សង្គមស៊ីវិល ពលរដ្ឋ ព្រះសង្ឃ និងអ្នកនយោបាយមួយចំនួន បន្តទាមទារឱ្យរដ្ឋាភិបាល និងតុលាការ ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ដល់លោកបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងអំពាវនាវឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ សហជីព និងសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
ការទាមទារនេះ បានធ្វើឡើងនៅក្នុងថ្ងៃរំលឹកខួប ៨ឆ្នាំ នៃករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍសង្គម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅស្តារម៉ាតនៃការ៉ាស់សាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានចូលរួមពិធីរំលឹកខួបនេះ មានប្រសាសន៍ថា រយៈពេល៨ឆ្នាំមកនេះ មហាជន និងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី នៅមិនទាន់អស់ចិត្តនៅឡើយ ចំពោះការករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ដោយពួកគេបានទទូចឱ្យអាជ្ញាធររកនូវឃាតករពិត និងអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មនេះឱ្យខានតែបាន។
លោកបន្តថា៖ «ត្រូវតែរកឃាតករពិត រកអ្នកណាពាក់ព័ន្ធនៅពីក្រោយខ្នងរឿងឃាតកម្មនេះ[…] ការសម្លាប់នេះ ជាការបិទសំឡេងអ្នកហ៊ាននិយាយការពិតនៅក្នុងសង្គម អ្នកហ៊ានវិភាគរឿងក្តៅៗ រឿងស៊ីជម្រៅក្នុងសង្គម តែយើងនៅចាំសារបណ្តាំរបស់លោកបណ្ឌិត គឺជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត អញ្ចឹងយើងជូតទឹកភ្នែកហើយធ្វើដំណើរទៅមុខទៀត ដើម្បីជាតិ ដើម្បីសង្គម ដើម្បីសិទ្ធិមនុស្ស ដើម្បីលិទ្ធិប្រជាធិបតេយ្យ ដើម្បីយុត្តិធម៌សង្គមសម្រាប់ប្រជាជាតិខ្មែរទាំងមូលផងដែរ»។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍ មានប្រសាសន៍ថា វីរភាពលោកបណ្ឌិត កែម ឡី គឺការនិយាយនូវការពិតដោយ មិនខ្លាចរអារ ហើយទោះបីជាគាត់បានបាត់បង់ជីវិតរយៈពេល ៨ឆ្នាំមកហើយក្តី ក៏ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ នៅតែងតែនឹករលឹក និងចងចាំនូវទស្សនៈរបស់គាត់ជានិច្ច។
លោកថា៖ «ជាក់ស្តែងយើងមានជាសារមានជាកម្រងទស្សនៈរបស់លោកបណ្ឌិត កែម ឡី នៅជាប់ខ្លួនជានិច្ច[…]មានពីរ ពាក្យទី១ ខ្ញុំនឹងនិយាយនូវអ្វីដែរអ្នកផ្សេងមិនហ៊ាននិយាយ ទី២ ទឹកកាន់តែថ្លាកាន់តែមើលឃើញត្រីធំ កំពុងស៊ីត្រីតូចយ៉ាងសាហាវ ពាក្យនេះកំពុងតែឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៅក្នុងសង្គមកម្ពុជាផងដែរ»។
ក្នុងថ្ងៃប្រារព្ធខួប៨ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នេះដែរ ក្រុមយុវជនចលនាមាតាធម្មជាតិប្រមាណ ១០នាក់ ក៏បាននាំគ្នាដើរហែក្បួនចេញពីទីតាំងក្បែរវិទ្យាល័យបាក់ទូក ក្នុងខណ្ឌ៧មករា ទៅកាន់ស្តុបបូកគោផងដែរ ដោយក្នុងដៃរបស់ពួកគេមានកាន់បដាសរសេរនូវពាក្យថា «យុត្តិធម៌សម្រាប់លោក កែម ឡី» «យុត្តិធម៌ត្រូវតែមានសម្រាប់អ្នកនិយាយការពិត» និងខ្លឹមសារមួយចំនួនទៀត ផ្តោតលើការទាមទារឱ្យដោះលែងក្រុមសកម្មជនចលនាមាតាធម្មជាតិ។
កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍ថា ការដើរហែក្បួន និងប្រមូលផ្តុំគ្នានៅមុខស្តារម៉ាតកាល់តិច ក្បែរស្តុបបូកគោនោះ ធ្វើឡើងក្នុងគោលបំណងរំលឹកខួប និងកាន់ទុក្ខចំពោះមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកហ៊ាននិយាយនៅការពិតពីតថភាពសង្គម និងទាមទារឱ្យមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥រូប ដែលកំពុងជាប់ឃុំ។
កញ្ញាថ្លែងថា៖ «ខ្ញុំសុំឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជាងនេះ ហើយដាច់ខាតត្រូវតែជួយអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង៥រូបហ្នឹងជាបន្ទាន់ ហើយអត់មានលក្ខខណ្ឌណាដែលត្រូវមកឡូកឡំទេ»។
អនុប្រធានទី៤នៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) កញ្ញា រៀម ស្រីពេជ្ររតនា បានថ្លែងដែរថា ទោះបីកញ្ញាមិនដែលស្គាល់លោកបណ្ឌិត កែម ឡី ប៉ុន្តែរាល់ពាក្យពេចន៍ និងសំណេររបស់គាត់ទាំងប៉ុន្មាន បានបង្ហាញពីឆន្ទៈ និងមនសិកាស្នេហាជាតិ ដែលធ្វើឱ្យកញ្ញាចងចាំមិនភ្លេច នូវវីរៈភាពរបស់លោកបណ្ឌិត។
កញ្ញាថ្លែងថា៖ «ទោះបីខ្ញុំមិនដែលស្គាល់លោកបណ្ឌិត កែម ឡី មិនដែលសូម្បីតែជួបនិយាយ ប៉ុន្តែរាល់ពាក្យពេចន៍ រាល់ការសរសេរបស់លោកបណ្ឌិតទាំងប៉ុន្មាន ហាក់ដូចមានដូងវិញ្ញាណជាតិ នៃអ្នកស្នេហាជាតិ បានចូលមកសន្ធិតមកលើពួកយើង និងធ្វើឱ្យមានឆន្ទៈមានមនសិកា ដើម្បីសង្គមជាតិមួយនេះ»។
ជាមួយគ្នានេះ កញ្ញា រតនា ក៏បានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការ ផ្តល់ភាពយុត្តិធម៌ ដោយស្វែងរកនូវឃាតករពិត និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រមទាំងដោះលែង និងទម្លាក់ចោលនូវការចោទប្រកាន់នានា ទៅលើលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ សកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ និងសកម្មជនផ្សេងទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញផងដែរ។
ចំណែក លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលបានចូលរួមពិធីរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី បានលើកឡើងដែរថា សមត្ថកិច្ចគួរស្រាវជ្រាវរកឃាតករដែលសម្លាប់លោកបណ្ឌិត កែម ឡី និងអ្នកនៅពីក្រោយឃាតករនោះ ដោយមិនត្រូវអូសបន្លាយទៀតនោះទេ។
លោកបន្តថា៖ «ការយឺតយ៉ាវរបស់អាជ្ញាធរកម្ពុជា បង្ហាញការមិនបានយកចិត្តទុកដាក់អំពីការវែកមុខឃាតករ និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ ទុកឱ្យឃាតករ និងអ្នកពាក់ព័ន្ធនៅមានសេរីភាពរហូតដល់សព្វថ្ងៃនេះ។ យើងឃើញថា វាជារឿងមួយមិនត្រូវគួរអូសបន្លាយពេលវេលារហូត៨ឆ្នាំនោះទេ ត្រូវតែវែកមុខរកឃាតករ និងអ្នកនៅក្រោយខ្នងឃាតករ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ជាពិសេស កម្ពុជាយើងមិនត្រូវទុកឱ្យអំពើនិទណ្ឌភាពបន្តកើតមាននៅកម្ពុជាបន្តទៅទៀតនោះទេ»។
ស្របពេលជាមួយគ្នានេះ លោក រ៉ុង ឈុន ក៏អំពាវនាវឱ្យមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិ សមាជិកនិងថ្នាក់ដឹកនាំបក្សប្រឆាំង ព្រមទាំងសហជីពដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ ដើម្បីទទួលបានការអនុគ្រោះពន្ធ EBA និង GSP ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមកវិញ។
