ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថារដ្ឋាភិបាលគួរកាត់បន្ថយតម្លៃនៃការធ្វើលិខិតឆ្លងដែន ដើ​ម្បី​​សម្រួលឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើដំណើរទៅក្រៅប្រទេស ទាំងដំណើរកំសាន្ត និងរកការងារធ្វើ ជាពិសេ​​​ស​ត​​​​ម្លៃលិខិតឆ្លងដែនធូរថ្លៃនេះនឹងជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋកាន់តែប្រសើរថែមទៀត។

កង្វល់របស់ពលរដ្ឋនេះ ធ្វើឡើងនៅក្រោយពេលដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃកា​ល​ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានដាក់ឱ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រ​​ព័​ន្ធ​អនឡាញ ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ចាប់ពីថ្ងៃទី១​៧ មិថុនា ដោយតម្រូវឱ្យពលរដ្ឋ អាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code https://online.gdi.gov.kh/login

យុវជនបម្រើការងារនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កញ្ញា​​ ល័ស​ ម៉ាស់ស្តោះ យល់ឃើញថាតម្លៃ នៃលិខិតឆ្លងដែននៅកម្ពុជាហាក់បីដូចជាមានតម្លៃខ្ពស់ជាងប្រទេសជិតខាង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមានជី​វ​​ភា​​ពក្រោមមធ្យម គ្មានលទ្ធភាពធ្វើលិខិតឆ្លងដែននេះបាន។

​​​កញ្ញាបន្តថា៖«សម្រាប់ប្រជាពលរដ្ឋខ្មែរ​ប្រទេសខ្មែររាងខ្ពស់ជាងប្រទេសជិតខាងហើយវាអត់សមរម្យទេសម្រា​​​ប់ប្រជាពលរដ្ឋខ្មែរព្រោះយើងមើលលើប្រាក់ខែប្រជាពលរដ្ឋយើងវា​ បើនិយាយពីរោងចក្រវាឡើងដូចជា ២០​០​ជាង​​បើលិខិតឆ្លងដែនវិញ​វា ១០០ជាង ​វាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋខ្លះគាត់មិនមានលទ្ធភាពធ្វើលិខិ​ត​​ឆ្លងដែនហ្នឹង ​ចឹងភាគច្រើនខ្ញុំមើលឃើញ​​ ឃើញតែអ្នកមានប្រាក់ខែចាប់ពី ៣០០ អីទៅទេទើបមានលទ្ធភា​ព ទៅធ្វើលិខិតឆ្លងដែនហ្នឹង ​ដែលគាត់ចង់ទៅក្រៅប្រទេសអី តែបើយើងគិតថាប្រជាលរដ្ឋសាមញ្ញដែលគាត់នៅ​ជនបទហ្នឹងខ្ញុំគិតថា​វាខ្ពស់ខ្លាំងណាស់សម្រាប់ពួកគាត់ » ។

ជាមួយគ្នានេះ កញ្ញាស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់កែទម្រង់ទៅលើតម្លៃនៃលិខិតឆ្លងដែននេះ ឱ្យមានតម្លៃ​​​ដូ​ច​​ទៅនឹងប្រទេសជិតខាង ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងអាចមានលទ្ធភាពធ្វើលិខិតឆ្លងដែននឹ​​ង​​គេបាន។

កញ្ញាបន្តថា៖ « ចង់ឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរទៅលើកន្លែងធ្វើលិខិតឆ្លងដែន ព្រោះបងឃើញមានប្រជាពលរដ្ឋមួយចំនួនអត់មានចំណេះដឹងអីចឹងទៅធ្វើលិខិតឆ្លងដែនហ្នឹងគឺគាត់ត្រូវឆ្លងកាត់ពេលខ្លះ គា​ត់​​អត់ចេះអីចឹង គាត់ឱ្យគេជួយបំពេញលិខិតហ្នឹង គាត់ត្រូវអស់សេវាថែមលើហ្នឹងទៀត […]  ពេលខ្លះខ្ញុំមើលឃើ​ញថាប្រជាពលរដ្ឋចំណាកស្រុកអីចឹងខុសច្បាប់អីចឹងដោយសារអី ដោយសារតែយើងទៅតាមស្របច្បាប់ហ្នឹង លិខិតឆ្លងដែនវាថ្លៃពេក ចឹងបានពួកគាត់មិនមានលទ្ធភាព ពួកគាត់ក៏ចំណាកស្រុកដោយអត់ធ្វើលិខិ​តឆ្ល​ង​ដែន ដោយខុសច្បាប់ »។

ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ កញ្ញា ខែម ស្រីមុំ យល់ឃើញថាតម្លៃនៃការធ្វើលិខិ​​​តឆ្ល​ងដែ​ននៅកម្ពុជាមានតម្លៃថ្លៃជាងប្រទេសជិតខាងច្រើនហើយកញ្ញាចង់ឱ្យតម្លៃនៃលិខិតឆ្លងដែននេះ មាន​​តម្លៃ​​ទា​ប ដែលអាចជួយឱ្យពលរដ្ឋគ្រប់គ្នា ទទួលបានលិខិតឆ្លងដែនកាន់ និងប្រើប្រាស់បាន។

កញ្ញាបន្តថា៖ « លិខិតឆ្លងដែនប្រទេសយើងវាថ្លៃខ្លាំងណាស់មិនសមទៅនឹងជីវភាពប្រជាពលរដ្ឋយើងទេ វាមិនអាចកាត់បន្ថយភាពក្រីក្របានទេ ដោយទាំងតម្លៃលិខិតឆ្លងដែន និងទីតាំងកន្លែងផ្តល់សេវាធ្វើលិខិតផ្សេងៗ គួររុញទៅដល់ថ្នាក់មូលដ្ឋាន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ធាន ភូមិ ឃុំ  ស្រុក ខេត្ត ហើយ តម្លៃលិខិតឆ្លងដែន គួរយកតម្លៃថោកដូចប្រទេសជិតខាងយើង នោះបានអាចកាត់បន្ថយភាពក្រីក្របាន។ ហើយបើប្រៀបធៀប តម្លៃលិខិតឆ្លងដែន ប្រទេសយើង និងប្រទេសជិតខាងយើងវិញ គឺយើងថ្លៃលើសគេ ១គុណ ១០ ឯណោះ ដូចនេះហើយមិនអាចកាត់បន្ថយភាពក្រីក្របានទេ »។

ព្រះតេជគុណ សំ ដារ៉ូ គង់នៅវត្តមួយនៅក្នុងខេត្តកណ្តាល យល់ឃើញថាតម្លៃលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្ពស់ ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមិនសាកសម ព្រោះប្រទេសកម្ពុជាមិនមែនជាប្រ​​ទេ​ស​រីកច​​ម្រើ​ននោះទេ ដូច្នេះ គួរតែមានការទម្លាក់តម្លៃខ្លះដើម្បីឱ្យប្រហាក់ប្រហែលប្រទេសដទៃ។

ប្រភពបន្តថា៖ « នៅក្នុងចំណោមប្រទេសអាស៊ានប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ តម្លៃ Passport ថ្លៃជា​ងគេទាំងអស់ ទាំងដែលប្រទេសខ្លួនឯងហ្នឹងអត់មានការរីកចម្រើនទេបើប្រៀបធៀបហ្នឹងប្រទេសអាស៊ាន សម្រា​ប់តម្លៃ Passport នេះមិនសាកសមទេព្រោះអី ព្រោះនៅប្រទេសសិង្ហបុរីជាប្រទេសដែលរីកចម្រើនជាងគេ​ក្នុ​ងចំណោមអាស៊ាន បែរជាថោកជាងគេត្រឹមតែ ៥ ដុល្លារទេ ចំណែកឯប្រទេសយើង ១១៥ ឯណោះ បែរជាប្រទេសអ្នកមានយកថោក ប្រទេសអ្នកក្រយកថ្លៃ […] គួរណាតែរដ្ឋាភិបាលយើងទម្លាក់តម្លៃឱ្យទាប យ៉ាងហោ​ចណាស់ក៏ត្រឹមតែ ៥០ ដុល្លារ ឬ៣០ដុល្លារអី » ។

ស្រដៀងគ្នានេះដែរ លោក អោក សុភី ជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ចង់ឱ្យតម្លៃលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃឱ្យស្របនឹងជីវភាពរបស់ពលរដ្ឋ ដើម្បីឱ្យពួកគេមានឱកាសធ្វើដំណើរទៅក្រៅប្រទេស​។

