ក្រសួង​សុខាភិបានៅ​ថ្ងៃអង្គារនេះ​​ប្រកាស​ថា បុរស​ពីរ​នាក់​រស់​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​ឧត្តរមានជ័យ​បាន​ស្លាប់​ដោយ​សារការ​បរិភោគ​ត្រី​ក្រពត។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​ចេញ​នៅ​​ថ្ងៃ​ទី​៨ ​ខែ​កក្កដា​ ឆ្នាំ​២០២៤​ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​មាន​បុរសម្នាក់​នៅ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ស្លាប់​ បន្ទាប់​ពី​បរិភោគ​ត្រី​​ក្រពត​​ ហើយ​នៅ​ថ្ងៃ​ទី​៨​ ខែ​កក្កដា ​ឆ្នាំ​២០២៤​ មាន​បុរសម្នាក់​​បន្ថែម​ទៀត​ នៅ​ខេត្ត​កំពង់ឆ្នាំង​​​បាន​ស្លាប់​ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត​ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ ក្រសួង​សុខាភិបាល​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទអំពាវនាវ និង​ក្រើន​រំឮក​​ដល់​ពលរដ្ឋ​គ្រប់រូប ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន ចៀសវាង​ការបរិភោគ​​ត្រី​ក្រពត​ដែល​មាន​ជាតិពុល​ ពីព្រោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ឬ​ស្លាប់​។​

ក្រសួង​​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ទៀត​ថា​៖​ «​ក្រសួង​សុខាភិបាល​សូម​លើក​ទឹកចិត្ត​ ឱ្យ​បង​ប្អូន​ពលរដ្ឋ​គ្រប់​រូប​អនុវត្ត​តាម​ដំបូន្មាន​ខាងលើ​ និង​សូម​បន្ត​ផ្សព្វផ្សាយ​សារ​អប់រំ​នេះ​ដល់​ក្រុម​គ្រួសារ​ សាច់ញាត្តិ​ មិត្ត​ ដើម្បី​ការពារ​អ្នក​និង​ក្រុម​គ្រួសារ​ ចៀស​ផុត​ពី​ការឈឺ​ និង​ស្លាប់​ដោយ​សារ​ការ​បរិភោគ​ត្រីក្រពត​ដែល​មាន​ជាតិពុល​ទាំង​៥​ប្រភេទ​នេះ​»​។​

កាលពីថ្ងៃទី៥ ខែកក្កដា​ មនុស្ស​ចំនួន​៧​នាក់ រស់នៅ​ខេត្តកំពង់​ឆ្នាំង បាន​ពុល​ត្រីក្រពត ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះទាន់ពេល​វេលា។

បើតាមក្រសួង​សុខាភិបាល​ នៅកម្ពុជាមានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះ​៥ប្រភេ​ទ​​មាន​ជាតិ​ពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពអុចបៃតង និង​ត្រី​ក្រពតហ្លូវៀធីលីស។ ជាតិពុលរបស់ត្រីក្រពតទាំង៥ប្រភេទនេះ មាន​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រី​ខ្ពស់បំផុតនៅក្នុងរដូវត្រីពង។

សម្រាប់​រោគ​សញ្ញាពុល​មាន​ដូចជា ​​ក្នុង​រយៈពេលពី​​២០នាទី ទៅ២ម៉ោង មាន​រមាស់​ចាក់ៗ​នៅ​បបូរ​មាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់៕