លោកថា៖ «ក្នុងឱកាសខួប៨ឆ្នាំរបស់លោកបណ្ឌិត កែម ឡី ក៏ខ្ញុំឆ្លៀតឱកាសនេះផងដែរ ទាក់ទងទៅនឹងអាជ្ញាធរចាប់ខ្លួនក្រុមយុវជនបរិស្ថាន ឬយើងហៅថាក្រុមយុវជនមាតាធម្មជាតិយ៉ាងអយុត្តិធម៌បបំផុត កាលពីថ្ងៃ២ខែកក្កដាទៅនេះ ហើយសុំឱ្យអាជ្ញាធរកម្ពុជា ពិនិត្យមើលឡើងវិញ ហើយនិងផ្ដល់លទ្ធភាពដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ រួមទាំងអ្នកជាប់ឃុំមនសិកា ដូចជា ករណីលោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី លោក កាក់ គុំភា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ លោកប្អូន កើត សារ៉ាត លោក ម៉ម រិទ្ធី ប្រធានសហជីព ឱ្យមានសេរីភាពឡើងវិញ ដើម្បីស្រូបទាញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រឡប់មកកម្ពុជា ដើម្បីទាក់ទាញនូវអ្នកវិនិយោគទុន ក៏ដូចជាថែរក្សាអ្នកវិនិយោគទុនបន្តវិនិយោគទុនបន្តទៅទៀត»។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយលោកបង្វែរសំណួរឱ្យសួរទៅកាន់ក្រសួងយុត្តិធម៌វិញ។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ថា ជាប់រវល់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី នាពេលកន្លងមក ត្រូវបានតុលាការបំបែកសំណុំរឿងជាពីរ ក្នុងនោះបើទោះបីជាតុលាការបានផ្តន្ទាទោសលើជនជាប់ចោទ លោក អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ ប៉ុន្តែសំណុំរឿងទី២ គឺអ្នកដែលពាក់ព័ន្ធការលក់អាវុធ និងផ្តល់អាវុធឱ្យឃាតករ និងអ្នកពាក់ព័ន្ធផ្សេងទៀត រហូតមកដល់ពេលនេះ នៅមិនទាន់មានការវិវត្តអ្វីនៅឡើយ។
លោកបន្តថា៖ «លោកបណ្ឌិត កែម ឡី ក៏ជានិមិត្តរូបនៃការបញ្ចេញមតិ ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់សង្គមជាតិយើង ទី១បាត់បង់នូវបញ្ញាវ័ន្ត ទី២បាត់បង់នូវធន់ធានមនុស្ស ដ៏សំខាន់ហើយអ្នកដែលនិយមលោកបណ្ឌិត កែម ឡី មានរាប់លានអ្នក យើងមើលតែពេលហែសពរាប់លាននាក់តែម្តង អញ្ចឹងមានការសោកស្តាយណាស់ គ្រប់គ្នាចង់ឱ្យមានយុត្តិធម៌ពេញលេញសម្រាប់លោកបណ្ឌិត កែម ឡី ជាការលើកកម្ពស់ឡើងវិញនូវសេរីភាពក្នុងការបញ្ចេញមតិ លើកកម្ពស់ឡើងវិញនូវយុត្តិធម៌ក្នុងសង្គមឱ្យបានពេញលេញ និងបំបាត់មន្ទិលសង្ស័យផ្សេងទៀត»។
គួរជម្រាបជូនថា លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានឃាតករបាញ់សម្លាប់នៅស្តារម៉ាតលក់កាហ្វេ និងទំនិញនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយករណីឃាតកម្មនេះ អាជ្ញាធរបានចាប់បុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលត្រូវបានអះអាងថាជាឃាតករ ដោយជននោះបានសារភាពថា ការបាញ់សម្លាប់នេះ ក៏ព្រោះតែលោក កែម ឡី ជំពាក់លុយខ្លួន។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងភរិយាលោក កែម ឡី មិនបានទទួលយកនោះឡើយ ហើយទាមទារឱ្យមានចំណាត់ការលើអ្នកពាក់ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ពេញលេញដល់លោក កែម ឡី។
ទោះយ៉ាងណា តុលាការគ្រប់ជាន់ថ្នាក់បានដំណើរការរឿងក្តីដ៏ចម្រូងចម្រាសនេះ ដោយទីបំផុតអំណាចនៃសាលដីកាតុលាការកំពូលបានផ្តន្ទាទោស ឈ្មោះ អឿត អាង ដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមបទចោទ ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