ក្រសួងសុខាភិបាលក្រើនរំឮកប្រជាពលរដ្ឋពីការពុលដោយបរិភោគត្រីក្រពត ក្រោយកើតមានករណីមនុស្ស៧នាក់ពុលត្រីក្រពតកាលពីពេលថ្មីៗនេះនៅខេត្តកំពង់ឆ្នាំង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤បញ្ជាក់ថា ក្រោយបរិភោគត្រីក្រពត មនុស្សចំនួន៧នាក់មានអាការៈធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមក្រសួង បច្ចុប្បន្នអ្នកជំងឺទាំង៧នាក់មានសភាពធូរស្រាល។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រីអាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ»។
បើតាមក្រសួងសុខាភិបាល នៅកម្ពុជាមានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះ៥ប្រភេទមានជាតិពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពអុចបៃតង និងត្រីក្រពតហ្លូវៀធីលីស។ ជាតិពុលរបស់ត្រីក្រពតទាំង៥ប្រភេទនេះ មានកម្រិតជាតិពុលនៅក្នុងខ្លួនត្រីខ្ពស់បំផុតនៅក្នុងរដូវត្រីពង។
ក្រសួងសុខាភិបាលបន្ថែមថា រោគសញ្ញាពុលដែលកើតឡើងក្រោយបរិភោគត្រីក្រពត៥ប្រភេទនេះមានដូចជា ក្នុងរយៈពេលពី២០នាទី ទៅ២ម៉ោង មានរមាស់ចាក់ៗនៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់។
ក្រសួងសុខាភិបាលបានឱ្យដឹងថា វិធីសង្រ្គោះភ្លាមក្រោយពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្រ្គោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត៕