ប្រជាពលរដ្ឋចំនួន៤គ្រួសារជាដើមបណ្តឹងព្រមបញ្ចប់វិវាទក្នុងសំណុំរឿងដីធ្លីទំហំ១០ហិកតាខណៈចុងចោទដែលជាតំណាងពលរដ្ឋ៨៣គ្រួសារចាត់ទុកបណ្តឹងប្រឆាំងរូបលោកថា ជារឿងមិនសមហេតុផល។
ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក សេន ហេន ជាពលរដ្ឋម្នាក់ក្នុងចំណោម៣គ្រួសារផ្សេង ដែលជាម្ចាស់បណ្តឹង លើកឡើងថា នៅព្រឹកមិញនេះ អភិបាលស្រុកបានដោះបញ្ចប់បញ្ហានេះរួចហើយ។លោកបន្តថា នៅចំពោះមុខរដ្ឋបាលស្រុក លោក ប៊ុត ជ្រឹង ដែលជាចុងចោទក្នុងរឿងដីធ្លីនេះ ឆ្លើយតបទាំងគ្មានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលសំអាងថាដីដែលពលរដ្ឋប្តឹងនោះលោកបានមកដោយរបៀបណាជាដើម។
លោកបន្តថា៖«បាទខ្ញុំទើបមកដល់ផ្ទះហ្នឹងឯងចៅហ្វាយស្រុកគាត់បានដោះស្រាយពាក្យបណ្តឹងអស់រលើងហើយតា ព្រោះ ប៊ុត ច្រឹង គាត់ធើ្វអត់មូលដ្ឋានច្បាស់លាស់បាទ អភិបាលស្រុកគាត់សួររកឯកសារគឺគាត់អត់មានឯកសារច្បាស់លាស់ហើយគាត់មនុស្សចំណាកស្រុកទៅ១០ឆ្នាំ ២០ឆ្នាំនៅថៃហើយគាត់ចេះតែដាក់បញ្ចូលចឹងហាណាបាទ» ។
ទាកទិនវិវាទដីធ្លីក្នុងទំហំដី១០ហិតកា ដែលស្ថិតនៅក្នុងចំណោមដីជាង១១៤ ហិកតា នេះគឺជាប្រភេទដីសម្បទានដីសង្គម ស្ថិតនៅក្នុងភូមិសាស្រ្តភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ពលរដ្ឋ៤គ្រួសារ បានដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ពីសាលាស្រុកថ្មពួក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយចោទប្រកាន់លោក ប៊ុត ច្រឹង និងមនុស្សមួយចំនួនទៀត ពីបទរំខាន និងរារ៉ាំងការធ្វើស្រែ។
ដោយឡែក លោក ប៊ុត ច្រឹង ដែលរងបណ្តឹងនៅក្នុងវិវាទដីធ្លីនេះ ក្នុងចំណោមមនុស្សផ្សេងទៀត លើកឡើងក្រោយបិទបញ្ចប់កិច្ចប្រជុំថា លោកមិនបានរារ៉ាំងដូចបទចោទទេ។លោកបន្តថា អ្វីដែលលោកអនុវត្តកន្លងទៅនេះ គឺជាការការពារដីក្នុងនាមលោកជាតំណាងឱ្យពលរដ្ឋជាង៨៣គ្រួសារ សម្រាប់អាស្រ័យផលជារួម ព្រោះដីនេះគឺជាសម្បទានសង្គមកិច្ច ដែលរដ្ឋផ្តល់ឱ្យពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការចាំបាច់នៅក្នុងសហគមន៍។
លោកបន្តថា៖ «ដើមបណ្តឹងប្តឹងយើងពីបទ រារុំាងការធើ្វស្រែ រួចគេថាគេបានដីឈ្មួញដល់យើងនិយាយថាដីយើងបានមកពីរដ្ឋឲ្យគេនិយាយថាយើងមិនប្តឹង និយាយរឿងប្តឹងនោះដល់តែសែនប្តឹងហើយមិនដឹងគេយកបណ្តឹងយើងទៅទុកចោលនៅណាទេពួកខ្ញុំជាអ្នករងគ្រោះដែលគេមករំលោភដីនោះជាដីសម្បទានសង្គមកិច្ច ដីទំហំ១០ ហិចតា»។
ចំណែកអភិបាលស្រុកថ្មពួក លោក អែម សុខា បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោកអះអាងដោយខ្លីថា កំពុងជាប់ភារកិច្ចដែលមិនអាចផ្តល់ការអត្ថាធិប្បាយបាន។
