តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងរឿងក្ដីព្រហ្មទណ្ឌប្រឆាំងនឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល នៅចុងខែកក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ បានបើកសវនាការលើសំណុំរឿងរបស់លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាល។ ប្រធានគណបក្សប្រឆាំងរូបនេះ បានរងបណ្តឹង ក្រោយពីរូបលោកបានថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចុះខ្សោយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងនៅថ្ងៃទី០៩ ខែកក្កដានេះថា ក្នុងសវនាការនោះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាង ហុង និងមេធាវីដើមបណ្ដឹង បានសួរដេញដោលរូបលោក អំពីការផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Nikkei Asia របស់ជប៉ុន ថាតើជាការពិតឬយ៉ាងណា ដែលក្នុងបទសំភាសន៍នោះលោកបាននិយាយប្រៀបធៀបលំហប្រជាធិបតេយ្យ រវាងអាណត្តិរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងការលើកឡើងដែលថារដ្ឋាភិបាលបានការដាក់កាមេរ៉ាឃ្លាំមើលនៅមុខផ្ទះថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សភ្លើងទៀន។
លោក ទាវ វណ្ណុល បន្តថា រូបលោកបានប្រាប់អង្គសវនាការថា ខ្លឹមសារបទសម្ភាសន៍របស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុននោះ មិនត្រឹមត្រូវ១០០ភាគរយនោះទេ ដោយក្នុងនោះខ្លឹមសារត្រឹមត្រូវមានតែ៨០ភាគរយទេ ដោយលោកថា ទំនងជាមានការខ្វះចន្លោះក្នុងការបកប្រែយកទៅសរសេររបស់អ្នកកាសែតនៅ Nikkei Asia ។
អ្នកនយោបាយបក្សប្រឆាំងរូបនេះ បានអះអាងថា រាល់អ្វីដែលលោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតជប៉ុននោះ គ្រាន់តែជាការបញ្ចេញមតិរបស់លោក ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលនេះជាការអនុវត្តសិទ្ធិបញ្ចេញមតិ ដែលមានចែងក្នុងច្បាប់របស់ប្រទេសកម្ពុជា។
លោកថា៖ «លទ្ធផលយ៉ាងម៉េចខ្ញុំអត់ដឹងទេ ខ្ញុំសង្ឃឹមថា គេទម្លាក់ការចោទមកលើរូបខ្ញុំ ពីព្រោះអ្វីដែលខ្ញុំបានសម្ភាសន៍ជាមួយនឹងកាសែត Nikkei Asia វាគ្រាន់តែជាការបញ្ចេញមតិទៅលើរបបប្រជាធិបតេយ្យរបស់យើង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញជំពូក៤១ គឺខ្ញុំមានសិទ្ធិបញ្ចេញមតិ នេះគ្រាន់តែជាមតិរបស់ខ្ញុំទេ»។
បើតាមលោក ទាវ វណ្ណុល ក្រោយបញ្ចប់ការសួរដេញដោលរួច លោក ហុក ពៅ ចៅក្រមជំនុំជម្រះបានប្រាប់អង្គសវនាការថា សាលក្រមនៃសំណុំរឿងនេះ នឹងប្រកាសនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍យ៉ាងខ្លីថា៖ «ជាទូទៅ លោកចៅក្រម គាត់នឹងពិនិត្យមើលអង្គហេតុ អង្គច្បាប់ និងភស្តុតាងផ្សេងៗ និងសម្រេចតាមច្បាប់ចែង»។
ចំណែក មេធាវីតំណាងរាជរដ្ឋាភិបាល លោក ម៉ម ចាន់ណែត មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងខ្លឹមសារបែបណា ស្ថិតលើភស្តុតាងដែលមានក្នុងសំណុំរឿង ហើយដែលស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ[…] សុំឱ្យ[តុលាការ]អនុវត្តគោលការណ៍នីត្យានុកូលភាព ពោលគឺ ច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមកនេះ អ្នកជំនាញអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងសហគមន៍អន្តរជាតិ បានលើកឡើងស្រដៀងគ្នាថា សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា មានការរឹតត្បិត ដោយសារអ្នកដែលហ៊ានបញ្ចេញមតិតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរងនូវអំពើហិង្សា រងបណ្តឹង និងការចាប់ខ្លួន ពាក់ព័ន្ធនឹងបទញុះញង់ និងបទបរិហាកេរ្តិ៍ជាសាធារណ: ជាដើម ។
លោកបន្តថា៖ «ដូច្នេះបញ្ហាដែលកើតឡើងទាំងនេះ ជាទឡ្ហីករណ៍ [ដែលបង្ហាញថា]សេរីភាពក្នុងការបញ្ចេញមតិ គឺស្ថិតក្នុងរូបភាពរឹតត្បិត ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន និងគោលការណ៍គ្រឹះនៃដំណើរការលទ្ធិប្រជាធិបតេយ្យ»។
លោកបន្ថែមថា កម្ពុជាគួរតែពិនិត្យ និងកែលំអរនូវអ្វីដែលនៅខ្វះចន្លោះ ឬមិនទាន់បានធ្វើទៅតាមអនុសាសន៍របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីឱ្យកម្ពុជាទទួលបាននូវផលចំណេញក្នុងការអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត និងមានសុខសន្តិភាពពេញលេញទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកក៏បានជំរុញដល់អ្នកនយោបាយទាំងអស់ គួរតម្កល់ឧត្តមប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ប្រជាពលរដ្ឋ ជាធំ ដោយបន្តនូវវប្បធម៌សន្ទនាគ្នា និងដោះស្រាយនូវបញ្ហានយោបាយ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេសជាតិ ដោយសន្តិវិធី។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ គណបក្សភ្លើងទៀនបានបញ្ជាក់ថា មេធាវីតំណាងរាជរដ្ឋាភិបាលបានប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍របស់លោកជាមួយនឹងកាសែត Nikkei Asia និងត្រូវបានយកមកផ្សព្វផ្សាយបន្តដោយវិទ្យុបារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននិងកំពុងដើរថយក្រោយចាប់តាំងពី លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកបានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង»។
ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយច្រានចោលការអះអាងរបស់លោក វណ្ណុល ហើយចាត់ទុកការលើកឡើងរបស់លោក ថាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។ អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
មេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទលោក ទាវ វណ្ណុល ថាបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ថា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា៕