លោកមានប្រសាសន៍ថា៖ « វាគួរតែមានតម្លៃសមស្របជាមួយចំណូលរបស់ប្រជាពលរដ្ឋយើង អាច ២០ ឬ៣០ដុល្លារ អីអាចទទួលយកបាន បើថ្លៃវាធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ប្រជាពលរដ្ឋនៅក្នុងស្រុកគាត់អត់មានឱកាសដើម្បីទៅមើលពិភពខាងក្រៅ […] ស្នើសុំឱ្យជួយបន្ថយតម្លៃ »។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែរ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងថា ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺដើម្បីតែកេងចំណេញ ធ្វើឱ្យប្រជាពលរដ្ឋដទៃទៀតភ័ន្តច្រឡំលើក្រសួង។

លោកបន្តថា៖«ជាការកត់សម្គាល់ បងប្អូនអ្នកវិភាគ បងប្អូនអ្នកលើកបញ្ហាបញ្ចេញយោបល់មួយចំនួនទេ គាត់លើកយោបល់ វិភាគដើម្បីតែគោលដៅចំណេញប្រយោគណាមួយ ហើយដើម្បីធ្វើឱ្យមហាជនទូទៅភ័ន្តច្រឡំមកលើអាជ្ញាធរ មកលើសមត្ថកិច្ចមកលើក្រសួងស្ថាប័នជំនាញមិនបានធ្វើអ្វីជាប្រយោជន៍ដល់ប្រជាព​លរដ្ឋ »។

 ជាមួយគ្នានេះ លោកថាការដាក់ឱ្យប្រើប្រាស់ នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ ដែលបានដា​ក់​ក​ន្លងទៅនេះ បានរួមចំណែកនៅក្នុងការកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិ​​ខិ​តឆ្ល​ង​ដែនផង និងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋថែមទៀត។លើសពីនេះទៀតលោក ទូច សុ​ឃៈ លើកឡើងថា​កន្លងទៅក្រសួងមហាផ្ទៃធ្លាប់បានកែសម្រួលពន្លឿនធ្វើលិ​​ខិ​ត​ឆ្លងដែនជូនប្រជាពលរដ្ឋ តម្លៃលិខិតឆ្ល​ងដែ​ន​សេវាធម្មតាមានតម្លៃ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល១៥ថ្ងៃ​​។​ ដោយឡែក សេវាឆាប់រហ័សកម្រិ​​តមធ្យមមានតម្លៃ១៥០ដុល្លារ នឹងត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័​​ស​កម្រិតខ្ពស់មានតម្លៃ២​​០​០ដុ​​ល្លាររង់ចាំរយៈពេ​​ល១ថ្ងៃ។

លោកបន្តថា៖ « នេះគឺជាសម្រួលពេលវេលាមួយទៀតសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ពីព្រោះការធ្វើនីតិវិធីមិនអាចធ្វើបន្លំៗបានទេ ក្នុងលក្ខខណ្ឌប្រជាពលរដ្ឋមួយចំនួនដែលគាត់ធ្វើឆ្លងពីរដ្ឋមួយ ទៅរដ្ឋមួយ ក្រៅ​ពីការសម្រួលការធ្វើតាមអនឡាញ និងគុណភាពខ្ពស់នៃលិខិតឆ្លងដែន យើងធ្វើមួយដង ប្រើរហូតដល់១០ ឆ្នាំ ឥលូវសួរថាតម្លៃដែលយើងធ្វើ បើធៀបនឹង១០ឆ្នាំវាយ៉ាងមិច យកទៅចែកមើលថាវាប៉ុន្មានៗ អានេះគិតទៅដល់ចំណុចហ្នឹងទាំងអស់ផង ខ្ញុំគិតថាជូនទៅបងប្អូនប៉ុណ្ណេះ ហើយខ្ញុំគិតថាបងប្អូន សូមទទួលយកទៅគិតទៅ » ។