លោកបន្តថា៖ «ខ្ញុំមិននេះទៅព្រោះថ្ងៃខ្ញុំជាប់កម្មវិធីប្រកាសខ្ញុំតែងតាំងថ្មី ខ្ញុំអត់មានពេលទេ»។
ជុំវិញរឿងនេះ មេឃុំគោររមៀត លោក នៃ ពៅ ទទួលស្គាល់ថាវិវាទនេះ បានអូសបន្លាយជាយូរមកហើយ និងមានភាពស្មុគស្មាញ ហើយនៅតែដោះស្រាយមិនចេញ។លោកបដិសេធថា ការចូលរួមស្វែងរកច្រកចេញកាលពីព្រឹកមិញ នៅសាលាស្រុក ក្នុងនាមរដ្ឋបាលឃុំលោកមិនបានចូលរួមទេ ដោយសារជាប់រវល់កិច្ចការផ្សេង។
លោកបន្តថា៖ «ករណី ប៊ុត ច្រឹង អាវិវាទហ្នឹងវាមិនចេះចប់មិនចេះហើយទេ ដោយសារក្រុមការងាររបស់គាត់ហ្នឹងទទួលសហគមន៍មកពីណាពីណីហ្នឹង គាត់ដាក់តាមពិតដីចំណុចហ្នឹងវាជាដីបងប្អូនប្រជាពលរដ្ឋធ្លាប់រស់នៅទី២ពួករស់នៅហ្នឹងបង្កើតសហគមន៍ហ្នឹងទន្រ្ទានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដល់ពេលចឹងទៅមានពាក្យបណ្តឹងមកឃុំក៏ចរចាចូលអ្នកស្រុកថ្ងៃនេះខ្ញុំមិនបានចូលរួមទេដោយសារការងារច្រើនខ្ញុំឲ្យជំទប់ទ២ចូលរួម ចង់បញ្ជាក់ជូនចឹង »។
ដោយឡែក លោក ភុន ឈិន មន្រ្តីអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សង្កេតឃើញថា ជម្លោះដីធ្លីនេះគឺនៅត្រង់ការសម្រេចចុងក្រោយរបស់អាជ្ញាធរមូលដ្ឋានទេ។លោកបន្តថាប្រសិនបើរដ្ឋបាលថ្នាក់ស្រុក ឬឃុំចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់ ឱ្យបានឆាប់បញ្ហានេះនឹងដោះបញ្ចប់គ្មានអ្វីជាមន្ទិលសង្ស័យទៀតឡើយ។
លោកបន្តថា៖«បាទទាក់ទងជាមួយករណីហ្នឹងគឺខាងអង្គការលីកាដូ ដែលតែងតែបានធើ្វការឃំា្លមើលដំណើរការនៃការដោះស្រាយវិវាទនៅកន្លែងហ្នឹងកន្លងមកហ្នឹងយើងយល់ឃើញថាបញ្ហានៅសល់ត្រឹមតែអាជ្ញាធរគាត់មិនទាន់បានចុះទៅធើ្វការវាស់វែងដើម្បីសំរេចផ្តល់ជាប័ណ្ណកម្មសិទ្ធិដល់អ្នកដែលគាត់ទទួលបានរបបដីនៅក្នុងតំបន់ហ្នឹងបាទ» ។
ទាក់ទិនដីទំនាស់នេះ ពលរដ្ឋ៥រូបតំណាងឱ្យ៨៣គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើញត្តិរួមគ្នាមួយ កាលពីថ្ងៃទី២០ ខែឧសភា ហើយដែលគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃនេះឱ្យដឹងថាពួកគេស្នើសុំឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញសុរិយោដីខេត្ត ចុះវាស់វែងកំណត់ព្រំដីសម្បទានសង្គមកិច្ច និងចុះបញ្ជីលក្ខខណៈជាប្រព័ន្ធឱ្យបានលឿន។តំណាងពលរដ្ឋអះអាងថាបើទោះជាពលរដ្ឋបានស្នើសុំជាច្រើនលើកច្រើនសារកន្លងទៅហើយក្តី ពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយជាវិជ្ជមានណាមួយនៅឡើយពីរដ្ឋបាលខេត្ត និងស្ថាប័នជំនាញគិតមកដល់ពេលនេះ៕