លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១២-១៣ សប្តាហ៍នេះ​ ដោយ​នឹង​ចូល​គាល់ព្រះមហាក្សត្រ និង​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​មួយចំនួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា ចេញកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា តូ ឡឹម ប្រធានរដ្ឋនៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ដែល​ទើប​ឡើង​កាន់​តំណែង​ នឹង​មកបំពេញ​ទស្សនកិច្ច​ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។

យោងសេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ឯកឧត្ដម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង»។

អំឡុងពេលដំណើរទស្សនកិច្ចនេះ លោក តូ ឡឹមក៏គ្រោងនឹងជួបជាមួយលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត​ផងដែរ។ ជំនួបនេះធ្វើឡើងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បី​ផល​ប្រយោជន៍​រួម។

លោក សេង វ៉ាន់លី អ្នកតាមដានភូមិសាស្ដ្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាប់ Newsroom Cambodia  ថា ដំណើរទស្សនកិច្ចមកកម្ពុជានេះ ជាការបង្ហាញខ្លួនដំបូងរបស់លោក តូ ឡឹម បន្ទាប់ពីឡើងកាន់ដំណែងជាប្រមុខរដ្ឋ។ លោក​ថា ដំណើរទស្សនកិច្ច​នេះនឹ​ង​លើក​យក​បញ្ហា​សំខាន់ៗ​មក​ពិភាក្សា ដូចជាបញ្ហាព្រែកជីកហ្វូណន បញ្ហាព្រំដែន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។

លោកថា៖ «​ទស្សនកិច្ច​នេះ​តាមពិត​ជា​ការបង្ហាញ​ខ្លួន​សម្រាប់​ប្រទេស​ដែល​មានទំ​នាក់​ទំនង​ជិតដិត ដូចជាកម្ពុជា និងឡាវព្រមទាំងប្រទេសដទៃទៀត [..] ផ្នែកមួយដែលជំរុញ​ឱ្យ​ប្រធានា​ធិបតី​​ថ្មីរ​បស់វៀតណាមសម្រេចចិត្ដធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា [..] បញ្ហាព្រំដែន ការកំណត់​ព្រំដែនឱ្យ​បញ្ចប់រួចរាល់ដើម្បីការពារជម្លោះ ឬក៏ជា​ចំណុច​ប្រទាំង​ប្រទះ​ណាមួយ​ដែល​អាច​កើត​មាន​នាពេ​លអនាគត»។

លោកបន្តថា ពេលជួបជាមួយនាយករដ្ឋមន្ដ្រី និងប្រធានព្រឹទ្ធសភាអាច​​នឹង​ពិភាក្សា​លើ​បញ្ហា​សន្តិសុ​ខ​អ៊ី​នធឺណិត ការឆបោកតា​ម​ប្រព័ន្ធ​អនឡាញ ការជួញដូរគ្រឿងញៀន ជាពិសេស​បញ្ហាការ​ចាត់ចែង​ប្រព័ន្ធហិរញ្ញវត្ថុឲ្យមានតម្លាភាព។

លោក សេង វ៉ាន់លី បន្ថែមថា ដំណើរទស្សនកិច្ចនេះមានសារសំខាន់​ខ្លាំង​រវាងប្រទេសទាំងពីរ ក្នុងការពង្រីកវិស័យនិយោគ និងកិច្ចសហប្រតិបត្ដិការផ្នែកសេដ្ឋកិច្ច ពង្រីកសក្ដានុពល​វិស័យ​ទេសចរណ៍។

គួរបញ្ជាក់ថា លោក តូ ឡឹម ត្រូវបានគណៈកម្មាធិការមជ្ឈិម​តែងតាំងជាប្រធានាធិបតីទី១៣ របស់វៀតណាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បន្តពីលោក  វ៉ូ វ៉ាន់ធឿង ​ដែលបា​ន​លាលែង​ពី​តំណែង​ក្នុងខែមីនា ឆ្នាំ២០២៤ ដោយសារយុទ្ធនាការប្រឆាំងអំពើពុករលួយ៕