បើទោះជាបែបណា សម្រាប់លិខិតឆ្លងដែនកម្ពុជា(ប៉ាស្ព័រ) នៅតែអាចរក្សាតម្លៃថ្លៃជាងគេ បើធៀបប្រទេស​នៅ​​​​​ក្នុងតំបន់អាស៊ាន។តម្លៃលិខិតឆ្លងដែន ដែលមានរយៈពេល១០ឆ្នាំដូចគ្នា បើធៀបនឹងប្រទេសថៃ គេមា​​​ន​ត​ម្លៃ​​ប្រមាណ៣០ដុល្លារអាមេរិក ក្នុងពេលប្រទេសវៀតណាម មានតម្លៃប្រមាណ៨ដុល្លារអាមេរិក។គេហទំព័រ វី​សា​​ហ្គាយ លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន នៅក្នុងឆ្នាំ២០២៤ នេះបង្ហាញថា លិខិតឆ្លងដែនប្រទេ​​ស​ក​ម្ពុជាឈរនៅលំដាប់លេខរៀងទី១ ដែលមានតម្លៃខ្លស់ បន្ទាប់ពីសិង្ហបូរី។ក្រៅពីលិខិតឆ្លងដែន នៅមាន​តម្លៃ​ខ្ព​ស់​​ហើយ ​គេសង្កេតឃើញថាការយកថ្នូរបោះត្រា នៅតាមច្រកទ្វារព្រំដែន ក៏ជារូបភាពនៃអំពើពុករលួ​យមួយក​ម្រិ​ត​ទៀត។ករណីនេះ គឺមានតែប្រទេសកម្ពុជាទេ ដែលមន្រ្តីនគរបាលនៅតាមច្រកទ្វារព្រំដែន ប្រព្រឹត្តអំពើពុ​ករ​​លួយដូចននេះ ក្នុងពេលប្រទេសផ្សេងទៀត ទាំងនៅក្នុងតំបន់ និងពិភពលោក គេមិនដែលឃើញ​មន្រ្តី​​អ​​នុ​​វត្ត​​ច្បាប់ ធ្វើដូចនេះទេ។

ទាក់ទឹននឹងករណីនេះ លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ថ្លែងថារដ្ឋាភិបាលគួរពិចារណាអំពីតម្លៃនៃលិខិតឆ្លងដែននេះឡើងវិញ ព្រោះកម្ពុជាមានតម្លៃខ្ពស់បើធៀបនឹងប្រ​​ទេ​ស​​ដទៃនៅក្នុងតំបន់ និងពិភពលោក។

​លោកបន្តថា៖ «ចំពោះតម្លៃនៃលិខិតឆ្លងដែននេះ រដ្ឋាភិបាលគួរតែមានការពិចារណាឡើងវិញ ហើយធ្វើមិចឱ្យតម្លៃលិខិតឆ្លងដែនហ្នឹង មានតម្លៃប្រហាក់ប្រហែលប្រទេសជិតខាង ពីព្រោះប្រទេសជិតខាងគេជីវភាពប្រសើរជាងយើងផង ប៉ុន្តែតម្លៃលិខិតឆ្លងដែនគេថោកជាងយើងឆ្ងាយមែនទែន » ។

លោកបន្ថែមទៀតថា៖ « ខ្ញុំថា ការបន្ទាបតម្លៃលិខិតឆ្លងដែននេះគួរតែចាប់ផ្តើមធ្វើ គួរតែចាប់ផ្តើម​ពិចារណា ដោយសារតែ​ទី១ ពលរដ្ឋជីវភាពពិបាក ទី២ទៀតយើងត្រូវតែគិតថាឱ្យប្រជាពលរដ្ឋងាយស្រួលទទួលបានលិខិតឆ្ល​ងដែ​ន ពីព្រោះដើម្បីឱ្យប្រជាពលរដ្ឋហ្នឹងកុំប្រឈមមុខចំពោះការចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសជិតខា​ង បើគាត់មានលិខិតឆ្លងដែនគាត់ប្រើប្រាស់នៅផ្លូវស្របច្បាប់ដែលអាចកាត់បន្ថយហានិភ័យបាន ប្រសិ​ន​​បើ​នៅ​តែតម្លៃលិខិតឆ្លងដែនខ្ពស់ប្រជាពលរដ្ឋមិនអាចទទួលបានលិខិតឆ្លងដែនទេគឺបញ្ហានៃការធ្វើទុក្ខបុកម្នេញ តាមច្រកព្រំដែនដែលចំណាកស្រុកខុសច្បាប់ទៅប្រទេសផ្សេងៗហ្នឹងនៅតែរងគ្រោះ »។

ក្នុងនាមស្ថាប័នសង្គមស៊ីវិល លោក យង់ គិមអេង ស្នើឱ្យរដ្ឋាភិបាលពន្លឿននីតិវិធី នៃការបំពេញបែបបទធ្វើលិខិតឆ្ល​ង​ដែ​ន និងធ្វើលិខិតឆ្លងដែនមានល្បឿនលឿន រយៈពេលខ្លី ថែមទាំងមានតម្លៃសមរម្យ ឱ្យមានប្រសិទ្ធ​ភា​​​ព។លោកបន្តថាបើធ្វើបាននោះ គឺជារឿងមួយដ៏ប្រសើរស​​ម្រាប់ប្រជាពលរដ្ឋ៕