ក្រសួងសុខាភិបាលប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នបន្ទាប់ពីមានក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទហាស់៥អ៊ីន១ (H5N1) កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅស្រុកគីវីវង្ស ខេត្តតាកែវ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះបញ្ជាក់ថា ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ រស់នៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ មានផ្ទុកវីរុសជំងឺផ្តាសាយបក្សី ប្រភេទហាស់៥អ៊ីន១ (H5N1) ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កេ្មងប្រុសនោះបានបរិភោគម្ហូបដែលធ្វើពីមាន់ទាងាប់ និងប៉ះពាល់មាន់ងាប់មុនពេលអ្នកជំងឺឈឺ១០ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់៖ «បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុនចាប់ផ្តើមឈឺនៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះអ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាក់ និងកាន់មានងាប់»។
ក្រសួងសុខាភិបាលបានចាត់ក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់ដែលសហការណ៍ជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីស្រាវជ្រាវលើជំងឺផ្តាសាយបក្សី ឆ្លើយតបជាបន្ទាន់ ចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ។
ក្រសួងសុខាភិបាលក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច និងអំពាវនាវដល់ដល់ប្រជាជនឱ្យពិគ្រោះយោបល់ និងពិនិត្យជាមួយក្រុមគ្រូពេទ្យដែលនៅជិតបំផុត។
ជំងឺផ្តាសាយបក្សីជាជំងឺដែលមានឆ្លងពីសត្វបក្សីឈឺទៅសត្វផ្សេងទៀត ប៉ុន្តែវាមានការឆ្លងពីបក្សីទៅមនុស្សផងដែរ តាមរយៈការប៉ះពាល់ជាមួយបក្សីងាប់ ឬឈឺ។ ផ្តាសាយបក្សីកើតលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលត្រូវមានការព្យាបាលទាន់ពេលវេលា។ ការឆ្លងជំងឺផ្តាសាយបក្សីពីមនុស្សម្នាក់ទៅម្នាក់ជាករណីកម្រ ប៉ុន្តែបើមានអាចជាករណីបំប្លែងខ្លួន និងឆ្លងដូចជំងឺផ្តាសាយតាមរដូវកាល។
គួរបញ្ជាក់ថាបើករណីឆ្លងចុងក្រោយក្នុងខែ កក្កដាឆ្នាំ២០២៤ មានករណីឆ្លងជំងឺផ្តាសាយបក្សីចំនួន៦១ករណីដែលក្នុងនោះស្លាប់៤០នាក់ បើគិតចាប់ពីឆ្នាំ២០០៥ ដែលរាយការណ៍ករណីឆ្លងជំងឺផ្តាសាយបក្សីដំបូងនៅប្រទសកម្ពុជា៕