ទិច ទោះបីជាវាមិនចាំបាច់ក៏ដោយ។
លោកស្រីបាននិយាយថា៖ «កត្តាសំខាន់គឺការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយសម្រាប់អ្វីដែលនៅសេសសល់គឺដាក់វានៅក្នុងធុងសំរាម ហើយទុកឱ្យក្រុមហ៊ុនប្រមូលសំរាមជាអ្នកគ្រប់គ្រង និងប្រមូលវាទៅដាក់នៅក្នុងកន្លែងចាក់សំរាម»។
អ្នកស្រីបន្ថែមដោយលើកទឹកចិត្តដល់អ្នកដើរទិញទំនិញតាមផ្សារ ឱ្យយកថង់បរិស្ថានដែលអាចប្រើឡើងវិញច្រើនដងដាក់តាមខ្លួន។
អ្នកស្រីថា៖ «ប្រជាជនមិនបានដឹងថា តើមានថង់ប្លាស្ទិចប៉ុន្មានទេដែលពួកគេកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ និងជារៀងរាល់សប្តាហ៍»។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រទេសកម្ពុជាផលិតសំរាមប្រមាណ៤លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះ១៥ ទៅ២០ភាគរយគឺជាសំរាមកាកសំណល់ប្លាស្ទិក។ លោកបន្តថា សម្រាប់តែនៅក្នុងរាជធានីភ្នំពេញ មានការប្រើថង់ប្លាស្ទិកប្រហែល១០លានថង់ក្នុងមួយថ្ងៃ ហើយលោកថា សំណល់ទាំងនោះមិនងាយរលាយរាប់រយឆ្នាំ ហើយប្រសិនបើដុត នឹងប៉ះពាល់ដល់សុខភាព និងបរិស្ថាន។
លោកបន្ថែមថា ក្រសួងកំពុងចាប់ផ្តើមយុទ្ធនាការសាកល្បងមួយសម្រាប់ប្រជាជនដើម្បីញែកសំរាមជា៣ប្រភេទ គឺសំរាមកាកសំណល់ផ្ទះបាយ សំរាមប្លាស្ទិក និងសំរាមកាកសំណល់ដែលមានគ្រោះថ្នាក់។
លោកបញ្ជាក់ថា៖ «ដល់ពេលដែលយើងត្រលប់ទៅរកធម្មជាតិវិញ ហើយនិងកាត់បន្ថយកាកសំណល់ប្លាស្ទិក។ ប្រសិនបើយើងពិនិត្យរាងកាយមនុស្សយើងឃើញថា មានផ្ទុកមីក្រូប្លាស្ទិចនៅខាងក្នុងរាងកាយរួចទៅហើយ»។
ទោះយ៉ាងណាអ្នកស្រី ចែលី មួយ ស្ត្រីមេផ្ទះនៅខណ្ឌពោធិ៍សែនជ័យនិយាយថា វាពិបាកក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនៅពេលដែលវាមានតម្លៃថោក និងងាយស្រួលប្រើប្រាស់។
អ្នកស្រីថា៖ «តម្លៃតែពីរ ឬបីពាន់រៀលប៉ុណ្ណោះ ខ្ញុំអាចទិញថង់មួយដុំដែលមានថង់ច្រើនប្រើមិនចង់អស់»។
ទោះយ៉ាងណាលោកស្រីបានទទួលស្គាល់ថា ចំនួនថង់ដែលត្រូវប្រើក្នុងការវេចខ្ចប់ គ្រាន់តែអាហារតែមួយមុខហាក់ដូចជាមានច្រើនហួសកម្រិត។
អ្នកស្រីបន្តថា៖ «អ្នកខ្លះត្រូវការថង់ប្លាស្ទិក៤ ឬ៥ថង់សម្រាប់ខ្ចប់អាហារមួយពេល។
លោក ផល សុផាត អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកផ្សព្វផ្សាយ «យុទ្ធនាការគ្រួសារសំរាម» លើកឡើងថា សំរាមចាប់ផ្តើមពីក្នុងគ្រួសារ និងក្នុងសហគមន៍ទៅក្នុងការទទួលខុសត្រូវចំពោះសំរាម និងចំពោះបរិស្ថាន។
លោកបញ្ជាក់ថា៖ «សំរាមកើតចេញពីមនុស្ស ប្រសិនបើយើងចង់ចោលសំរាមនៅកន្លែងសាធារណៈ ការអប់រំគួរតែចាប់ផ្តើមពីគ្រួសាររបស់យើងជាមុន ដើម្បីឱ្យពួកគេយល់ដឹងពីផលប៉ះពាល់អាក្រក់នៃសំរាមហើយត្រូវធ្វើជាគំរូល្អ។ ជំហានដំបូងគឺចាប់ផ្តើមពីគ្រួសាររបស់យើង ហើយបន្តទៅសហគមន៍ទាំងមូល»៕