គណៈកម្មការរៀបចំព្រឹត្តិការណ៍បាល់ទាត់បណ្ឌិត កែម ឡី បានសម្រេចរំសាយព្រឹត្តិការណ៍បាល់ទាល់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីម្ចាស់ទីតាំងដែលបានជួលសុំបញ្ឈប់ដោយជូនដំណឹងថា ព្រឹត្តិការណ៍នេះមិនមានការអនុញ្ញាតពីអាជ្ញាធរ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការរំសាយព្រឹត្តិការណ៍ប្រកួតបាល់ទាត់បណ្ឌិតកែម ឡី លើកទី៣ ចេញកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា គណៈកម្មការរៀបចំសម្រេចរំសាយព្រឹត្តិការណ៍ប្រកួតបាល់ទាត់លើកទី៣ ក្រោមប្រធានបទ «កីឡាបង្ហាញពីការរួបរួម និងស្មារតី កែម ឡី» ដោយសារម្ចាស់ទីតាំងឈប់ជួលឱ្យ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «ទីតាំងដែលគណៈកម្មការរៀបចំបានកក់រួចនោះក៏បានជូនដំណឹងពីការបញ្ចប់នៃការជួលទីតាំងមកគណៈកម្មការរៀបចំវិញ ក្រោមហេតុផល គណៈកម្មការមិនមានលិខិតអនុញ្ញាតពីអាជ្ញាធរ»។
លោក ម៉ើ ចាន់ដារ៉ា តំណាងគណៈកម្មការរៀបចំប្រាប់ Newsroom Cambodia នៅថ្ងៃចន្ទនេះថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះត្រូវបានរំសាយ ដោយសារម្ចាស់តារាងមិនព្រមជួលឲ្យ ព្រោះខ្លាចមានបញ្ហាជាមួយអាជ្ញាធរនៅពេលពួកលោកថ្លែងសារទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។
លោកថ្លែងថា៖ «យើងមានការបញ្ជាក់ពីម្ចាស់តារាងមកវិញថា មិនអាចជួលតារាងឱ្យពួកយើងបានទេ ដោយសារតែគាត់ខ្លាច នៅពេលគាត់ជួលតារាងជួលអី ឱ្យយើងប្រកួត នៅពេលដែលយើងថ្លែងសារផ្សេងៗ ថ្លែងសុន្ទរកថានូវការទាមទារ សារផ្សេងៗទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី នឹងមានអាជ្ញាធរផ្សេងៗមកធ្វើការសួរនាំ»។
លោកបន្ថែមថា តាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ការជួបជុំនៅកន្លែងឯកជនបិទជិត មិនតម្រូវឱ្យមានការអនុញ្ញាតពីអាជ្ញាធរទេ។
លោកនិយាយថា៖ «ទូទៅយើងសង្កេតឃើញថាការធ្វើសកម្មភាពនៅកន្លែងឯកជនដែលមានការបិទជិត យើងមានជួលសេវាផ្សេងៗ យើងមិនតម្រូវឲ្យមានច្បាប់ ការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធណាមួយទេ។ ណាមួយសកម្មភាពរបស់យើងបើយើងគិតពីច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី យើងមិនដល់ចំនួនមនុស្សដែលយើងត្រូវធ្វើការសុំច្បាប់នោះឡើយ ដោយសារតែយើងគ្រោងជួបជុំគ្នាតែ១២០នាក់»។
លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងដើម្បីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី និងបន្តវីរភាពបណ្ឌិត កែម ឡី ពង្រឹងសាមគ្គីភាពរវាងអង្គការសង្គមស៊ីវិល សារព័ត៌មាន សហគមន៍ សាធារណជន និងយុវជន និងលើកកម្ពស់ការយល់ដឹងអំពី អំពើនិទណ្ឌភាពទៅកាន់សាធារណជន។
លោកបញ្ជាក់ថា៖ «គោលបំណងនៃការប្រព្រឹត្តបាល់ទាត់នេះ ទីមួយយើងចង់រំឭកពីវីរភាពរបស់លោកបណ្ឌិត កែម ឡី ផ្សារភ្ជាប់ទៅនឹងការទាត់បាល់ ដោយសារឆ្នាំមុនយើងក៏បានធ្វើការទាត់បាល់រំឭកខួបលោកបណ្ឌិតផងដែរ។ ហើយទីពីរយើងចង់ផ្ញើសារទៅភាគីពាក់ព័ន្ធដើម្បីឱ្យពួកគាត់អាចបន្តការស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី […] ឱ្យយើងអស់ចិត្តបានថា ឃាតករត្រូវទទួលទោសពីការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អស់មួយជីវិតហ្នឹង ពិតជាឃាតករពិតដែលបានបាញ់សម្លាប់លោកមែន»។
គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា។ លោកត្រូវបានឃាតករបាញ់ចំនួនបីគ្រាប់បណ្តាលឱ្យស្លាប់នៅក្នុងស្តារម៉ាតរបស់ស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